ពេជ ផន ហៅ ម៉ៃ ផូ៖ ប្រធានគមនាគមចម្ការកៅស៊ូ ភូមិភាគ បូព៌ា(២០៣)

 

មន្ទីរនីរសារភូមិភាគបូព៌ា (បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា)
មន្ទីរនីរសារភូមិភាគបូព៌ា (បណ្ណាសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ខ្ញុំឈ្មោះ ពេជ ផន ហៅ ម៉ៃ ផូ[1] អាយុ៤៥ឆ្នាំ(ក្នុងឆ្នាំ១៩៧៨)។ ខ្ញុំបានរៀបការសាគ្រួសារហើយ។ ខ្ញុំមានស្រុកកំណើតនៅភូមិកំពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ចាប់ពីខ្ញុំធំដឹងក្ដីនៅអាយុ១៤ឆ្នាំមក ឪពុកម្ដាយខ្ញុំ​បាននាំខ្ញុំទៅរៀនអក្សរនៅវត្តខ្ពប ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម(បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ខ្ញុំរៀនបានត្រឹមចេះអាននិងសរសេរអក្សរ ឪពុកម្ដាយខ្ញុំក៏ឱ្យខ្ញុំបួសនៅវត្តខ្ពប។ ខ្ញុំបួសបានរយៈពេល៣ព្រះវស្សារួចក៏សឹកវិញ និងទៅនៅផ្ទះជាមួយឪពុកម្ដាយធ្វើស្រែចម្ការ និងរកស៊ី។

នៅឆ្នាំ១៩៤៩ ខ្ញុំចូលធ្វើបដិវត្តន៍ នៅមន្ទីរស្រុកមេមត់។ អ្នកនាំចូលឈ្មោះ សាប៊ិន គឺជាកម្មាភិបាលភូមិភាគបូព៌ា។ នៅឆ្នាំ១៩៥០ ខ្ញុំទទួលការអប់រំពី សាប៊ិន ឱ្យក្បត់បដិវត្តន៍។ នៅឆ្នាំ១៩៥១ ខ្ញុំចូលរួមជាមួយបក្សប្រជាជនបដិវត្តន៍ខេមរៈ ដោយមានអ្នកឧទ្ទេសនាមឈ្មោះ សាប៊ិន, ថ្នាក់ដឹកនាំបក្សរួមមាន ស៊ីវ ហេង គឺជាលេខាបក្ស, ទូ សាមុត គឺជាអនុលេខាបក្ស, កែវ មាស គឺជាសមាជិកអចិន្រ្តៃយ៍, កែវ មុនី គឺជាសមាជិកអចិន្រ្តៃយ៍មជ្ឈិម និងយ៉ា គឺជាសមាជិកគណៈកម្មាធិការ។

នៅខែកញ្ញា ឆ្នាំ១៩៥៥ ខ្ញុំជាប់គុកធំ កំពង់ចាម ជាមួយអ្នកបដិវត្តន៍ផ្សេងទៀត។ នៅខែធ្នូ ឆ្នាំ១៩៥៥ ខ្ញុំបានចេញពីគុក ដោយមានសារិន  គឺជាអនុចាងហ្វាងគុកធំ កំពង់ចាម ដោះលែងជាថ្នូរយល់ព្រមធ្វើការឱ្យគាត់និងចូលជាសមាជិកសេ.អ៊ី.អា.។ បន្ទាប់ពីខ្ញុំចេញពីគុក សារិន បានឱ្យសំបុត្រឧទ្ទេសនាមខ្ញុំឱ្យទាក់ទងឈ្មោះ ឯក ផុន ឈ្មោះបដិវត្តន៍ ភួង នៅភូមិគោកគង់ ឃុំគោកគង់ ស្រុកកញ្ជ្រៀក ខេត្តព្រៃវែង។ ខ្ញុំទៅជួប តាភួង នៅផ្ទះគាត់ជាមួយឈ្មោះ ណន ហៅ យោក។ ខ្ញុំជួប តាភួង ហើយបានយកសំបុត្រឧទ្ទេសនាមឱ្យគាត់ដើម្បីគាត់ទទួលស្គាល់។

ខែឧសភា ឆ្នាំ១៩៧០ តាភួង គឺជាគណៈចម្ការកៅស៊ូភូមិភាគបូព៌ា បានរៀបចំគ្រប់ស្រុកដែលស្ថិតនៅក្នុងតំបន់២១ ឲ្យទៅទទួលគ្រប់ស្រុក ដែលក្នុងនោះមានស្រុកតំបែរ, មេមត់, ទឹកជ្រៅ, ត្បូងឃ្មុំ, ឆ្លូង និងស្រុកក្រូចឆ្មារ។ ពេលនោះអង្គការឱ្យខ្ញុំទៅទទួលស្រុកមេមត់។ នៅខែមិថុនា ឆ្នាំ១៩៧០ ខ្ញុំទៅកាន់ស្រុកមេមត់ ដើម្បីទាក់ទងរកជួបពួកក្បត់ដូចគ្នា។ ពេលនោះខ្ញុំបានជួប ពេជ សួន គឺជាអនុលេខាស្រុកមេមត់[2], ទុំ កម្មាភិបាលជំនួយមន្ទីរយោធាស្រុកមេមត់, ស្រេង សមាជិកយោធាស្រុកមេមត់(ឆ្នាំ១៩៧០អង្គការកម្ទេច), ញ៉ យុទ្ធជនយោធាស្រុកមេមត់(អង្គការកម្ទេច), សុខា (ស្លាប់ឆ្នាំ១៩៧២)និង ជិន កម្មាភិបាលយោធាស្រុកមេមត់។​ ខ្ញុំទាក់ទងពួកនេះឱ្យរៀបចំយោធា និងអាវុធ។ ក្រោយពីបានឯកភាពគ្នា អ្នកទាំងនេះស្ថិតនៅក្រោមការដឹកនាំរបស់ខ្ញុំ។ នៅខែកញ្ញា ឆ្នាំ១៩៧០ កម្លាំងបក្សពួកខ្ញុំមាន ពេជ សួន ជាអ្នកដឹកនាំយោធាផ្ទាល់ បាននាំគ្នីគ្នា១០០នាក់ ហែរបាតុកម្មមកផ្សារមេមត់។ នៅខែវិច្ឆិកា ឆ្នាំ១៩៧០ តាភួង បានចាត់តាំងខ្ញុំជាកម្មាភិបាលចល័តរបស់ភូមិភាគបូព៌ា។ តាភួង បានហៅខ្ញុំមកជួបដោយគាត់លើកឡើងថា ត្រូវបំផុសយុទ្ធជននៅក្នុងអង្គភាពយោធា ឱ្យដើរត្អូញត្អែរពិបាកច្បាំងជាមួយអាមេរិក បដិវត្តន៍កម្ពុជាខ្វះខាតសព្វគ្រប់។

នៅឆ្នាំ១៩៧២ តាភួង បានឱ្យខ្ញុំទៅជួប សំរិត ហៅ ផែន ដែលជាគណៈបញ្ជាការសាលាស២០០ នៅវត្តព្រះធាតុ សង្កាត់ព្រះធាតុ ស្រុកអូររាំងឪ[3] ដើម្បីទទួលផែនការ ដូចតទៅ៖ ១) ត្រូវរៀបចំអ្នកបច្ចេកទេសឱ្យចង្អៀត ដើម្បីទាមទារសម្ភារសម្បូរបែបទើបវាយខ្មាំងឈ្នះ ធ្វើឱ្យអង្គការខាងលើពិបាកដោះស្រាយ, ២) ចូលសមរភូមិម្ដងៗត្រូវបាញ់គ្រាប់ឱ្យអស់ច្រើនទើបឈ្នះខ្មាំង ហើយពេលខ្មាំចាប់បានត្រូវឆ្លើយប្រាប់ទីតាំងអង្គការ និង ៣) ចូលសមរភូមិកាលណា ទ័ពចូលកៀកខ្មាំង គឺជាសញ្ញាធ្វើឱ្យកាំភ្លើងផ្ទុះ១គ្រាប់ ។

នៅឆ្នាំ១៩៧៤ ធុច ជាលេខាភូមិភាគឧត្ដរ ឱ្យឈឿន លេខាស្រុក៤១ មកហៅខ្ញុំទៅជួបគាត់នៅមន្ទីរស្រុក៤១ ភូមិភាគឧត្ដរ។ ធុច បាននិយាយថា «ខ្ញុំហៅបងមកនេះឱ្យស្គាល់គ្នាថែមទៀត ហើយថាប្រទេសយើងជិតរំដោះហើយ។» ធុច ឱ្យខ្ញុំរៀបចំកម្លាំងគិតពីពេលនេះទៅ។ អ្នកណាដែលរឹងប៉ឹងជំហរបដិវត្តន៍ច្បាស់លាស់ស្មោះត្រង់ជាមួយបដិវត្តន៍ខ្លាំងក្លា ស្លាប់ រស់ ជាមួយបដិវត្តន៍ ឱ្យចេញពីតួនាទីសំខាន់ៗ ហើយយើងនឹងបញ្ចូលមនុស្សរបស់យើងសម្រាប់ឱ្យចូលទទួលក្នុងតំណែងនាទីសំខាន់ៗ ព្រោះពេលរំដោះហើយយើងរៀបចំកម្លាំងនេះ ដណ្ដើមរដ្ឋអំណាចបានស្រួល។ ក្រោយពីខ្ញុំបានជួបធុច ខ្ញុំបានធ្វើសកម្មភាពដូចតទៅ៖ ខ្ញុំបានហៅ យិន សុភី ជាប្រធានសន្តិសុខតំបន់២១[4], ហាក់ និងឈឿន យុទ្ធជនសេដ្ឋកិច្ចតំបន់២១ មកជួយខ្ញុំចាត់វិធានការឱ្យអនុវត្តន៍ផែនការ ដូចជា៖ ១) ត្រូវរៀបចំកម្លាំងឱ្យខ្លាំងផ្នែកចោរព្រៃ ធ្វើការអុកឡុកនៅស្រុកទឹកជ្រៅ និងស្រុកមេមត់។ យិន សុភី ដែលទទួលបន្ទុកអនុវត្តន៍លើបញ្ហានេះ បានចាត់តាំងមនុស្សបង្កប់នៅក្នុងស្រុកទឹកជ្រៅ និងស្រុកមេមត់ ថែមទាំងដើរស៊ើបអង្កេតនៅតាមអង្គភាពនីមួយៗ និង ទី២) ឱ្យបញ្ចេញពង្រត់យុទ្ធជននិងនារីទៅស្រុកយួន កើតមានជាបន្តបន្ទាប់ក្នុងស្រុកមេមត់, ស្រុកទ្រមូង, ស្រុកឆ្លូង និងក្រូចឆ្មារ។

ប្រហែលជានៅខែកក្កដា ឆ្នាំ១៩៧៥ ក្រោយរំដោះបន្ទាប់ពី តាភួង ត្រលប់មកពីបរទេសវិញគាត់បានហៅខ្ញុំទៅជួបនៅផ្ទះគាត់ នៅភូមិជ័យនិគម ឃុំកណ្ដោលជ្រំ ស្រុកពញាក្រែក។ នៅពេលជួបគ្នា តាភួង ប្រាប់ថា ឥលូវយើងមានផែនការថ្មី នៅចម្ការកៅស៊ូ ដោយត្រូវបំផ្លាញ ចៀរជ័រកៅស៊ូត្រូវចៀរឱ្យដល់ឆ្អឹងឱ្យចេញជ័រច្រើន ឆាប់រោយស្លឹក, ឆាប់មានជំងឺ។ ពេលមានភ្លៀងធ្លាក់មិនឱ្យសម្រាក ចៀរទាំងភ្លៀងទទឹកហូរកាត់មុខដែលចៀរ ធ្វើឲ្យថ្ងៃក្រោយមកផ្ទុះដំបៅ ហៅថាបុសកៅស៊ូ ដែលជាជំងឺគ្រោះអាសន្នបំផុតមិនងាយរកថ្នាំណាទប់ទល់បានទាន់ពេលវេលាទេ។ យើងមិនបាច់ដើរមើលជំងឺកៅស៊ូទេ ដោយយើងផ្អែកលើការខ្វះខាតកម្មាភិបាលបច្ចេកទេស។ ចំណែកការដាំដុះវិញគឺ ១) ក្នុងការដាំយើងមិនចាំបាច់រើសពូជទេ គឺពូជណាយកដាំក៏បានឱ្យច្របល់គ្នាពូជណាទ្រាំភ្លៀងមិនបាន ពូជណាទ្រាំភ្លៀងបាន ពូជជ័រច្រើន ពូជជ័រតិច ត្រូវដាំខែណា។ ២) ក្នុងការដាំគ្រាប់ខ្លះត្រូវផ្កាប់ គ្រាប់ខ្លះត្រូវផ្ងារ ដុះខ្លះមិនដុះខ្លះ។ ធ្វើយ៉ាងម៉េចឱ្យមានតែបរិមាណ ខ្វះគុណភាព។ ៣) បំផ្លាញម៉ាស៊ីរោងចក្រ និង ៤) ខាងឡចំហុយ ត្រូវធ្វើឱ្យភ្លើងជ្រុលខូចជ័រ។ ម្យ៉ាងទៀត ដាំមិនបាច់ឱ្យគ្រប់តាមផែនការរបស់អង្គការទេ។ ប្រសិនបើផែនការ៥ពាន់ហិកតា យើងលើកតែត្រឹម៣ពាន់ហិកតាដោយផ្អែកលើពិបាកថែទាំ និងខ្វះកម្លាំង។ សកម្មភាពនេះ ចាប់ផ្ដើមធ្វើតាំងពីចុងឆ្នាំ១៩៧៥ ដោយធ្វើឱ្យងាប់កៅស៊ូរាប់ហិកតាដូចជា នៅជប់៣ហិកតា, ច្រាប២ហិកតា, ថ្មពេជ៣ហិកតា និងមេមត់៤ហិកតា។ ចំណែកផ្នែកដាំមិនគ្រប់នៅមេមត់ខ្វះចំនួន៥០០ហិកតា, នៅពាមជាំងខ្វះ២០០ហិកតា ហើយនៅក្រែកខ្វះ៧០០ហិកតា ជាពិសេសកៅស៊ូដែលខូចខាតច្រើនជាងគេ គឺដោយសារឈឺជំងឺកៅស៊ូ។ បន្ទាប់ពីខ្ញុំនិងតាភួង ពិភាក្សាគ្នាជាគោលគំនិតខ្ញុំត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចហើយខ្ញុំឃើញតាភួង ចុះទៅគ្រប់ការដ្ឋាន។

នៅខែសីហា ឆ្នាំ១៩៧៥ ខ្ញុំបានជួប ស៊ឹង អនុប្រធានសេដ្ឋកិច្ចស្រុកឆ្លូង ក្នុងគោលបំណងជួបគ្នាទាក់ទងជាខ្សែរួមសកម្មភាព ព្រោះខ្ញុំធ្លាប់ស្គាល់ ស៊ឹង តាំងពីឆ្នាំ១៩៧០មក។​ នៅខែតុលា ឆ្នាំ១៩៧០ ខ្ញុំបានជួប ម៉ន គឺជាប្រធានផ្គត់ផ្គង់ តំបន់២១ ដែលធ្លាប់ចូលរួមចលនាបដិវត្តន៍ជាមួយខ្ញុំពីគោលនយោបាយសម្ងាត់ក្រោមការគ្រប់គ្រងរបស់ខ្ញុំ។ នៅខែធ្នូ ឆ្នាំ១៩៧៥ ខ្ញុំបានទៅជួប ទេព មុន្នី ដែលជាពេទ្យស្រុកទឹកជ្រៅ។

នៅខែថ្ងៃទី១០ ខែមករា ឆ្នាំ១៩៧៦ តាភួង ឱ្យខ្ញុំទៅរស់នៅអង្គភាពរោងចក្រជ័រស្ងួតជុប។ ពេលនោះ ខ្ញុំមិនមាននាទីតំណែងអ្វីទេ ព្រោះអង្គការដកសិទ្ធិ។ នៅខែមីនា ឆ្នាំ១៩៧៦ គណៈកម្មាធិការចម្ការកៅស៊ូភូមិភាគបូព៌ា បានទៅជួបខ្ញុំនៅផ្ទះជាលើកដំបូង។ គាត់មកសួរសុខទុកខ្ញុំ ហើយ សុក ស៊ិន​ ប្រាប់ខ្ញុំ ឱ្យទៅលេងផ្ទះគាត់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៧៦។ រំលងបាន១០ថ្ងៃខ្ញុំទៅលេងផ្ទះ​សុក ស៊ិន នៅក្នុងមន្ទីរធ្វើការងាររបស់ចម្ការកៅស៊ូភូមិភាគផ្ទះបារាំង។ ស៊ិន ប្រាប់ថាសំណុំរឿងទាំងអស់របស់អង្គការបានប្រគល់ឱ្យ ស៊ិន ទាំងអស់។ បញ្ហានេះ ខ្ញុំស្លាប់ឬរស់នៅលើស៊ិន។ កន្លងមកខ្ញុំមានការអនុវត្តន៍ប្រាសចាកពីមាគ៌ាសីលធម៌ច្រើនណាស់ពីបញ្ហាសីលធម៌ទី៦[5]។ ស៊ិនបន្ថែមថា «បងអង្គការបានដកសិទ្ធិអំណាចទាំងអស់ អង្គការមិនប្រគល់ភារកិច្ច​ឱ្យវិញទេ ហើយខ្ញុំឃើញរឿងបងធំៗច្រើនទៀត។ ឥឡូវមិនអីទេចាំខ្ញុំធានាឱ្យមកបងឯង ទទួលជួយធ្វើការងារឱ្យខ្ញុំ គឺបម្រើអាមេរិកកាំងជាមួយខ្ញុំ។» បន្ទាប់ពីខ្ញុំទទួលភារកិច្ចដែល សុក ស៊ិន ដាក់ឱ្យ ខ្ញុំបានធ្វើសកម្មភាពជាក់ស្ដែង។ កូនកៅស៊ូក្រោយពីដាំហើយ ខូចនៅចម្ការជប់អស់ប្រហែល៤ហិកតា កៅស៊ូឈឺមើលមិនជាងាប់អស់៤ហិកតានៅច្រាប។ នៅតាប៉ាវ កៅស៊ូងាប់ដោយសារជំងឺផ្កាកូលាបអស់៣ហិកតា។ នៅក្រែបឆេះ ព្រោះភ្លើងឆេះយកឃ្មុំ៧ហិកតា ដោយសារយើងមិនយាមតឹងតែង។

នៅខែមេសា ឆ្នាំ១៩៧៦ ខ្ញុំបានទៅជួបយាយ ឯម ប្រធានចម្ការកៅស៊ូជប់ និង វុធ អនុប្រធានចម្ការកៅស៊ូជប់។ ពេលជួបគ្នាពួកខ្ញុំបានលើកពីបញ្ហាបដិវត្តន៍លំបាកធ្វើការងារមិនដែលចេះត្រូវ។ ខ្ញុំស្គាល់គាត់ទាំងពីរនាក់តាំងពីឆ្នាំ១៩៧២មក ហើយគំនិតយើងត្រូវគ្នាទើបភ្ជាប់ខ្សែ។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៧៦ តាភួង និង សុក ស៊ិន បានចាត់តាំងខ្ញុំជាប្រធានគមនាគមដឹកជញ្ជូនជើងគោករបស់ចម្ការកៅស៊ូភូមិភាគបូព៌ា។ ក្រោយពីខ្ញុំមានភារកិច្ចថ្មីហើយ ខ្ញុំមានទិសដៅក្ដាប់មនុស្សម្នាក់ៗអ្នកណាអាចដឹកនាំធ្វើសកម្មភាពបាន។ ខ្ញុំបានទៅជួប បូ លេខាស្រុកពាមជីលាំង[6]។ បូ ធ្លាប់រស់នៅក្រោមការគ្រប់គ្រងរបស់ខ្ញុំតាំងពីឆ្នាំ១៩៧២មក។

នៅខែមករា ឆ្នាំ១៩៧៧ ឈុនលី ប្រធានមន្ទីរសន្តិសុខចម្ការកៅស៊ូ ភូមិភាគបូព៌ា បានសរសេរសំបុត្រហៅខ្ញុំ ឱ្យខ្ញុំទៅជួបគាត់នៅផ្ទះរបស់គាត់នៅមន្ទីរសន្តិសុខ។ ឈុនលី និងខ្ញុំបានពាក់ព័ន្ធជាមួយគ្នានៅភូមិចក ស្រុកអូររាំងឪ កាលពីតស៊ូនយោបាយសម្ងាត់។ នៅខែមីនា ឆ្នាំ១៩៧៧ ក្រោយពីសន្និបាតបក្សចម្ការកៅស៊ូភូមិភាគបូព៌ាស្ថិតក្រោមការដឹកនាំរបស់ តាភួង និងតាសាម៉ន ដោយបានចាត់តាំងខ្ញុំទាំង៣នាក់ជាគណៈកម្មាធិការដឹកជញ្ជូន រួមមាន៖ ជើងគោកនិងជើងទឹក កំពង់ផែ ខ្ញុំគឺជាប្រធាន, វ៉េងគី ហៅ នេត គឺជាអនុប្រធាន និង ស៊ឹង គឺជាសមាជិក។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧៧ អង្គការចាប់ខ្ញុំបញ្ជូនមកសន្តិសុខចម្ការកៅស៊ូ ភូមិភាគបូព៌ា។ ពេលដែលបញ្ជូនខ្ញុំមកដល់កន្លែងឃុំឃាំង អង្គការបានដកសិទ្ធិខ្ញុំទាំងអស់ ដើម្បីធ្វើការត្រួតពិនិត្យអំពីសកម្មភាពប្រឆាំងមាគ៌ាបដិវត្តន៍។ ពេលខ្ញុំមកដល់មន្ទីរសន្តិសុខចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ១៩៧៧ ឈុនលី បានចូលទៅជួបខ្ញុំមុនគេ។ ឈុនលី បានប្រាប់ខ្ញុំថា «រឿងបងឯងអត់បញ្ហាអ្វីទេ គឺខ្ញុំអាចជួយដោះស្រាយបានពីព្រោះបញ្ហានេះ គឺជាបញ្ហាបន្ទាប់បន្សំទេ។ អង្គការចាប់បងមក គឺសម្លុតបងឯងប៉ុណ្ណោះ។ បងឯងត្រូវរក្សាការសម្ងាត់ឱ្យបានកុំរាយការណ៍ជូនអង្គការពីការទាក់ទងឈ្មោះខ្ញុំនិងបង។» នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ១៩៧៧[7] អង្គការបញ្ជូនខ្ញុំពីសន្តិសុខចម្ការកៅស៊ូភូមិភាគបូព៌ាមកភ្នំពេញ។ នៅតាមផ្លូវខ្ញុំ, វ៉េង គី ហៅ នេត និង សាវុធ​ ធ្វើសកម្មភាពពេលកំពុងបើកឡាន។ នេត បបួលខ្ញុំរត់នៅពេលឡានបើកល្បឿនយឺតៗ ប៉ុន្តែខ្ញុំមិនរត់ទេ ព្រោះខ្ញុំគិតលើមូលហេតុពីរគឺ មិនដឹងគោលបំណងឱ្យខ្ញុំរត់ដើម្បីបាញ់សម្លាប់ឬយ៉ាងណា និងសំអាងលើតាភួង ជួយដោះស្រាយឱ្យ។

អត្ថបទដោយ ដារ៉ារដ្ឋ មេត្តា


[1]​ឯកសារលេខ J០០៨៩២  តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«ចម្លើយ ពេជ ផន ហៅ ម៉ៃ ផូ  ប្រធានគមនាគមចំការកៅស៊ូ ២០៣» សរសេរដោយវាយអង្គលីលេខចំនួន១០៦ទំព័រ។ កំណត់សម្គាល់ៈ ចម្លើយសារភាពរបស់អ្នកទោសទាំងអស់សុទ្ធតែឆ្លងកាត់ការបង្ខិតបង្ខំនិងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរពីកងសួរចម្លើយរបស់ខ្មែរក្រហម ដូច្នេះយើងមិនអាចសន្និដ្ឋានបានថាចម្លើយសារភាពរបស់  ពេជ ផន ហៅ ម៉ៃ ផូ ពិតឬយ៉ាងណានោះទេ?

[2] ឯកសារលេខ D១១៧៥៥ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«គណៈស្រុកមេមត់តំបន់២១» សរសេរដោយវាយអង្គលីលេខចំនួន១ទំព័រ។

[3] ឯកសារលេខ J០០៩១១ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«សេចក្ដីដកស្រង់ចម្លើយលើកទី១៣ របស់ លី ផែន៖ ករណី កែវ សំណាង ឬ ម៉ុន » សរសេរដោយវាយអង្គលីលេខនិង សរសេរដៃចំនួន៨៩ទំព័រ។ ទំព័រ៧៧។

[4] ឯកសារលេខ D១០៤៨៩ តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,« មន្ទីរសន្តិសុខតំបន់២១» សរសេរដោយវាយអង្គលីលេខចំនួន១ទំព័រ។

[5] ឯកសារ D២១៤០៨ «យកចិត្តទុកដាក់ បំពាក់បំប៉នបន្ថែមអំពីសីលធម៌១២ប្រការរបស់ជនបដិវត្ត» យុវជន និង យុវនារីបដិវត្ត លេខ១០,ខែតុលា ឆ្នាំ១៩៧៨.ទំព័រ៣៦-៣៧។

[6] ឯកសារលេខ J០០៥១៥  តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«សេចក្ដីកត់ហេតុសួរចម្លើយទី១» សរសេរជាអង្គលីលេខចំនួន៩១ទំព័រ។ ទំព័រ៥។

[7] ឯកសារលេខ J០០៨៦០  តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា មានចំណងជើង,«វ៉េង គី ហៅ នេត ៖ អនុប្រធានដឹកជញ្ជូនជើងទឹក កៅស៊ូភូមិភាគបូព៌ា» សរសេរជាអង្គលីលេខចំនួន៨៣ទំព័រ។ ទំព័រ៦១។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin