ខ្មែរក្រហមសម្លាប់មនុស្សមិនមានកំហុស

ព្រឿច ជ្រើ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី

(រតនគិរី)៖  ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងជាជនជាតិដើមភាគតិចកាវែត ព្រឿច ជ្រើ មានអាយុ ៥៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី។

នៅវ័យកុមារ ខ្មែរក្រហមមិនបានឲ្យ ព្រឿច ជ្រើ ធ្វើការធ្ងន់អ្វីនោះទេ។ ខ្មែរក្រហមបានឲ្យគាត់ និងក្មេងដទៃទៀត រៀនខ្លះ និងជួយធ្វើពលកម្មខ្លះ។ គាត់ធ្វើការបានរយៈពេលប្រហែលជាមួយទៅពីរសប្តាហ៍ ដោយសារនឹកឪពុកម្តាយខ្លាំងពេក គាត់បានត្រឡប់មករស់នៅជាមួយម្តាយនៅតាមស្រែសហករណ៍វិញ។ គាត់បានចូលបម្រើការជាកងកុមារ ដែលមានការងារដូចជាប្រមូលលាមកគោក្របី និងកាប់ទន្ទ្រានខេត្តសម្រាប់ធ្វើជី។

នៅសម័យខ្មែរក្រហម ប្រជាជនត្រូវបានបែងចែកឲ្យរស់នៅនិងធ្វើការទៅតាមការកំណត់នៃអាយុ និងភេទ។ ការងាររបស់បុរសនៅសម័យនោះ គឺកាប់ស្បូវ និងក្រងស្បូវសម្រាប់ធ្វើដំបូលផ្ទះ  និងធ្វើជង្រុកស្រូវ។ ការងាររបស់នារី មានដូចជាស្ទូងស្រូវ ជីកប្រឡាយ លើកភ្លឺស្រែ។ ប្រជាជនទាំងអស់ត្រូវធ្វើការងារទាំងថ្ងៃទាំងយប់ ដោយគ្មានពេលឈប់សម្រាកបានគ្រប់គ្រាន់។

ទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិដើមភាគតិច ត្រូវបានខ្មែរក្រហមលុបបំបាត់ចោលស្ទើរទាំងអស់ និងហាម​មិនឲ្យមានការសែនព្រេន ការធ្វើបុណ្យសព ទំនៀមទម្លាប់នៃការរស់នៅ និងការស្លៀកពាក់ជាដើម។

ការចាយប្រាក់ ក៏ត្រូវបានលុបបំបាត់ ឬមិនមានការទិញដូរអ្វីនោះទេ។ ដូច្នេះប្រជាជនត្រូវរស់នៅទៅតាមបញ្ជា​របស់អង្គការខ្មែរក្រហមតែប៉ុណ្ណោះ។

ខ្មែរក្រហមមិនដែលបានផ្គត់ផ្គង់របបអាហារគ្រប់គ្រាន់សម្រាប់ប្រជាជនបរិភោគនោះទេ គឺមានតែបបររាវលាយ​ជាមួយបន្លែបន្តិចបន្តួច ក្នុងមួយនាក់ទទួលបានបបរ​កន្លះចានសម្រាប់បរិភោគក្នុងមួយពេល។

ព្រឿច ជ្រើ បានបន្តថា របបខ្មែរក្រហមបានកាប់សម្លាប់​ប្រជាជនយ៉ាងព្រៃផ្សៃជាទីបំផុត ដោយគ្មានការរកហេតុផល ឬការកាត់ទោសដោយផ្អែកទៅលើច្បាប់នោះទេ។ កងឈ្លបសម្លាប់មនុស្សដូចសត្វធាតុ ទោះបីជាគ្មាននិងមានកំហុសបន្តិចបន្តួចក៏ដោយ។

ឪពុករបស់ ព្រឿច ជ្រើ បានបាត់បង់ជីវិតដោយសារកងឈ្លបខ្មែរក្រហមនាំយកទៅសម្លាប់ ដោយចោទខុសមនុស្ស។

ព្រឿច ជ្រើ បានរៀបរាប់ថា ឪពុករបស់គាត់បានទៅយកបារីពីកូនប្រុសរបស់គាត់នៅត្រើយម្ខាងនៃភូមិ ចៃដន្យក៏ជួបអ្នកភូមិពីរនាក់ ដែលកំពុងលួចកាច់អំពៅ នៅពេលនោះអ្នកភូមិបានរត់គេចខ្លួននៅពីមុខឪពុករបស់គាត់ ខណៈ​​​ពេលនោះដែរ កងឈ្លបបានមកដល់និងចោទឪពុករបស់គាត់ថា ជាអ្នកលួចកាច់ដើមអំពៅ និងនាំខ្លួនយកទៅសម្លាប់ចោល។

ទោះបីជាប្រកែកឬខំបកស្រាយយ៉ាងណាក៏កងឈ្លបខ្មែរក្រហមមិនជឿសម្ដីរបស់ឪពុករបស់គាត់នោះទេ។ គាត់ត្រូវបានខ្មែរក្រហមសម្លាប់ដោយអយុត្តិធម៌៕

សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin