ភាពអួតអាងរបស់កម្មាភិបាលខ្មែរក្រហមអំពីវីរភាពបដិវត្តន៍របស់សមមិត្តវ៉នពេទ្យបដិវត្តន៍

«មានតែយើងជាកូនចៅកសិករក្រីក្រទេ ទើបធ្វើពេទ្យបម្រើប្រជាជនក្រីក្របានល្អ។ ដូច្នេះសមមិត្តត្រូវខំជម្នះគ្រប់ឧបសគ្គ ពុះពាររៀនសូត្រវិជ្ជាពេទ្យនេះឱ្យបានល្អ»[1]។ ឃ្លានេះជាសំដីរបស់សមមិត្តលេខាសាខាបក្សក្នុងមន្ទីរសង្គមកិច្ច បានលើកមកនិយាយដើម្បីពន្យល់ទៅដល់សមមិត្តវ៉ន។ សមមិត្តវ៉ន គឺជាគ្រូពេទ្យបដិវត្តន៍មួយរូប ដែលមានតែចំណេះដឹងបន្ដិចបន្តួច ហើយមន្ទីរសង្គមកិច្ចបានលើកទឹកចិត្តឱ្យខិតខំប្រឹងរៀនសូត្រពីជំនាញជាពេទ្យថែទាំអ្នកជំងឺ។ សមមិត្តវ៉ន កើតចេញពីគ្រួសារកសិករក្រីក្រ នៅខេត្តព្រះវិហារ ដែលបានអំណររីករាយចំពោះអង្គការបដិវត្តន៍នៅពេលដែលអង្គការទទួលបានជ័យជម្នះ និងចូលរំដោះកាន់ក្ដាប់តំបន់ព្រះវិហារ។ អង្គការបានលើកសរសើរអំពីវីរភាពបដិវត្តន៍របស់សមមិត្តវ៉ន ដែលជាប្រជាជនក្រីក្រ បានលះបង់បម្រើអង្គការទាំងថ្ងៃទាំងយប់ក្នុងនាមជាពេទ្យបដិវត្តន៍។
យោងទៅតាមឯកសារចម្លើយសារភាព និងបទសម្ភាសន៍ទៅលើអតីតកម្មាភិបាលខ្មែរក្រហម និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលធ្លាប់ធ្វើការក្នុងមន្ទីរសង្គមកិច្ចមានឈ្មោះដូចជា៖ យន់ អាត[2], ឆេង ភឺន ហៅ ភី[3] និង ផុន យីម ហៅ ខា[4] តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា បានលើកឡើងថា «ថ្នាក់ដឹកនាំនៃរបបខ្មែរក្រហមបានជ្រើសរើសកុមារដែលជាកូនអ្នកមូលដ្ឋាន ហើយខ្មែរក្រហមចាត់ទុកជាអ្នកស្អាតស្អំ កើតចេញពីវណ្ណៈកសិករថ្នាក់ក្រោម ឱ្យមកបំពេញការងារនៅតាមក្រសួងនិងមន្ទីរសង្គមកិច្ច»។ រីឯកំណត់ហេតុប្រជុំផ្នែកការងារសង្គមកិច្ច សុខាភិបាល ដែលធ្វើឡើងក្នុងថ្ងៃទី១០ ខែមិថុនា ឆ្នាំ១៩៧៦ ដែលមានសមាសភាពប្រជុំរួមមាន៖ ប៉ុល ពត, នួន ជា, ខៀវ សំផន, អៀង ធីរិទ្ធ, ស៊ូ, សី និង កម្មាភិបាលសង្គមកិច្ច សុខាភិបាល មួយចំនួនទៀតបានលើកយកពីបញ្ហាខ្វះកម្លាំង[5] ព្រោះកម្លាំងកុមារដែលអង្គការ យកមកបណ្ដុះបណ្ដាលឱ្យចេះជំនាញផ្នែកពេទ្យបានពេញវ័យល្មម និងត្រូវបញ្ជូនឱ្យទៅធ្វើការងារក្នុងផ្នែកកសិកម្ម និងឧស្សាហកម្មវិញ។ ក្នុងន័យនេះ សបញ្ជាក់ថាអង្គការថ្នាក់លើ មិនអនុញ្ញាតឱ្យមនុស្សពេញវ័យ ហើយសូម្បីតែមានចំណេះដឹងបន្តិចបន្តួចនៅបន្តធ្វើការព្យាបាលអ្នកជំងឺឡើយ គឺអង្គការផ្តោតតែចំពោះការ បង្កបង្កើនផល ខណៈប្រជាជនខ្វះខាតអាហារ និងបង្កឱ្យទៅជាមានជំងឺ។ ចំពោះ យន់ អាត ផ្ទាល់បានបន្ថែមថា «យុវនារីគឺត្រូវអង្គការចាត់តាំងឱ្យធ្វើការក្នុងផ្នែកថែទាំអ្នកជំងឺ និងផ្នែកដាំស្លថ្នាំ។ ចំណែកយុវជន គឺមានភាគតិចណាស់ ដែលមានឱកាសចូលក្នុងមន្ទីរសង្គមកិច្ច ព្រោះអង្គការត្រូវការយុវជនចូលបម្រើក្នុងជួរកងទ័ព»។ យន់ អាត គិតថាខ្លួនមានសំណាង ដែលមានឱកាសចូលបម្រើការងារជាគ្រូពេទ្យរបស់អង្គការបដិវត្តន៍ ខណៈដែលគាត់ចូលរួមរៀនក្នុងវគ្គបណ្តុះបណ្ដាលវិធីសាស្រ្តចាក់ថ្នាំ និង រៀនចំណាំតួអក្សរនៃដបថ្នាំរយៈពេលមួយខែតែប៉ុណ្ណោះ។ ចំណុចនេះបង្ហាញឱ្យឃើញថាអង្គការមិនបានយកចិត្តទុកដាក់ចំពោះសុខភាពរបស់ប្រជាជន យុវជន យុវនារី និងកងទ័ពដែលលះបង់ដើម្បីបដិវត្តន៍របស់ខ្លួនឡើយ។ អង្គការថ្នាក់លើថែមទាំងខំអួតអាង ផ្សព្វផ្សាយពីវីរភាពរបស់ខ្លួនតាមរយៈសៀវភៅទង់បដិវត្តន៍របស់ខ្លួនទៀត ស្របពេលកង្វះខាតនៃសេវាព្យាបាល និងបណ្ដាលឱ្យប្រជាជនជាច្រើនបានបាត់បង់ជីវិត។
ខាងក្រោមនេះគឺជាសំណេរដកស្រង់ចេញពីសៀវភៅទង់បដិវត្តន៍ប្រចាំខែកញ្ញា ឆ្នាំ១៩៧៣៖
ដើម្បីការពារសុខភាពកម្មាភិបាល និងយុទ្ធជននៅក្នុងមន្ទីរអង្គការតែងតែចាត់តាំងពេទ្យ ឱ្យមានប្រចាំក្នុងមន្ទីរ។ សមមិត្ត វ៉ន ជាពេទ្យទទួលភារៈក្នុងមន្ទីរ។ សមមិត្ត ហត់នឿយខ្លាំងណាស់។ មួយថ្ងៃៗ ពីព្រលឹមទល់ព្រលប់ សមមិត្តស្ពាយថង់ថ្នាំដើរពីមន្ទីរមួយទៅមន្ទីរមួយពិនិត្យ និងព្យាបាលជំងឺ។ យប់ៗសមមត្តិមកកំដរខ្ញុំ ពីព្រោះមួយពេលនោះខ្ញុំឈឺ។ ទោះបីសមមតិ្តហត់នឿយយ៉ាងនេះហើយក៏ដោយ សមមិត្តមិនទុកពេលឱ្យទំនេរចោលទេ។ ពេលខ្ញុំសំងំបន្តិច សមមតិ្តទាញឯកសារបក្សមករៀន ឬទាញក្រដាសមករៀនសរសេរ រៀនធ្វើលេខ។ សមមិត្តអង្គុយរៀន ដោយពន្លឺចង្អៀងប្រេងកាតដែលសមមិត្តធ្វើ អំពីដបថ្នាំពេទ្យ រហូតដល់យប់ជ្រៅៗណាស់ ជារៀងរាល់យប់។ ពេលយប់អធ្រាត្រ ថ្មើរណាក៏ដោយឱ្យតែភ្ញាស់ខ្លួនបន្តិច ក៏សមមិត្តក្រោកឡើងស្ដាប់ ឬសាកសួរខ្ញុំ ក្រែងខ្ញុំត្រូវការសមមិត្ត។ យប់អធ្រាត្រ ម៉ោង២កន្លះទៅហើយ ស្រាប់តែខ្ញុំឮជើងសមមិត្តដើរមកពីក្រៅរៀបចូលក្នុងអង្រឹង។ ខ្ញុំសួរទៅសមមិត្តថា៖ សមមិត្តមិនទាន់សម្រាកទេ ថ្មើរនេះទៅហើយ? សមមិត្តឆ្លើយមកខ្ញុំវិញថា «ខ្ញុំសម្រាកមួយស្របក់ហើយ។ ខ្ញុំមកពីរមើលទ្រុងមាន់។ ខ្ញុំឮមាន់វាស្រែក ខ្ញុំក្រែងសំពោចវាចូលស៊ីមាន់»។
មហាជនដែលតែងតែសរសើរអំពីគោលជំហរកុម្មុយនីស្តរបស់សមមិត្តវ៉ន ពិតជាត្រូវណាស់។ មួយរយៈជាង១០ថ្ងៃ ដែលសមមិត្តមកកំដរខ្ញុំ ខ្ញុំឃើញច្បាស់ហើយ សមមិត្តបានឧទ្ទិសបេះដូងក្រហមសមមិត្តបម្រើបក្ស បម្រើវណ្ណៈ និងបម្រើប្រជាជនទាំងស្រុងហើយ។ ការប្ដេជ្ញាចិត្តនេះ ជាការប្ដេជ្ញាចិត្ត រឹងប៉ឹង និងដាច់ខាតប្រាកដណាស់។ មិនថាថ្ងៃមិនថាយប់ មិនថាថ្មើរណាទេ ឱ្យតែបងប្អូនរួមវណ្ណៈដែលឈឺត្រូវការសមមិត្តនៅកន្លែងណាឆ្ងាយជិតយ៉ាងណា សមមិត្តតែងតែទៅដល់ទីនោះយ៉ាងស្ទុះស្ទាបំផុត ពិនិត្យព្យាបាល និងថែទាំជំងឺ ដោយយកចិត្តទុកដាក់អស់ពីចិត្តពីថ្លើមបំផុត។ មិនត្រឹមតែប៉ុណ្ណោះ សមមិត្តមិនប្រកាន់ តែភារៈកិច្ចខាងពេទ្យរបស់សមមិត្តឡើយ។ នៅទីណាៗ ក៏សមមិត្តតែងតែយកចិត្តទុកដាក់ជួយថែរក្សា ទ្រព្យសម្បត្តិរួមជាកិច្ច ហើយរួមប្រឡូក សព្វកិច្ចការងារ ជាមួយមហាជនជាប់ជានិច្ច។ បច្ចុប្បន្ននេះ សមមិត្តម្ចាស់ការមួយកម្រិត សំខាន់ណាស់ក្នុងការបំពេញភារកិច្ច ខាងពេទ្យរបស់សមមិត្ត។ ទន្ទឹមនឹងការហ្វឹកហ្វឺនលត់ដំខ្លួន ខាងគោលជំហរ សតិអារម្មណ៍យ៉ាងខ្ជាប់ខ្ជួន សមមិត្តបាននឹងកំពុងពុះពារជម្នគ្រប់ឧបសគ្គ ពិសេសឧបសគ្គខាងសមត្ថភាពវប្បធម៌ ដើម្បីរៀនសូត្រ និងក្ដាប់វិជ្ជាពេទ្យ ឱ្យបានកាន់តែជ្រៅជ្រះឡើងៗ ដើម្បីបំពេញភារកិច្ចឱ្យបានកាន់តែល្អឡើងៗជានិច្ច។
សមមិត្តវ៉ន ជាគំរូវីរភាពបដិវត្តន៍ ដ៏ស្ងាត់ស្ងៀមមួយរបស់យុវជនបដិវត្តន៍ ដែលគ្មានឈ្មោះបោះសំឡេងអ្វី ជាបុគ្គលសួនតួឡើយ។ សមមិត្តជាកូនកសិករក្រ បានធំធាត់ឡើង ក្នុងគ្រួសារកសិករក្រមួយនៅខេត្តព្រះវិហារ។ ពេលបដិវត្តន៍ចូលដល់ខេត្តព្រះវិហារភ្លាម សមមិត្តក៏ដូចជាយុវជន យុវនារីកសិករក្រ កសិករកណ្ដាលថ្នាក់ក្រោម ដ៏កុះករទាំងអស់ក្នុងភូមិ បានផុលផុសទទួលអំណរបដិវត្តន៍ យ៉ាងក្លៀវក្លាបំផុត ហើយបានលាឪពុកម្តាយ និងខ្ទមកំសត់របស់សមមិត្តចូលមកបម្រើអង្គការបដិវត្តន៍ យ៉ាងស្មោះត្រង់បំផុត។ ថ្ងៃដែលអង្គការជ្រើសរើសសមមិត្តឱ្យទៅរៀនវិជ្ជាពេទ្យសមមិត្តមានការព្រួយបារម្ភយ៉ាងខ្លាំង សមមិត្តនឹកក្នុងចិត្តថា «តើសមមិត្តទៅរៀនពេទ្យយ៉ាងម៉េចបាន បើសមមិត្តគ្មានវិជ្ជាវប្បធម៌អ្វីក្នុងខ្លួនបន្ដិចបន្តួចសោះយ៉ាងនេះ? សមមិត្តចេះសរសេរ ចេះអានបន្ដិចបន្តួចក៏ដោយសារតែបានខិតខំ រៀនសូត្រក្នុងជួរបដិវត្តន៍នេះទេ»។ សមមិត្តលេខាសាខាបក្សក្នុងមន្ទីរបានយល់ការព្រួយបារម្ភរបស់សមមិត្តថា «មានតែយើងជាកូនចៅ កសិករក្រីក្រទេ ទើបធ្វើពេទ្យបម្រើប្រជាជនក្រីក្របានល្អ។ ដូច្នេះសមមិត្ត ត្រូវខំជម្នះគ្រប់ឧបសគ្គ ពុះពាររៀនសូត្រវិជ្ជាពេទ្យនេះឱ្យបាន» សមមិត្តបានក្ដាប់បានការណែនាំនេះរបស់បក្ស ជាប់រហូតមកដល់សព្វថ្ងៃ។
[1] ស្រង់ចេញពីទស្សនាវត្តីទង់បដិវត្តន៍ លេខ២ កញ្ញា ១៩៧៣។
[2] ឯកសារ KSI០០៣៦, (២០០៥), សម្ភាសន៍ជាមួយ យន់ អាត ដោយ ឡុង ដានី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៥។
[3] ឯកសារលេខ KSI0026 តម្កល់នៅមជ្ឈមណ្ឌលឯកសារកម្ពុជា៖ ឆេង ភឺន ភេទស្រី រស់នៅភូមិព្រៃក្មេង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺង ផ្ដល់បទសម្ភាសឱ្យលោក ឡុង ដានី នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៥។
[4] ឯកសារ J០០០៧៥ ប្រវត្តិសកម្មភាពរបស់ ផុន យីម ហៅ ខា យុទ្ធនារីមន្ទីរ ក-១៣ និង តំណាងក្រុមផ្ទះបាយពេទ្យ ព-១៧
[5] ឯកសារ D០០៧០៧ , កំណត់ហេតុប្រជុំការងារ សង្គមកិច្ចសុខាភិបាល ក្នុងឆ្នាំ១៩៧៦