ភួង ភាន រៀបរាប់ពីការបាត់បង់ប្អូនប្រុសធ្វើការនៅក្រសួងសេដ្ឋកិច្ចក្នុងសម័យខ្មែរក្រហម
ខ្ញុំបាទឈ្មោះ ភួង ភាន[1] អាយុ៧៧ឆ្នាំ រស់នៅភូមិត្រពាំងឬស្សី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ខ្ញុំមានស្រុកកំណើតនៅភូមិត្រពាំងឫស្សី ឃុំក្រឡា ស្រុកកំពង់សៀម នេះតែម្ដង។ ឪពុកខ្ញុំឈ្មោះ អ៊ុក ភួង និងម្ដាយឈ្មោះ អួង អ៊ឹម និងមានបងប្អូនប្រុសស្រីចំនួន៨នាក់ ខ្ញុំជាកូនទី៣។ បងទី១ ឈ្មោះ ភួង អ៊ីម, បងទី២ ឈ្មោះ ភួង អៀន, ទី៣ ខ្ញុំឈ្មោះ ភួង ភាន ,ទី៤ឈ្មោះ ភួង វ៉េន, ទី៥ឈ្មោះ ភួង ផុន, ទី៦ឈ្មោះភួង យ៉ុន, ទី៧ឈ្មោះ ភួង យ៉ាន, ទី៨ឈ្មោះ ភួង យ៉ាត។
នៅក្រោយរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ចេញពីអំណាចនៅក្នុងខែមីនា ឆ្នាំ១៩៧០។ ខ្មែរក្រហមបានហៅខ្លួនជារដ្ឋាភិបាលរួបរួមជាតិកម្ពុជា ដែលបង្កើតឡើងនៅទីក្រុងប៉េកាំង នៅឆ្នាំ១៩៧០ មានសម្ដេចព្រះនរោត្តម សីហនុ ជាព្រះប្រមុខរដ្ឋ។
នៅឆ្នាំ១៩៧០ បងខ្ញុំបានចូលបដិវត្តន៍ ក្រោយមកប្អូនខ្ញុំពីរនាក់បានចូលបដិវត្តន៍ជាមួយដែរ។ នៅក្នុងអំឡុងពេលដែលមានសង្រ្គាមនៅឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ ចាប់ផ្ដើមមានវត្តមានកងទ័ពរំដោះខ្មែរក្រហមបានវាយដណ្ដើមនៅតាមទីជនបទនៃប្រទេសកម្ពុជា។ ក្រោយពីពេលដែលខ្មែរក្រហមបានកាន់កាប់តាមតំបន់ទាំងអស់នោះហើយ។ ខ្មែរក្រហមបានប្រកាសប្រាប់ដល់ប្រជាជនពីចលនាបដិវត្តន៍របស់ខ្លួន ស្របពេលនឹងការអំពាវនាវ របស់សម្ដេចព្រះបាទនរោត្តម សីហនុ យាងទៅប្រទេសចិនកាលពីឆ្នាំ១៩៧០។ ប្រជាជននៅតាមជនបទភាគច្រើន ជាពិសេសយុវជន យុវនារី បានសម្រេចចិត្តរត់ចូលក្នុងព្រៃ ដើម្បីធ្វើការតស៊ូជាមួយកងទ័ពខ្មែរក្រហម។ នៅក្នុងពេលនោះផងដែរ ក៏មានការទម្លាក់គ្រាប់បែកយ៉ាងច្រើនរបស់អាមេរិក និងកងទ័ពសាធារណរដ្ឋខ្មែរនៅតាមទីតាំងព្រំដែន និងតាមទីជនបទនានា ។
នៅពេលដែលអាមេរិកទម្លាក់គ្រាប់បែកម្ដងៗ ខ្ញុំតែងតែរត់ចូលរណ្ដៅត្រង់សេ ដើម្បីគេចពីការទម្លាក់គ្រាប់បែក នៅពេលដែលមានការទម្លាក់អ្នកស្រុកជាច្រើនត្រូវរងរបួស ពេលដែលគ្រាប់បែកធ្លាក់ចំផ្ទះសម្បែងភាគច្រើនត្រូវបានឆេះខ្ទេចខ្ទីអស់។នៅពេលជម្លៀសគ្រួសាររបស់ខ្ញុំទៅភូមិត្រពាំងកក់និងភូមិស្វាយទាបនៅស្រុកចំការលើ។ បន្ទាប់មក មានឈ្មោះឈឿន, ធីម, សន ដែលជាកូនអ្នកស្រុកបានរត់ទៅចូលរួមធ្វើបដិវត្តន៍។ នៅក្នុងឆ្នាំ១៩៧២ ខ្មែរក្រហមបានត្រួតត្រា និងកាន់កាប់លើចលនាតស៊ូស្ទើរតែទាំងស្រុងទៅហើយ ក៏មានការគាំទ្រពីសំណាក់ប្រជាជនច្រើនផងដែរ ដោយខ្មែរក្រហមបានយកព្រះនាម ព្រះនរោត្តម សីហនុ មកប្រើប្រាស់ ដើម្បីបំផុសឲ្យប្រជាជនជាច្រើនរត់ចូលព្រៃទៅចូលរួមបដិវត្តន៍ជាមួយខ្មែរក្រហម។
ខ្ញុំមិនបានទៅទេ ខ្ញុំបានរៀបការប្រពន្ធ ធ្វើតែស្រែចំការ ដល់ពេលដែលខ្មែរក្រហមចូលមក ខ្ញុំចេះតែរត់គេចខ្លួនចេញពីភូមិ។ តាំងពីខ្ញុំចេញពីភូមិ ក៏មានការទម្លាក់គ្រាប់បែកយ៉ាងច្រើនរបស់អាមេរិក និងកងទ័ពសាធារណរដ្ឋខ្មែរនៅតាមទីតាំងព្រំដែន និងតាមទីជនបទ។ នៅពេលជម្លៀសគ្រួសាររបស់ខ្ញុំទៅភូមិត្រពាំងកក់និងភូមិស្វាយទាបនៅស្រុកចំការលើ។។ បងខ្ញុំចេញទៅមិនដែលជួបគ្នាសោះទាល់សព្វថ្ងៃ។ ប្អូនខ្ញុំម្នាក់រស់នៅជាមួយខ្មែរក្រហមឧស្សាហ៍មកលេង ខ្ញុំបានសួរប្អូនធ្វើការខាងអ្វី ប្អូនខ្ញុំប្រាប់ថាក្ដាប់ខាងសេដ្ឋកិច្ចនិងភស្ដុភានៅស្រុកស្ទឹងត្រង់ធ្វើការជាមួយហ៊ូ នឹម។ អារម្មណ៍ខ្ញុំចេះតែតែនឹកហើយបងប្អូន ក៏ប៉ុន្តែមិនដឹងស្លាប់ឬនៅរស់ទេ។
នៅឆ្នាំ១៩៧៧ ខ្ញុំបានបាត់ដំណឹងប្អូនប្រុសដែលឈ្មោះ វ៉េន ដែលធ្វើការនៅសេដ្ឋកិច្ចត្រូវខ្មែរក្រហមចាប់ ហើយមានអ្នកជាប់ឃុំជាមួយឈ្មោះប៊ុន នាង បាននិយាយប្រាប់ថា ខ្មែរក្រហមយកប្អូនខ្ញុំឃុំ។ ខ្មែរក្រហមបានសួរចម្លើយប្អូនខ្ញុំ បានឆ្លើយយ៉ាងម៉េចទេ ស្រាប់តែនៅពេលយប់ខ្មែរក្រហមចាប់យកដាក់ឡានឃ្លប់ទៅបាត់។ ប្អូនខ្ញុំមានប្រពន្ធកូនបែកគ្នាអស់ ប៉ុន្តែកូនមួយរបស់ប្អូនខ្ញុំផ្ញើនៅជាមួយឪពុកធម៌ឈ្មោះតាពៅ យាយធីមចិញ្ចឹមកូនហ្នឹង។ នៅឆ្នាំ១៩៧៩ ខ្ញុំបានទៅរកកូនប្អូនខ្ញុំ ដោយសារស្ថានភាពនៅច្របូកច្របល់ ខាងខ្មែរក្រហមនិងទាហាន បានត្រឡប់មកវិញរហូតបាត់ដំណឹងទល់តែបច្ចុប្បន្ននេះ។ ខ្ញុំត្រូវបានខ្មែរក្រហមឲ្យទៅនៅបឹងកេតធ្វើកម្មករជៀរជ័រកៅស៊ូ។ ខ្ញុំមកដល់ភូមិកំណើតហ្នឹងមុន ឪពុកម្ដាយបងប្អូនខ្ញុំនៅខាងកោះស្វាយ ស្រុកព្រៃឈរ ហើយបានជួបជុំគ្នាវិញ៕
ដោយ ទូច វណ្ណេត បុគ្គលិកមជ្ឈមណ្ឌលឯកសារខេត្តកំពង់ចាម
[1] ឯកសារលេខ KCI០០៦៧ បទសម្ភាសន៍ជាមួយ ភួង អ៊ីម នៅភូមិត្រពាំងឫស្សី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម, សម្ភាសន៍ដោយ ជួង សុភារិទ្ធ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០២, ចម្លងចេញពីកាសែតដោយ៖ ព្រំ ផល្លា បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា