ប្រវត្តិភូមិភូមិកំពៃ ឬភូមិកុំភ័យ

ភូមិកំពៃ ឬភូមិកុំភ័យ[1] ជាភូមិចំណាស់មួយក្នុងចំណោមភូមិទាំង១៣ នៃឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ភូមិកំពៃស្ថិតនៅទិសខាងជើងឈៀងខាងលិចឃុំរំចេក និងទីរួមស្រុកមេមត់ ក្នុងចម្ងាយប្រមាណជាង៤០គីឡូម៉ែត្រ ដោយធ្វើដំណើរចេញពីទីរួមស្រុកមេមត់តាមផ្លូវក្រាលកៅស៊ូទល់មុខផ្សារមេមត់ឆ្ពោះទៅកាន់ឃុំមេមង និងបន្តតាមផ្លូវលេខ៣៧៣C ត្រង់ចំណុចគីឡូម៉ែត្រលេខ៣៧ ត្រូវបត់ស្តាំប្រមាណ២គីឡូម៉ែត្រ គឺជាទីតាំងភូមិកំពៃ ឬភូមិកុំភ័យ។

បើតាមមេភូមិកំពៃ​ ឬភូមិកុំភ័យ និងចាស់ៗក្នុងភូមិបានឲ្យដឹងថា កាលពីជំនាន់អាណានិគមនិយមបារាំង ភូមិកំពៃ មានឈ្មោះថា ភូមិកុំភ័យ ពីព្រោះនៅពេលទាហានបារាំងចូលដល់ក្នុងភូមិ ទាហានបារាំងបានវាយធ្វើបាប អ្នកភូមិ ចាប់មាន់ទា បេះផ្លែដូង និងបានចោទប្រកាន់អ្នកភូមិថា បានចូលដៃចូលជើងជាមួយខ្មែរឥស្សរៈ។ នៅខណៈពេលដែលទាហានបារាំងចូលមកក្នុងភូមិម្តងៗប្រជាជនមានការភ័យខ្លាច និងបាននាំគ្នាទៅបន់ស្រន់នៅមុខខ្ទមអ្នកតាដែលស្ថិតនៅក្រោមដើមពោធិ៍នៅចុងភូមិថា កុំភ័យៗ រួចនាំគ្នារត់ចូលក្នុងព្រៃលាក់ខ្លួនរហូតដល់ទាហានបារាំងចេញអស់ពីភូមិ ទើបនាំគ្នាចូលមកនៅក្នុងភូមិវិញ។ ចាប់តាំងពីពេលនោះមក អ្នកភូមិ និងប្រជាជនដែលរស់នៅតាមភូមិក្បែរៗនោះបានហៅឈ្មោះភូមិនេះថា ភូមិកុំភ័យ រហូតមកដល់ជំនាន់សង្គមរាស្ត្រនិយម ពាក្យហៅថា ភូមិកុំភ័យនេះ ក៏បានក្លាយទៅជា ភូមិកំពៃ រហូតមកដល់សព្វថ្ងៃនេះ។

កាលពីជំនាន់អាណានិគមនិយមបារាំង ភូមិកំពៃ ឬភូមិកុំភ័យ ជាភូមិដាច់ស្រយាលមួយមានប្រជាជនរស់នៅប្រមាណ៣០ ទៅ៤០គ្រួសារ និងមានប្រជាជនសរុបចំនួនប្រហែល១០០នាក់ប៉ុណ្ណោះ។ នៅបរិវេណជុំវិញ ភូមិកំពៃ ឬភូមិកុំភ័យ មានព្រៃឈើធំៗ និងសត្វព្រៃជាច្រើនប្រភេទ។ ចំណែកប្រជាជនភាគច្រើនប្រកបរបបរកស៊ីធ្វើចម្ការស្ទូងស្រូវ រកអនុផលព្រៃឈើ និងបរបាញ់សត្វព្រៃ។ អ្នកភូមិកំពៃ ឬភូមិកុំភ័យ តែងតែយកអនុផលព្រៃឈើ ដែលខ្លួនរកបានទៅលក់នៅផ្សារឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ បន្ទាប់មកទិញអំបិល ប្រហុក និងរបស់របបប្រើប្រាស់ប្រចាំថ្ងៃយកត្រឡប់មកផ្ទះវិញ។ នៅក្នុងសម័យអាណានិគមនិយមបារាំងនេះដែរ ក៏មានចលនាខ្មែរឥស្សរៈធ្វើសកម្មភាពតស៊ូប្រឆាំងនឹងបារាំងនៅក្នុងព្រៃក្បែរៗភូមិកំពៃ និងភូមិមួយចំនួនទៀតក្នុងស្រុកមេមត់នេះដែរ។ នៅអំឡុងពេលនោះទាហានបារាំងតែងតែចូលមកក្នុងភូមិកំពៃ ឬភូមិកុំភ័យ ស្វែងរកចាប់ខ្លួនមេដឹកនាំចលនាខ្មែរឥស្សរៈ។ បន្ទាប់មកទាហានបារាំងបានគៀរអ្នកភូមិកំពៃ ឬភូមិកុំភ័យ និងភូមិមួយចំនួនទៀតឲ្យទៅរស់នៅក្នុងភូមិកំពង់រាំងក្នុងស្រុកឆ្លូង ខេត្តក្រចេះជំនួសវិញ។

អ្នកភូមិកំពៃ ឬភូមិកុំភ័យ បានរស់នៅក្នុងភូមិកំពង់រាំងប្រមាណ២ឆ្នាំ ទើបប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ និងបាននាំគ្នាត្រឡប់មករស់នៅក្នុងភូមិកំពៃ ឬភូមិកុំភ័យ វិញ។ នៅក្នុងរបបសង្គមរាស្រ្តនិយម ចន្លោះឆ្នាំ១៩៥៥​ ​ដល់ឆ្នាំ១៩៧០ ប្រជាជនរស់នៅក្នុងភូមិកំពៃ ឬភូមិកុំភ័យ បានប្រកបរបរដាំស្រូវ ធ្វើចម្ការ និងរកអនុផលព្រៃឈើ បានសុខសាន្តរហូតដល់១៩៧០។

បន្ទាប់ពីរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ សង្រ្គាមបានចាប់ផ្តើមកើតមាននៅភូមិកំពៃ និងទីកន្លែងផ្សេងទៀតទូទាំងប្រទេសកម្ពុជា។ នៅពេលនោះក៏មានវត្តមានទាហានសហរដ្ឋអាមេរិក ទាហានធៀវគី មកច្បាំងជាមួយកងទ័ពវៀតកុង និងយោធាខ្មែរក្រហមនៅតាមជាយៗព្រៃក្បែរៗភូមិកំពៃ។ អំឡុងពេលនោះយន្តហោះទាហានសហរដ្ឋអាមេរិក​បានមកទម្លាក់គ្រាប់បែកលើកងទ័ពវៀតកុងនៅតាមព្រៃ។ ចំណែកអ្នកភូមិកំពៃក៏បានជីកលេណដ្ឋាននៅក្បែរៗផ្ទះ ដើម្បីចូលលាក់ខ្លួននៅពេលយន្តហោះសហរដ្ឋអាមេរិកមកទម្លាក់គ្រាប់បែកម្តងៗ។ ​

នៅដើមទសវត្សរ៍ឆ្នាំ១៩៧០នេះ ចលនាខ្មែរក្រហមបានចូលមកដល់ភូមិកំពៃ និងភូមិផ្សេងៗទៀតក្នុងឃុំរំចេក ស្រុកមេមត់។ ពេលនោះភូមិកំពៃ ស្ថិតនៅក្នុងសង្កាត់រំចេក ស្រុកមេមត់ តំបន់២១ ភូមិភាគបូព៌ា (ភូមិភាគ២០៣)។ ខ្មែរក្រហមបានចាប់ផ្តើមរៀបចំប្រជាជនជាក្រុម កង និងចាត់តាំងឲ្យធ្វើការងារស្រែ ចម្ការជាក្រុមប្រវ៉ាស់ដៃ ដោយជួយធ្វើការងារស្រែ ចម្ការគ្នាទៅវិញទៅមកនៅតាមក្រុមនីមួយៗ។ ក្រុមនីមួយៗមានប្រជាជនចំនួន ១០ ទៅ ១២គ្រួសារ។ នៅខណៈពេលនោះថ្នាក់ដឹកនាំខ្មែរក្រហម តំបន់២១ នៃភូមិភាគបូព៌ា ម្នាក់មានឈ្មោះ ម៉ៃ ផូ មានស្រុកកំណើត ភូមិកំពៃ និងតែងតែចុះមកធ្វើការឃោសនាឲ្យប្រជាជនចូលរួមក្នុងចលនាខ្មែរក្រហមនៅក្នុងភូមិកំពៃនេះ។

នៅក្នុងចុងឆ្នាំ១៩៧៣ ឬដើមឆ្នាំ១៩៧៤ ខ្មែរក្រហមបានរៀបចំឲ្យប្រជាជនក្នុងភូមិកំពៃ រស់នៅ និងធ្វើការងារពលកម្មរួមនៅក្នុងសហករណ៍កម្រិតទាប គឺត្រូវយកទ្រព្យសម្បត្តិរបស់របរដាក់រួម ធ្វើស្រែ ចម្ការរួម និងចែកផលស្រូវទៅតាមសមាជិកគ្រួសារដែលមានកម្លាំងពេញវ័យ ចាស់ជរា និងកុមារ ប៉ុន្តែខ្មែរក្រហមអនុញ្ញាតប្រជាជនហូបនៅតាមផ្ទះរៀងៗខ្លួន។ បន្ទាប់ពីខ្មែរក្រហមទទួលបានជ័យជម្នះនៅថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមរៀបចំប្រជាជនឲ្យរស់នៅក្នុងសហករណ៍ពេញលេញតែម្តង គឺប្រជាជនត្រូវធ្វើការងារពលកម្មរួម និងហូបរួមតែម្តង។

នៅឆ្នាំ១៩៧៥នេះដែរ ខ្មែរក្រហមបានមជម្លៀសប្រជាជនថ្មី (ប្រជាជន១៧មេសា) ប្រមាណ៤០ ទៅ៥០គ្រួសារឲ្យមករស់នៅភូមិកំពៃ។ នៅខណៈពេលនោះខ្មែរក្រហមបានឃោសនាបោកប្រាស់ឲ្យប្រជាជន១៧មេសា ដែលជាអតីតទាហាន និងមន្ត្រីរដ្ឋការទៅចុះឈ្មោះ ដើម្បីបានធ្វើទាហាន និងធ្វើការងាររដ្ឋការឡើងវិញ។ ពេលនោះមានប្រជាជន១៧មេសា ដែលបានទៅចុះឈ្មោះជាមួយខ្មែរក្រហមត្រូវបានយោធាខ្មែរក្រហមយកទៅសម្លាប់នៅអណ្តូងវៀតកុង ដែលមានទីតាំងស្ថិតនៅក្នុងភូមិកំពៃ។ ចំណែកប្រជាជន១៧មេសាផ្សេងៗទៀតត្រូវបានស្លាប់ដោយសារជំងឺ និងការអត់អាហារ។ ប្រជាជនមូលដ្ឋាន និងប្រជាជនថ្មីរស់នៅភូមិកំពៃ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យរស់នៅ និងធ្វើការជាមួយគ្នា ដោយបែងចែកទៅតាមកងដូចជា៖ កងកុមារ កងចល័ត កងមីងៗ កងពូៗ កងតាៗ និងកងយាយៗជាដើម។ ចំពោះការហូបចុកខ្មែរក្រហមបានឲ្យប្រជាជនហូបបបរក្នុងមួយថ្ងៃតែពីរពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាចម៉ោង​៥​។

នៅឆ្នាំ១៩៧៨ កងទ័ពមជ្ឈិមខ្មែរក្រហមបានចូលមកដល់ក្នុងភូមិកំពៃ ឃុំរំចេក។ កងទ័ពទាំងនោះបានកោះហៅកម្មាភិបាលខ្មែរក្រហមដែលជាគណៈឃុំរំចេក កងឈ្លប គណៈភូមិ ប្រធានកង ប្រធានក្រុមក្នុងភូមិកំពៃ និងភូមិផ្សេងៗទៀតមកប្រជុំនៅផ្ទះសង្គមនិយមស្ថិតនៅក្នុងភូមិព្នៅ ឃុំរំចេក។ នៅខណៈពេលដែលកម្មាភិបាលខ្មែរក្រហមក្នុងឃុំរំចេកសរុបទាំងអស់ប្រមាណ៧០នាក់ បានមកជួបជុំគ្នានៅផ្ទះសង្គមនិយម កងទ័ពមជ្ឈិមខ្មែរក្រហមបានចាប់ចង់ស្លាបសេក ដើម្បីយកទៅសម្លាប់ចោលនៅក្នុងព្រៃក្បែរភូមិព្នៅនាពេលយប់។ មុនពេលកងទ័ពមជ្ឈិមខ្មែរក្រហមយកទៅសម្លាប់នោះមានកម្មាភិបាលភូមិចំនួន២នាក់បានលោតពីលើផ្ទះសង្គមនិយម ដើម្បីរត់គេចខ្លួន ក្នុងចំណោមនោះមានម្នាក់រត់គេចខ្លួនរួច និងម្នាក់ទៀតត្រូវកងទ័ពមជ្ឈិមខ្មែរក្រហមបាញ់សម្លាប់។

បន្ទាប់មកកងទ័ពមជ្ឈិមខ្មែរក្រហមបានជម្លៀសប្រជាជនទាំងអស់នៅភូមិកំពៃ និងភូមិផ្សេងៗទៀតក្នុងឃុំរំចេកឲ្យទៅរស់នៅភូមិមួយចំនួនក្នុងខេត្តកំពង់ធំនៃភូមិភាគកណ្តាល ប៉ុន្តែក៏មានអ្នកភូមិកំពៃមួយចំនួនមានការភ័យខ្លាចកងទ័ពមជ្ឈិមខ្មែរក្រហមសម្លាប់បាននាំគ្នារត់ទៅរស់នៅក្នុងព្រៃរយៈពេលប្រហែល១ខែក្រោយ ទើបកងទ័ព០៩ (កងទ័ពភូមិភាគបូព៌ាដែលប៉ះបោរប្រឆាំងនឹងរបបខ្មែរក្រហម) និងកងទ័ពវៀតណាមនាំយកអ្នកភូមិទាំងនោះទៅស្នាក់នៅភូមិខ្នងក្រពើរ ទីរួមស្រុកមេមត់ និងបន្តបញ្ជូនទៅរស់នៅក្នុងជំរំជនភៀសខ្លួននៅក្នុងខេត្តតៃនីញ ប្រទេសវៀតណាម ។

បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំទៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ទើបអ្នកភូមិកំពៃដែលនៅរស់រានមានជីវិតពីរបបខ្មែរក្រហមបានវិលត្រឡប់ពីខេត្តកំពង់ធំ និងប្រទេសវៀតណាមមករស់នៅភូមិកំណើតវិញ។

សព្វថ្ងៃភូមិកំពៃមានប្រជាជនរស់ចំនួន២៨៥គ្រួសារ ចំនួនប្រជាជនសរុប ១១៥១នាក់ (ស្រីចំនួន៥៨៦នាក់)៕

ដោយ ឡុង ដានី៖ មជ្ឈមណ្ឌលឯកសារកោះថ្ម


[1] មជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិកំពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី១២ -១៤ ខែកក្កដា ឆ្នាំ២០២២។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin