ប្តីខ្ញុំធ្វើជាមេកង
(កំពង់ឆ្នាំង)៖ ពត ផា សាក្សីរស់ដែលបានរស់រានមានជីវិតពីរបបខ្មែរក្រហម សព្វថ្ងៃគាត់មានព្រះជន្ម ៧៩ ឆ្នាំ រស់នៅភូមិបុសមាស ឃុំពពេល ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ក្រុមអ្នកស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលឯកសារកម្ពុជាបានធ្វើបទសម្ភាសន៍ជាមួយគាត់ផ្ទាល់ ពីដំណើរជីវិតនាសម័យខ្មែរក្រហមដែលបានកើតមានឡើងចំពោះគាត់។
គាត់បានរៀបរាប់ពីការងាររបស់ គាត់នាសម័យនោះ។ ដំបូងគាត់បានចាប់ផ្គើមការងារ ដែលគេហៅថា អ្នកសេដ្ឋកិច្ច ដែលតម្រូវឲ្យគាត់ដឹកជញ្ជូនស្រូវដាក់ជង្រុក ហាលស្រូវកើបស្រូវ កិនស្រូវ និងច្រកចូលការ៉ុង ដោយគ្មានពេលឈប់សម្រាក ក្នុងវត្តមួយដែលទុកជាឃ្លាំង។ ជួនកាលគាត់តម្រូវឲ្យធ្វើការដាំបាយ ធ្វើម្ហូប ដឹកតាមរទេះ នៅពេលខ្លះគាត់បររទេះមា្នក់ឯង សម្រាប់អ្នកជីកទំនប់ ប្រឡាយ ម៉ោង៧យប់ ទើបគាត់ត្រឡប់មកវិញ។ គាត់តម្រូវឲ្យធ្វើត្រី ឡើងដើមត្នោត ដូច្នេះកងរបស់គាត់មានការហូបចុកគ្រប់គ្រាន់ គ្មានការបង្អត់អាហារ ព្រោះប្តីគាត់ធ្វើជាមេកង ប៉ុន្តែពេលខ្លះការហូបចុកមានការប្រែប្រួល ទទួលបានច្រើនហូបច្រើន បានតិចហូបតិច។ គាត់ និងអ្នកឯទៀតខិតខំធ្វើការ ដូច្នេះគ្មានការកាប់សម្លាប់ក្នុងកងរបស់គាត់ទេ។ អ្វីៗស្ថិតនៅលើការសម្រេចរបស់មេកង កងរបស់គាត់អាចដាំដំឡូង និងហូបបានដោយសេរី។ គាត់ក៏បានដឹងខ្លះៗជុំវិញអំពើអមនុស្សធម៌ដែលបានកើតឡើងនៅក្នុងកងតំបន់ផ្សេងៗទៀត ដូចជាការកាប់សម្លាប់ បង្អត់អាហារជាដើម។
ក្រោយការដួលរំលំនៃរបបខ្មែរក្រហមនាឆ្នាំ ១៩៧៩ ប្តីរបស់គាត់បានទៅតាមមេឃុំ និងនាំកូនចូលស្រុកទៅតាមតំបន់ភ្នំ ព្រមទាំងម្តាយចាស់ ឡើងភ្នំដំបង ដើម្បីគេចពីការស្លាប់។ បន្ទាប់មក គាត់ត្រូវបានកងទ័ពរៀតណាមជម្លៀសចេញពីព្រៃ។ នៅសម័យខ្មែរក្រហម មនុស្សជិត២លាននាក់បានបាត់បង់ជីវិត និងជាច្រើនលាននាក់ទៀតបានបាត់បង់ក្រុមគ្រួសាររបស់គាត់ក៏ដូចជាអ្នកដទៃដែលរងទុក្ខលំបាក មិនចង់ឲ្យអ្នកជំនាន់ក្រោយឆ្លងកាត់របបនេះម្តងទៀតនោះទេ។ ថ្វីថ្បិតគាត់បានប្តីជាមេកង ក៏ប៉ុន្តែរបបនេះបានជះឥទ្ធិពលអវិជ្ជមានចំពោះឆាកជីវិត និងផលវិបាកផ្ទាល់ដល់គាត់ មកទល់ពេលបច្ចុប្បន្ន៕
សម្ភាសន៍ដោយ បឿន ស្រីនិច ថ្ងៃ៥ ខែឧសភា ឆ្នាំ២០២២
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣