ម្ដាយរបស់ តុល ត្រូវបានខ្មែរក្រហមបង្ខំឲ្យជីកប្រឡាយរហូតដល់ស្លាប់

ក្នុងឆ្នាំ១៩៧៦ ម្ដាយរបស់តុល ត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរ និងមិនផ្ដល់អាហារឲ្យហូបគ្រប់គ្រាន់ រហូតធ្វើឲ្យម្ដាយរបស់ តុល ដួលស្លាប់ក្នុងអំឡុងពេលធ្វើកំពុងជីកប្រឡាយ។ ប៉ូ តុល បានរៀបរាប់ពីរឿងរ៉ាវដូចខាងក្រោម៖
ប៉ូ តុល ភេទប្រុស អាយុ៦០ឆ្នាំ សព្វថ្ងៃមានមុខរបរធ្វើចម្ការ ។ តុល មានស្រុកកំណើតនៅភូមិតាម៉ាន់ ឃុំគងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ តុល មានឪពុកឈ្មោះ ប៉ូ វ៉ែន (ស្លាប់ក្នុងរបបលន់ នល់) ចំណែកម្ដាយឈ្មោះ សុំ រ៉េន (ស្លាប់ក្នុងសម័យខ្មែរក្រហមឆ្នាំ១៩៧៧)។ តុល មានបងប្អូនចំនួន៥នាក់ ( ស្រី២នាក់ និងប្រុស៣នាក់ )។ តុល ជាកូនទី៤នៅក្នុងគ្រួសារ។ តុល មានប្រពន្ធ២នាក់៖ ប្រពន្ធទី១ ឈ្មោះ ឈឿន នាង មានកូនម្នាក់ (ប្រុស) ប្រពន្ធទី២ឈ្មោះ លឹម រ៉ែម អាយុ ៦១ឆ្នាំ មានកូន៤នាក់ (ប្រុស២នាក់ ស្រី២នាក់) សព្វថ្ងៃប្រកបរបរធ្វើចម្ការ។ សព្វថ្ងៃ តុល រស់នៅជាមួយកូនទី២ និងកូនទី៤។
កាលពីវ័យកុមារ តុល មិនបានចូលរៀនទេ ព្រោះសាលានៅឆ្ងាយ បើចង់ទៅរៀនលុះត្រាតែទៅស្នាក់នៅក្នុងវត្ត។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ឧត្ដមសេនីយន៍ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ។ ក្នុងអំឡុងពេលនោះ តុល រស់នៅស្រុកកំណើតជាមួយឪពុកម្ដាយមិនបានជម្លៀសទៅណាទេ។ បន្ទាប់ពីទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ មិនបានប៉ុន្មានថ្ងៃ តុល បានឃើញប្រជាជនជាច្រើនបានធ្វើដំណើរថ្មើរជើងឡើងទៅធ្វើបាតុកម្មនៅទីរួមខេត្តកំពង់ចាម។ ប្រជាជនឡើងទៅធ្វើបាតុកម្មមានកាន់សម្ភារក្នុងដៃ ដូចជា ដំបង, កាំបិត, លំពែង និងពូថៅ។ ប្រជាជនដែលឡើងទៅធ្វើបាតុកម្មភាគច្រើនត្រូវបានទាហាន លន់ នល់ បាញ់សម្លាប់ មួយចំនួនបានរងរបួស និងមួយចំនួនទៀតត្រូវបានចាប់យកទៅធ្វើទាហាន លន់ នល់ ដើម្បីបង្កើនកម្លាំងទាហានបន្ថែម។ នៅក្នុងឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៧២ នៅក្នុងភូមិដែល តុល រស់នៅមានស្ថានភាពធូរស្បើយវិញ ប្រជាជនអាចប្រកបរបរធ្វើស្រែចម្ការបានធម្មតា។
ឆ្នាំ១៩៧៣ ចាប់ផ្ដើមមានការទម្លាក់គ្រាប់បែកពីខាងទាហានអាមេរិកាំងមកលើភូមិដែល តុល កំពុងរស់នៅ។ ប្រជាជនដែលរស់នៅក្នុងភូមិមិនសូវមានអ្នករបួស ឬស្លាប់ប៉ុន្មានទេ ព្រោះបានត្រៀមទុកមុនដូចជាជីករណ្ដៅត្រង់សេទុកសម្រាប់លាក់ខ្លួន។ នៅពេលដែលឮសូរសំឡេងយន្តហោះអាមេរិកាំង ហោះមកទម្លាក់គ្រាប់បែកម្ដងៗ ប្រជាជនក្នុងភូមិតែងតែនាំគ្នារត់ពួនក្នុងត្រង់សេ។ ចំណែកប្រជាជនដែលចេញទៅធ្វើស្រែតាមវាល ពេលឮសូរសំឡេងយន្តហោះអាមេរិកាំងហោះមកម្ដងៗ តែងនាំគ្នារត់ពួនក្នុងគុម្ពស្រូវ តាមមាត់ស្រះ និងតាមប្រឡាយទឹក លុះដល់សភាពស្ងប់ស្ងាត់ ទើបហ៊ានចេញទៅធ្វើស្រែបន្តទៀត។
នៅក្នុងខែ១០ ឆ្នាំ១៩៧៤ ទាហាន លន់ នល់ ចាប់ផ្ដើមជម្លៀសប្រជាជនឲ្យទៅរស់នៅខេត្តកំពង់ធំ និងបានបោះជាជំរំមួយដោយឲ្យឈ្មោះថា ជំរំ-ស្ទោង។ តុល រស់នៅជំរំស្ទោងបានរយៈពេល១ខែ ចាប់ផ្ដើមមានកងទ័ពខ្មែរក្រហមវាយចូលមករំដោះ ហើយកងទ័ពខ្មែរក្រហមបានវាយបណ្ដេញទាហាន លន់ នល់ ចេញពីជំរំ-ស្ទោង។ បន្ទាប់ពីទទួលបានជ័យជម្នះទៅលើទាហាន លន់ នល់ កងទ័ពខ្មែរក្រហមបានអំពាវនាវឲ្យប្រជាជនដែលរស់នៅជំរំស្ទោងធ្វើដំណើរត្រឡប់ទៅខេត្តកំពង់ធំវិញ។ ពេលដែលត្រឡប់មកដល់ខេត្តកំពង់ធំ តុល និងកុមារ៨នាក់ទៀត ត្រូវបានខ្មែរក្រហមប្រើឲ្យដើរមើលគោ មើលក្របី តាមកងភ្ជួរដែលមានគ្នា១០នាក់។ ក្នុងមួយថ្ងៃ តុល ត្រូវធ្វើការ៦ម៉ោង ចាប់ពីម៉ោង១១ រហូតដល់ម៉ោង ៥ល្ងាច។ ពេលដែលដើរជាមួយកងភ្ជួរ សម្រាប់របបអាហាររបស់ តុល ក្នុងមួយថ្ងៃហូបបានតែពីរពេល ពេលព្រឹក និងពេលល្ងាច។ ចំណែកម្ដាយ តុល និងប្រជាជនផ្សេងទៀត ពេលដែលត្រឡប់មកដល់ខេត្តកំពង់ធំ ខ្មែរក្រហមបានប្រាប់ឲ្យខំប្រឹងធ្វើស្រែប្រវាស់ដៃគ្នា នៅពេលទទួលបានផលចែកស្រូវគ្នាហូប។ បន្ទាប់ពីប្រមូលផលស្រូវបានប្រហែល៤ថ្ងៃ ខ្មែរក្រហមចាប់ផ្ដើមបង្កើតសហករណ៍ ហើយខ្មែរក្រហមបានដើរប្រមូលស្រូវដែលបានចែកឲ្យប្រជាជន និងប្រមូលចានឆ្នាំងដើម្បីយកមកដាក់រួម ហូបរួម និងធ្វើការរួមគ្នា។ បន្ទាប់ពីបង្កើតសហករណ៍ ខ្មែរក្រហមបានបង្កើតឲ្យមានកងកុមារ កងយុទ្ធជន-យុវនារី និងកងមនុស្សចាស់។
ឆ្នាំ១៩៧៦ តុល និងកុមារនៅក្នុងភូមិប្រហែល៦០នាក់ ក្នុងនោះមានទាំងប្រុសទាំងស្រី ត្រូវបានខ្មែរក្រហមប្រមូលឲ្យចូលធ្វើការងារក្នុងកងកុមារ។ ការងារដែលខ្មែរក្រហមចាត់តាំងឲ្យ តុល ធ្វើគឺពេលព្រឹកត្រូវដើរកាប់ទន្រ្ទានខែត្រក្នុងមួយព្រឹកឲ្យបានមួយបាច់ ហើយយកមកចិញ្រ្ចាំដាក់ក្នុងអាង ពេលថ្ងៃរសៀលត្រូវដើររកកាប់ដីដំបូកក្នុង១នាក់ ពូតដីដុំកម្រាស់៤ជ្រុងឲ្យបាន៤ដុំ និងដើរកើបលាមកតាមផ្ទះ ឬតាមវាលដើម្បីលាយបញ្ចូលគ្នាផ្អាប់ទុក ដើម្បីចាក់ដាក់ស្រែនៅរដូវវស្សា។ ក្នុងឆ្នាំដដែលខ្មែរក្រហមចាប់ផ្ដើមយកប្រជាជនទៅសម្លាប់ ប្រជាជនដែលខ្មែរក្រហមយកទៅសម្លាប់ភាគច្រើនសុទ្ធតែអ្នកចេះដឹងមានដូចជា គ្រូបង្រៀន, និស្សិត, សាស្រ្តាចារ្យ, បញ្ញាវន្ត និងអ្នកធ្វើខុសសីលធម៌ ដឹងតែចាប់យកទៅសម្លាប់គ្មានសល់។ ទីតាំងដែលខ្មែរក្រហមយកប្រជាជនទៅសម្លាប់ភាគច្រើនគឺនៅស្រុកសុគន្ធ។ អ្នកដែលយកប្រជាជនទៅសម្លាប់ភាគច្រើនគឺជាកងឈ្លប។ ក្នុងឆ្នាំដដែល ខ្មែរក្រហមចាប់ផ្ដើមបង្ខំឲ្យធ្វើការកាន់តែធ្ងន់ធ្ងរគ្មានពេលវេលាសម្រាក ថែមទាំងមិនមានអាហារហូបគ្រប់គ្រាន់ ទើបធ្វើឲ្យម្ដាយរបស់ តុល អស់កម្លាំងខ្លាំងស្លាប់នៅអំឡុងពេលកំពុងជីកប្រឡាយនៅកន្លែងមួយ។
ឆ្នាំ១៩៧៧-៧៨ តុល ត្រូវបានខ្មែរក្រហមជ្រើសរើសឲ្យចូលហ្វឹកហាត់ខាងផ្នែកយោធានៅក្នុងខេត្តកំពង់ចាម។ អ្នកគ្រប់គ្រងខាងផ្នែកហ្វឹកហាត់យោធាឈ្មោះ ភាព (សព្វថ្ងៃស្លាប់)។ ក្នុងមួយថ្ងៃ តុល ហ្វឹកហ្វឺនរយៈពេល៥ម៉ោង ពេលព្រឹកចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៩ព្រឹក។ ចំណែកពេលរសៀលចាប់ពីម៉ោង១ រហូតដល់ម៉ោង៤រសៀល។ ពេលយប់បើមានការប្រកាសអាសន្នត្រូវហ្វឹកហ្វឺនថែម២ម៉ោងទៀត។ តុល បាននិយាយរៀបរាប់ពីការលំបាក ពេលដែលចូលធ្វើជាកងទ័ពហ្វឹកហាត់ខាងផ្នែកយោធា អាហារហូបចុកមិនបានគ្រប់គ្រាន់ នៅពេលឈឺថ្កាត់ម្ដងៗគ្មានថ្នាំព្យាបាលមានតែគ្រាប់ស្លែងដែលពេទ្យឲ្យលេប។
ឆ្នាំ១៩៧៨ ពេលដែលកំពុងតែហ្វឹកហាត់ស្រាប់តែមានកងកម្លាំងរបស់ សម្ដេច ហ៊ុន សែន បានវាយចូលមកក្នុងទីរួមខេត្តកំពង់ចាម។ ពេលនោះ តុល មានអារម្មណ៍ភិតភ័យជាខ្លាំង រួចបានលួចរត់ពីកន្លែងហ្វឹកហាត់ត្រឡប់មកស្រុកកំណើតវិញ។ ពេលដែលរត់មកដល់ស្រុកកំណើត តុល បានរត់មកជួបបងស្រី ហើយបងស្រីបាននាំ តុល មកនៅជាមួយ។ ពេលដែលនៅជាមួយបងស្រី តុល បានជួយធ្វើស្រែដើម្បីចិញ្ចឹមជីវិត។
នៅក្នុងឆ្នាំ១៩៨១ តុល បានចូលរៀននៅក្នុងវត្ត ដូនតោ លោកគ្រូដែលបង្រៀនឈ្មោះ គ្រូសោ និងគ្រូឃៅ ពួកគាត់ទាំងពីរបានទទួលមរណៈភាពអស់ហើយ ។ តុល រៀនបានត្រឹមថ្នាក់ទី៧ ហើយក៏ឈប់រៀនវិញនៅឆ្នាំ១៩៨៧ ដោយសារតែគ្រួសារមានជីវភាពខ្វះខាត ហើយយាយតាចាស់ៗគ្មានអ្នកមើលថែ។
ឆ្នាំ១៩៨៨ តុល បានចូលធ្វើជាកងទ័ពសាធារណរដ្ឋប្រជាមានិតកម្ពុជា។ តុល នៅក្នុងកងពលលេខទី៧ ចំណុះឲ្យវរ៣៣ ដែលគ្រប់គ្រងដោយឈ្មោះលោក ស្រី ឌឹក។ ពេលដែលចូលធ្វើជាទាហានសាធារណរដ្ឋប្រជាមានិតកម្ពុជា តុល បានទៅឡើងទៅវាយជាមួយកងទ័ពខ្មែរក្រហមនៅភូមិស្រទេចស្រែវាល ស្រុកជល់គីរី រួចបានត្រឡប់មកកងពលលេខ៧។ រហូតឆ្នាំ១៩៩៣ តុល បានឈប់ធ្វើទាហាន។ ក្នុងឆ្នាំ១៩៩៤ តុលបានមករកស៊ីនៅខេត្តកោះកុង ដោយប្រកបមុខរបរលីឈើដាក់ក្នុងទូកឲ្យថៃ។ តុល រស់នៅកោះកុងរហូតដល់ឆ្នាំ១៩៩៨ ទើបផ្លាស់ទីលំនៅមករស់នៅភូមិក្រពើពីរលើ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ ពេលដែលមករស់នៅ និងរកស៊ីនៅភូមិក្រពើពីរលើ តុល បានស្គាល់ប្រពន្ធក្រោយរបស់គាត់ ហើយក៏រៀបចំចាប់ដៃគ្នាប្រកបមុខរបរធ្វើចម្ការរហូតមកដល់សព្វថ្ងៃ។
ជាចុងក្រោយរឿងរ៉ាវដែល តុល ចងចាំមិនអាចបំភ្លេចបាន ម្ដាយត្រូវបានស្លាប់ ដោយសារតែឈឺគ្មានថ្នាំព្យាបាល អាហារហូបមិនបានគ្រប់គ្រាន់ និងបង្ខំឲ្យធ្វើការហួសកម្លាំងរហូតដល់ស្លាប់នៅកន្លែងធ្វើការ៕
អត្ថបទដោយ៖ ចាន់ ណារិទ្ធ