ព្រាប សារី ចូលធ្វើបដិវត្តន៍ដោយសារប្រទេសមានសង្គ្រាម

ក្នុងឆ្នាំ១៩៧០ ព្រាប សារី បានចូលធ្វើបដិវត្តន៍ជាមួយរបបខ្មែរក្រហម និងបានស្ម័គ្រចិត្ដឃោសនា អំពីមាគ៌ាបក្សដោយធ្វើចលនាដើម្បីឲ្យយុវជនយុវនារីចេះស្រឡាញ់បដិវត្ដន៍។ មូលហេតុដែលគាត់គាំទ្របដិវត្តន៍មកពីយល់ឃើញផ្ទាល់ខ្លួនថា ទី១-កម្មសិទ្ធិសមូហភាពល្អជាងឯកជន ទី២-មានកំហឹងឈឺចាប់ចំពោះប្រទេសជិតខាងដែលចង់វាតទីលេបយកទឹកដី ទី៣-ប្រទេសមានសង្គ្រាម និងការទម្លាក់គ្រាប់បែកធ្វើឲ្យប្រជាជនស្លាប់ និងរងរបួស​។[1] តាមរយៈវគ្គអប់រំអង្គការបានបង្រៀនគាត់ថា បដិវត្តន៍គឺមានន័យថាធ្វើដើម្បីឆ្ពោះទៅមុខនិងរីកចម្រើនលឿន ខុសពីអ្វីដែលកំពុងមាននាពេលបច្ចុប្បន្ន។

ក្នុងរបបខ្មែរក្រហមគាត់ជាកងចល័តនារីភូមិដែលធ្វើការនៅតំបន់ប្រសូត ក្នុងខេត្តស្វាយរៀង​។ ក្រោយមកគាត់ត្រូវបានផ្លាស់ទៅធ្វើជាកម្មករចម្ការអំពៅស្ថិតនៅស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម នៅទីនោះ​គាត់ក៏ធ្លាប់ជួប សោ ភឹម លេខាភូមិភាគបូព៌ាដែលចុះទៅមើលការខុសត្រូវនៅចំការនោះ។ បន្ទាប់មកគាត់ត្រូវបានផ្លាស់ទៅភ្នំពេញធ្វើការនៅរោងចក្រតម្បាញក្រណាត់នៅទួលគោក និងមន្ទីរពេទ្យកុមារ​ក្បែរស្ថានទូតបារាំង ដែលប្រធានមន្ទីរពេទ្យឈ្មោះ នារីមិញ ជាកូនស្រី អៀង សារី រដ្ឋមន្រ្តីក្រសួងការបរទេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ចុងក្រោយគាត់ត្រូវអង្គការផ្លាស់ទៅលត់ដុំឲ្យវាយថ្មភ្នំដោយគ្មានពេលសម្រាក ដោយ​សារ​តែគាត់មានស្រុកកំណើតនៅខាងភូមិភាគបូព៌ាដែលមាន សោ ភឹម ត្រូវចោទប្រកានថាក្បត់នឹងអង្គការ បានចូលដៃជាមួយវៀតណាម។

ខាងក្រោមនេះគឺជាប្រវត្តិសង្ខេប និងដំណើរជីវិតរបស់ ព្រាប សារី ដែលបានរស់នៅឆ្លងកាត់របប​ខ្មែរក្រហមក្នុងនាមជាកម្មាភិបាលថ្នាក់ក្រោមម្នាក់ដែលធ្លាប់ចូលរួមធ្វើបដិវត្តន៍៖

ព្រាប សារី បច្ចុប្បន្នអាយុ៧១ឆ្នាំ មានស្រុកកំណើត និងរស់នៅភូមិព្រៃឈើទាល ឃុំជ្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។​ សារី មានកូនប្រាំមួយនាក់។ ប្តី ស្លាប់កាលពីឆ្នាំ១៩៩៥។ កាលពីកុមារភាពគាត់ចូលរៀននៅសាលាជ្រៃធំបានត្រឹមថ្នាក់ទី៩ (សង្គមចាស់) បានឈប់រៀនដោយសារតែឪពុកម្តាយគាត់ចាស់ៗគ្មានអ្នកជួយធ្វើស្រែ។[2]

នៅឆ្នាំ១៩៧០ មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅភូមិកំណើតរបស់គាត់មានសង្គ្រាមកើតឡើងគឺចលនាខែ្មរក្រហម និងទាហាន លន់ នល់ ច្បំាងគ្នាផ្លោងគ្រាប់បែកដាក់គ្នា និងមានយន្ដហោះទម្លាក់គ្រាប់បែកធ្វើឲ្យឆាបឆេះផ្ទះប្រជាជន និងសម្លាប់ជនស៊ីវិល។ គាត់ឃើញនៅក្នុងភូមិមានភាពច្របូកច្របល់ មានទាហានយួន មានទាហានយួនធៀវគី មានទាហានយួនវៀតកុង មានទាហាន លន់ នល់ និងខាងចលនារបស់ខែ្មរក្រហម​។ ក្នុងឆ្នាំនោះគាត់បានចូលបដិវត្តន៍នៅភូមិឈើទាល ឃុំជ្រៃធំ តាមរយៈសមមិត្តបងសារុំ ដែលជាគណៈកងធំប្រចាំក្នុងឃុំជ្រៃធំ។[3] ក្រោយមកគាត់បានទៅធ្វើការឃោសនាក្នុងភូមិឃុំដើម្បីឲ្យយុវជនយុវនារីស្រឡាញ់ និងចូលរួមជាមួយចលនាបដិវត្ដន៍។

នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាចអង្គការបានឲ្យគាត់ធ្វើការងារជាកងចល័តស្រុកប្រសូត្រដែលមាន សារ៉ា ជាប្រធានកងនារីក្នុងការដឹកនាំកម្លាំងរាប់រយនាក់ចុះលើកទំនប់ជីក​ប្រឡាយ​។ ចំណែក ម្តាយ និងបងស្រី អង្គការប្រើឲ្យស្ទូងស្រូវក្នុងក្រុមនៅតាមមូលដ្ឋាន។ ឪពុកមានវ័យចំណាស់ត្រូវនៅធ្វើការស្រាលៗនៅផ្ទះ។

នៅឆ្នាំ១៩៧៦ សមមិត្ត សារុំ គណៈកងធំប្រចាំឃុំជ្រៃធំ បានស្នើផ្លាស់ប្តូរ សារី និងកងចល័តប្រាំនាក់ទៀតឲ្យទៅធ្វើការនៅចម្ការអំពៅ កប្បាស និងសណ្តែក នៅឃុំវិហារលួង ស្រុកត្បូងឃុំ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ សារី ទទួលតួនាទីជាគណៈកងតូចនៅអង្គភាពចម្ការអំពៅរដ្ឋភូមិភាគបូព៌ា។ ចម្ការអំពៅមានដីរាប់ពាន់ហិចតានៅក្នុងតំបន់២២ ប្រធានឈ្មោះលីន ជាអ្នកគ្រប់គ្រងចាត់ចែងឲ្យដាំអំពៅ។ កម្មករអាចហូបបាន អង្គការមិនថាអីទេកុំឲ្យតែលួច។ ចម្ការនោះក្រៅពីដាំអំពៅក៏មានដាំសណ្តែក និងកប្បាស កម្មករប្រមាណជា៥០០នាក់ធ្វើការនៅទីនោះ​។ ពេលប្រមូលផលអំពៅគឺមានម៉ាស៊ីនគៀបទឹកយកទៅរំងាស់ធ្វើស្ករ និងមានឡានដឹកចេញផ្គត់ផ្គងទៅខាងក្រសួង និងមន្ទីរ។ ដោយឡែកកប្បាស និងសណ្តែកត្រូវ​បានដឹកចេញ​ដោយមិនបានកែច្នៃ។ អំឡុងពេលធ្វើការគាត់ធ្លាប់ឃើញ សោ ភឹម និងប្រពន្ធដែលគេប្រាប់ថាឈ្មោះយាយការូបានមកមើលការដាំដុះនៅទីនោះ។

នៅឆ្នាំ១៩៧៨ អង្គការបានចុះទៅជ្រើសរើសយកនារី៨០នាក់ឲ្យមកធ្វើការងារនៅភ្នំពេញ។ សារីក៏ស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវបានជ្រើសរើសនោះផងដែរ។ គាត់ត្រូវជិះកប៉ាល់ពីខេត្ដកំពង់ចាមរយៈពេលមួយយប់មួយថ្ងៃ និងដល់កណ្តាលអាធ្រាតទើបធ្វើដំណើរដល់ទន្លេបួនមុខ នៅមុខព្រះបរមរាជវាំង ហើយបានឡើងឡានមកសម្រាកនៅចំការមនមួយសប្តាហ៍ទើបអង្គការបញ្ជូនទៅធ្វើការងារតាមរោងចក្រផ្សេងៗ។ សារី ត្រូវបានអង្គការចាត់តាំងឲ្យធ្វើជាប្រធានក្រុមផ្នែកជ្រលក់កំណាត់នៅក្នុងរោងចក្រតម្បាញនៅម្ដុំទួលគោក។ គាត់ និងក្រុមដែលមានគ្នា១៥នាក់ ត្រូវជ្រលក់កំណាត់ពណ៌សឲ្យទៅជាពណ៌ខ្មៅទាំងអស់។ ការជ្រលក់ពណ៌នៅពេលនោះ​គឺជ្រលក់ជាមួយលក្សពណ៌ដែលខុសពីនៅតាមភូមិជ្រលក់ជាមួយផ្លែមាក់ក្លឿ។ គាត់ទទួលបានរបបអាហារហូបចុកគ្រប់គ្រាន់គឺបានបាយបីពេល និងរៀងរាល់ថ្ងៃអាទិត្យមានបង្អែមថែមទៀត។ ការងារពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ និងថ្ងៃសៅរ៍ និងអាទិត្យ ប្រធានរោងចក្រតម្បាញឈ្មោះ រី បានយកឡានដឹក​គាត់ និងកម្មករដទៃទៀតទៅ បឹងទំពន់ និងព្រែកឯង ដើម្បីឲ្យដាំដំណាំផ្សេងៗសម្រាប់យកមកផ្គត់ផ្គងអ្នកធ្វើការនៅរោងចក្រតម្បាញ។ គាត់ធ្លាប់បានសុំប្រធានរោងចក្រតម្បាញដើម្បីមកលេងផ្ទះប៉ុន្តែមិនទទួលបានការអនុញ្ញាត។

សារី ធ្វើការនៅរោងចក្រតម្បាញបានបីខែអង្គការក៏បញ្ជូនឲ្យមកធ្វើការងារនៅក្នុងមន្ទីរពេទ្យ ជិតស្ថានទូតបារាំងដោយឲ្យមើលថែទំាកុមារក្រោមអាយុ១០ឆ្នាំ។ ចំណែកអ្នកផ្សេងៗទៀតនៅបន្តការងារនៅរោងចក្រតម្បាញនោះដដែល។ គាត់មានចម្ងល់ពីការផ្លាស់ប្តូរនេះប៉ុន្តែមិនហ៊ានសួរនាំអង្គការ។ កេ្មងទាំងអស់នោះគាត់មិនដឹងមកពីខាងណាទេគ្រាន់តែដឹងថាមួយចំនួនជាកូនចៅអ្នកធំ។ ការងាររបស់គាត់គឺត្រូវ មើលថែ ផ្តល់អាហារ និងថ្នាំ។ នៅមន្ទីរពេទ្យមានកុមាររាប់ពាន់នាក់ស្នាក់​នៅ និងព្យាបាលជំងឺ។ គ្រូពេទ្យធ្វើការនៅទីនោះប្រាប់គាត់ថាប្រធានមន្ទីរពេទ្យជាកូនរបស់ អៀង សារី ឈ្មោះ នារីមិញ។ អៀង សារី ដែលជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសក្នុងរបបនោះតែងតែមកមើលក្មេងៗ និងបានផ្តាំផ្ញើគ្រូពេទ្យឲ្យយកចិត្តទុកដាក់មើលថែ និងព្យាបាលកុមារ។ ពេល អៀង សារី មកមានអង្គរក្សច្រើននាក់ និងកាន់អាវុធតាមការពារ។

សារី ធ្វើការនៅមន្ទីរពេទ្យបានរយៈពេលខ្លី ព្រោះអង្គការស្រាវជ្រាវឃើញថា គាត់ និងអ្នកផ្សេងទៀតប្រមាណ៣០នាក់ មានស្រុកកំណើតនៅខាងភូមិភាគបូព៌ា[4] អង្គការក៏បានដកទៅលត់ដុំឲ្យទៅវាយថ្មភ្នំនៅស្រុកកំពង់ត្រាច ខេត្តកំពត ភូមិភាគនិរតី។

ការដ្ឋាននេះគ្រប់គ្រងដោយ តាធឹក មានកម្មករធ្វើការប្រមាណជា៣០០នាក់ មានប្រុសមានស្រី ចែកចេញជាក្រុមវាយថ្ម ក្រុមជីកថ្ម ក្រុមដុតថ្ម និងក្រុមប្រមូលថ្ម។ សារី និយាយថាថ្មដែលកម្មករវាយបានដែលជាថ្មកំបោរអង្គការបានដឹកយកទៅកិនធ្វើស៊ីម៉ង់។ គាត់ធ្លាប់ឃើញជនជាតិចិនធ្វើការនៅការដ្ឋាននោះផ្នែកខាងពិសោធន៍ថ្មប៉ុន្តែឃើញតែរយៈពេលខ្លីប៉ុណ្ណោះព្រោះគាត់នៅផ្នែកផ្សេង។ ធ្វើការនៅការដ្ឋានវាយថ្មមានការលំបាកព្រោះគាត់ត្រូវជញ្ជូន និងលីថ្មក្រោមអាកាសធាតុក្តៅខ្លាំង ថ្ងៃខ្លះត្រូវបន្ថែមម៉ោងធ្វើ​ការតាំងពីម៉ោង៥ព្រឹករហូតដល់ម៉ោង១២យប់ សម្រាកបានតែពេលហូបបាយប៉ុណ្ណោះ​។ គាត់មិនដែលឃើញអ្នកនៅការដ្ឋានត្រូវបានធ្វើទារុណ​កម្ម ឬសម្លាប់នោះទេ។​

ឆ្នាំ១៩៧៩ មានកងរណសិរ្សរំដោះជាតិ និងកងទ័ពវៀតណាមបានវាយចូលការដ្ឋានវាយថ្ម។ សារី និងកម្មករជាច្រើននាក់បាននាំគ្នារត់ចូលពៃ្រព្រោះខ្លាចកងទ័ពវៀតណាមចាប់បានវះពោះច្រកស្មៅដូចពាក្យអាចាមអារាម។ គាត់ និងកម្មករបាននាំគ្នារត់ឡើងភ្នំកំចាយ និងបន្តទៅភ្នំបូកគោ នៅពេលជួបកងទ័ពវៀតណាមចាប់បានក៏ឲ្យត្រឡប់មករស់នៅស្រុកកំណើតវិញ។

ពេលចូលធ្វើបដិវត្តន៍ដំបូង សារី មានការពេញចិត្តចំពោះការដឹកនាំ និងមាគ៌ារបស់បក្ស។ គាត់យល់ថាមានតែការការធ្វើបដិវត្តន៍ទេដែលអាចធ្វើឲ្យមានការផ្លាស់ប្តូរស្ថានភាពរស់នៅរបស់ប្រជាជនដែលកំពុងជួបប្រទះទៅជាសន្តិភាព ភាពរីកចម្រើន និងសម្បូរសប្បាយ។ អំឡុងពេលធ្វើបដិវត្តន៍ និងក្រោយពេលរបបខ្មែរក្រហមដួលរលំ​ ទើបគាត់ស្តាយក្រោយ និងខកចិត្តចំពោះការចូលរួមរបស់គាត់។

អត្ថបទដោយ អេង សុខម៉េង

ឯកសារយោង៖

[1] មជ្ឈមណ្ឌលឯកសារកម្ពុជា, ចម្លើយសារភាព I08285, ទំព័រទី៣

[2] មជ្ឈមណ្ឌលឯកសារកម្ពុជា, បទសម្ភាសន៍ដោយ ផាន់ សុជា ក្នុងគម្រោងការជំរុញឲ្យមានការទទួលខុសត្រូវ ឆ្នាំ២០០៥ (Promoting Accountability) SVI00១១

[3] មជ្ឈមណ្ឌលឯកសារកម្ពុជា, ចម្លើយសារភាព I08285, ទំព័រទី៣

[4] យោងតាមសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) និពន្ធដោយ ឌី ខាំបូលី នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ឆ្នាំ២០០៧ ទំព័រទី២៨ និងទំព័រទី២៩ «ភូមិភាគបូព៌ា ​ដឹកនាំដោយ សោ ភឹម ដែលធ្វើអត្តឃាតនៅខែឧសភា ឆ្នាំ១៩៧៨។ ភូមិភាគនេះរួមមានខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូល ផ្នែកខ្លះនៃខេត្តកំពង់ចាម ដែលស្ថិតនៅត្រើយខាងកើតទន្លេមេគង្គទាំងអស់ និងកាត់ចេញពីស្រុកមួយក្នុងខេត្តក្រចេះគឺស្រុកឆ្លូង និងកាត់យកស្រុកខ្លះពីខេត្តកណ្តាលដែលរួមមានស្រុកខ្សាច់កណ្តាល ល្វាឯម និងមុខកំពូល។ ភូមិភាគនេះចែកចេញជាប្រាំតំបន់ដែលរួមមានតំបន់២០ តំបន់២១ តំបន់២២ តំបន់២៣ និងតំបន់២៤។ បន្ទាប់មកប្រជាជន និងកម្មាភិបាលខ្មែរក្រហមជាច្រើននាក់ត្រូវបានសម្លាប់ និងតាមដានថាតើអ្នកទាំងនោះមានជាប់ពាក់ព័ន្ធជាប់ខ្សែរយៈជាមួយវៀតណាមឬយ៉ាងណា»

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin