ផូរ សាណៃ៖ “ឆ្មបសម្រាលកូនក្នុងសម័យខ្មែរក្រហម”
ឆ្មប ជាស្រ្តីពេទ្យសម្រាលកូន គឺស្រ្តីអ្នកជួយដោះទុក្ខនៃស្រ្តីផងគ្នាដែលសម្រាលកូន[1]។ ជំនាញឆ្មបនេះ សាណៃ ចេះតពីយាយនិងម្តាយ។ នៅឆ្នាំ១៩៧៦ ខ្មែរក្រហមជម្លៀស សាណៃ ឲ្យទៅរស់នៅឃុំពាមជីលាំង ស្រុកក្រូចឆ្មារ។ នៅក្នុងសហករណ៍ឃុំពាមជីលាំង មិត្តនារី ភី បានឈឺពោះត្រៀមសម្រាលកូន ហើយ សាណៃ ប្រើវិធីសាស្ត្រសម្រាកូនតាមបែបបុរាណទទួលបានជោគជ័យ។
ផូរ សាណៃ[2] ភេទស្រី អាយុ ៨៣ឆ្នាំ មានស្រុកកំណើតភូមិត្រពាំងឫស្សី ឃុំរូង ស្រុកមេមត់ ខេត្តកំពងចាម បច្ចុប្បន្នរស់នៅភូមិត្រពាំងឫស្សី ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកឈ្មោះ ចូក ផូរ ស្លាប់មុនសម័យ លន់ នល់ ចំណែកម្តាយឈ្មោះ នាង ណូ ស្លាប់ក្នុងសម័យប៉ុល ពត។ មានបងប្អូនចំនួន ៦នាក់ ស្រីចំនួន៤នាក់។ រៀបការជាមួយប្តី ឈ្មោះ ទូច សំអូន មានកូនចំនួន៨នាក់ (ស្រី៧) ហើយកូនប្រុសបានស្លាប់សម័យខ្មែរក្រហមឈឺអត់មានថ្នាំព្យាបាល។
សាណៃ រៀបរាប់កាលពីកុមារភាពខ្ញុំបានចូលនៅវត្តស្រែតានង ប៉ុន្តែមិនបានរៀនយូរឆ្នាំទេ ព្រោះខ្ញុំខ្ជិលរៀន ណាមួយរៀនមិនចេះ ។ ព្រះសង្ឃជាគ្រូបង្រៀន ខ្ញុំរៀនអត់ចេះ ត្រូវគ្រូវាយមួយរំពាត់ក៏ជេរស្តីគ្រូបង្រៀន ខ្ញុំក៏រត់ត្រឡប់មកផ្ទះ។ មកដល់ផ្ទះម្តាយសួរម៉េចបានមកពីរៀនទាំងព្រឹក? ខ្ញុំបានកុហកថា អត់ស្រួលខ្លួន ណាមួយលោកគ្រូអត់រៀនទៀត។ ម្តាយខ្ញុំក៏លែងសួរនាំទៀត។
ខ្ញុំ មានអាយុ១៨ឆ្នាំ ថ្នាក់ស្រុកនិងភូមិធ្វើការជ្រើសរើសទាំងស្រី្តនិងបុរស ដើម្បីចូលហ្វឹកហាត់កងជីវពល សម្រាប់ការពារប្រទេសជាតិ។ នៅក្នុងភូមិត្រពាំងឫស្សីមានមនុស្សប្រហែលចំនួន២០នាក់ ស្រីប្រុសរួមទាំងខ្ញុំទៅហាត់រៀននៅសាលាឃុំរូង។ ការហាត់នេះមិនរាល់ថ្ងៃទេ ទាល់ជិតមានកម្មវិធីបាននាំគ្នាចេញទៅហាត់ត្រៀមសម្រាប់កម្មវិធីថ្នាក់ដឹកនាំចុះមក។ ការហាត់មានរបៀបធ្វើសង្គ្រាម បាញ់កាំភ្លើង រត់ប្រណាំង រួមទាំងមានវង់តន្ត្រី ច្រៀង រាំជាដើម។ កាលពីសង្គមចាស់ ជំនាន់ខ្ញុំអត់មានរាំញាក់អីទេ គឺមានតែចង្វាក់រាំវង់។ ពេលមានកម្មវិធីធំៗ ខ្ញុំសប្បាយខ្លាំងណាស់ អ្នកដែលមានឈ្មោះទៅហាត់បានជួបជុំគ្នាមកពីគ្រប់ភូមិ ឃុំ។ ខ្ញុំស្គាល់មិត្តថ្មីៗច្រើន។ ថ្ងៃមួយអាចថាជាសំណាងរបស់ខ្ញុំបានចូលរួមទទួល សម្តេចព្រះ នរោត្តម សីហនុ ទ្រង់យាងមកកម្មវិធីនៅក្នុងស្រុកមេមត់ ដើម្បីសួរសុខទុក្ខប្រជានុរាស្ត្រ។ នៅក្នុងខណៈទ្រង់ថ្លែងសុន្ទរកថាចប់ គឺទ្រង់និយាយថាមានបងប្អូនណាចង់រាំទេ? ខ្ញុំឮបែបនេះរត់ចូលមុខវេទិកាភ្លាម។ ភ្លេងតន្ត្រីចាប់ផ្តើមបន្លឺឡើង មានចង្វាក់រាំវង់ចូលមកដល់ភ្លាម ខ្ញុំរត់ចូលក្នុងវង់។ ខ្ញុំក្រឡេកឃើញមេកងធំ ឈ្មោះភ័ណ្ឌ ធ្លាប់បានហាត់ជាមួយគ្នាក្នុងកងជីវពល។ សម័យនោះមុនឡើងរាំត្រូវអនុញ្ញាតពីខាងស្រីឬប្រុសជាមុនសិនទើបអាចឡើងរាំជាមួយគ្នាបាន។ ប៉ុន្តែខ្ញុំសប្បាយចិត្តខ្លាំងពេកក៏ទៅសុំខាងប្រុសឡើងរាំ ហើយដៃគូរាំរបស់ខ្ញុំ ឈ្មោះ ភ័ណ្ឌ ជាមេកងធំ។ ខ្ញុំរាំខាងមុខវេទិកា ឃើញព្រះភ័ក្ត្រ សម្តេចព្រះ នរោត្តម សីហនុ ស្រស់ស្អាតខ្លាំងណាស់ ព្រះភ័ក្ត្រសរលោង។ ពេលដែលទ្រង់យាងទៅភ្នំពេញ ព្រះអង្គទ្រង់យាងឡើងឡានលើកដៃលាប្រជានុរាស្ត្រខ្មែរទាំងព្រះភ័ក្រ្តញញឹម។ ចប់កម្មវិធីប្រជាជនត្រឡប់មកផ្ទះរៀងៗខ្លួន ចំណែកខ្ញុំនៅតែនឹកឃើញសម្តេច សីហនុ ទាល់យូរថ្ងៃទើបភ្លេច។ រយៈពេលក្រោយនៅក្នុងភូមិត្រពាំងឫស្សីមានហេតុកើតឡើង “ផ្កាយដុះកន្ទុយ” ចាស់ៗបាននាំគិត ហើយនិយាយថាច្បាស់ជាមានរឿងរ៉ាវនៅក្នុងប្រទេស។
ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ[3] បានកើតឡើង ប្រជាជននាំគ្នាធ្វើបាតុកម្មតាមផ្លូវ និងស្រុកមេមត់។ ខ្ញុំពុំបានចូលរួមធ្វើបាតុកម្មទេ ប៉ុន្តែឪពុកចូលរួម ហើយបាននិយាយប្រាប់។ មិនបានប៉ុន្មានខែផងស្រាប់តែមានយន្តហោះទម្លាក់គ្រាប់បែកតាមព្រំដែន កម្ពុជា-វៀតណាម។ គ្រួសារខ្ញុំបានជីករណ្តៅត្រង់សេសម្រាប់លាក់ខ្លួនពេលមានសំឡេងយន្តហោះ។ ព្រឹកឡើងចូលក្នុងភូមិធ្វើចម្ការ ស្រែធម្មតា ល្ងាចបន្តិចហូបបាយរួចរាល់ទៅរណ្តៅត្រង់សេ។ ដោយសារមានការទម្លាក់គ្រាប់បែបស្ទើររាល់ថ្ងៃ គ្រួសារខ្ញុំបានរត់ចេញពីភូមកំណើត ទៅនៅឃុំចាន់មូលបណ្តោះអាសន្ន។ នៅបានចំនួនមួយខែក៏ត្រឡប់ចូលភូមិត្រពាំងឫស្សីវិញ។ ផ្ទះសំបែងអត់មានខូចខាតអ្វីទេ ព្រោះគ្រាប់ បេ៥២ ទម្លាក់ពីលើយន្តហោះអត់ចំក្នុងភូមិ គ្រាន់តែគ្រាប់ធ្លាក់ជាយ តាមព្រំដែនវៀតណាមច្រើន។ មិនទាន់បានសុខស្រួលផង ខ្មែរក្រហមចូលកាន់កាប់ប្រទេសខ្មែរទាំងស្រុង។ ប្រជាជនខ្មែរទាំងអស់គឺត្រូវធ្វើតាមការបញ្ជារបស់កម្មាភិបាលខ្មែរក្រហម។
នៅក្នុងឆ្នាំ១៩៧៥ គ្រួសារខ្ញុំអត់ទាន់ជម្លៀសចេញពីភូមិកំណើរទេ។ ដំបូងធ្វើការងារ ប្រវាស់ដៃឲ្យគ្នាទៅវិញទៅមក។ បន្ទាប់មកបានបង្កើតជាសហករណ៍ ប្រមូលទ្រព្យសម្បត្តិ សត្វគោ ក្របីដាក់រួមទាំងអស់។ ស្រូវ អង្ករ ដាក់ក្នុងជង្រុកតែមួយ។ គ្មានគ្រួសារណាហ៊ានប្រឆាំង មិនព្រមប្រគល់សម្បត្តិដាក់រួមទេ។ បើសិនជាប្រឆាំងអង្គការហៅទៅកសាង។
នៅក្នុងឆ្នាំ១៩៧៦ ខ្ញុំមានកូនចំនួន៣នាក់ ហើយប្តីខ្ញុំជាខ្មែរកម្ពុជាក្រោម។ ពួកខ្មែរក្រហមមកសួរនាំពីប្តីខ្ញុំច្រើន តែប្តីខ្ញុំលាក់ប្រវត្តិរូបមិនហ៊ាននិយាយឲ្យអ្នកណាដឹងទេ។ ព្រឹកឡើងខ្ញុំចេញទៅស្រែស្ទូងស្រូវ ទាល់ល្ងាចបានត្រឡប់មកផ្ទះ។ កូនខ្ញុំអាយុ ៥ឆ្នាំ នៅជាមួយយាយៗក្នុងភូមិដែលមានតួនាទីខាងមើលថែក្មេងៗ។ បីថ្ងៃក្រោយមានគណៈភូមិបានចូលមកដល់ផ្ទះខ្ញុំ ហើយនិយាយថាជ្រើសប្តីខ្ញុំទៅធ្វើជាកងចល័ត។ យប់ឡើងខ្ញុំដេកមិនលក់ពេញមួយយប់ ព្រោះគិតថាខ្លាចមានអ្នកណាដឹងពីប្រវត្តិប្តី ខ្លាចអង្គការយកទៅសម្លាប់។ ស្អែកព្រឹកឡើង កម្មាភិបាលនាំប្តីខ្ញុំចេញពីភូមិត្រពាំងឫស្សី ឃុំរូង ឡើងឡានទៅខ្នារ ស្រុកត្បូងឃ្មុំ ចំណែកខ្ញុំទៅស្ទួងស្រូវធម្មតា។ ខ្ញុំមានកូនចំនួន៣នាក់ត្រូវនៅមើលថែ មានអារម្មណ៍ថានឹកប្តី ខ្លាចត្រូវចាប់សម្លាប់។ បន្ទាប់ពីខាងនិរតីចូលមក ពួកខ្មែរក្រហមចាប់អ្នកធ្លាប់ធ្វើជាទាហាន លន់ នល់ កូនកាត់វៀតណាម អ្នកមានចំណេះដឹងទៅសម្លាប់។ ព្រឹកឡើងខ្ញុំអត់ទៅស្ទួងស្រូវទេ។ សាណៃ បានទៅផ្ទះគណៈភូមិដើម្បីសួរសុខទុក្ខពីប្តី និងសុំទៅតាមប្តី។ គណៈភូមិបានអនុញាតឲ្យសាណៃ ទៅតាមប្តីធ្វើជាកងចល័ត។ មួយសប្តាហ៍ក្រោយមកស្រូវស្រែត្រូវបានស្ទូងរួចរាល់ក៏នាំកូនតាមប្តី ហើយគណៈភូមិបានប្រាប់ថាប្តីសមមិត្តនារីនៅវត្តខ្នារ។ ខ្ញុំដើរតាមផ្លូវអស់រយៈពេលបីយប់ដេកតាមផ្លូវទម្រាំដល់វត្តខ្នារ ឃើញប្តីនៅមានជីវិតខ្ញុំសប្បាយចិត្តខ្លាំង។ កូនៗនឹកឪពុកក៏រត់ទៅឱបគ្នា។ សាណៃ ក៏ធ្វើជាកងចល័តជាមួយប្តី គឺលើកប្រព័ន្ធភ្លឺស្រែ ចំណែកកូនៗនៅក្នុងវត្តខ្នារ។ នៅបាន៥ខែខ្មែរក្រហមជម្លៀសចេញពីវត្តខ្នារឲ្យទៅនៅកោះពី ស្ថិតនៅស្រុកក្រូចឆ្មារ។ នៅសងខាងកោះពីអមដោយទឹកទន្លេ។ សាណៃ ត្រូវបានចាត់តាំងធ្វើជាអ្នកដាំបន្លែនៅលើកោះពី។ ព្រឹកឡើងអត់ទាន់ហូបបាយទេ ព្រោះនៅកោះពី មួយថ្ងៃហូបបាយពីរពេល គឺព្រឹកម៉ោង៩ និងល្ងាចម៉ោង៦។ នៅកោះពី ដាំបន្លែ ដូចជាត្រសក់ ត្រប់ សណ្តែក ននោងជាដើមសម្រាប់ហូបចុក ប៉ុន្តែមិនដែលបានហូបគ្រប់គ្រាន់ទេ។ ភាគច្រើនហូបបបរ ក្នុងបបរមួយខ្ទះមានអង្ករចំនួនពីរកំប៉ុង លាយជាមួយផ្លែចេក។ ខ្ញុំឃ្លានខ្លាំងពេកលួចកាច់ចេកមួយស្និតយកមកចុចអំបិល។
ខ្ញុំ នៅកោះពីបានចំនួន៩ខែ ខ្មែរក្រហមជម្លៀសឲ្យទៅពាមជីលាំងនៅជិតមន្ទីរស្រុក។ សាណៃ ឃើញមានជញ្ជីងមួយក៏សាកថ្លឹងទម្ងន់ គឺគីឡូស្រកច្រើន ព្រោះនៅកោះពីអត់មានអ្វីហូបចុក។ នៅពាមជីលាំងអ្នកភូមិចូលចិត្ត ព្រោះខ្ញុំចេះចាប់សរសៃ និងចេះឆ្មបសម្រាលកូន។ ពេទ្យឆ្មបសម្រាលកូន ខ្ញុំ ចេះតពីយាយនិងម្តាយ។ ក្នុងសហករណ៍ឃុំពាមជីលាំង មានមិត្តនារីម្នាក់ឈឺពោះចង់សម្រាលកូន។ យាយផន ដឹងថាសាណៃ ចេះពេទ្យឆ្មប និងធ្វើសរសៃ។ ផន បានទៅហៅខ្ញុំឲ្យជួយសម្រាលកូនមិត្តភី រស់នៅក្នុងសហករណ៍ជាមួយគ្នា។ សាណៃ ជួយមិត្តភីបង្កើតកូនជោគជ័យ។ ក្រោយមកខ្ញុំទៅធ្វើសរសៃពោះយាយម្នាក់នៅក្នុងភូមិ។ ធ្វើសរសៃពោះចំនួនបីព្រឹកបានឈប់។ ផន ថា ខ្ញុំបានធូរច្រើនជាងមុន។ យាយផន បានជូនក្រណាត់ សំពត់ស ឲ្យមកសាណៃ ប៉ុន្តែខ្ញុំមិនយកសំពត់ទេ អាចជូនជាអង្ករបានទេ? យាយផន ថាបានមិនអីទេ! ផន បានយកអង្ករមកប្រហែល២គីឡូក្រាមជូនទៅខ្ញុំ។ បានអង្ករមកតែអត់ដឹងដាក់កន្លែងណា ខ្លាចខ្មែរក្រហមឃើញអង្ករ ខ្លាចខ្មែរក្រហមថាលួចអង្ករ ក្បត់ជាមួយអង្គការ[4]។ មួយសន្ទុះនឹកឃើញថាយកអង្ករលាក់ក្នុងសំពត់ និងលាក់ក្នុងហោប៉ៅអាវទាំងសងខាង។ ហោប៉ាវអាវម្ខាងដាក់អង្ករបានចំនួនពីរក្តាប់ដៃ។
ឆ្នាំ១៩៧៨ ខ្មែរក្រហមជម្លៀសចេញពីពាមជីលាំងទៅក្រុងសួងនៅភូមិកូនត្មាត។ ខ្ញុំមានអង្ករដាក់តាមខ្លួន តែខ្លាចខ្មែរក្រហមឃើញក៏យកឪទឹនមកចាក់អង្ករចូល រួចជីករណ្តៅធំល្មម ហើយយកឪទឹនទៅកប់ក្នុងដី។ ប៉ុន្តែអង្ករនោះមិនបានយកវិញទេ ព្រោះថ្ងៃឡើងអង្គការកោះហៅប្រជាជននៅក្នុងភូមិកូនត្មាតទាំងអស់គ្នាទៅប្រជុំនៅឯវាលស្រែទាំងកណ្តាលថ្ងៃត្រង់។ អង្គការនិយាយទៅកាន់សមមិត្តទាំងអស់គ្នា យើងមិនអាចនៅកន្លែងនេះបានទៀតទេ យើងត្រូវទៅកន្លែងមួយទៀត សូមប្រញាប់រៀបចំខ្លួន យើងចេញទៅបន្តិចទៀតនេះ។ ខ្ញុំនិងគ្រួសារមិនបានយកអង្ករដែលកប់ក្នុងដីនោះទេ គឺយកតែសម្លៀកបំពាក់និងឆ្នាំងស្ពាន់មួយ។ ជាពិសេសខ្ញុំមិនអាចចោលឆ្នាំងបាយបានទេ ព្រោះឆ្នាំបាយមានប្រយោជន៍ច្រើន។ មួយទៀតអំបិលត្រូវដាក់តាមខ្លួនឲ្យបានមួយក្តាប់ដៃ យើងហូបអ្វីក៏ដោយ ឲ្យតែមានអំបិល អាហារនោះមានរសជាតិទាំងអស់។
ដើមឆ្នាំ១៩៧៩ ខ្ញុំបានបន្តដំណើរជាមួយឡានហ៊ុមព័ទ្ធជិត មនុស្សក្នុងឡានប្រហែល៥០នាក់។ ឡានដឹកប្រជាជនដែលជម្លៀសដល់ខេត្តកំពង់ចាម រួចបន្តដំណើរដល់ខេត្តកំពង់ធំ។ ខ្មែរក្រហមឲ្យនៅ ឃុំកំពង់ស្វាយ ខេត្តកំពង់ធំ ស្នាក់នៅចំនួនពីរថ្ងៃខ្មែរក្រហមបម្រុងយកអ្នកភូមិភាគបូព៌ាទៅសម្លាប់ ទទួលបានទ័ព០៩ចូលមករំដោះ។ ប្រកាសប្រាប់ប្រជាជនទាំងអស់គ្នាឲ្យត្រឡប់មកស្រុកកំណើតរៀងខ្លួន។
ខ្ញុំគ្រាន់តែឮថាបានទៅផ្ទះសប្បាយចិត្តខ្លាំងណាស់ បានជួបបងប្អូននិងគ្រួសារ។ ត្រឡប់មកដល់ភូមិកំណើតស្ងាត់សូន្យ គ្មានមនុស្សរស់នៅ ចំណែកផ្ទះសំបែងត្រូវបានភ្លើងឆេះគ្មានសល់។ ខ្ញុំចាប់ផ្តើមរកស្រូវ អង្ករសម្រាប់ហូបចុកក្នុងគ្រួសារ និងធ្វើពូជ។ ប្តីខ្ញុំទៅរកស្រូវនៅប្រទេសវៀតណាម ដែលត្រូវជាបងប្អូន អ្នកស្គាល់គ្នា សុំស្រូវមកធ្វើពូជនិងមួយចំនួនទុកសម្រាប់ហូបចុក។
សរសេរដោយ ឈុំ រ៉ា
ឯកសារយោង
[1] វចនានុក្រមខ្មែរ “សម្តេចសង្ឃរាជ ជូន ណាត”។
[2] មជ្ឈមណ្ឌលឯកសារកម្ពុជា, សម្ភាសន៍ដោយ ឈុំ រ៉ា ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅភូមិត្រពាំងឫស្សី ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
[3] មជ្ឈមណ្ឌលឯកសារកម្ពុជា, សាក្សីប្រវត្តិសាស្ត្រ សៀវភៅកំណត់ហេតុរបស់ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ, បកប្រែភាសាអង់គ្លេសមកជាភាសាខ្មែរ សូវិចិត្រ មេត្តា ត្រួតពិនិត្យនិងកែសម្រួល ឆាំង យុ និង សុភ័ក្ត្រ ភាណា បោះពុម្ភឆ្នាំ២០២៣។
[4] មជ្ឈមណ្ឌលឯកសារកម្ពុជា, “មន្ទីរ៨៧០៖ សេចក្តីណែនាំអំពីការប្រើពាក្យអង្គការ និងពាក្យបក្ស” ចេញផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ១៩៧៧, ឯកសារលេខD01266។ នៅក្នុងនេះ ផូរ សាណៃ បានប្រើពាក្យ “អង្គការ” ប្រើតែចំពោះអង្គការចាត់តាំងតែប៉ុណ្ណោះ មិនប្រើសម្រាប់បុគ្គលឡើយ។ ចំពោះបុគ្គល ត្រូវប្រើពាក្យសមមិត្តឈ្មោះនេះ ឬសមមិត្តតំណែងនេះ ឬសមមិត្តតំណែងអង្គការថ្នាក់នេះ។ ឧទាហរណ៍ សមមិត្តតេង សមមិត្តលេខា សមមិត្តតំណាងអង្គការ។ល។