ព្រំ ណៃ៖ ឪពុកនិងជីតាត្រូវបានខ្មែរក្រហមវាយសម្លាប់យ៉ាងព្រៃផ្សៃ

ព្រំ ណៃ[1] បានត្រឹមតែអាណិតឪពុក ដែលត្រូវបានខ្មែរក្រហមវាយសម្លាប់ដោយសារគាត់ជាអ្នកមានចំណេះចេះដឹងក្នុងរបប លន់ នល់។ ចំណែក ឯជីតាត្រូវបានខ្មែរក្រហមវាយធ្វើបាប និងបង្ខំឲ្យស៊ីស្លឹកអំពៅរហូតដល់ស្លាប់។ នេះជារឿងរ៉ាវដែល ណៃ បានចងចាំនិងមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហម។
ព្រំ ណៃ ភេទស្រី អាយុ៦៤ឆ្នាំ មានមុខរបរធ្វើស្រែចម្ការ។ បច្ចុប្បន្នរស់នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ណៃ មានស្រុកកំណើតនៅភូមិប្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ ម្តាយឈ្មោះ ព្រំ ឈៀក (ស្លាប់) ចំណែកឪពុកឈ្មោះ វ័រ សៀង (ស្លាប់) មានបងប្អូនចំនួន៨នាក់ (ប្រុស៥នាក់ និងស្រី៣នាក់)។ ណៃ គឺជាកូនទី១ក្នុងគ្រួសារ។ ស្វាមីរបស់ណៃ ឈ្មោះ ឡេង ភាព អាយុ៧៥ឆ្នាំ និងមានកូនចំនួន៧នាក់ (ស្រី៣នាក់ និងប្រុស៤នាក់)។
កាលវ័យកុមារ ណៃ មិនបានចូលរៀននោះទេ ពីព្រោះឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ។ ណៃ និងឪពុកម្តាយបានប្រកបមុខរបរធ្វើស្រែចម្ការក្នុងស្រុកកំណើតសម្រាប់ចិញ្ចឹមជីវិតរហូតដល់ឆ្នាំ១៩៧៣។
អំឡុងឆ្នាំ១៩៧៣ ណៃ មានអាយុប្រហែល១៣ឆ្នាំ បានចូលបដិវត្តន៍ជាមួយខ្មែរក្រហមដោយស្ម័គ្រចិត្ត។ ណៃ ចូលធ្វើជាពេទ្យក្នុងឃុំដងពែង។ ដោយសារតែមានវ័យក្មេងពេក ខ្មែរក្រហមបានឲ្យ ណៃ ធ្វើជាជំនួយការពេទ្យ។
នៅឆ្នាំ១៩៧៤ ណៃ ត្រូវបានខ្មែរក្រហមផ្លាស់ឲ្យមកធ្វើពេទ្យនៅមន្ទីរពេទ្យស្រុកស្រែអំបិលភូមិភាគ បស្ចិមវិញម្តង។ នៅពេលកងទ័ពខ្មែរក្រហមរងរបួសពេលវាយជាមួយទាហាន លន់ នល់ ណៃ បានជួយព្យាបាលកងទ័ពខ្មែរក្រហមដែលមានរបួសស្រាលៗ។ ក្នុងអង្គភាពមានពេទ្យប្រមាណជាង១០នាក់។ ណៃ មិនសូវមានពេលសម្រាកទេ ដោយសារតែពេទ្យមានតិច ហើយកងទ័ពត្រូវរបួសនិងមានជំងឺច្រើនត្រូវការព្យាបាលទាំងយប់ទាំងថ្ងៃ។ អ្នកស៊ើបការណ៍របស់ លន់ នល់ បានដឹងទីកន្លែងព្យាបាលរបស់ខ្មែរក្រហមក៏ជាកន្លែងពេទ្យរបស់ ណៃ ទាហាន លន់ នល់ បានបើកយន្តហោះមកទម្លាក់គ្រាប់បែកកម្ទេចទីស្នាក់ការពេទ្យរបស់ខ្មែរក្រហមនៅស្រុកស្រែអំបិល។ បន្ទាប់ពីបែកទីស្នាក់ការនៅស្រុកស្រែអំបិលអស់ហើយ មេកងបានប្ដូរ ណៃ មកនៅខាងភូមិបឹងព្រាវវិញ។
ក្រោយពីបែកទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ ក្រុមពេទ្យរបស់ ណៃ មានទីតាំងនៅភូមិបឹងព្រាវដដែល ហើយមានឈ្មោះថាពេទ្យតំបន់៣៧ ភូមិភាគបស្ចិមដែលមាន ជូ ជេត(ហៅស៊ី) ជាប្រធានភូមិភាគ។ នៅពេលដែលខ្មែរក្រហមបែងចែកជាតំបន់ហើយ ក៏ចាប់ផ្តើមជ្រើសរើសប្រជាជនដាក់តាមសហករណ៍ និងកងចល័តក្នុងភូមិតាមការចាត់តាំងរបស់ខ្មែរក្រហមដែលមានឈ្មោះ ទីន ជាប្រធានសហករណ៍នៅស្រុកស្រែអំបិល។ បន្ទាប់ពីរៀបចំបែងចែកសហករណ៍រួចហើយ ខ្មែរក្រហមក៏បានបញ្ជូនប្រជាជនដែលជម្លៀសមកពីភ្នំពេញ (ប្រជាជន១៧មេសា) មកលើកទំនប់នៅបឹងព្រាវ។ អំឡុងពេលលើកទំនប់មានប្រជាជនស្លាប់ច្រើនណាស់ដោយសារតែគ្មានអាហារ និងមានជំងឺគ្មានថ្នាំព្យាបាលត្រឹមត្រូវ។ មួយចំនួនទៀតត្រូវបានខ្មែរក្រហមយកទៅសម្លាប់ដោយគ្មានមូលហេតុ។ ថ្ងៃមួយប្រជាជនដែលរស់នៅក្នុងភូមិបានស្រឡាញ់គ្នា ខ្មែរក្រហមបានតាមដានដឹង ក៏ចោទថាខុសសីលធម៌របស់អង្គការបានយកទៅសម្លាប់ចោលទាំងពីរនាក់។ ណៃ បានឃើញជាក់ស្តែង នៅពេលដែលកងទ័ពខ្មែរក្រហមវាយសម្លាប់ប្តីបណ្តែតទឹក បន្ទាប់មកចាប់ប្រពន្ធវះពោះ។
នៅឆ្នាំ១៩៧៧ ណៃ ទទួលបានដំណឹងថាឪពុកខ្លួនត្រូវបានខ្មែរក្រហមយកទៅវាយចោលដោយសារខ្មែរក្រហមបានដឹងថា ឪពុករបស់ ណៃ ធ្លាប់ជាអ្នកមានការងារខ្ពង់ខ្ពស់នៅសម័យ លន់ នល់។ ខ្មែរក្រហមបានចោទឪពុករបស់ណៃ ថាជាជនក្បត់ ដោយយកទៅសម្លាប់ចោល។ ជីតារបស់ ណៃ ត្រូវបានខ្មែរក្រហមប្រើឲ្យទៅឃ្វាលគោក្នុងព្រៃ រួមមានតាចាស់ៗចំនួន៤នាក់។ ថ្ងៃមួយដល់ម៉ោងត្រូវដឹកគោចូលមកក្នុងភូមិវិញ ប៉ុន្តែជីតារបស់ ណៃ បានធ្វើឲ្យបាត់គោចំនួន២ក្បាល ខ្មែរក្រហមបានចោទជីតារបស់ ណៃ ថាវាយគោស៊ី។ បន្ទាប់មកខ្មែរក្រហមបានចាប់ជីតារបស់ ណៃ វាយដំ រួចបញ្ជាឲ្យស៊ីស្លឹកអំពៅរហូតដល់ស្លាប់។ ណៃ មានការឈើចាប់ជាខ្លាំងក្រោយពេលដែលឪពុក និងជីតារបស់ខ្លួនត្រូវបានខ្មែរក្រហមសម្លាប់យ៉ាងព្រៃផ្សៃ។ ណៃ នៅតែធ្វើមិនដឹងមិនឮ ពីព្រោះបើសិនជាមានសកម្មភាពប្រឆាំង ណៃ អាចនឹងត្រូវខ្មែរក្រហមយកទៅសម្លាប់ដូចគ្នា ដោយហេតុថាពេលនោះខ្មែរក្រហមកំពុងតែធ្វើបាបប្រជាជនខ្លាំងណាស់ ដោយសម្លាប់មិនគិតអ្វីនោះទេឲ្យតែដឹងថាមានកំហុស។ សម្រាប់បាយទឹកប្រជាជនមិនបានហូបគ្រប់គ្រាន់ ហើយធ្វើការងារគ្មានពេលសម្រាក ប៉ុន្តែជាសំណាងរបស់ ណៃ ដែលជាពេទ្យ គឺបានហូបគ្រប់គ្រាន់។
នៅឆ្នាំ១៩៧៧ ដដែល ណៃ បានសុំច្បាប់អង្គការទៅលេងបងប្អូន និងជីដូន ពេលទៅដល់មិនបានជួបជាមួយជីដូននោះទេ ប្អូនៗរបស់ ណៃ បានប្រាប់ថាជីដូនបានស្លាប់បាត់ហើយ ដោយសារតែមិនបានហូបអាហារគ្រប់គ្រាន់ និងមានជម្ងឺប្រចាំកាយ។ បន្ទាប់មក ណៃ ត្រឡប់មកកន្លែងធ្វើការវិញ។
នៅឆ្នាំ១៩៧៨ ខ្មែរក្រហមកាន់តែសម្លាប់មនុស្សខ្លាំងមិនថាក្មេង ឬក៏ជាមនុស្សចាស់នោះទេឲ្យតែធ្វើការខុស ឬការងារមិនល្អដឹងតែអង្គការយកទៅវាយសម្លាប់ចោលហើយ។ ណៃ បានឃើញអ្នកដែលវាយមនុស្សចោលនោះ គឺជាកងទ័ពនារី៨៨ ដែលជាកងនារីរបស់ខ្មែរក្រហម ក្មេងៗគឺសម្លាប់កប់នៅគល់ដូងមនុស្សធំ គឺសម្លាប់ដាក់ក្នុងរណ្តៅ។ ណៃ បានឃើញការសម្លាប់ប្រជាជនផ្ទាល់ភ្នែក សម្លាប់ដោយមិនញញើតដៃ។ ណៃ មានការតក់ស្លុតជាខ្លាំងទាំងដែលមិនអាចជួយអ្វីបានដល់ប្រជាជនស្លូតត្រង់ ជាពិសេសក្មេងៗ កុមារតូចៗមិនដឹងអ្វីសោះក៏ត្រូវស្លាប់។ ណៃ បានធ្វើនារីពេទ្យនៅបឹងព្រាវរហូតដល់ឆ្នាំ១៩៧៩ ទើបកងទ័ពវៀតណាមចូលមករំដោះ ហើយក៏រត់ភៀសខ្លួនទៅជាមួយប្រជាជនដទៃទៀត។
ក្រោយបែកឆ្នាំ១៩៧៩ ណៃ មិនបានទៅស្រុកកំណើតនោះទេ ណៃ បានរត់ជាមួយម្ដាយមីងដែលជាប្អូនស្រីម្តាយរបស់ ណៃ ចូលទៅប្រទេសថៃ។ ពេលនោះ ណៃ បាននៅជំរំម៉ៃរ៉ូត អស់រយៈពេល២ឆ្នាំ។ បន្ទាប់មក ណៃ បានត្រឡប់មកស្រុកកំណើត ដើម្បីស្វែងរកម្តាយនិងប្អូនៗវិញ ប៉ុន្តែម្តាយ ណៃ ត្រូវបានស្លាប់បាត់ហើយនៅសល់តែប្អូនប៉ុណ្ណោះ។
នៅឆ្នាំ១៩៨២ ណៃ បានផ្លាស់មករស់នៅថ្មដា(ច១) បន្ទាប់មក ណៃ ក៏មានគ្រួសារ។ បន្ទាប់ពីរៀបការរួច ណៃ និងស្វាមី មិនសូវបានរស់នៅជុំជាមួយគ្នាទេ ដោយសារតែត្រូវដឹកជញ្ជូនគ្រាប់ឲ្យកងទ័ពខ្មែរក្រហមនៅតាមសមរភូមិក្នុងផ្ទៃប្រទេស។ ពេលដែលដឹកជញ្ជូនគ្រាប់ពេលនោះត្រូវប្រើពេល១ខែ២ខែទើបបានដល់គោលដៅ។ ណៃ ដឹកជញ្ជូនគ្រាប់ពីថ្មដាទៅកាន់សំឡូត ។ សម្រាប់ម្ហូបអាហារ គឺរៀបចំចម្អិនហូបនៅតាមផ្លូវធ្វើដំណើរ ពេលខ្លះក៏មានអ្នកឈឺដោយសារតែគ្រុនចាញ់ និងហត់ខ្លាំង ព្រោះមិនសូវមានពេលសម្រាក និងហូបគ្រប់គ្រាន់។ ណៃ បានដឹកជញ្ជូនគ្រាប់រហូតដល់ឆ្នាំ១៩៩៦ ទើបបានឈប់។
នៅឆ្នាំ២០០២ ណៃ និងគ្រួសារបានមករស់នៅក្នុងភូមិស្ទឹងថ្មី ប្រកបមុខរបរធ្វើស្រែចម្ការ។ បច្ចុប្បន្ននេះ ណៃ នៅតែចងចាំ និងឈឺចាប់ព្រោះតែខ្មែរក្រហមបានធ្វើបាបនិងសម្លាប់ក្រុមគ្រួសាររបស់ខ្លួនយ៉ាងឃោរឃៅសាហាវបំផុត៕
អត្ថបទដោយ ធី គីមហុង
[1] មជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាសជាមួយ ឈ្មោះ ព្រំ ណៃ ថ្ងៃទី២0 ខែឧសភា ឆ្នាំ២០១១ (PTI0060)។