អង្គការបានបង្អត់អាហារខ្ញុំ

(រតនគិរី) ៖ ភិត ម៉ៅ ភេទស្រី មានអាយុ៧០ឆ្នាំ ជាជនជាតិដើមភាគតិចកាវែត បច្ចុប្បន្នគាត់រស់នៅ ភូមិឡាមើយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

ម៉ៅ បានឆ្លងកាត់របបខ្មែរក្រហមយ៉ាងលំបាកវេទនាជាខ្លាំង ដោយសារកាលពីសម័យនោះគេបានប្រើឲ្យមនុស្សធ្វើការច្រើនម៉ោង មិនថាជាមនុស្សចាស់ ឬមនុស្សពេញវ័យ។ មនុស្សចាស់ ឬមនុស្សពេញវ័យគេឲ្យលើកភ្លឺស្រែ ភ្ជួរស្រែ លើកប្រឡាយ ធ្វើចម្ការជាសមូហភាព រីឯកុមារវិញឲ្យបោចស្មៅ កាប់ទន្ទ្រានខែត្រ រើសលាមកសត្វដើម្បីធ្វើជាជីដាក់ក្នងស្រែ។

អង្គការឲ្យ ម៉ៅ នៅក្នុងក្រុមជីក និងលើកទំនប់រយៈពេលបីខែ បន្ទាប់មកគេបញ្ជូនគាត់ទៅកងចល័តដើម្បីធ្វើស្រែម្ដង។ ម៉ៅ បានបែកឆ្ងាយពីគ្រួសារ ពេលចេញធ្វើការងារនៅកងចល័ត។ ពេលដែលគាត់ធ្វើការនៅក្នុងកងចល័តនោះ គេតម្រូវឲ្យគាត់ធ្វើការពីម៉ោងប្រាំព្រឹក រហូតដល់ម៉ោង១២ថ្ងៃត្រង់ សម្រាកបានប្រហែលមួយម៉ោងសម្រាប់ហូបបាយថ្ងៃត្រង់ រួចចេញទៅធ្វើការបន្តទៀតនៅម៉ោងមួយរសៀល រហូតដល់ម៉ោង១២យប់ទើបបានសម្រាក។

ចំពោះរបបអាហារវិញមួយថ្ងៃបរិភោគបានបីពេលគឺ ព្រឹក ថ្ងៃត្រង់ និងល្ងាច ប៉ុន្តែបានតែមួយចានតូចប៉ុណ្ណោះ ជួនកាលបានត្រឹមតែបបរពីរពេលក្នុងមួយថ្ងៃ។ ករណីមានអ្នកប្រឆាំងតវ៉ាជាមួយនឹងអង្គការ នោះនឹងត្រូវអង្គការធ្វើទារុណកម្ម ឬត្រូវយកទៅសម្លាប់ចោល។ ចំពោះអ្នកដែលធ្វើការយឺតយ៉ាវ មិនសូវមានភាពរហ័សរហួន អង្គការនឹងបង្អត់អាហារ ហើយត្រូវវាយដំ ជេរ ស្ដីបន្ទោសជាដើម។ ជាក់ស្ដែង ម៉ៅ ផ្ទាល់ គាត់ធ្វើការមិនសូវជារហ័សរហួន អង្គការខ្មែរក្រហមបានបង្អត់អាហាររយៈពេលពីរថ្ងៃ។

ចំពោះទិន្នផលស្រូវដែលទទួលបាន អង្គការបានបែងចែកជាបួនចំណែកមានដូចជា សម្រាប់ប្រជាជនបរិភោគ សម្រាប់ទុកបម្រុង សម្រាប់ធ្វើពូជ និងនាំចេញទៅក្រៅប្រទេស។ ប៉ុន្តែជាក់ស្ដែងប្រជាជនបរិភោគមិនបានគ្រប់គ្រាន់នោះទេ។ ករណីមានអ្នកលួចយកទិន្នផលដំណាំ ឬទ្រព្យសម្បត្តិធ្វើជារបស់ឯកជន នៅពេលដែលអង្គការចាប់បាន អ្នកនោះនឹងត្រូវអង្គការយកទៅធ្វើទារុណកម្ម ឬអាចយកទៅសម្លាប់ដែលក្នុងសម័យនោះហៅថាយកទៅកសាង លែងបានវិលត្រឡប់ទៅស្រុកកំណើតវិញ។

បើយើងក្រឡេកមកមើលពីការសិក្សាវិញ ម៉ៅ បានប្រាប់ថា នៅក្នុងសម័យនោះបានសិក្សាតែក្មេងៗប៉ុណ្ណោះ ចំពោះការបង្រៀនវិញអង្គការគ្រាន់តែបង្រៀនឲ្យតែអក្សរប៉ុន្មានតួ និងបង្រៀនចេះស្មោះត្រង់ចំពោះអង្គការតែមួយប៉ុណ្ណោះ អង្គការជាឪពុក ជាម្ដាយ របស់កងកុមារទាំងអស់។ ដល់ឆ្នាំ ១៩៧៩ គាត់បានរត់ចូលព្រៃដោយសារតែខ្មែរក្រហមបានប្រាប់ថាកងទ័ពវៀតណាមនឹងមកសម្លាប់ ពេលនោះកងទ័ពខ្មែរក្រហមបានរត់ចោលគាត់។ បន្ទាប់ពីកងទ័ពខ្មែរក្រហកបានរត់ភៀសខ្លួន ទុកឲ្យប្រជាជនកម្ពុជាដែលជម្លៀសទៅតាមទាំងប៉ុន្មាននៅក្នុងព្រៃនោះ ម៉ៅ ក៏បានត្រឡប់មកកាន់ស្រុកកំណើតដើម្បីស្វែងរកឪពុកម្ដាយរបស់គាត់វិញ៕

សម្ភាសន៍ដោយ បេង ហង្ស នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទដោយ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin