ខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ នៅកំពង់ស្វាយ

ពុំ្រ រុង រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត (២០២១)

(កំពត)៖ ពុំ្រ រុង ភេទស្រី មានអាយុ ៦៣ឆ្នាំ រស់នៅភូមិគោកវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ខេត្តកំពត។ រុង មានឪពុកឈ្មោះ ផែន, ម្ដាយឈ្មោះ ចាប និងមានបងប្អូនប្រាំពីរនាក់។

នៅឆ្នាំ១៩៧០ បន្ទាប់ពីមានរដ្ឋប្រហារនៅទីក្រុងភ្នំពេញ រុង បានឈប់រៀនត្រឹមថា្នក់ទី២ (សង្គមចាស់) នៅសាលាវត្តព្រៃត្រសក់។ នៅក្នុងភូមិ ក៏មានវត្តមានកងទ័ពវៀតណាមខាងត្បូង និងការទម្លាក់គ្រាប់បែកដែរ។ រុង និយាយថា ប្រជាជនជាច្រើនគ្រួសារបានរងគ្រោះ ហើយគ្រួសាររបស់រុងត្រូវផ្លាស់ប្តូរទីលំនៅទៅរស់នៅវត្តអង្គញ់។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាច និងចាត់ទុកគ្រួសារគាត់ជាប្រជាជនត្រៀម។ រុង ត្រូវរែកដី និងលើកទំនប់នៅភូមិកំពង់ស្វាយ។ បន្ទាប់មក រុង ត្រូវទៅធ្វើការក្នុងកងចល័តនៅកោះស្លា។ រុង និងសមាជិកក្រុម៩នាក់ផ្សេងទៀត ត្រូវដកស្ទូង, ជីកប្រឡាយ និងរែកដីឲ្យបានមួយថ្ងៃដប់ម៉ែត្រគូប ដោយចាប់ផ្តើមពីវត្តក្រាំងទឹក ឆ្ពោះទៅភូមិកំពង់ស្វាយ។ រុង ធ្វើការនៅទីនោះអស់រយៈពេលជាងប្រាំបីខែ។ រុង និយាយថា គាត់ត្រូវធ្វើការទាំងយប់ទាំងថ្ងៃ តាំងពីម៉ោង៧ព្រឹករហូតដល់ម៉ោង១០យប់។ របបអាហាររបស់គាត់ក្នុងមួយពេល គឺមានតែបបរមួយវែកប៉ុណ្ណោះ។

ក្រោយពីធ្វើការនៅកងចល័ត រុង បន្តទៅស្ទូងស្រូវនៅភូមិទូកមាស រហូតដល់មានជំងឺគ្រុនចាញ់ បណ្ដាលឲ្យសក់ជ្រុះ។ នៅរបបខ្មែរក្រហម ឪពុករុង ត្រូវបានខ្មែរក្រហមនាំខ្លួនទៅភូមិកំពង់ស្វាយ ដោយមិនឃើញត្រលប់មកវិញនោះទេ។ រុង និយាយថា ឪពុកគាត់ត្រូវខ្មែរក្រហមសម្លាប់នៅខាងលិចភូមិកំពង់ស្វាយ។ ចំណែក បងប្អូនពីរនាក់ផ្សេងទៀតរបស់គាត់ បានស្លាប់ដោយសារជំងឺ និងអត់អាហារនៅសមរភូមិស ក្នុងភូមិខ្នាយ។

អ្វីដែល រុង បានដឹងនោះគឺ ខ្មែរក្រហមបានបង្ខំប្រជាជនប្រាំពីរគូរៀបការក្នុងពេលតែមួយ និងបេ្តជ្ញាចំពោះអង្គការនៅសាលាឃុំ ក្នុងភូមិឫស្សីជុំ។ រុង ចងចាំថា អ្នកដែលប្រកែកនឹងការសម្រេចចិត្តរបស់ខ្មែរក្រហម នឹងត្រូវយកទៅកសាង៕

សម្ភាសដោយ ហង់ ស្រីផុន ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin