ប្រជាជនខ្មែរមករស់នៅតំបន់ដែលកងទ័ពថៃរាយបន្លាលួសតាំងពីមិនទាន់កកើតភូមិ

នៅពេលថ្មីៗនេះមានព្រឹត្តិការណ៍រាយបន្លាលួសរបស់កងទ័ពថៃ នៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ព្រឹត្តិការណ៍នេះបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាជនស្លូតត្រង់ដែលកំពុងរស់នៅក្នុងភូមិជោគជ័យ។ ក្នុងនោះមានប្រជាជនចំនួន ៦គ្រួសារ ដែលជួបផលប៉ះពាល់ផ្ទាល់ដោយសារការហុំព័ទ្ធរាយបន្លាលួស ធ្វើឲ្យប្រជាជនទាំង៦គ្រួសារ បានបាត់បង់ដីស្រែចម្ការ និងផ្ទះសម្បែង។ ប្រជាជនទាំង៦គ្រួសារួមមាន៖ ទី១) គ្រួសារ តុល ដាវី ទី២) គ្រួសារ ចាន់ បូនី ទី៣) គ្រួសារ ស្រី ទាវ ទី៤) គ្រួសារ មាស សាវឿន ទី៥) គ្រួសារ អ៊ុន ដា និងទី៦) គ្រួសារ តុល សាវី។[1] ប្រជាជនដទៃទៀតត្រូវរងការគំរាមកំហែង និងបំភិតបំភ័យ។
(នៅជាជំរំ) រហូតកើតជាភូមិ
ប្រជាជនដែលរស់នៅក្នុងភូមិជោគជ័យបច្ចុប្បន្ន មួយភាគធំសុទ្ធសឹងតែជាប្រជាជនចាស់ ដែលរស់នៅតាំងពីមិនទាន់កកើតជាភូមិ (នៅជំរំ)។ ប្រជាជនពីដើមហៅភូមិជោគជ័យថា ជំរំណងចាន់ ឬជំរំជនភៀសខ្លួនណងចាន់ គ្រប់គ្រងដោយលោក ជា រិទ្ធីឈុត។[2] អង្គការសហប្រជាជាតិ (UNTAC) បានដាក់ឈ្មោះភូមិថាជោគជ័យ ក្នុងឆ្នាំ១៩៩២ ហើយមេភូមិដំបូងឈ្មោះ វឿន ជាទាហានប៉ារ៉ាប្រចាំនៅជំរំណងចាន់។[3] បច្ចុប្បន្នភូមិសាស្ត្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ[4] ត្រូវកងទ័ពថៃរំលោភបំពានដោយរាយបន្លាលួសកាត់យកដីស្រែចម្ការ និងផ្ទះសម្បែងប្រជាជនអស់ចំនួន ៦គ្រួសារ។ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥[5] រហូតដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ កងទ័ពថៃបានព្យាយាមយកលួសបន្លាមករាយបន្ថែមទៀត។[6]
ចាប់តាំងពីថ្ងៃដែលកងទ័ពថៃរាយបន្លាលួស ប្រជាជននៅក្នុងភូមិរស់នៅដោយទទួលរងការគំរាមកំហែង និងភាពភ័យខ្លាច។ ដោយសារខ្លាចកងទ័ពថៃរាយបន្លាលួសយកផ្ទះរបស់ប្រជាជន ដូចប្រជាជនទាំង៦គ្រួសារកន្លងមកដែរ និងខ្លាចកងទ័ពថៃរាយបន្លាលួសយកផ្ទះរបស់ខ្លួន ប្រជាជនទាំងអស់ត្រូវបង្ខំចិត្តរស់នៅតែផ្ទះ មិនហ៊ានចេញទៅធ្វើការ ឬរកស៊ីនៅទីឆ្ងាយៗឡើង។ សេដ្ឋកិច្ចក្នុងគ្រួសារនីមួយៗ ចាប់ផ្ដើមធ្លាក់ចុះយ៉ាងខ្លាំង ព្រោះបាត់បង់ប្រាក់ចំណូល ហើយម្យ៉ាងទៀតនៅក្នុងភូមិជោគជ័យអ្នកដែលពិបាកជាងគេគឺក្មេងៗ ព្រោះមិនបានទៅសាលារៀន ដោយសាលារៀនទាំងអស់ត្រូវបិទទ្វា។
អតីតទាហានប៉ារ៉ានៅជំរំណងចាន់ និងបច្ចុប្បន្នជាមេភូមិជោគជ័យ ឈ្មោះ (ប៉ែន រិទ្ធី)
ខ្ញុំឈ្មោះ ប៉ែន រិទ្ធី ភេទប្រុស អាយុ៦១ឆ្នាំ មានស្រុកកំណើតរនៅស្រុកសង្កែ ខេត្តបាត់ដំបង។ បច្ចុប្បន្នរស់នៅភូមិជោគជ័យ (អតីតជំរំណងចាន់) ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ខ្ញុំចេញពីស្រុកកំណើតមករកស៊ី និងរស់នៅជំរំណងចាន់ (បច្ចុប្បន្នជាភូមិជោគជ័យ) កាលពីឆ្នាំ១៩៨៩។ នៅឆ្នាំ១៩៩១ ខ្ញុំបានចូលធ្វើជាទាហានប៉ារ៉ា ប្រចាំនៅជំរំណងចាន់។ នៅឆ្នាំ១៩៩១ ដដែលខ្ញុំបានរៀបការប្រពន្ធ និងបានសង់ផ្ទះរស់នៅក្នុងជំរំណងចាន់ជាមួយប្រជាជនដទៃទៀតរហូតដល់ឆ្នាំ២០២១ ខ្ញុំ ត្រូវបានជ្រើសរើសជាមេភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សព្វថ្ងៃប្រជាជនរស់នៅភូមិជោគជ័យមានចំនួសរុប៧៣២គ្រួសារ ស្មើនឹង២,៥៥៤នាក់ (ស្រ្តីមានចំនួន ១,៣២២នាក់)។[7]
[1] ឈ្មោះទាំង ៦គ្រួសារទទួលបានពីបទសម្ភាសន៍ ឡុង ដានី ប្រធានមជ្ឈមណ្ឌលផ្សះផ្សាវាលវែង\មជ្ឈមណ្ឌឯកសារកោះថ្ម ជាមួយ ប៉ែន វុទ្ធី មេភូមិជោគជ័យ
[2] បទសម្ភាសន៍ ឡុង ដានី ប្រធានមជ្ឈមណ្ឌលផ្សះផ្សាវាលវែង\មជ្ឈមណ្ឌឯកសារកោះថ្ម ជាមួយ ឡៃ វរៈ
[3] ឈ្មោះទាំង ៦គ្រួសារទទួលបានពីបទសម្ភាសន៍ ឡុង ដានី ប្រធានមជ្ឈមណ្ឌលផ្សះផ្សាវាលវែង\មជ្ឈមណ្ឌឯកសារកោះថ្ម ជាមួយ ប៉ែន វុទ្ធី មេភូមិជោគជ័យ
[4] https://thmeythmey.com/detail/150457
[5] https://thmeythmey.com/detail/150457
[6] https://www.kampucheathmey.com/local-news/976047
[7] ឈ្មោះទាំង ៦គ្រួសារទទួលបានពីបទសម្ភាសន៍ ឡុង ដានី ប្រធានមជ្ឈមណ្ឌលផ្សះផ្សាវាលវែង\មជ្ឈមណ្ឌឯកសារកោះថ្ម ជាមួយ ប៉ែន វុទ្ធី មេភូមិជោគជ័យ
អត្ថបទដោយ ទាវ សម្ភស្ស

