ប៉ូច ថឹក អនុលេខាស្រុកដូនទាវ

ប៉ូច ថឹក​ ហៅ​ គឿម​[1] ភេទប្រុស​ អាយុ​៣៩​ឆ្នាំ​ មាន​គ្រួសារ​ហើយ​។ ថឹក​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ឫស្សី​​​ព្រះ​ ឃុំ​គាស់​ក្រឡ​ ស្រុក​មោងឫស្សី​ តំបន់​៤​។

ថឹក បាន​និយាយថា៖ «ចាប់​តាំង​ពី​ធំ​ដឹង​ក្ដី​មក ​ខ្ញុំ​រស់​នៅ​ជា​មួយ​ឪពុក​ម្ដាយ​និង​ធ្វើ​ស្រែ​។ រហូត​ដល់​ឆ្នាំ​​១៩៥៣ ខ្ញុំ​បាន​ទៅ​បួស​រៀន​នៅ​ក្នុង​វត្ត​ធ្នាល់​មាន់​ ឃុំ​គាស់​ក្រឡ។​ នៅ​ចន្លោះ​​​ឆ្នាំ​១៩៦១ដល់​ឆ្នាំ​១៩៦៣ ខ្ញុំ​​ក៏​​បាន​សឹក​និង​ត្រឡប់​មក​ផ្ទះ ដើម្បី​​ជួយ​ធ្វើ​ស្រែ​ឪពុក​ម្ដាយដដែល​​វិញ​។ នៅ​ក្នុង​​ឆ្នាំ​១៩៦៣​ ខ្ញុំ​ក៏​បាន​ទាក់​ទង​​ជា​មួយ​​ឈ្មោះ​ មាន​ ហៅ​ សារិកា​ នៅ​ភូមិ​ជា​មួយ​គ្នា​ ដើម្បី​ចូល​បម្រើ​បដិវត្តន៍​។​ អ្នក​នៅ​ជា​មួយ​ សារិកា មាន​​ឈ្មោះ​ចែត​ (អតីត​អ្នក​តស៊ូ​ចាស់​) និង​ឈ្មោះ​ អ៊ន​ (អតីត​អ្នក​តស៊ូ​នៅ​ជំនាន់​បារាំង​) ក្រោយ​មក​គាត់​ធ្វើ​​ជា​គណៈ​ឃុំ​ធ្នាលល់មាន់​ ស្រុក​មោងឫស្សី​។ ​

នៅ​ឆ្នាំ​១៩៦៤ ឈ្មោះ​ចែត​ បាន​អប់​រំ​ខ្ញុំ​ឲ្យ​ឃើញ​បដិវត្តន៍​ខ្មៅ​ ដោយ​លើក​ឡើង​ពី​បដិវត្តន៍​បំផ្លាញ​ជាតិ​ ខ្ញុំបម្រើ​បរទេស​។ ភាព​ជិត​ស្និទ្ធ​ និង​ការ​អប់​រំ​នេះ​ មាន​ជា​បន្ត​បន្ទាប់​រហូត​ដល់​ចុង​ឆ្នាំ​១៩៧៤​ ចែត បាន​បញ្ចូល​​ខ្ញុំ​ទៅ​ជា​សេអ៊ី​អា​ ដោយ​មាន​ឈ្មោះ​ អ៊ន ទទួល​ស្គាល់​ និង​ឈ្មោះ​ សារិកា​ ជា​ភ្ញៀវ​ដឹង​ឮ​។ បន្ទាប់​ពី​ខ្ញុំ​ចូល​​ជា​ខ្សែ​សេអ៊ី​អា​ ភារកិច្ច​ដែល​ខ្ញុំ​មាន​គឺ​ ទី​មួយ​បង្កប់​បំផ្លាញ​បដិវត្តន៍​ ទាំង​កម្លាំង​ទាំង​មាគ៌ា​បក្ស​។ ទី​ពីរ​ បំបែក​​កម្លាំង​បដិវត្តន៍​ កសាង​កម្លាំង​សេអ៊ី​អា​។ ទី​បី​ បំផុស​ប្រជាជន​ឲ្យ​ស្អប់​ និង​មិន​ចូល​រួម​ខាង​បដិវត្តន៍​។ កាល​នោះ​អ្នក​ដែល​ចូល​ខ្សែ​សេអ៊ី​អា​ ជា​មួយ​ខ្ញុំ​មាន​ឈ្មោះ​ បើយ​ ប៉ោៈ​។ ក្រោយ​ពី​ចូល​ហើយ​ឈ្មោះ អ៊ន បាន​ចាត់​តាំង​ឲ្យ​ខ្ញុំ​ទាក់​ទង​ខ្សែ​របស់​ខ្លួន​ចំនួន​ពីរ​នាក់​ ដើម្បី​រួម​សកម្ម​ភាព​បំផុស​ចលនា​ប្រជាជន​ឲ្យ​ស្អប់​របប​ខ្មែរ​ក្រហម​ ក្នុង​នោះ​មាន​ឈ្មោះ​ ចន​ និង​ ណឹម​។ នៅ​ចន្លោះ​ឆ្នាំ​១៩៦៤​ ដល់​ឆ្នាំ​១៩៦៥ ខ្ញុំ​កសាង​កម្លាំង​បាន​ចំនួន​១២​នាក់​។ កម្លាំង​ទាំង​អស់​ដែល​ខ្ញុំ​កសាង​បាន​ ខ្ញុំ​បាន​ប្រគល់​ទៅ​ឲ្យ​ សារិកា​ អប់​រំ​បន្ថែម​ និង​ត្រៀម​ចូល​បង្កប់​ក្នុង​បដិវត្តន៍​។

ក្នុង​ឆ្នាំ​១៩៦៥ ដដែល​ សភាព​ការណ៍​បដិវត្តន៍​បំផុស​ប្រជាជន​ធ្វើ​បាតុ​កម្ម​នៅ​គាស់​ក្រឡ​ពេល​ខ្មាំង​រាត​ត្បាត​ ធ្វើ​ឲ្យ​កម្លាំង​បដិវត្តន៍​ចូល​ព្រៃ​។ អំឡុង​ពេល​នោះ​ ខ្ញុំ​ រួម​ទាំង​ ចែត​, សារិកា​ និង​អ៊ន បាន​បន្លំ​ខ្លួន​រត់​ចូល​ព្រៃ​បុស្ប​ចេក​ក្នុង​ស្រុក​មោង​ បង្កប់​ធ្វើ​ជា​ជន​បដិវត្តន៍​។ ចុង​ឆ្នាំ​១៩៦៥​ សារិកា​ ចាត់​តាំង​ គឿម​ ឲ្យ​នាំ​ឈ្មោះ​ ណឹម​, ប៉ោៈ, គឿ,​ វ៉ិច​, ហម និង​ញី​ ចេញមក​នៅក្នុង​ភូមិ​​ឫស្សី​ព្រះ​ វិញ​ ស្រប​ពេល​អង្គការ​ឲ្យ​កម្មា​ភិបាល​បដិវត្តន៍​ចុះ​មក​ធ្វើ​ការ​ក្នុង​ភូមិ​។​ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​បំបែក​កម្លាំង​បដិវត្តន៍​នៅ​ក្នុង​ភូមិ​​ ដោយ​បាន​ចាត់​តាំង​ឲ្យ​កម្លាំង​ចំនួន​៥​នាក់​សម្រាប់​ដើរ​តាម​ដាន​កម្លាំង​បដិវត្តន៍​ និង​ប្រជាជន​ដែល​បាន​លួច​យក​អង្ករ​ចូល​ទៅ​ក្នុង​ព្រៃ​ ប្រាប់​ឲ្យ​ទាក់​ទង​ទៅ​ សែប​ ប៉ុស​ ធ្នាល់​មាន់​ ឈ្មោះ​ស៊្រុន​ ក្នុង​ការ​នាំ​ទាហាន​មក​ចាំ​ចាប់​។

នៅ​ឆ្នាំ​១៩៧០​ ក្រោយ​រដ្ឋ​ប្រហារ នៅ​ពេល​អង្គ​ការ​បែង​ចែក​ស្រុក​ ខ្សែ​ចាស់​ៗ​ក្នុង​ស្រុក​គាស់​ក្រឡ​តំបន់​១​ ចំណែក​ឯ​ខ្ញុំ និង​មេឃុំ​ត្រូវ​ទៅ​នៅ​ក្នុង​ស្រុក​ដូន​ទ្រី​តំបន់​៤​ ដូច្នេះ​ខ្ញុំ​មិន​បាន​ទាក់​ទង​នឹង​ខ្សែ​ចាស់​ទេ​។ ក្នុង​ខែ​ឧសភា ខ្ញុំ​បាន​ភ្ជាប់​ខ្សែ​ជា​មួយ​ ស៊ូ​ និង​ស៊ុយ​ ដែល​ជា​គណៈ​តំបន់​ទី​៤​។​ បន្ទាប់​ពី​ខ្ញុំ​បាន​ភ្ជាប់​ខ្សែ​ជា​មួយ​ ស៊ូ ហើយ​ ស៊ូ​ក៏​បាន​ចាត់​តាំង​ខ្ញុំ​ធ្វើ​ជា​ប្រធាន​ភូមិ​ស្ដី​។ ដល់​ឆ្នាំ​១៩៧២​ ស៊ូ​ បាន​ចាត់​តាំង​ខ្ញុំ​ និង​បក្ស​ពួក​ឲ្យ​មាន​តួនាទី​ក្នុង​បក្ស​កាន់​តែ​ខ្ពស់​។ ពេល​នោះ​ ខ្ញុំ​ត្រូវ​បាន​ ស៊ូ​ ចាត់​តាំង​ឲ្យ​ធ្វើ​ជា​អនុ​លេខា​ស្រុក​៤៣​។ បន្ទាប់​មក​ទៀត​ខ្ញុំ​ក៏​បាន​ចូល​រួម​ប្រជុំ​នៅ​ឃុំ​ដូន​ទ្រី​ ដោយ​អ្នក​ដឹក​នាំ​ប្រជុំ​មាន ស៊ូ​ និង​ស៊ុយ​។​ ខ្លឹម​សារ​ការ​ប្រជុំ​គឺ​ស៊ូ​ បាន​ប្រកាស​ឲ្យ​បក្ស​ទាំង​អស់​ស្គាល់​គ្នា​ហើយ​រួម​សកម្ម​ភាព​ជា​មួយ​គ្នា​ឲ្យ​បាន​ជាប់​។ ក្រោយ​ពី ប្រជុំ​ចប់​ខ្ញុំ​រួម​ទាំង​អ្នក​ចូល​រួម​៧​នាក់​ទៀត​បាន​បំផុស​ប្រជាជន​ឲ្យ​រត់​ចូល​ខ្មាំង​អស់​ចំនួន​ពីរ​គ្រួសារ​ នៅ​ក្នុង​ភូមិ​បឹង​ក្រសា​។ ក្រៅ​ពី​នេះ​ ខ្ញុំ​និង​ សឹម បាន​រួម​គ្នា​កសាង​កម្លាំង​បាន​ចំនួន​៤​នាក់​បន្ថែម​ទៀត​។ នៅ​ចន្លោះ​ឆ្នាំ​១៩៧៣ ដល់​ឆ្នាំ​១៩៧៤ បក្ស​ពួក​ខ្ញុំ​មាន​ឈ្មោះ​ លឹម​, ភី, បឿយ, រ៉េន, រ៉ៃ, រ៉ាន់ និង​ថង បាន​ទទួល​ផែន​ការ​ពី​ស៊ូ​ ជា​បន្ត​បន្ទាប់​។ ទីមួយ​ ត្រូវ​កសាង​កម្លាំង​បង្កប់​ក្នុង​ជួរ​បដិវត្តន៍​។ ទី​ពីរ​ បំផុស​ប្រជាជន​ឲ្យ​រត់​ទៅ​តំបន់​ខ្មាំង​។ ទី​បី​ បំផុស​យុវជន​ យុវនារី​ មិន​ឲ្យ​ចូល​បម្រើ​បដិវត្តន៍​។ ទី​បួន​ បំភ្លៃ​មាគ៌ា​របស់​បក្ស​ បញ្ហា​ជម្លៀស​ប្រជាជន​ពី​តំបន់​ខ្មាំង​។ ចំពោះ​ការ​ជម្លៀស​ប្រជាជន តាម​ផែន​ការ​គឺ​មិន​ឲ្យ​ជម្លៀស​ច្រើន​នោះ​ទេ​ ជម្លៀស​ត្រឹម​តែ​១០​ទៅ​២០​គ្រួសារ​ ប៉ុណ្ណោះ​។

ដល់​ឆ្នាំ​១៩៧៥ សកម្ម​ភាព​ប្រជាជន​ខ្វះ​ខាត​ស្បៀងអាហារយ៉ាង​ខ្លាំង​ អង្គ​ការ​បាន​ចាត់​តាំង​ គឿម​ ឲ្យ​ចុះ​ទៅ​ដឹក​ជញ្ជូន​ស្រូវ​នៅ​ស្រុក​ដូន​ទ្រី​មកស្រុក​ដូន​ទាវ​។ ខណៈ​ពេល​នោះ​ មាន​កម្លាំង​ពីរ​នាក់​ទៅ​ជា​មួយ​ មាន​ យ៉ុន និង​ និត​។ ពេល​ទៅ​ដល់ស្រុក​​ដូន​ទ្រី​ គឿម បាន​ជួប​ជា​មួយ​ រ៉េន​ និង​ភី​ ហើយ​បាន​សហការណ៍​គ្នា​ធ្វើ​ឲ្យ​យឺត​យ៉ាវ​ ដើម្បី​បង្អត់​បាយ​ប្រជាជន​ ដោយ​យក​លេស​ថា​ខូច​នេះ​ខូច​នោះ​ មិន​ព្រម​ដឹក​ឲ្យ​ប្រជាជន​តាម​ផែន​ការ​របស់​បក្ស​កំណត់​ឲ្យ​ពីរ​សប្ដាហ៍​ម្ដង​ ប៉ុន្តែ​យើង​បាន​ពន្យារ​រហូត​ទៅ​ដល់​ពីរ​ខែ​។ ក្រោយ​រំដោះ​ថ្ងៃ​ទី​១៧ មេសា​ ឆ្នាំ​១៩៧៥​ គឿម និង​បក្ស​ពួក​បាន​មក​ទទួល​ផែន​ការណ៍​ពី​ ស៊ូ​ និង​ស៊ុយ​ នៅ​ភូមិ​អូរ​ដំបង​ ក្នុង​ខ្លឹម​សារ​មាន​៖ ទី​មួយ​ បង្អត់​អាហារ​ប្រជាជន​ និង​មិន​ដោះស្រាយ​ជម្រក​ឲ្យ​ប្រជាជន​ដែល​បាន​ជម្លៀស​មក​នោះ​ទេ​ ដើម្បី​ឲ្យ​ប្រជាជន​មាន​ជម្លោះ​ជា​មួយ​បដិវត្តន៍​។ ទី​ពីរ បន្ត​ការ​កសាង​កម្លាំង​ ឲ្យ​ខ្លាំង​ក្លា​ ដើម្បី​ត្រៀម​វាយ​បដិវត្តន៍​នៅ​ថ្ងៃ​មុខ​។ ទី​បី​ ប្រមូល​អាវុធ​ គ្រាប់ និង​ថ្នាំ​ពេទ្យ​ ក្នុង​ក្រុង​បាត់​ដំបង​​​ត្រៀម​វាយ​បដិវត្តន៍។ ទី​បួន បំភ្លៃ​មាគ៌ា​ ក្នុង​ការ​ដោះ​ស្រាយ​ជីវភាព​ជូន​ប្រជាជន​។ ទី​ប្រាំ​ បំផុស​រឿង​ពុក​រលួយ​ក្នុង​ស្រុក​។ សភាព​ការណ៍​ក្រោយ​រំ​ដោះ​ ប្រជាជន​បាន​ជម្លៀស​ខ្លួន​មក​នៅ​ស្រុក​ដូន​ទាវ​ជាង​៥ម៉ឺន​នាក់​ ពេល​នោះ​ខ្ញុំ រួម​ទាំង​សឹម​ និង​កែម បាន​ចាត់​តាំង​កម្លាំង​ក្បត់​ឲ្យ​មក​ក្ដោប​ក្ដាប់​។

នៅ​ក្នុង​​ឆ្នាំ​១៩៧៦​ មួច,​ស៊ូ និង​ស៊ុយ បាន​ហៅ​បក្ស​ពួក​ទៅ​ប្រជុំ​នៅ​សាលា​អន្លង់​វិល​ ក្នុង​គោល​បំណង​ប្រាប់​ពី​ការ​វាយ​បក្ស​នៅ​ខែ​កុម្ភៈ ឆ្នាំ​១៩៧៧​។ ដើម​ឆ្នាំ​១៩៧៧​ ក្រោយ​ពី​ទទួល​ផែន​ការ​ពី មួច ហើយ​ ខ្ញុំ និង​សឹម​ បាន​ហៅ​ខ្សែ​ខាង​ក្រោម​មាន​ យ៉ុន, ពឿង,​ និត និង​នុត​ ប្រាប់​ពី​ផែន​ការណ៍​វាយ​បក្ស​បន្ត​ពី​ថ្នាក់​លើ​ និង​ជំរុញ​ឲ្យ​ធ្វើ​សកម្ម​ភាព​បំផ្លាញ​ផល​បដិវត្តន៍​ត​ទៀត​។ បន្ទាប់​មក​តាម​បញ្ជា​របស់​ មួច​,សឹម​, កែម រួម​ទាំង​ខ្ញុំ​បាន​លាក់​ស្រូវ​ជាង​៤០០០​បាវ​ តាម​រូប​ភាព​ពាក់​កណ្ដាល​ស្រប​ច្បាប់​។ សកម្ម​ភាព​នេះ​ធ្វើ​ដោយ​មិន​បាន​រាយ​ការណ៍​ជូន​អង្គ​ការ​ បើ​សិន​ជា​អង្គ​ការ​ដឹង​ឲ្យ​ប្រាប់​ថា​ស្រូវ​ទុក​សម្រាប់​ធ្វើ​ពូជ​។

ក្នុង​ខែ​ឧសភា ក្នុង​ឆ្នាំ​១៩៧៧​ អង្គការ​បាន​ដក​ឈ្មោះ​ ស៊ុយ​ ពី​តំបន់​៦ មក​ទទួល​ជា​អនុលេខា​តំបន់​៤​ដោយ​ឡែក​ ទទួល​លេខា​ស្រុក​ដូន​កែវ​។ ដល់​ខែមិថុនា​ ខ្ញុំ​បាន​រួម​សកម្ម​ភាព​ជា​មួយបក្ស​ពួក​នៅ​ខាង​លើ​ក្នុង​ការ​បំ​ភ្លៃ​មាគ៌ា​បក្ស​ ដោយ​យក​ស្រូវ​ស្រាល​ទៅ​ព្រួស​ក្នុង​ស្រែ​ជម្រៅ​ យក​ស្រូវ​ធ្ងន់​ព្រួស​ដី​គោក​ ធ្វើ​ឲ្យ​ស្រូវ​លិច​ទឹក​ខូច​អស់​១៣០​ហិកតា​ បង្ក​ឲ្យ​ប្រជាជន​ខ្វះ​ស្បៀង​អាហារ​។​ ដល់​ខែ​កក្កដា​ ឆ្នាំ​ដដែល​ ពេល​អង្គ​ការ​ឲ្យ​ទប់​ទឹក​ភ្លៀង​សម្រាប់​សាប​សន្ទូង​ចំនួន​១០០​ហិក​តា​ បក្ស​ពួក​ខាង​លើ​បាន​បំភ្លៃ​មិន​ឲ្យ​ទប់​ទឹក​ភ្លៀង​ ធ្វើ​ឲ្យ​អត់​មាន​ទឹក​សាប​នៅ​សល់​តែ​៥០​ហិក​តា​តែប៉ុណ្ណោះ​។ ក្នុង​ខែ​សីហា​ ខ្ញុំ​នឹង​បក្ស​ពួក​បាន​ពន្លើស​អាយុ​សំណាប​ស្រូវ​ស្រាល​ទុក​ឲ្យ​ចាស់​ធ្វើ​ឲ្យ​ស្រូវ​មិន​បែក​គុម្ព​។​ រហូត​ដល់​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​ ឆ្នាំ​១៩៧៧​ ខ្ញុំ​ត្រូវ​បាន​អង្គ​ការ​ចាប់​ខ្លួន​។ កម្លាំង​ដែល​ខ្ញុំ​ និង​បក្ស​ពួក​កសាង​បាន​មាន​ចំនួន​សរុប​៧០​នាក់​»៕

សរសេរដោយ មេក វិន


ឯកសារយោង

[1] ឯកសាររបស់មជ្ឈមណ្ឌល​ឯកសារកម្ពុជាលេខ J00301

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin