ពិន សុជាតិ អ្នកជីកលេណដ្ឋានឱ្យកងទ័ពជួរមុខកម្ពុជា ក្នុងជម្លោះប្រដាប់អាវុធតាមព្រំដែនកម្ពុជា និងថៃ

ខ្ញុំឈ្មោះ ពិន សុជាតិ[1] អាយុ២៣ឆ្នាំ។ បច្ចុប្បន្នខ្ញុំរស់នៅភូមិស្រែឈើនៀង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ខ្ញុំមានឪពុកឈ្មោះ​ ពឿន​ ម្ដាយឈ្មោះ​ ជ្រឿន។ ខ្ញុំមានបងប្អូនបង្កើត៤នាក់ ប្រុសទាំងអស់។ សព្វថ្ងៃខ្ញុំមានមុខរបរជាអ្នកបើកឡានដឹកដីឱ្យក្រុមហ៊ុនមួយ។ ខ្ញុំបានចូលធ្វើការងារនេះ តាំងពីឆ្នាំ២០២០មកម្លេះ។ នៅ​ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ខ្ញុំនិងក្រុមការងារម្នាក់ទៀត បាន​ធ្វើដំណើរ​ចេញទៅធ្វើការនៅខេត្ត​ឧត្ដរមានជ័យ។ ខ្ញុំបានទៅស្នាក់នៅឯសាលារៀនមួយកន្លែង។ ខ្ញុំមិនចាំ (ភូមិ ឃុំ ស្រុក) ឡើយ។ ការងារ​ខ្ញុំ​​គឺ​ជីកលេណដ្ឋានឱ្យកងទ័ពខ្មែរយើងសម្រាប់លាក់ខ្លួនពីយោធាថៃ មានទីតាំងស្ថិតនៅស្វាយធំ​ ចម្ងាយប្រហែល១០ គីឡូម៉ែត្រ ជាងពីតំបន់តាថាវ។ ខ្ញុំជីកលេណដ្ឋា​នបានចំនួន​​៣កន្លែង។ លេណ​ដ្ឋា​​នដែលខ្ញុំជីកមានទំហំ ​​ទទឹង៣ម៉ែត្រ បណ្ដោយ១០ម៉ែត្រជាង និងមានមាត់ច្រកចូលចំនួនពីរ។ ​រយៈពេល៦ថ្ងៃ ដែលខ្ញុំទៅធ្វើការ​ ខ្ញុំបានជួបការលំបាកខ្លាំងណាស់ ទាំងការហូបចុក ​និងការរស់នៅឆ្ងាយពីផ្ទះសម្បែង។​

នៅ​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ តាមការជូនដំណឹងពី​អាជ្ញាធរមូលដ្ឋាននៅទីនោះបានជូនដំណឹងថា នៅពេលឮសំឡេងបាញ់កាំភ្លើង​ ឬឃើញសភាពការណ៍មិនស្រួលដាច់ខាតមិនត្រូវចេញពីលេណដ្ឋានឡើយ។ នៅយប់ថ្ងៃដដែលខ្ញុំចូលដេកនៅក្នុងលេណដ្ឋា​នដែលជីកដោយខ្លួនឯង ដើម្បីការពារជីវិតពីការទម្លាក់គ្រាប់របស់យោធាថៃ។ ជារៀងរាល់យប់ ខ្ញុំតែងតែមើលឃើញដ្រូនរបស់យោធាថៃជាច្រើនគ្រឿងហោះចូលមកក្នុងទឹកដីខ្មែរ។ ខ្ញុំគិតថា ការបង្ហោះដ្រូនរបស់កងទ័ពថៃនេះ ​ក្នុងគោលបំណង​ស៊ើបការណ៍ពីទី​តាំងកងទ័ព​ខ្មែរយើង និងទីកន្លែងដែលប្រជាជនខ្មែររស់នៅ។ ពេញមួយយប់ថ្ងៃទី១២ ដដែល​ខ្ញុំមិនបានដេកទេ​ ​ព្រោះភ័យខ្លាចផង និងឮសំឡេងឆ្កែព្រុសទ្រហឹងអឺងកងផង ដែលហេតុការណ៍នេះបានធ្វើឱ្យ​​ខ្ញុំមានអារម្មណ៍កាន់តែតក់ស្លុត​ខ្លាំងឡើង។ ​ខ្ញុំបារម្ភថា ​​យោធាថៃនឹងទម្លាក់គ្រាប់​មកដល់ទីកន្លែងដែលខ្ញុំស្នាក់នៅជាមិនខាន។ ​ ​

​នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ​បន្ទាប់ពី បញ្ចប់ការងារ​ខ្ញុំបានវិលត្រឡប់មកផ្ទះវិញ​។ ខ្ញុំ និងក្រុមការងារដែលទៅជាមួយគ្នាចំណាយពេលវេលា​ច្រើនម៉ោងណាស់សម្រាប់ការធ្វើដំណើរ។ ខ្ញុំបានមកដល់ផ្ទះនៅពេលយប់ម៉ោង៨កន្លះ។ ​តាមរយៈព័ត៌មានចេញផ្សាយកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា យោធាថៃ នៅតែបន្តរំលោភបំពានមកលើទឹកដីខ្មែរ ដោយព័ទ្ធលួសសំណាញ់ និងដាក់កង់ឡានមកលើទឹកដីខ្មែរក្នុងខេត្តឧត្ដរមានជ័យ។

ខ្ញុំបានដឹងពីការសម្លាប់ទាហានម្នាក់ឈ្មោះ សួន រោន គាត់គឺជាកងទ័ពឈរជើងនៅតំបន់មុំបី ខេត្ត​​ព្រះវិហារ។ គាត់ត្រូវបានយោធា​ថៃបាញ់សម្លាប់កាលពីទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ។ បើតាមខ្ញុំដឹងសង្រ្គាមនេះ ​គឺថៃជាអ្នកចាប់ផ្ដើមមុន ដោយសារភាពលោភលន់ និងមានគំនិតចង់បានទឹកដីខ្មែរយើង​។ តាមរយៈព័ត៌មានការបិទព្រំដែនកម្ពុជា និងថៃ គឺភាគីថៃជាអ្នកបិទច្រកមុន។ ថៃបានបិទប្រព័ន្ធភ្លើង ប្រព័ន្ធអ៊ីនធើណែត និងម្ហូបអាហារជាដើម។ ប្រទេសថៃ​បង្កសង្រ្គាមក្នុងគោលបំណងចង់ឱ្យប្រជាជនខ្មែរយើងជួបផលវិបាក។ ខ្ញុំគិតថាការបើថៃបិទច្រកព្រំដែន​ មិនឱ្យមានការនាំចេញនាំចូលផលិតផល​ ​ហើយថៃមិនបង្ករជម្លោះនោះពិតជាល្អណាស់។ ប្រជាជនខ្មែរយើងអាចងាកមកគាំទ្រ​ផលិតផលក្នុងស្រុកកាន់តែ​ខ្លាំងឡើង។ ព្រោះផលិតផ​លក្នុងស្រុក​នាពេលបច្ចុប្បន្ននេះមានច្រើនប្រភេទណាស់ ដែលប្រជាជនខ្មែរយើង​អាចធ្វើបាន។

​ខ្ញុំមើលតាមវីដេអូ ដែលបានផ្សព្វផ្សាយថា ទាហានខ្មែរយើងពីររូប ដែលយោធាថៃបានបញ្ជូនមកខ្មែរវិញ ​ ឃើញថាគាត់ទាំងពីរមានសភាពដុនដាបណាស់។ ដោយសារគាត់ទាំងពីរទទួលរងនូវការធ្វើបាបយ៉ាងខ្លាំងពីសំណាក់យោធាថៃ។ កងទ័ពរបស់យើងទាំងពីរមានម្នាក់ពិការអង្គុយលើរទេះរុញ និងម្នាក់ទៀតបាត់បង់ស្មារតី។ ខ្ញុំមានអារម្មណ៍ថាអាណិតដល់គាត់ទាំងពីរនាក់ជាពន់ពេក។ ខ្ញុំគិតថា​ កងទ័ពខ្មែរយើងទាំងពីររូបនេះ ​ពិតជាប៉ះទង្គិច​ផ្លូវចិត្ត និងរាងកាយយ៉ាងធ្ងន់ធ្ងរ​។ ខ្ញុំយល់ថា មេទ័ពថៃឈ្មោះ ប៊ុនស៊ីន ផាតខ្លាង ​ជាមនុស្សគ្មានធម៌មេត្តា, គ្មានការអាណិតអាសូរ​ ធ្វើបាបសូម្បីតែមនុស្សដូចគ្នា។ នេះជាទង្វើមួយដែលបញ្ចាក់ថា ជាមនុស្សដែលគួរឱ្យ​ស្អប់ខ្ពើម។ ខ្ញុំគិតថាជម្លោះរវាងកម្ពុជា និងថៃ​ នៅតែបន្តអូសបន្លាយរយៈពេលយូរទៀត បើយោធាថៃនៅតែបន្តសកម្មភាពដូចរាល់ថ្ងៃនេះ។

អត្ថបទដោយ ជីម សុខគា


[1] បទសម្ភាសតាមទូរសព្ទជាមួយឈ្មោះ ពិន សុជាតិ ដែលជាអ្នកបើកឡានដឹកដីនៅខេត្តឧត្ដរមានជ័យ។ សម្ភាសដោយជីម សុខគា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin