ខ្ញុំស្អប់របបខ្មែរក្រហម៖ បង្ខំឲ្យធ្វើការងារច្រើន ប៉ុន្តែមិនឲ្យហូបឆ្អែត

(ខេត្តព្រៃវែង) ពៅ យ៉ុង មានអាយុ ៨២ឆ្នាំ គឺជាអ្នករស់រានមានជីវិតម្នាក់ពីរបបកម្ពុជា​ប្រជាធិបតេយ្យ។ យ៉ុង មានទីកន្លែងកំណើត និងបច្ចុប្បន្នរស់នៅភូមិឆ្អឹងពស់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។ យ៉ុង មានបងប្អូនចំនួន ៣ នាក់ ហើយកាលពីវ័យកុមារភាព យ៉ុង មិនធ្លាប់បានចូលរៀននោះទេ។

កាលពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ ១៩៧៥ ស្ថានភាពគ្រួសាររបស់យ៉ុង បានជួបប្រទះការលំបាកដោយសារតែពេលនោះគាត់ និងប្តី មិនសូវមានពេលរកស៊ី និងប្រកបរបរធ្វើស្រែ ព្រោះត្រូវគេចពីការទម្លាក់គ្រាប់បែក រត់ចូលព្រៃ ឬរណ្តៅលេណដ្ឋានជាញឹកញាប់។ ថ្វីត្បិតតែការទម្លាក់គ្រាប់នៅឆ្ងាយពីភូមិក៏ពិតមែន ហើយមិនបានធ្វើឲ្យមនុស្សស្លាប់ក៏ដោយ ក៏យ៉ុង និងអ្នកភូមិភាគច្រើនមានភាពភ័យខ្លាច ហើយនាំគ្នារត់គេច ។ យ៉ុង បានរៀបការប្តីតាំងពីរបបសង្គមរាស្ត្រនិយមមកម្លោះដែលការរៀបការគឺមានលក្ខណដូចគ្នាទៅនឹងពិធីមង្គលការនាបច្ចុប្បន្ន​ហើយពេលខ្មែរក្រហមឡើងកាន់អំណាច យ៉ុង មានកូនចំនួនពីរនាក់។

នៅថ្ងៃទី១៧ មេសា ១៩៧៥ ពេលខ្មែរក្រហមបានឡើងកាន់អំណាចទាំងស្រុងនៅទូទាំងប្រទេស យ៉ុង មានអាយុប្រហែលជាង ៤០ឆ្នាំ។ ខ្មែរក្រហមបានប្រើ យ៉ុង ឲ្យធ្វើការងារជាអ្នករែកជី, បុកស្រូវ, កិនស្រូវ និងច្រូតស្រូវ ព្រោះ យ៉ុង មានផ្ទៃពោះទើបកន្លែងធ្វើការងាររបស់គាត់គឺនៅជិតៗភូមិ មិនបានចល័តទៅធ្វើការនៅកន្លែងឆ្ងាយដូចប្តីគាត់នោះទេ។ ខ្មែរក្រហមតម្រូវឲ្យធ្វើការចាប់ពីម៉ោង៧ ព្រឹក រហូតដល់ម៉ោង១១ ថ្ងៃត្រង់ ទើបឲ្យសម្រាកហូបបាយ ហើយបន្តធ្វើការរហូតដល់ម៉ោង៥ ល្ងាច។ ពេលខ្លះអង្គការបានបន្ថែមការងារនៅពេលយប់បន្តទៀត ដោយឲ្យទៅស្ទូងពេលយប់ទាំងមេឃងងឹត។ ការហូបចុកមិនបានគ្រប់គ្រាន់នោះទេដោយមួយថ្ងៃ យ៉ុង ទទួលបានរបបអាហារពីរពេល ហើយក្នុងមួយពេលមានតែបបរតែមួយកូនចានតូចប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណា ប្រសិនបើធ្វើការងារធ្វើមិនគ្រប់តាមផែនការ អង្គការនឹងកាត់បន្ថយរបបអាហារ ឬមិនផ្តល់ឲ្យតែម្តង​។ ក្នុងសម័យខ្មែរក្រហម យ៉ុង ធ្លាប់ឈឺ ហើយអង្គការបានបញ្ជូនទៅសម្រាកនៅពេទ្យ ប៉ុន្តែថ្នាំសម្រាប់ព្យាបាលមានតែ “ថ្នាំអាចម៍ទន្សាយ” ដែលផ្សំពីឬសឈើ, ស្លឹកឈើ រួចរុញជាដុំតូចៗហាលថ្ងៃ។ ក្នុងសម័យនោះ ពុំមានគ្រូពេទ្យត្រឹមត្រូវទេ មានតែយាយតាចាស់ៗក្នុងភូមិ ជាអ្នកដើរផ្សំថ្នាំសម្រាប់ព្យាបាល។

យ៉ុង ក៏ធ្លាប់ឃើញខ្មែរក្រហមរៀបការឲ្យយុវជន-យុវនារី ជាក្រុមៗ ដែលមានចាប់ពី១៥គូ ឡើងទៅ។ ប្តី-ប្រពន្ធ មួយចំនួនត្រូវបានខ្មែរក្រហមបង្ខំឲ្យរៀបការ ហើយពិធីរៀបការគឺគូស្វាមីភរិយាត្រូវឡើងប្ដេជ្ញាចិត្តទទួលគ្នាជាប្ដីប្រពន្ធ ទោះបីជាមិនធ្លាប់ស្រឡាញ់គ្នាពីមុនមកក៏ដោយ។ យ៉ុង ធ្លាប់ឮគេនិយាយថា ទាហានខ្មែរក្រហមបានប្រើប្រជាជនឲ្យកម្ទេចវត្តអារាម ដោយខ្មែរក្រហមបានដាក់ផែនការឲ្យប្រធានភូមិឆ្នឹងពស់ ជាអ្នកប្រាប់បន្តទៅប្រជាជនឲ្យវាយព្រះ​ពុទ្ធ​រូបទម្លាក់ក្នុងទឹកស្រះ និងបំផ្លិចបំផ្លាញព្រះវិហារ ជាដើម។ ព្រះសង្ឃត្រូវបានចាប់ផ្សឹកយកទៅធ្វើជាទាហាន និងមួយចំនួនទៀតត្រូវខ្មែរក្រហមសម្លាប់ចោល។ ចំណែកបរិវេណវត្តអារាម ត្រូវបានខ្មែរក្រហមយកទៅធ្វើជាកន្លែងផលិតជីសម្រាប់កសិកម្ម។ លើសពីនេះទៀត យ៉ុង បានឃើញខ្មែរក្រហមនាំទាហាន លន់ នល់ ទៅសម្លាប់ដោយកុហក់ថាយកទៅធ្វើការងារ ឬថាយកទៅរៀនសូត្ររួចក៏យកទៅបាត់ដំណឹងរហូត​មក។

ក្រោយរបបខ្មែរក្រហមដួលរលំ យ៉ុង បានត្រលប់មកធ្វើការងារធ្វើស្រែ និងមើលគោនៅស្រុកកំណើតវិញ។ យ៉ុង មានអារម្មណ៍ស្អប់ខ្ពើមរបបខ្មែរក្រហមណាស់ដោយសាររបបនោះបានប្រើគាត់ឲ្យធ្វើការងារគ្មានពេលសម្រាក ហើយគ្មានអាហារហូបចុកគ្រប់គ្រាន់។  បច្ចុប្បន្ន យ៉ុង មានបញ្ហាសុខភាពទ្រុឌទ្រោម ពិបាកធ្វើដំណើរទៅណាមកណាឆ្ងាយៗដោយសារតែឈឺចង្កេះ, ឈឺចុកចាប់ដងខ្លួន និងជើង៕

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin