ខ្មែរក្រហមបង្ខំខ្ញុំឲ្យធ្វើការទាំងសសៃខ្ចី

(ស្វាយរៀង ) ៖ ព្រំ សារី អាយុ៦៨ឆ្នាំ រស់នៅភូមិត្រពាំងព្រីង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងរបបខ្មែរក្រហម សារី រងទុក្ខលំបាកវេទនា ដោយ​សារ​តែគាត់មានផ្ទៃពោះទើបសម្រាលកូន ម៉្យាងវិញទៀតកូនៗ ទាំងបីនាក់របស់គាត់ក៏នៅតូចៗ។ គាត់ ត្រូវបានអង្គការជម្លៀសពីភូមិកំណើតឲ្យទៅរស់នៅភូមិត្រពាំង​ត្បាល់ ដោយនៅទីនោះគាត់​ត្រូវ​ធ្វើស្រែ និងបុកលាមកមនុស្សសម្រាប់ធ្វើជីនៅអំឡុងពេលគាត់សសៃខ្ចី។ សារី ត្រូវធ្វើការពីព្រឹកម៉ោងប្រាំពីររហូតដល់ម៉ោងប្រាំល្ងាចទើបបានសម្រាក។ សារី រៀបរាប់ពីការងាររបស់គាត់នៅសម័យនោះថា ត្រូវងើបពី​ព្រឹកដើម្បីធ្វើដំណើរទៅកាន់កន្លែងធ្វើការ។​ម៉ោងប្រាំពីរព្រឹក សារី ត្រូវដើរប្រមូលលាមកមនុស្សតាមបង្គន់ដើម្បីដាក់ហាល ពេលថ្ងៃយកទៅបុក និងច្រកទុកសម្រាប់យកដើម្បីទៅបាចស្រូវ។

ព្រំ សារី៖ «ជីនេះជាជីលេខមួយ ល្អណាស់សម្រាប់ដំណាំស្រូវ មួយរដូវ​ៗ​ទទួលបានស្រូវច្រើនណាស់ ប៉ុន្តែស្រូវទាំងនោះត្រូវ​បានដឹកចេញអស់ៗពីសហករណ៍។​ខ្ញុំមិនដឹងថាគេយកទៅទីណាទេ ប្រជាជនដែលធ្វើការទាំងខ្ញុំ ទាំងគេ ហូបតែបបរ​ដែលស្ទើរតែគ្មានគ្រាប់អង្ករ។ នៅសម័យនោះមនុស្សហូប​បានតិចប៉ុន្តែត្រូវធ្វើការងារច្រើន​។​អង្ករប្រាំពីរកំប៉ុងត្រូវចែកគ្នាហូប​ប្រមាណ៣០០នាក់ សុទ្ធ​តែ​យុ​វជន-យុវនារីពេញៗកម្លាំង អង្ករលាយជាមួយបន្លែផ្សេង​ៗសម្រាប់របបអាហារ។»

រឿងរ៉ាវដែល សារី ចងចាំមិនអាចបំភ្លេចបានក្នុងរបបខ្មែរក្រហមគឺកាលដែលគាត់បាត់បង់បងប្រុសម្នាក់ ដែលខ្មែរ​ក្រហមនាំយកទៅសម្លាប់ឯខេត្តពោធិ៍សាត់ និងទុក្ខលំបាកឥតគណនាដែលគាត់បានឆ្លងកាត់ក្នុងនាមជាស្រ្តី​សសៃខ្ចី និងមានកូនតូចៗចំនួន៣នាក់។ មួយវិញទៀតគឺការ​ដែលខ្មែរក្រហមបង្អត់បាយ និងបម្រុងនាំគាត់យកទៅសម្លាប់ ពេលគាត់ឈឺ មិនអាចទៅធ្វើការបានដោយចោទប្រកាន់គាត់ថាឈឺពុត ឈឺទន្សាយ ឬឈឺ​បាយបានជាដើម។

សារី បានរៀបរាប់ថា ពេលយប់ក្នុងរបបខ្មែរក្រហមតែងមានឈ្លបដើរស្តាប់តាមផ្ទះ។ ប្រសិនបើមានប្រជាជនណាដែល​ធ្វើការងារហត់នឿយពីថ្ងៃនិយាយប្រាប់​សមាជិកគ្រួសារផ្សេងទៀត នោះនៅថ្ងៃបន្ទាប់ខ្មែរក្រហមនឹងនាំយកទៅសម្លាប់​។ ម្យ៉ាងទៀតប្រសិនបើ​មានគ្រួសារណាលួចដំាបាយ ឬលួចរបស់របបអង្គការហូប​ក៏ត្រូវមានឈ្មោះយកទៅកសា​ង​ដែរ​។ ប្រជាជន​ទំាងអស់​ត្រូវចូលរួមប្រជុំធ្វើស្វ័យទិតៀន។ អ្នកគ្រប់គ្រងសហករណ៍តែង​ប្រាប់ថាកុំឲ្យយកតម្រាប់តាមអ្នកធ្លាប់ធ្វើខុសដែលបានយកទៅសម្លាប់ចោល​។ សារី ធ្លាប់ឃើញ​ខ្មែរក្រហមយកអ្នកចេះដឹងទៅសម្លាប់ស្ទើរ​អស់ពីសហក​រណ៍។ គាត់គិតថា ការដែលយកអ្នកចេះដឹងទៅសម្លាប់នេះខ្លាចអ្នកទាំងនោះតវ៉ាប្រឆាំងនឹងរបបខ្លួន។

នៅចុងឆ្នាំ១៩៧៨ សារី ត្រូវបានបម្រុងជម្លៀសឲ្យទៅ ខេត្តពោធិ៍សាត់ ប៉ុន្តែធ្វើដំណើរដល់តំបន់អ្នកលឿងទាហាន​ខ្មែរក្រហម​​ដែលជម្លៀសគាត់បានរត់ភាសខ្លួន​ដោយ​សារច្បាំងចាញ់កងទ័ពរំដោះប្រជាជនកម្ពុជា។

នៅដើមឆ្នាំ១៩៧៩ របបខ្មែរក្រហមបានដួលរលំ ប្រទេសជាតិទទួលបានសុខសន្តិភាព សារី និងគ្រួសារក៏ទទួលបានសិទ្ធិសេរីភាពអាចវិលត្រឡប់មករស់នៅឯស្រុកកំណើតប្រកបរបបធ្វើស្រែចម្ការដូចប្រជាជនដទៃទៀត។

សម្ភាសន៍ដោយ ព្រាប ច័ន្ទពិសី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin