ក្នុងរបបខ្មែរក្រហមមិនមានការអប់រំ
(ស្វាយរៀង) ៖ ព្រាប ពុត ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងរបបខ្មែរក្រហម ពុត នៅជាវ័យកុមារមិនទទួលបានការអប់រំ និងអាហារូបត្ថម្ភត្រឹមត្រូវ និងគ្រប់គ្រាន់សម្រាប់ការលូតលាស់ក្នុងនាមជាកុមារនោះទេ។
ពុត នៅចាំបានថា ពេលខ្មែរក្រហមទទួលជ័យជំនះលើរបប លន់ នល់ នៅស្រុកភូមិរបស់គាត់មានភាពច្របូកច្របល់ខ្លាំងដោយសារគ្មានរដ្ឋអំណាចគ្រប់គ្រងច្បាស់លាស់។ ពុត បានឃើញខ្មែរក្រហមប្រមូលទ្រព្យសម្បត្តិមានតម្លៃ និងរបស់របរប្រើប្រាស់ផ្សេងៗទុកក្នុងសហករណ៍។ ចំណែកផ្ទះធំៗរបស់ប្រជាជនត្រូវបានរុះរើដើម្បីយកឈើទៅសង់ផ្ទះតូចៗសម្រាប់ប្រជាជនណាគ្មានផ្ទះ ឬទើបតែជម្លៀសមក។ ពុត រៀបរាប់ថា ខ្មែរក្រហមបានលុបបំបាត់អ្នកមាន អ្នកក្រ ដើម្បីឲ្យប្រជាជនទាំងអស់រស់នៅស្មើភាពគ្នា និងត្រូវលើកភ្លឺស្រែ និងជីកប្រឡាយដូចគ្នា។ ប្រជាជនតម្រូវឲ្យហៅគ្នាទៅវិញថា«សមមិត្ត»។
ក្រៅពីមិនទទួលបានការសិក្សាអប់រំ ពុត និងកុមារប្រមាណ១០០នាក់ផ្សេងទៀត ត្រូវកាប់ដើមទន្ទ្រានខេត្ត និងឃ្វាលគោ ក្របី ដើម្បីទទួលបានរបបអាហារ អង្ករប្រំាពីរកំប៉ុងសម្រាប់មួយពេល ពីរដងក្នុងមួយថ្ងៃ។ ពុត ឲ្យដឹងថារបបអាហារមិនគ្រប់គ្រាន់ទេសម្រាប់គាត់ និងកុមារដទៃទៀត។
ក្នុងរបបខ្មែរក្រហម ពុត បានឃើញរណ្តៅសម្លាប់មនុស្សស្ថិតនៅខាងលិចវត្តកំពង់អំពិល រណ្តៅនេះគេបានវាយទម្លាក់មនុស្សដែលជាប្រជាជនស្លូតត្រង់ ដែលត្រូវបានចោទថា ជាខ្លាំងប្រឆាំងនឹងអង្គការ។
អង្គការជាអ្នករៀបចំអាពាហ៍ពិពាហ៍ ដោយគ្មានសិទ្ធប្រកែកទេ និងអ្នកដែលជំទាស់ត្រូវបានសម្លាប់ចោល។ ពុត ប្រាប់ថា ពេលយប់មានឈ្លបខ្មែរក្រហមដើរស្តាប់តាមផ្ទះប្រជាជន។ ខ្មែរក្រហមបានប្រាប់ប្រជាជនថា ពេលដេកគឺត្រូវតែដេក ហាមនិយាយគ្នា ឬត្អូញត្អែររអ៊ូរទាំច្រើន។
ពុតបាននិយាយថា៖ «ឲ្យតែឈ្លបដឹងថា គ្រួសារណានិយាយគ្នាមិនល្អពីអង្គការដឹងតែយកទៅសម្លាប់ចោល។ការសម្លាប់គឺនឹងត្បូងចប ឬបាញ់នឹងកំាភ្លើង រួចទម្លាក់ចូលក្នុងរណ្តៅ។ ប្រសិនបើមានសមាជិកគ្រួសារណាហ៊ានយំតវ៉ាត្រូវសម្លាប់ចោលទាំងគ្រួសារ»។
ពុត រៀបរាប់ថាក្នុងរបបខ្មែរក្រហមក៏មានឈ្លបខ្លះល្អដែរ ដោយបានជួយលាក់អ្នកដែលជម្លៀសមកពីភ្នំពេញ ឬអ្នកជាប់និន្នាការរបបចាស់។ ជាក់ស្តែងឪពុករបស់ខ្លួន ដែលជាកងសន្តិសុខបានលាក់ប្រវត្តិអ៊ំប្រុសម្នាក់(ភ្លេចឈ្មោះ) ដែលត្រូវយកទៅសម្លាប់ប៉ុន្តែឪពុកគាត់ជួយលាក់ទើបមានជីវិតរស់។
ក្រោយមក ពុត និងគ្រួសារត្រូវបានជម្លៀសពីស្រុករមាសហែក ខេត្តស្វាយរៀង ទៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដល់ទីនោះអ្នកគ្រប់គ្រងសហករណ៍មិនទាន់បានបែងចែកការងារឲ្យធ្វើផងស្រាប់តែកងទ័ពរំដោះវៀតណាមបានវាយចូលកន្លែងគាត់រស់នៅ ហើយខ្មែរក្រហមក៏រត់គេចខ្លួន ប្រជាជនទទួលបានសិទ្ធិសេរីភាព។
ពុត និងគ្រួសារបានធ្វើដំណើរដោយថ្មើរជើងត្រឡប់មករស់នៅខេត្តស្វាយរៀងវិញរហូតដល់សព្វថ្ងៃ។
បច្ចុប្បន្ន ពុត មានជំងឺប្រចាំកាយគឺជំងឺឈឺសន្លាក់។
សម្ភាសន៍ដោយ ព្រាប ច័ន្ទពិសី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង