ការនឹករឭកដល់ប្អូនថ្លៃដែលបានស្លាប់

ផាន ចងចាំ និងនឹករឭកដល់​ប្អូនថ្លៃប្រុសម្នាក់  ជាយោធាខ្មែរក្រហម ដែលត្រូវបាន អង្គការ​នាំទៅសម្លាប់ នៅតំបន់ចំពុះក្អែកដោយចោទប្រកាន់ថាបានប្រព្រឹត្តកំហុស​។ ក្រោយរបបខ្មែរក្រហមដួលរលំ ផាន ធ្លាប់ទៅស្វែងរកអដ្ឋិ​ធាតុប្អូនថ្លៃនៅតំបន់ចំពុះក្អែកដែរ ប៉ុន្តែ​មិនអាចសម្គាល់បានដោយសារតែមានអដ្ឋិ​ធាតុជនរងគ្រោះដែលតម្កល់ទុកច្រើនពេកនៅទីនោះ។ ផន ផាន ជាកសិករ, មានអាយុ៧៨ឆ្នាំ, មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិពាយនាយ ឃុំក្រាំងស្វាយ ស្រុកព្រះសេ្តច ខេត្តព្រៃវែង។ ផាន មានប្រពន្ធឈ្មោះ ជា សឿន និងមានកូនចំនួន៦នាក់(ស្រី៤នាក់)។ ផាន មានឪពុកឈ្មោះ ផន​ និងម្តាយ ​ឈ្មោះ អ៊ុត។

ក្នុងរបបខ្មែរក្រហម ផាន រស់នៅក្នុងភូមិពាយនាយ។ នៅក្នុងភូមិនេះ អង្គការចាត់តាំងគាត់​ឲ្យធ្វើជាជាងរោងបាយ, ធ្វើអង្គប់​ចាប់កណ្តុរ, ធ្វើរហាត់ទឹក, ធ្វើនង្គ័ល និងធ្វើរនាស់។ ក្រៅពីការងារនេះ ផាន ក៏ត្រូវបររទេះដឹកស្បៀង​អាហារ, ស្រូវ, អង្ករ និងបន្លែបង្ការផ្សេងៗ​សម្រាប់ផ្គត់ផ្គង់សហករណ៍រោង​បាយ​។ ផាន និយាយរៀបរាប់ថា “ការងារត្រូវធ្វើគ្មានពេលសម្រាកចាប់ពីព្រឹកម៉ោង៧ រហូតដល់ម៉ោង១១ និងពេលថ្ងៃធ្វើពីម៉ោង១ រហូតដល់ម៉ោង៥ល្ងាច និងថ្ងៃខ្លះខ្ញុំត្រូវ​បន្ថែមម៉ោងដល់៦ល្ងាច ឬ១០យប់ក៏មានដែរ ពិសេសក្នុងរដូវច្រូតកាត់។ ប្រជាជនទំាងអស់ទទួលបានរបបអាហារដូចៗគ្នា មានបបររាវពីរវែក ក្នុងមួយថ្ងៃ សម្រាប់ពេលថ្ងៃត្រង់ និងពេលល្ងាច​។ លើសពីនេះទៀត ផាន និង ប្រជាជនរស់នៅគ្មានសិទ្ធិសេរីភាពក្នុងការនិយាយស្តី ប្រសិនបើ​អ្នកណាហ៊ាននិយាយរិះគន់ និងតវ៉ារឿងធ្វើការងារច្រើន និងហូបមិនគ្រប់គ្រាន់ដឹងតែបាត់ខ្លួន។ នៅឆ្នាំ១៩៧៦ ផាន បានដឹងដំណឹងថាប្អូនថ្លៃប្រុសរបស់​ខ្លួន​ឈ្មោះ ផុត ផាត ដែលជាយោធាខ្មែរក្រហម ត្រូវបានអង្គការចាប់ឃុំខ្លួនដោយសារការចោទប្រកាន់ថា បានប្រព្រឹត្តអំពើក្បត់ចូលដៃជាមួយប្រទេសវៀតណាម។ នៅឆ្នាំដដែលនោះ ប្អូនថ្លៃប្រុសរបស់ផាន ត្រូវបានបញ្ជូនមកសម្លាប់នៅតំបន់ចំពុះក្អែក។ នៅឆ្នាំ១៩៧៨ ផាន ត្រូវបានអង្គការជម្លៀសពីស្រុកព្រះសេ្តច ទៅស្រុកពាមជរ មួយរយៈពេលខ្លី រួច​ក៏ត្រលប់មកស្រុកព្រះសេ្តចវិញ។ ការងារនៅស្រុកពាមជរ ផាន ត្រូវ ភ្ជួររាស់ដីស្រែ ក្នុងកងចល័តយុវជនស្រុក។ ក្នុងរបបខ្មែរក្រហម ផាន ត្រូវអង្គការចោទប្រកាន់ថាក្បត់ “ពួកក្បាលស” មានន័យថាជាអ្នកប្រឆាំងនឹងមាគ៌ាខ្មែរក្រហមដោយសារតែគាត់បានធ្វើឲ្យគោស៊ីស្រូវ និងសំណាបរបស់អង្គការ។ អង្គការ​មានបំណងសម្លាប់ ផាន ប៉ុន្តែដោយសារតែខ្វះកម្លាំងភ្ជួរស្រែ ទើបបានប្តូរពីការសម្លាប់ទៅជាដាក់ទណ្ឌកម្មដោយឲ្យគាត់ភ្ជួរគ្មានពេលសម្រាក។ ក្រោយរបបខ្មែរក្រហមដួលរលំ ផាន បានត្រលប់​មកររស់នៅផ្ទះកំណើតនៅភូមិក្រាំងស្វាយវិញ។ បច្ចុប្បន្ន ផាន មានជំងឺឫសដូងបាត និងជំងឺទល់លាមក។ គាត់បានផ្តាំផ្ញើឲ្យក្មេងជំនាន់ក្រោយត្រូវចេះសិក្សាស្វែងយល់ពីរបបខ្មែរក្រហម ពិសេសពីទុក្ខលំបាករបស់អ្នករស់រានមានជីវិតដែលបានឆ្លងកាត់ ដើម្បីរួមចំណែកការពារកុំឲ្យប្រទេសកម្ពុជាជួប​ប្រទះរបបដ៏ខ្មៅងងឹតនេះម្តងទៀតនាពេលអនាគត៕

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥

សម្ភាសន៍ដោយ ជួន រក្សា ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin