ព្រាប យេង៖ រៀបរាប់អំពីរឿងរ៉ាវជីវិតក្នុងរបបខ្មែរក្រហម និងស្ថានភាពសុខភាពបច្ចុប្បន្ន

ព្រាប យេង រស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។

ខ្ញុំឈ្មោះ ព្រាប យេង ភេទប្រុស អាយុ ៥៩ឆ្នាំ ខ្ញុំកើតក្នុងឆ្នាំ ១៩៦៦។ ទីកន្លែងកំណើតស្ថិតក្នុងភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកអង្គរជ័យ ខេត្តកំពត។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងភូមិបាក់នឹម ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត។ ឪពុកឈ្មោះ ព្រាប លី (ស្លាប់) ម្ដាយឈ្មោះ អឹម កូវ (ស្លាប់) ខ្ញុំមានបងប្អូនចំនួន៦នាក់ ស្រី២នាក់។ កាលពីកុមារភាពខ្ញុំបានចូលរៀននៅឆ្នាំ ១៩៨០ ខ្ញុំរៀននៅសាលាភូមិដើមពោធ៍ ក្នុងឆ្នាំនោះខ្ញុំមានអាយុប្រហែល ១៤ឆ្នាំទើបត្រូវចូលរៀនថ្នាក់ទី៤ តែម្ដង តែខ្ញុំត្រូវឈប់រៀននៅឆ្នាំ ១៩៨១ បន្ទាប់ពីបានឈប់រៀនហើយខ្ញុំបានមកជួយមើលប្អូនៗ និងបានធ្វើការខ្លះៗជាមួយឪពុកម្ដាយ។

សព្វថ្ងៃ ខ្ញុំមានជំងឺប្រចាំកាយដូចជា ជំងឺសន្លាក់ដៃ សន្លាក់ជើង ជំងឺងងឹតភ្នែក ជំងឺក្រពះពោះវៀន។​ កត្តាដែលធ្វើឱ្យខ្ញុំកើតមានជំងឺខាងលើនេះគឺបណ្តាលមកពីមូលហេតុដូចជា​ កាលខ្ញុំនៅពីកុមារភាពប្រទេសស្ថិតក្នុងសង្គ្រាម កង្វះអាហាររូបត្ថម្ភ ការហូបចុកមិនគ្រាប់គ្រាន់ រហូតមកដល់ពេលបច្ចុប្បន្ននេះខ្ញុំមានអាយុកាន់តែច្រើនផងដែរ។  សព្វថ្ងៃនេះខ្ញុំមិនបានទៅព្យាបាលជំងឺឆ្ងាយនោះទេ ខ្ញុំបានព្យាបាលនៅក្នុងភូមិស្រុកដែលខ្ញុំរស់នៅ ក្រុមគ្រូពេទ្យបានប្រើប្រាស់ថ្នាំចាក់ និងថ្នាំលេបជូនខ្ញុំ។ ឆ្នាំ​២០២៣ ក្រុមការរបស់មជ្ឈមណ្ឌលឯកសារ​កម្ពុជាបាន អញ្ជើញក្រុមគ្រូពេទ្យជំនាញចុះមកពិនិត្យសុខភាពជូនអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិបាក់នឹម ពេលនោះ ខ្ញុំក៏បានចូលរួមក្នុងកម្មវិធីពិនិត្យសុខភាពដែលរៀបចំ ដោយក្រុមការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ថែមទាំងមានការចែកជូនកូនសៀវភៅ សុខភាព ដែលមានរៀបរាប់អំពីជំងឺទាំង១០ប្រភេទ ក្នុងសៀវនោះផ្តល់សារប្រយោជន៍ចំនេះដឹងអំពីសុខភាពជាច្រើនដល់រូបខ្ញុំនិងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅក្នុងភូមិ។ ក្នុងចំណោមជំងឺទាំង១០ប្រភេទនេះ ខ្ញុំបានកើតជំងឺ២ប្រភេទប្រចាំរាងកាយរបស់ខ្ញុំ។

ស្ថិតក្នុងឆ្នាំ ១៩៧៥ កើតមានរបបមួយ គឺរបបកម្ពុជាប្រជាធិបតេយ្យ ដែលប្រជាជនភាគច្រើនស្គាល់ថាជារបប ខ្មែរក្រហម ដែលបានសម្លាប់មនុស្សអស់ជាច្រើនអ្នក។ ខ្មែរក្រហមចុះមកដល់ភូមិស្រុកដែលខ្ញុំរស់នៅក្នុងឆ្នាំ ១៩៧៥ អ្នកភូមិខ្ញុំខ្លះត្រូវបានខ្មែរក្រហមជ្រើសរើសជាឈ្លបតាមភូមិ អ្នកខ្លះធ្វើជាទាហាន អ្នកខ្លះត្រូវបានខ្មែរក្រហមឲ្យចូលជាកងចល័ត ក្មេងៗត្រូវបានខ្មែរក្រហមយកចូលជាកងកុមារ។ ក្នុងរបបខ្មែរក្រហមនេះផងដែរខ្ញុំត្រូវបានខ្មែរក្រហមយកចូលជាកងចល័តដោយខ្មែរក្រហមប្រើខ្ញុំឲ្យរែកដីនៅស្រុកព្រៃកប្បាស់ និងភ្នំបូរី ខេត្តតាកែវ ហើយពេលនោះខ្ញុំក៏ជាប្រជាជនមូលដ្ឋានម្នាក់ផងដែរ ខ្មែរក្រហមបានប្រើ ឱ្យធ្វើការងារតាំងពីព្រឹកម៉ោងប្រមាណ ៦រហូតដល់ម៉ោង១២ ថ្ងៃត្រង់ទើបបានសម្រាកហូបបាយ បាយហើយប្រហែលម៉ោង១ ខ្មែរក្រហមឲ្យការបន្តទៀតដល់ម៉ោង ៦ល្ងាច។ បើនិយាយពីការហូបចុកក្នុងរបបខ្មែរក្រហមវិញគឺមិនសូវមានអាហារហូបចុកគ្រប់គ្រាន់នោះទេដោយខ្មែរក្រហមបានឲ្យហូប២ ពេលក្នុងមួយថ្ងៃប៉ុណ្ណោះ។ ជួនកាលខ្មែរក្រហមបានស្លសម្លរប្រលឹតតែមិនបានបកសំបកចេញនោះទេគឺស្លរទាំងសំបកឱ្យប្រជាជនហូប។ កាលពីរបបខ្មែរក្រហមខ្ញុំមានជំងឺម្ដង ដោយបានទៅព្យាបាលនៅស្រុកអង្គរបូរី បើនិយាយពីគ្រូពេទ្យខ្លះគឺមិនសូវយកចិត្តទុកដាក់ដល់ប្រជាជនដែលកំពុងឈឺនោះ ការកាប់សម្លាប់ក្នុងរបបខ្មែរក្រហម ខ្ញុំបានឃើញមានខ្មែរក្រហមមួយក្រុមដើរមកហៅប្រជាជនដែលកំពុងធ្វើការជាមួយខ្ញុំយកទៅតែខ្ញុំមិនដឹងថាខ្មែរក្រហមយក ទៅណានោះទេដឹងត្រឹមខ្មែរក្រហមយកគាត់ទៅរៀនសូត្រតែខ្ញុំមិនដែលឃើញមានអ្នកត្រឡប់មកវិញម្ដងណាទេ។ ជួនកាលខ្ញុំបានឃើញខ្មែរក្រហមធ្វើទារុណកម្មសម្លាប់មនុស្សដោយយកគល់ឫស្សីទៅវាយក្បាល់រួចទម្លាក់ក្នុងរណ្តៅដែលបានជីកទុករួចជាស្រាច។ បើនិយាយពីខ្មែរក្រហមបានបំផ្លាញទ្រព្យសម្បត្តិវប្បធម៍, វត្តអារាម, ផ្សឹកព្រះសង្ឃចោលទាំងអស់ដើម្បីយកមកធ្វើជាទាហានខ្លះយកទៅធ្វើជាកងចល័តជាដើម ខ្មែរក្រហមបានលុបបំបាត់ចោលប្រពៃណី ទំនៀម ទម្លាប់ទាំងអស់។ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ខ្ញុំបានធ្វើដំណើរមកដល់ភូមិស្រុកដែលខ្ញុំរស់នៅ និងបានចាប់យករបរជាកសិករ ធ្វើស្រែរហូតបច្ចុប្បន្ន។

ជាចុងក្រោយខ្ញុំសូមអរគុណដល់ក្រុមការងារមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានចុះមកសួរសុខទុក្ខដល់រូបខ្ញុំ និងសូមជូនពរឱ្យជួបតែសំណាងល្អជារៀងរហូត៕[1]

អត្ថបទដោយ ផាត ពន្លក


[1] ព្រាប យេង ៖ សម្ភាសន៍ផ្ទាល់មាត់,«សាច់រឿងសង្ខេបអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងអំពីស្ថានភាពជំងឺបច្ចុប្បន្ន» សម្ភាសន៍ដោយ ៖ ផាត ពន្លក នៅឆ្នាំ២០២៥,មជ្ឈមណ្ឌលសះស្បើយបាក់នឹម មជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តកំព

 

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin