ភី អេង៖ អតីតយុទ្ធនារីខ្មែរក្រហម

ភី អេង ហៅ ភី យន់ អាយុ៤៣ឆ្នាំ (គិតត្រឹមឆ្នាំ២០០៣) មានទីកន្លែងកំណើតនៅភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស និងមានទីលំនៅបច្ចុប្បន្ននៅភូមិរមាស ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ នៅវ័យកុមារ, ខ្ញុំរៀនសូត្ររហូតដល់ថ្នាក់ទី៧ (សង្គមចាស់)។ ខ្ញុំឈប់រៀន ដោយសារតែមានសង្រ្គាមផ្ទុះឡើងរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហម។ ប៉ុន្មានខែបន្ទាប់ពីរដ្ឋប្រហារ លន់ នល់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ សង្រ្គាមរវាងទាហាន លន់ នល់ និងកងទ័ពខ្មែរក្រហមបានផ្ទុះឡើង។ សង្គ្រាមដែលកងទ័ពខ្មែរក្រហមបានប្រយុទ្ធជាមួយទាហាន លន់ នល់ គឺរួមមាន៖ សង្រ្គាមផ្លូវគោក សង្រ្គាមផ្លូវទឹក និងសង្គ្រាមប្រជាជន។ នៅចុងឆ្នាំ១៩៧០ កងទ័ពខ្មែរក្រហមចូលមកដល់ភូមិសាស្រ្តនានានៅក្នុងខេត្តកំពង់ចាម។ បន្ទាប់មក ទាហាន លន់ នល់ បានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកនៅភូមិសាស្រ្តណាដែលមានវត្តមានកងទ័ពខ្មែរក្រហមឈរជើង។ កងទ័ពខ្មែរក្រហម អាចបានត្រឹមតែព្យាយាមបាញ់កាំភ្លើងពីដីទៅលើយន្តហោះទម្លាក់គ្រាប់បែករបស់ទាហាន លន់ នល់ និងបានដកកងកម្លាំងរបស់ខ្លួនចេញពីភូមិសាស្រ្តទម្លាក់គ្រាប់បែក។ បន្ទាប់ពីការទម្លាក់គ្រាប់បែក ទាហានថ្មើរជើង លន់ នល់ ត្រូវបានបញ្ជូនទៅឈរជើងនៅទីតាំងដែលកងទ័ពខ្មែរក្រហមដកចេញ។
ចាប់ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ កងទ័ពខ្មែរក្រហមធ្វើសង្រ្គាមផ្លូវគោកជាមួយទាហាន លន់ នល់ ដោយបានបើកការវាយប្រហារទៅលើបន្ទាយ លន់ នល់ និងរំដោះតំបន់ផ្សេងៗជាបន្តបន្ទាប់។ ចាប់តាំងពីឆ្នាំ១៩៧៣ ទាហាន លន់ នល់ ត្រូវបានដាក់ឈរជើងនៅព្រំប្រទល់ទីរួមខេត្តកំពង់ចាម ដើម្បីត្រៀមប្រយុទ្ធតទល់ជាមួយកងទ័ពខ្មែរក្រហមដែលដាក់កម្លាំងត្រៀមវាយរំដោះទីរួមខេត្ត។ ដោយមិនអាចឆ្លងកាត់តំបន់រំដោះ ទាហានលន់ នល់ ប្រើប្រាស់ផ្លូវទឹកតាមដងទន្លេមេគង្គ ដើម្បីដឹកសម្ភារសឹក និងស្បៀងចូលទៅទីរួមខេត្តកំពង់ចាម។ កងទ័ពខ្មែរក្រហមតែងតែបើកការវាយប្រហារដោយបានបណ្ដែតគ្រាប់បែកបង្កៃកាត់ទន្លេ និងបាញ់ចេញពីច្រាំងទន្លេ។ កងទ័ពខ្មែរក្រហមធ្វើសង្រ្គាមផ្លូវទឹកជាមួយទាហានម៉ារីន លន់ នល់ រហូតដល់ឆ្នាំ១៩៧៥។ កងទ័ពខ្មែរក្រហមតែងតែបើកការវាយប្រហារដោយបានបណ្ដែតគ្រាប់បែកបង្កៃកាត់ទន្លេ និងបាញ់ចេញពីច្រាំងទន្លេ។ កងទ័ពខ្មែរក្រហមធ្វើសង្រ្គាមផ្លូវទឹកជាមួយទាហានម៉ារ៉ីន លន់ នល់ រហូតដល់ឆ្នាំ១៩៧៥។ វត្តរកាគយគឺជាទីតាំងដែលនាវាចម្បាំងទាហានលន់ នល់ និងក្បូននាវាដឹកសម្ភារផ្សេងៗ បើកឆ្លងកាត់ និងត្រូវបានកងទ័ពខ្មែរក្រហមវាយប្រហារទាំងការបាញ់ពីត្រើយទាំងសងខាងនៃទន្លេមេគង្គ និងការបណ្ដែតគ្រាប់បែកតាមដើមចេក។
បន្ទាប់ពីកងទ័ពខ្មែរក្រហមចូលគ្រប់គ្រងភូមិរបស់ខ្ញុំរស់នៅ, ខ្ញុំ និងមិត្តនារី២នាក់ផ្សេងទៀត រួមមាន មិត្តនារី គីម និងមិត្តនារី ធឿ បានស្ម័គ្រចិត្តចូលបម្រើបដិវត្តន៍។ នៅពេលនោះ ខ្ញុំបានភ្ជាប់ពាក្យជាមួយគូដណ្ដឹង ប៉ុន្តែបានចាកចេញពីផ្ទះ ដើម្បីចូលបម្រើបដិវត្តន៍។ ខ្ញុំត្រូវបានតែងតាំងជាប្រធានកងនារី ចំណែកឯ មិត្តនារី ធឿ ត្រូវបានផ្លាស់ទៅខេត្តបាត់ដំបង និងស្លាប់ដោយសារតែជំងឺគ្រុនចាញ់នៅក្នុងឆ្នាំ១៩៧០ ។ បន្ទាប់មកទៀត ខ្ញុំត្រូវបានបញ្ជូនទៅធ្វើការងារនៅមន្ទីរមួយ ស្ថិតនៅម្ដុំបុស្សខ្នុរ និងមានឈ្មោះ ជិន ស្រេង (ហៅ តា ស្រេង) ជាប្រធានមន្ទីរ។ នៅមន្ទីររបស់តា ស្រេង, ខ្ញុំធ្វើការជាកងឈ្លបខ្មែរក្រហមនៅភូមិថ្មពូន។ មន្ទីររបស់តា ស្រេង ទទួលបន្ទុកផ្នែកពាណិជ្ជកម្ម និងស្ថិតនៅក្នុងព្រៃ។ នៅទីនោះ, ខ្ញុំក៏ទទួលបានវគ្គបណ្ដុះបណ្ដាលអំពីការចូលធ្វើជាកងទ័ពខ្មែរក្រហម។ ក្រោយមកទៀត ខ្ញុំត្រូវបានផ្លាស់មកព្រៃឈរ ដែលជាទីកន្លែងតា អឿន គ្រប់គ្រង និងបញ្ជូនខ្ញុំទៅរៀនវគ្គកម្មាភិបាល។ នៅ មន្ទីរក-២៥របស់តា អឿន គឺជាទីកន្លែងបណ្ដុះបណ្ដាលផ្នែកកម្មាភិបាលដឹកនាំ។ ពេលនោះ ខ្ញុំក៏ចូលរួមវគ្គបណ្ដុះបណ្ដាលកម្មាភិបាលជាមួយមិត្តនារី៥០នាក់ផ្សេងទៀត។ ខ្ញុំរៀនវគ្គបណ្ដុះបណ្ដាលកម្មាភិបាលនេះ អស់រយៈពេល១ខែ ទើបខ្ញុំត្រូវបានផ្លាស់ទៅបម្រើការងារនៅមន្ទីរដែលមានតា ភឹម (សោ ភឹម) និងតា ខៀវសំផន ជាគណៈគ្រប់គ្រង និងស្ថិតនៅតំបន់ព្រៃក្នុងខេត្តកំពង់ធំ។ ខ្ញុំទទួលកាន់ផ្នែកដាំបាយឲ្យថ្នាក់ដឹកនាំទាំង២។ ខ្ញុំហៅ តា សោ ភឹម ថា «បង!» ចំណែកឯ ខៀវ សំផន ខ្ញុំហៅថា «តា!» ហើយគាត់មិនដែលនិយាយស្ដីឲ្យនោះទេ។ នៅពេលនោះ ខ្ញុំដឹងដែរថា ខៀវ សំផន អត់ទាន់មានប្រពន្ធនោះទេ រហូតដល់ទីក្រុងភ្នំពេញបែកនៅឆ្នាំ១៩៧៥ ទើបខ្ញុំលឺគេប្រាប់ថា គាត់មានប្រពន្ធឈ្មោះ ស្រី ជា ដែលសម្រាលកូនប្រុសម្នាក់នៅពេទ្យព-៣។
បន្ទាប់ពីកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥, ខ្ញុំត្រូវបានបញ្ចូនមកធ្វើការងានៅពេទ្យព-៣ នៅម្ដុំទឹកល្អក់ ដែលជាទីកន្លែងខ្ញុំត្រូវបានប្រាប់អំពីប្រពន្ធកូនរបស់ខៀវ សំផន ដែលខ្ញុំធ្លាប់ធ្វើការដាំបាយឲ្យនៅក្នុងព្រៃ នៅខេត្តកំពង់ធំ។ ខ្ញុំមិនស្គាល់ប្រវត្តិប្រពន្ធរបស់គាត់នោះទេ។ ក្រោយមកទៀត ខ្ញុំត្រូវបានផ្លាស់ទៅពេទ្យព្រះកេតុមាលា និងពេទ្យអង្គឌួង។ នៅឆ្នាំ១៩៧៦ តា អឿន ត្រូវបានចាប់ខ្លួន ហើយអង្គការបន្តស្រាវជ្រាវ និងចាប់យកអ្នកដែលមានជាប់ពាក់ព័ន្ធជាមួយគាត់។ គិតត្រឹមពេលនោះ ខ្ញុំបានបែកបាក់ពីប្ដី និងកូន ដោយបានមិនដឹងទៅដល់ទីណាខ្លះនោះឡើយ។[1]
អត្ថបទដោយ ស៊ាង ចិន្តា
[1] ឯកសារលេខ KCI0100, បទសម្ភាសន៍ជាមួយ ភី អេង ហៅ ភី យន់ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅឆ្នាំ២០០៣, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា