ភួង ស្រឿន រំឭកពីបទពិសោធន៍លើកទំនប់កែប្រែក្នុងរបបខ្មែរក្រហម

ខ្ញុំឈ្មោះ ភួង ស្រឿន[1] អាយុ ៦៧ឆ្នាំ និងមានទីកន្លែងកំណើតនៅក្នុងភូមិព្រែកគុយ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានឪពុក ឈ្មោះ ភួង បានស្លាប់ដោយសារជំងឺ នៅក្នុងឆ្នាំ១៩៧៣ និងមានម្តាយឈ្មោះ យឹម បានសម្លាប់ ក្រោយសម័យខ្មែរក្រហម ដោយសារតែជំងឺ។ ខ្ញុំ មានបងប្អូន ចំនួន៤បងស្រីទី១ ភួង យឿន (ស្លាប់) បងប្រុសទី២ ឈ្មោះ ភួង ធឿន ទី៣ ភួង ស្រឿន ផ្ទាល់ និងប្អូនប្រុសទី៤ ឈ្មោះភួង ស្រេង។ កាលពីវ័យកុមារខ្ញុំ មិនបានរៀនសូត្រនោះទេ ដោយសារតែផ្ទះនៅឆ្ងាយ និង ប្រទេសមានសង្គ្រាមស៊ីវិលកើតឡើង។
នៅពេលដែលមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅឆ្នាំ១៩៧០, ប្រជាជននៅក្នុងភូមិ មានឪពុករបស់ ខ្ញុំ និងអ្នកភូមិប្រហែល ១០នាក់ទៀតបាននាំគ្នាទៅចូលរួមធ្វើបាតុកម្ម នៅក្នុងទីរួមខេត្តកំពង់ចាម ដើម្បីទាមទារអំណាចថ្វាយសម្តេចព្រះ នរោត្តម សីហនុ វិញ។ នៅពេលដែលឪពុក និងអ្នកភូមិផ្សេងទៀត ធ្វើដំណើរបានពាក់កណ្ដាលផ្លូវក៏ត្រឡប់មកវិញដោយសារតែមានការបាញ់ប្រហារ ហាមឃាត់ប្រជាជនពីសំណាក់កងទ័ព លន់ នល់។
នៅឆ្នាំ១៩៧០-១៩៧៣ នៅក្នុងភូមិ មានការទម្លាក់គ្រាប់បែកខ្លាំងដែលធ្វើឲ្យខូតខាតផ្ទះរងរបួសប្រជាជន និងធ្វើឱ្យប្រជាជនស្លាប់ផងដែរ។ ពេលដែលមានការទម្លាក់គ្រាប់បែកកើតឡើង ខ្ញុំមិនបាននៅក្នុងភូមិនោះទេព្រោះខ្ញុំ និងគ្រួសារបានចេញទៅរស់នៅតាមវាលស្រែ ដែលទោះបីនៅវាលស្រែក៏ពិតមែន តែខ្ញុំនៅតែរត់គេចចូលក្នុងលេណដ្ឋានដើម្បីការពារជីវិត ទោះបីមានភ្លៀងធ្លាក់ក៏ត្រូវតែរត់ចូល លេណដ្ឋានដែរ។ នៅចន្លោះឆ្នាំ ១៩៧៣-១៩៧៥ នៅក្នុងភូមិ ខ្ញុំឃើញមានកងទ័ពខ្មែរក្រហមចូលមកសុំ ផ្ទះអ្នកភូមិរស់នៅផងដែរ។ ទាហានដែលឆ្លងកាត់ភាគច្រើនបានប្រាប់យើងថា ជាចលនាតស៊ូប្រឆាំងនឹងរបប លន់ នល់ ។
នៅឆ្នាំ១៩៧៥ គឺជាពេលដែលខ្មែរក្រហមបានចូលកាន់កាប់អំណាចបានពេញលេញ ខ្ញុំត្រូវបានខ្មែរក្រហមជម្លៀសទៅលើកប្រព័ន្ធភ្លឺស្រែ នៅមូលដ្ឋានស្រុកព្រៃឈរ ប្រមាណជាង៣ខែ ទើបបានខ្មែរក្រហមឱ្យទៅលើកទំនប់កែប្រែ នៅក្នុងឃុំស្រក ស្រុកកំពង់សៀមនេះវិញ។ នៅការដ្ឋានទំនប់នេះ ខ្ញុំបានលើកចាប់តាំងពីគ្រឹះរបស់ទំនប់ រហូតដល់បញ្ចប់ការដ្ឋានទំនប់នេះក្នុងពេលវេលាប្រហែល១ឆ្នាំ។ កាលពីពេលដែលនៅការដ្ឋានលើកទំនប់នេះ ខ្ញុំត្រូវធ្វើការចាប់តាំងពីម៉ោង៦ព្រឹករហូតដល់ម៉ោង ១១ថ្ងៃ ទើបបានសម្រាប់អាហារថ្ងៃត្រង់។ នៅវេលាម៉ោង១រសៀល ត្រូវចុះធ្វើការបន្តទៀត រហូតដល់ម៉ោង៥ ឬពេលខ្លះដល់ម៉ោង ៦ល្ងាច ហើយនៅក្នុងថ្ងៃខ្លះត្រូវលើកដល់ម៉ោង ១១យប់។ រាល់ព្រឹកមុនពេលដែលចេញទៅធ្វើ ការមេកងតែងតែប្រជុំជួរ ដើម្បីឱ្យប្រជាជនខិតខំធ្វើការងារលើកទំនប់ឲ្យសម្រេច តាមផែនការ ដែលអង្គការបានកំណាត់។ ក្រោយពេលបានឡើងទំនប់កែប្រែរួច ខ្ញុំក៏ត្រូវបានខ្មែរក្រហមចល័ត មកទំនប់ត្រួយចេក ដើម្បីបន្តការងារលើកទំនប់ត្រួយចេកនេះទៀតរហូតដល់កងទ័ពរណសិរ្សចូលមករំដោះប្រជាជន ទើបខ្ញុំអាចរួចផុតជីវិតពីសេចក្ដីស្លាប់។ ខ្ញុំបានរួចផុតពីទុកវេទនា និងសេចក្ដីស្លាប់ គឺនៅពេលដែលកងទ័ពខ្មែរក្រហមទទួលបរាជ័យ ដោយសារតែកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយរំដោះប្រទេស និងប្រជាជនពីរបបខ្មែរក្រហម។ ខ្ញុំបានវិលត្រឡប់មករស់នៅភូមិកំណើតវិញនៅឆ្នាំ១៩៨០ និងប្រកបរបរជាកសិកររហូតមកដល់សព្វថ្ងៃនេះ។[2]
អត្ថបទដោយ លី ដេវីត
[1] ភួង ស្រឿន «ប្រវត្តិសាស្រ្តផ្ទាល់មាត់៖ បទពិសោធន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» សម្ភាសន៍ដោយ លី ដេវីត មជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម នៅខែកក្កដា ឆ្នាំ២០២៥, បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា
[2] ឃួន វិច្ឆិកា និងអ្នកឯទៀត, ប្រវត្តិវិទ្យាថ្នាក់ទី៦៖ ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព ([ភ្នំពេញ]៖ អនុគណៈកម្មការមុខវិជ្ជាឯកទេសប្រវត្តិវិទ្យា ក្រសួងអប់រំ យុវជន និងកីឡា), ទំព័រទី៤១