ព្រំ ឈឿន ៖ ពីកងកុមារក្លាយជាយុទ្ធជនយាមទ្វារមន្ទីរស-២១

ព្រំ ឈឿន [1]ចូលបដិវត្តន៍ក្នុងថ្ងៃទី១ ខែមីនា ឆ្នាំ១៩៧៥ នៅមន្ទីរ១៣ក សំរោង ភាគពិសេស ដែលបានបោះទីតាំងនៅតំបន់១៥ចាស់។ អ្នកនាំ ព្រំ ឈឿន ចូលបដិវត្តន៍មានឈ្មោះ មាស តួនាទីជាប្រធានមន្ទីរ១៣ក ភាគពិសេស។ មូលហេតុដែលនាំឱ្យ ព្រំ ឈឿន ចូលបដិវត្តន៍ក៏ព្រោះតែមានការឈឺចាប់ និងពួកវណ្ណៈជិះជាន់ ដែលតែងតែធ្វើបាបមកលើប្រជាជនយ៉ាងឃោរឃៅ និងព្រៃផ្សៃបំផុត។ ឃើញដូច្នេះហើយបានជា ព្រំ ឈឿន ស្ម័គ្រចិត្តចូលបដិវត្តន៍ដើម្បីរំដោះប្រជាជន និង រំដោះខ្លួនឯងឱ្យរួចផុតពីការជិះជាន់របស់ពួកវណ្ណៈសក្តិភូមិ នាយទុន ពួកម្ចាស់ដី ដែលមកធ្វើបាបលើប្រជាជនខ្មែរ។
ខាងក្រោមនេះដកស្រង់ចេញពីប្រវត្តិរូប និងបទសម្ភាសន៍របស់ ព្រំ ឈឿន ដែលបានរំឭកពីការចងចាំតាំងពីកុមារភាពរហូតដល់បានចូលបដិវត្តន៍៖
ព្រំ ឈឿន[2] ភេទប្រុស កើតឆ្នាំ១៩៥៨ នៅភូមិប្រឡាញ ឃុំអមលាំង ស្រុក២៩ តំបន់៣២ ភូមិភាគបស្ចិម។ ក្រោយរបបខ្មែរក្រហម ឈឿន បានផ្លាស់ទីលំនៅមកភូមិត្រពាំងគង ឃុំសង្កែទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ឈឿន មានឪពុកឈ្មោះ ព្រំ នួន (ស្លាប់ក្នុងឆ្នាំ១៩៨៣) និង ម្តាយឈ្មោះ ស៊ូ ម៉ៅ។ ឪពុកម្តាយរបស់ ឈឿន គឺជាអ្នកស្រឡាញ់ និងបម្រើបដិវត្តន៍ ព្រមទាំងចូលរួមឧបត្ថម្ភបដិវត្តន៍ជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះថែមទាំងណែនាំកូនៗឱ្យចូលធ្វើបដិវត្តន៍ កុំចេះតែគិត ឪពុកម្តាយ ហើយខំធ្វើការងារជូនអង្គការបដិវត្តន៍។[3] ឈឿន មានបងប្អូនចំនួន៥នាក់ ក្នុងនោះមានស្រី៣នាក់។ បងប្អូនរបស់ ឈឿន មានឈ្មោះដូចជា ព្រំ ម៉ូញ, ព្រំ អ៊ូញ, ព្រំ នឹម និង ព្រំ ឈួន[4]។ ចំណែក ឈឿន គឺជាកូនពៅនៅក្នុងគ្រួសារ។ នៅក្នុងឯកសារប្រវត្តិរូបរបស់ ឈឿន បានបញ្ជាក់ប្រាប់អង្គការថា «បងៗខ្ញុំទាំងអស់ គាត់ពុំធ្លាប់បម្រើនិន្នាការនយោបាយណាទេ អាកប្បកិរិយាចំពោះបដិវត្តន៍គាត់ស្រឡាញ់ និង បានចូលរួមឧបត្ថម្ភបដិវត្តន៍»[5]។
កាលពីក្មេងដោយសារ ឈឿន មានមាឌរាងទ្រើសជាងក្មេងៗដទៃទៀតក្នុងភូមិ ហេតុនេះឪពុកម្តាយបានយក ឈឿន ទៅផ្ញើព្រះសង្ឃក្នុងវត្តត្រពាំងព្នៅដើម្បីបានរៀនសូត្រអក្សរខ្មែរ និង រៀនធម៌។ ឈឿន នៅរៀនក្នុងវត្តបានរយៈពេលពីរឆ្នាំ ស្រាប់តែអង្គការចូលមកចាប់ផ្សឹកព្រះសង្ឃអស់ពីវត្តឱ្យទៅធ្វើស្រែចម្ការនៅតាមសហករណ៍។
ឈឿន ក៏ត្រូវត្រឡប់ទៅរស់នៅផ្ទះឪពុកម្តាយវិញ។ នៅផ្ទះ ឈឿន ត្រូវជួយធ្វើស្រែចម្ការ និង ឃ្វាលគោក្របី។ ឈឿន មករស់នៅជាមួយឪពុកម្តាយបានប្រហែលជាមួយឆ្នាំ ក្នុងឆ្នាំ១៩៧៤ អង្គការក៏បានប្រមូលកុមារដែលមានអាយុចាប់ពី១១ឆ្នាំ ដល់១៤ឆ្នាំ ឱ្យទៅធ្វើការនៅតំបន់ចម្ការក្រូច ដែលជាចម្ការដាំក្រូចតាំងពីជំនាន់សង្គមរាស្រ្តនិយមមកម៉្លេះ។ ការងារដែលកុមារត្រូវធ្វើស្ថិតនៅចម្ការក្រូចគឺលើកទំនប់ និង ជីកប្រឡាយបង្ហូរទឹកពីចំណុចស្ទឹងចូលមកចម្ការក្រូច។ ក្រៅពីការងារលើកទំនប់ ជីកប្រឡាយ អង្គការក៏ឱ្យរៀនសរសេរ ដើម្បីចេះសរសេរសំបុត្រខ្លះៗ។ ឈឿន ក៏ជាប់ឈ្មោះជាអ្នកបង្រៀនម្នាក់ដែរ ព្រោះឈឿន ធ្លាប់បានរៀនសូត្រនៅសាលាក្នុងវត្តត្រពាំងព្នៅ។ ឈឿន និង កុមារឯទៀតក្នុងចម្ការក្រូចគឺអង្គការផ្ដល់ឱ្យតែរបបបបរម្នាក់មួយចានតែប៉ុណ្ណោះ។ ដោយហូបតែបបរ គ្មានបាយ ឈឿន មានតែលួចបេះផ្លែឈើ ហូបបង្រ្គប់ការស្រេកឃ្លាន។
ខែមីនា ឆ្នាំ១៩៧៥ ដោយសារការចុះថមថយនៃកម្លាំងយុវជនស្ម័គ្រចិត្ត ចូលមប្រើកងទ័ពបដិវត្តន៍ ទើបបងជីដូនរបស់ឈឿន ឈ្មោះ មាស ធ្វើជាកងទ័ពបានមកយក ឈឿន និងមិត្តភក្តិចំនួនបួននាក់ទៀត ពីចម្ការក្រូចឱ្យទៅស្នាក់នៅក្នុងជួរកងទ័ពនៅខាងទួលលាភ ចំណុចផ្លូវជាតិលេខ៤។ ឈឿន នៅក្នុងជួរកងទ័ពមិនបានប៉ុន្មានផង ទីក្រុងភ្នំពេញក៏បានរំដោះចេញពីការគ្រប់គ្រងរបស់របបសារធារណរដ្ឋខ្មែរ។ នៅទីតាំងទួលលាភ ឈឿន ឃើញអ្នកជម្លៀសពីទីក្រុងភ្នំពេញជាច្រើននាំគ្នារុញឡានដែលផ្ទុកទៅដោយអ៊ីវ៉ាន់ និង លុយ។ ពេលនោះ ឈឿន នៅឈរចាំបើកអង្ករឱ្យអ្នកជម្លៀស ប៉ុន្ដែមិនបានគ្រប់គ្នាទេ បានតែអ្នកនៅមុខបន្តិច និងអ្នកនៅផ្នែកខាងក្រោយ។ ក្រោយការរំដោះទីក្រុងភ្នំពេញនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឈឿន ក៏ផ្លាស់មកនៅក្នុងទីក្រុងភ្នំពេញ ដោយស្នាក់នៅតំបន់ ស្ទឹងមានជ័យចំនួនមួយអាទិត្យ រួមទាំងកុមារផ្សេងៗទៀតជាច្រើន។ ក្នុងរយៈពេលមួយអាទិត្យ គឺអង្គការបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញអស់។ ក្រោយពីប្រជាជនចេញអស់ពីទីក្រុងភ្នំពេញ ឈឿន ត្រូវអង្គការផ្លាស់មករស់នៅចំណុចចាក់អង្រែ បឹងទំពន់ ដែលមានឈ្មោះ ភន ធ្វើជាប្រធានកងកុមារ។ នៅបឹងទំពន់ អង្គការបានចាត់តាំង ឈឿន និងកុមារឯទៀតឱ្យដាំបន្លែដូចជាឆៃថាវ ស្ពៃ សម្រាប់ផ្គត់ផ្គង់អង្គភាពមន្ទីរស-២១។ ក្រៅពីដាំបន្លែគឺ ឈឿន មានតួនាទីបង្រៀនក្មេងៗឯទៀត ពីចំណេះដឹងដែលបានរៀនពីសាលាក្នុងវត្ត។
នៅឆ្នាំ១៩៧៦ អង្គការបានចាត់តាំងឈឿន និងកុមារ២០នាក់ទៀត ទៅរៀនហាត់ក្បាច់គុន របៀបចេះវាយឆ្វេង ស្ដាំ មុខ និង ក្រោយ ស្ថិតនៅទីតាំងខាងកៀនស្វាយរយៈពេលជាងពីរខែ ទើបអង្គការឱ្យត្រឡប់មកភ្នំពេញវិញ។ មកដល់ភ្នំពេញវិញ ឈឿន ត្រូវបងជីដូនមួយឈ្មោះ មាស យកមកធ្វើការយាមទ្វារគុកទួលស្លែង ដែលអង្គការហៅថា មន្ទីរសន្តិសុខស-២១។ ឈឿន មានតួនាទីយាមទ្វារគុកទួលស្លែងនៅប៉ែកខាងកើត ដែលជាច្រកសម្រាប់ ឌុច (ប្រធានមន្ទីរស-២១) ជិះចូលជារៀងរាល់ថ្ងៃ តែពេលចេញគឺមិនដែលបានឃើញ ឌុច ចេញតាមច្រកខាងកើតឡើយ។ ឌុច មិនដែលចុះពីលើឡាន មកសួរនាំកងសន្តិសុខ ខុសពី ប៉ុន ដែលជាអនុប្រធានរបស់ ឌុច តែងតែដើរចេញពីក្នុងមន្ទីរមកត្រឹមទីតាំងអ្នកយាមផ្នែកខាងក្រៅ។ ឈឿន និងក្រុមអ្នកយាមឧស្សាហ៍ត្រូវបាន ប៉ុន ហៅប្រជុំ។ ក្រុមអ្នកយាមផ្នែកខាងកើតមានគ្នា១០នាក់ រួមទាំង ឈឿន ក្រៅពីការងារជាអ្នកយាមទ្វារនៅមន្ទីរសន្តិសុខ គឺត្រូវបែងចែកទៅជួយស្រោចទឹកដាំបន្លែ ចិញ្ចឹម មាន់ ជ្រូក និង ទន្សាយ សម្រាប់មន្ទីរផ្ទាល់។ ចំពោះសត្វទន្សាយ នៅពេលវាធំ គឺត្រូវបញ្ជូនចេញក្រៅមន្ទីរសន្តិសុខ។ ឈឿន អង្គការឱ្យនៅយាមគុកទួលស្លែងរយៈពេលពីរឆ្នាំ។
នៅចុងឆ្នាំ១៩៧៨ អង្គការបានចាត់តាំងក្រុមអ្នកធ្វើស្រែក្នុងមន្ទីរស-២១ រួមមានទាំង ឈឿន ឱ្យទៅជួយទប់ទំនប់ស្ទឹងព្រែកត្នោត ដែលបានបាក់ រយៈពេលជិតមួយខែ។ កាលនោះកងរបស់ ឈឿន ត្រូវស្នាក់នៅផ្ទះរបស់ លន់ ណន់ ចំណែកកងនារីៗ ត្រូវជួយដាំបាយធ្វើម្ហូបសម្រាប់កងបុរសៗ។ ប៉ុន្ដែពេលហូបបាយ និង ពេលសម្រាក ត្រូវបែងចែកទីតាំងផ្សេងៗគ្នា កុំឱ្យរស់នៅច្របូកច្របល់គ្នា។ បន្ទាប់ពីបញ្ចប់ការងារទប់ទំនប់ កងបុរសៗ ត្រូវត្រឡប់មកកាន់មន្ទីរស-២១វិញ។ ដល់អំឡុងកងទ័ពវៀតណាមចូលមក កងទ័ពខ្មែរក្រហមនៅទីក្រុងភ្នំពេញទាំងអស់ មានទាំងកងនារីធ្វើស្រែចំនួន២០០នាក់ បាននាំគ្នារត់ចេញទៅភាគខាងលិច ដោយថ្នើរជើង ចំណែក ឌុច និងអ្នកធំផ្សេងៗទៀតជិះក្នុងឡាន កងទ័ពនិងប្រជាជនដើរពីក្រោយ។ ឈឿន មិនបានដឹងថាអ្នកណាបញ្ជាឱ្យរត់ទៅភាគខាងលិចទេ គ្រាន់តែឮតៗគ្នានឹងត្រូវធ្វើដំណើរតាមឡានរបស់ ឌុច។ ក្នុងអំឡុងពេលរត់ ឈឿន បានស្គាល់តាម៉ុក ព្រោះតាម៉ុកជាអ្នកនាំផ្លូវ។ តាម៉ុក តែងតែធ្វើស្លាកសញ្ញានៅតាមដើមឈើ ដើម្បីសម្គាល់កុំឱ្យវង្វេងតាមផ្លូវ។ ក្រៅពីតាម៉ុក និង ឌុច ឈឿន ដឹងថាមានអ្នកធំផ្សេងទៀតជិះក្នុងឡានស៊ីបអាមេរិកាំង និង ឡានបេអង ព្រមទាំងមាននីរសារមួយៗដើរតាមពីក្រោយ។ ពេលធ្វើដំណើរទៅដល់ភាគលិចនៃតំបន់លាច ខេត្តពោធិ៍សាត់ ខ្ញុំឃើញស្ថានភាពមិនស្រួល ព្រោះកងទ័ពវៀតណាម មានយន្តហោះ រថក្រោះដេញពីក្រោយ ឈឿន ក៏លួចគេចខ្លួនត្រឡប់ក្រោយ ក្នុងគោលបំណងទៅរកស្រុកកំណើតវិញ។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីកងទ័ពវៀតណាមចូលមករំដោះទីក្រុងភ្នំពេញបានទាំងស្រុង ឈឿន ក៏លួចរត់ត្រឡប់មករស់នៅស្រុកកំណើតវិញ។ ឈឿន និង ប្រជាជនឯទៀត ត្រូវធ្វើដំណើរកាត់ព្រៃ កាត់ភ្នំ ដាច់បាយដាច់ទឹក ទម្រាំបានមកដល់ភូមិកំណើត ឈឿន ត្រូវគេងឈឺរយៈពេលមួយខែ។ ក្រោយជាពីជំងឺ ម្តាយរបស់ ឈឿន បានរៀបចំរៀបការប្រពន្ធឱ្យកូន។ ប្រពន្ធឈឿន មានឈ្មោះ តុម អ៊ុន ជាអ្នកជម្លៀសពីតំបន់ផ្សេងមករស់នៅក្នុងភូមិអមលាំងជាមួយបងប្អូន។ ក្រោយរៀបការ ឈឿន មានកូនចំនួន៩នាក់ ក្នុងនោះកូនស្រីចំនួន៥នាក់។ សព្វថ្ងៃ ឈឿន ប្រកបមុខរបរធ្វើស្រែចម្ការ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារជាប្រចាំថ្ងៃ។
អត្ថបទដោយ មីន សាណាស់
[1] ឯកសារ K05500 តម្កល់នៅបណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា, ជាឯកសារប្រវត្តិរូបរបស់ឈ្មោះ ព្រំ ឈឿន កើតនៅភូមិប្រឡាញ ឃុំអមលាំង ស្រុក២៩ តំបន់៣២។ ដែលកាលនោះ ឈឿន មានអាយុ១៩ឆ្នាំ។
[2] ឯកសារ KSI0030 ព្រំ ឈឿន ផ្ដល់បទសម្ភាសន៍ឱ្យលោក ឡុង ដានី បុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា ក្នុងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០០៥។
[3] ស្រង់ចេញពីឯកសារលេខ K05500 ក្នុងទំព័រទី៨
[4] ស្រង់ចេញពីឯកសារលេខ K05500 ក្នុងទំព័រទី៩
[5] ស្រង់ចេញពីឯកសារលេខ K05500 ក្នុងទំព័រទី១០