កងទ័ពត្រូវហ៊ានលះបង់ជីវិតដើម្បីការពារភូមិភាគរបស់ខ្លួន
(រតនគិរី)៖ ភឺង យេម មានអាយុ៧២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរ៉ក ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានដើមកំណើតជនជាតិភាគតិចកាវែត។
នៅមុនឆ្នាំ ១៩៧៥ គាត់ធ្លាប់បានធ្វើជាកងទ័ពខ្មែរក្រហមម្នាក់នៃរបបប៉ុលពត។ ចាប់ពីឆ្នាំ ១៩៧២ ដល់ ១៩៧៤ ខ្មែរក្រហមបានចាប់ផ្តើមប្រមូលប្រជាជនរួមទាំងក្រុមរបស់គាត់ឲ្យធ្វើការរួមនៅតាមសហករណ៍។ នៅឆ្នាំ ១៩៧៥ គាត់ត្រូវបានចាត់តាំងនិងបានដឹកនាំតាមលំដាប់នីមួយៗ ដោយមានការបែងចែកតាមតួនាទីរៀងៗខ្លួនយ៉ាងដិតដល់ក្នុងពេលធ្វើការ។
អង្គការខ្មែរក្រហមបានចាត់តាំងឲ្យគាត់ទៅបម្រើការងារជាកងទ័ពនៅតាមភូមិភាគ ដែលក្រោយមកគាត់បានផ្លាស់ប្តូរជាច្រើនភូមិភាគទៅតាមការបញ្ជា។ គាត់បានធ្វើការប្រយុទ្ធ និងទប់ទល់នៅខេត្តព្រះវិហារអស់រយៈពេលជាងពីរឆ្នាំ ក្នុងតួនាទីជាអនុកងធំ។
គាត់បានត្រឡប់មកស្រុកវើនសៃវិញ ដើម្បីបង្កើតការតស៊ូដល់ប្រជាជនតាមការបញ្ជរបស់តាម្នាក់ ដោយពេលនោះអង្គការក៏បានផ្តល់កាំភ្លើង និងសម្ភារមួយចំនួនដល់រូបគាត់។
គាត់ត្រូវប្រយុទ្ធ និងដាក់មីននៅតាមភូមិភាគផ្សេងៗ ដោយលំបាក និងខ្វះស្បៀងសម្រាប់បន្តការងារដ៏ធ្ងន់នេះ។ គាត់បន្តទៀតថា បើនៅទីក្រុងវិញ គ្មានទេការខ្វះស្បៀងសម្រាប់កងទ័ព ដោយមួយសប្តាហ៍ គាត់ទៅបើកបានរបបអាហារម្តង។ ក្រោយមកដោយសារសង្គ្រាម មានការប៉ះទង្គិចកាន់តែខ្លាំង កងទ័ពត្រូវហ៊ានលះបង់ជីវិតដើម្បីការពារភូមិភាគរបស់ខ្លួន ធ្វើឲ្យកងទ័ពតាមភាគភូមិជាច្រើន បានបាត់បង់ជីវិត។
ក្រោយពីវិលត្រឡប់ពីខេត្តព្រះវិហារមកខេត្តរតនគិរី គាត់បានធ្វើការងារស្រែចម្ការអស់រយៈពេលមួយឆ្នាំ ដូចជាលើកភ្លឺស្រែ ស្ទូងស្រូវ និងច្រូតកាត់ទាំងយប់ទាំងថ្ងៃ នៅពេលរដូវច្រូតកាត់ចូលមកដល់។ គាត់ត្រូវក្រោកពីព្រលឹម និងធ្វើការដល់យប់ព្រលប់ ទើបបានសម្រាកដូចប្រជាជនក្នុងសហករណ៍ឯទៀត។
គាត់បានលើកឡើងថារបបខ្មែរក្រហមបានបង្ខិតបង្ខំប្រជាជនទាំងចាស់ទាំងក្មេងឲ្យធ្វើការហួសកម្លាំងទាំងយប់ទាំងថ្ងៃ ដោយខ្វះការហូបចុក។
នៅរដូវច្រូតកាត់នោះផងដែរ គាត់បានលឺសម្លេងកាំភ្លើងនៅត្រើយម្ខាងទៀតនៃសហករណ៍ដែលគាត់កំពុងរស់នៅ។ នៅពេលនោះ អង្គការបានប្រកាសថាកងទ័ពរបស់វៀតណាមបានចូលមកដល់ហើយ ដោយប្រាប់ថាកងទ័ពទាំងនោះនឹងបាញ់សម្លាប់ប្រជាជនស្លូតត្រង់ដោយគ្មានការអាណិតអាសូរនោះទេ។ គាត់បានរត់គេចខ្លូនចូលទៅក្នុងព្រៃជ្រៅ ដែលគាត់ត្រូវព្រាត់ប្រាសក្រុមគ្រួសារ និងត្រូវរស់នៅយ៉ាងលំបាកវេទនាជាទីបំផុត។
ជាចុងក្រោយ ភឺង យេម បានសំណូមពរថាកុំឲ្យវិលត្រឡប់សារជាថ្មីម្ដងទៀតនូវរបបខ្មែរក្រហម ហើយគាត់ក៏បានគាំទ្រផងដែរ ដល់ដំណើរការការកាត់ទោសមេដឹកនាំខ្មែរក្រហមនាពេលកន្លងមក៕
សម្ភាសន៍ដោយ កុច សាដៀក ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤