ខ្មែរក្រហមបានសម្លាប់ប្តីរបស់ខ្ញុំ ដោយសារគាត់ជាអ្នកចេះដឹង
(ស្វាយរៀង) ៖ ភឿក រ៉ាន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិពោធិ៍តារស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
រ៉ាន មានអាយុ៧៤ឆ្នាំ បានរៀបរាប់ប្រាប់អ្នកស្ម័គ្រចិត្តកម្ពុជាថា គាត់បានរៀបការនៅជំនាន់សង្គមរាស្រ្តនិយម។
ក្នុងរបប លន់ នល់ នៅទីក្រុងភ្នំពេញ រ៉ាន បានឃើញព្រឹត្តិការណ៍ទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក នៅតំបន់ផ្សារដើមគរ ដែលពេលនោះមានអ្នករងរបួស និងស្លាប់យ៉ាងច្រើន។
ពេលខ្មែរក្រហមចូលកាន់កាប់ប្រទេសកម្ពុជា រ៉ាន រស់នៅទីក្រុងភ្នំពេញ ម្តុំផ្សារអូឡាំពិក ជាមួយប្តី ឈ្មោះ សុខ ពុធ ដែលធ្លាប់ជានិស្សិតរៀននៅប្រទេសជប៉ុន។ ពេលខ្មែរក្រហមឡើងកាន់អំណាច គេបានបង្ខំឲ្យគាត់ចាក់ចេញពីទីក្រុងភ្នំពេញ ដោយប្រាប់ថាចេញតែបីថ្ងៃព្រោះខ្លាចអាមេរិកទម្លាក់គ្រាប់បែក។ រ៉ាន និងប្តី បានសម្រេចចិត្តធ្វើដំណើរមកស្រុកកំណើត ឯស្រុកស្វាយជ្រំខេត្តស្វាយរៀង។ជាអកុសល ប្តីរបស់ រ៉ាន ត្រូវបានខ្មែរក្រហមនាំយកទៅសម្លាប់ ដោយសារតែគាត់ជាអ្នកធ្វើការនៅភ្នំពេញក្នុងរបប លន់ នល់។ រ៉ាន បានឃើញព្រឹត្តិការណ៍សម្លាប់បី្តរបស់ខ្លួនផ្ទាល់ភ្នែក ដោយខ្មែរក្រហមបានចាប់ចងរួចវាយនឹងដំបងរហូតដល់ស្លាប់ រួចអូសសាកសពយកទៅកប់នៅវត្តស្វាយជ្រំ។ ចំណែក រ៉ានត្រូវបានខ្មែរក្រហមប្រើឲ្យធ្វើការគ្មានពេលសម្រាកដោយឲ្យជីកប្រឡាយ និងធ្វើស្រែ បោកស្រូវ និងកិនស្រូវ រៀបចំដាក់ឃ្លាំងសម្រាប់ទុកហូបនៅសហករណ៍ស្វាយជ្រំ។ នៅសហករណ៍ស្វាយជ្រំ បានមួយរយៈ រ៉ាន និងគ្រួសារត្រូវបានគេជម្លៀសឲ្យទៅខេត្តបាត់ដំបង។ រ៉ាន និង គ្រួសារត្រូវបានផ្តល់ជូននូវសម្លៀកបំពាក់ខ្មៅម្នាក់មួយសម្រាប់ និងក្រមា១។ ការជម្លៀសនេះធ្វើឲ្យគ្រួសាររបស់ រ៉ាន ជួបការលំបាកកាន់តែខ្លាំងដោយសារត្រូវធ្វើដំណើរផ្លូវឆ្ងាយ ខ្វះខាតអាហារ និងជម្រកស្នាក់នៅ។ ពេលដល់កំពង់ចម្លងអ្នកលឿង រ៉ាន និងប្រជាជនដទៃទៀតត្រូវសម្រាកមួយរយៈព្រោះមានប្រជាជនត្រូវជម្លៀសទៅជាមួយច្រើន រងចំាឆ្លងកប៉ាល់ទៅត្រើយម្ខាង ក្នុងគោលដៅបន្តទៅក្រុងភ្នំពេញ និងឆ្ពោះទៅខេត្តបាត់ដំបង។
ពេលទៅដល់ខេត្តបាត់ដំបង គ្រួសាររបស់ រ៉ាន មានសមាជិកដូចជា៖ ឪពុក ម្ដាយ បង ប្អូន និងកូន ត្រូវបានអង្គការឲ្យស្នាក់នៅផ្សេងគ្នា កូន នៅកងកុមារ បងប្អូនខ្លះនៅកងកុមារ និងខ្លះទៀតនៅកងចល័ត ចំណែកម្តាយនិងឪពុកនៅសហករណ៍។ រ៉ាន មិនដឹងពីសុខទុក្ខរបស់សមាជិកគ្រួសារច្រើនទេនាសម័យនោះព្រោះមិនសូវបានជួបគ្នា ទោះបីជួបក៏មិនសូវបាននិយាយគ្នាច្រើនដែរ ខ្លាចគេដឹង និងនាំយកទៅសម្លាប់។ នៅទីនេះរ៉ាន ត្រូវបានខ្មែរក្រហមប្រើឲ្យជីកទំនប់ លើកប្រឡាយ បុកអង្ករ ធ្វើការតាំងពីព្រឹករហូតដល់យប់ តែទទួលបាននូវរបបអាហារមិនគ្រប់គ្រាន់ បានត្រឹមតែបបរលាយជាមួយបន្លែ ដោយកំណត់ពីរវែកក្នុងមួយថ្ងៃ។រឿងរ៉ាវដែល រ៉ាន ចងចាំមិនភ្លេចនោះគឺនៅពេលដែលគាត់ឃើញការធ្វើទារុណកម្មលើប្រជាជន ដោយដកក្រចកដៃ ក្រចកជើង ឲ្យសត្វមានពិសខាំ និង វាយទម្លាក់ រណ្តៅ។ រ៉ាន មិនដឹងពីទោសកំហុសដែលប្រជាជនទាំងនោះបានប្រព្រឹត្តិទេ។ ក្នុងសម័យខ្មែរក្រហមប្រជាជនដែលជម្លៀសពីភូមិភាគបូព៍ារួមមានខេត្តកំពង់ចាម ព្រៃវែង និងស្វាយរៀងជាច្រើននាក់ត្រូវបានសម្លាប់ ជាពិសេសអំឡុងចុងឆ្នាំ១៩៧៨។
ក្រោយពីរបបខ្មែរក្រហមដួលរលំ រ៉ាន និងកូន បានដើរត្រឡប់មករស់នៅស្រុកកំណើតវិញ ឯខេត្តស្វាយរៀង។ ពេលធ្វើដំណើរ រ៉ាន់ បានជួបនឹងឃ្លាំងស្រូវក៏បានយកតាមខ្លួនទុកហូបពេលធ្វើដំណើរ។ បច្ចុប្បន្ន រ៉ាន មានជំងឺប្រចំាកាយដូចជា៖ ជំងឺលើសឈាម ខ្សោយបេះដូង របេងឆ្អឹង ជំងឺក្រពះពោះវៀន និងជំងឺសន្លាក់ជើង។
សម្ភាសន៍ដោយ ឃួន រស្មី នៅថ្ងៃទី១២ សីហា ឆ្នាំ២០២១
អត្ថបទដោយ អេង សុខម៉េង