កងចល័តនៅរបបខ្មែរក្រហម

(ក្រចេះ)៖ កងចល័តនៅរបបខ្មែរក្រហម គឺជាកងសហករណ៍ដែលតែងតែផ្លាស់ប្ដូរការងារ និងទីតាំងធ្វើការពីកន្លែងមួយទៅកន្លែងមួយទៀត ហើយកងចល័តភាគច្រើនគឺជាកងយុវជន យុវនារី។

ពិន ប៉ុណ្ណា[1] ភេទប្រុស មានអាយុ៦២ឆ្នាំ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។ ប៉ុណ្ណា មានបងប្អូន៥នាក់ ស្រី២នាក់ ប្រុស២នាក់ បាត់ខ្លួនម្នាក់នៅក្នុងរបបខ្មែរក្រហម។ បងប្រុសរបស់គាត់ដែលបានបាត់ខ្លួនមានតួនាទីជាគ្រូបង្រៀន នៅក្នុងរបប លន់ នល់ អង្គការបានប្រាប់សមាជិកគ្រួសារថា បញ្ជូនឲ្យទៅបង្រៀនសិស្សនៅខេត្តកំពង់ឆ្នាំង តាំងពីពេលនោះមកគឺបាត់ដំណឹងបងប្រុសរបស់គាត់រហូតមកដល់សព្វថ្ងៃនេះ។

ខ្មែរក្រហមតែងតែសម្លាប់ប្រជាជនដែលមានតួនាទីជាមន្រ្តីរដ្ឋការ សាស្រ្តាចារ្យ និងអ្នកដែលមានចំណេះដឹង ព្រោះមិនចង់ឲ្យអ្នកទាំងនោះ បង្កើតមានចលនាបះបោរប្រឆាំងនឹងការដឹកនាំរបស់ខ្លួន។

រឿងរ៉ាវដែលគាត់នៅតែចងចាំមិនអាចភ្លេចបានដែលកើតមាននៅក្នុងរបបខ្មែរក្រហម គឺអង្គការបានឲ្យគាត់ធ្វើការនៅក្នុងកងចល័ត។ អង្គការខ្មែរក្រហម បានប្រមូលប្រជាជនដែលនៅកងចល័តទាំងអស់ទៅលើកទំនប់ និងជីកប្រឡាយ។ ការងារដំបូងដែលអង្គការចាត់តាំងឲ្យ ប៉ុណ្ណា ធ្វើគឺជាអ្នកឃ្វាលសត្វគោ បន្ទាប់ពីនោះគឺអង្គការបានបញ្ជូនឲ្យគាត់ធ្វើការក្នុងកងចល័ត នៅទំនប់អន្លង់ព្នៅ ស្រុកព្រែកប្រសព្វ។

នៅក្នុងរបបខ្មែរក្រហម របបអាហារដែលប្រជាជនគ្រប់រូបទទួលបាន គឺជាបបររាវលាយជាមួយនឹងសណ្ដែក មានទឹកច្រើនជាងគ្រាប់អង្ករ។ របបអាហារមិនគ្រប់គ្រាន់ហើយ អង្គការបានបង្ខំឲ្យប្រជាជនធ្វើការតាមចំនួនកំណត់ដែលអង្គការបានកំណត់ឲ្យ ធ្វើយ៉ាងណាឲ្យគ្រប់តាមអ្វីដែលអង្គការបានដាក់ឲ្យធ្វើ ប្រសិនជាមិនគ្រប់នោះអង្គការនឹងកាត់របបអាហារ និងទទួលទារុណកម្ម ធ្វើការបណ្ដើរ កងឈ្លបចាំឃ្លាំមើលបណ្ដើរ។ ប៉ុណ្ណា មិនធ្លាប់ត្រូវបានអង្គការខ្មែរក្រហមធ្វើបាបរាងកាយ របស់គាត់ឡើយ ព្រោះគាត់ប្រឹងប្រែងធ្វើការងារតាមដែលអង្គការបានដាក់ឲ្យធ្វើ។

ជារៀងរាល់ថ្ងៃ ប៉ុណ្ណាតែងតែក្រោកម៉ោង៤ព្រឹក ទៅគោរពទង់ជាតិ ហើយម៉ោង៥ព្រឹក ចាប់ផ្ដើមចេញទៅធ្វើការនៅសហករណ៍ ម៉ោង១១ថ្ងៃត្រង់ទើបត្រឡប់ទៅហូបបបរ។ ហូបបបររួចហើយសម្រាកបានបន្តិច ម៉ោង១ ត្រូវចេញទៅសហករណ៍បន្តទៀត ធ្វើការរហូតដល់ម៉ោង៥ល្ងាចទើបបានត្រឡបទៅកន្លែងស្នាក់នៅវិញ។ នៅក្នុងសហករណ៍របស់គាត់ គឺមិនមានការធ្វើការបន្ថែមនៅពេលយប់ណោះទេ សហករណ៍ដែលត្រូវធ្វើការបន្ថែមនៅពេលយប់ភាគច្រើនជាកសិករថ្មី ប្រជាជន១៧មេសា។ ការងារដែលត្រូវធ្វើបន្ថែមនៅពេលយប់នោះហៅថា ការធ្វើការងារស្វ័យប្រវត្តិ។

អង្គការ បានប្រើឲ្យប្រជាជន១៧មេសា ធ្វើការងារធ្ងន់ និងច្រើនជាងប្រជាជនមូលដ្ឋាន។ មិនត្រឹមតែការងារនោះទេ សូម្បីតែរបបអាហារ និង​កន្លែងសម្រាក មិនមានត្រឹមត្រូវដូចជាប្រជាជនមូលដ្ឋានទេ ប្រជាជន១៧មេសា ត្រូវសម្រាកពេលយប់ឡើងនៅតាមក្រោមដើមឈើ និងកន្លែងផ្សេងៗដែលអាចសម្រាកបាន។

នៅក្នុងរបបខ្មែរក្រហម គ្រប់ទ្រព្យសម្បត្តិ មិនថាជាមាសប្រាស់ របស់របបប្រើប្រាស់ប្រចាំថ្ងៃ សម្ភារផ្ទះបាយ និងដំណាំហូបផ្លែនៅជុំវិញផ្ទះ គឺត្រូវដាក់ចូលជាសមូហភាព មិនមានជាកម្មសិទ្ធិឯកជនឡើយ។

បន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ ប៉ុណ្ណា បានចាប់ផ្ដើមធ្វើស្រែ សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់គាត់ និងគ្រួសារ៕

សម្ភាសន៍ដោយ៖ យ៉ុង ផល្លីន នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ឯកសារយោង៖

[1] សម្ភាសន៍ជាមួយ ពិន ប៉ុណ្ណា ដោយ យ៉ុង ផល្លីន. ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤. មជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin