ព្រំ សេន រំឭកពីការងារជាទាហានបម្រើខ្មែរក្រហមថា ជារឿងធម្មតាក្នុងជីវិត និងមិនសោកស្តាយឡើយ

កងកម្លាំងរណសិរ្សរួបរួមជាតិកម្ពុជា ប្រមូលផ្ដុំគ្នានៅក្នុងព្រៃនៅខេត្តសៀមរាបនាឆ្នាំ១៩៧៣។ រណសិរ្សរួបរួមជាតិកម្ពុជា គឺជាក្រុមចម្រុះដែលមានទាំងអ្នកគាំទ្រសម្ដេចព្រះ នរោត្តម សីហនុ និងខ្មែរក្រហម។ ក្រុមនេះរួបរួមគ្នាតស៊ូប្រឆាំងនឹងកងកម្លាំង លន់ នល់។ រូបភាពខាងលើបង្ហាញអំពីកាំភ្លើងយន្ត ដែលដណ្ដើមបានពីទាហាន លន់ នល់។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

ព្រំ សេន បាននិយាយទាំងទឹកមុខរួសរាយរាក់ទាក់ប្រាប់ថា «…វាជារឿងធម្មតាទេចំពោះជីវិតធ្វើជាទាហានបម្រើខ្មែរក្រហម និងមិនដែលសោកស្តាយឡើយពីអ្វីដែលខ្ញុំធ្លាប់ឆ្លងកាត់ក្នុងសម័យខ្មែរក្រហម»។ ពាក្យសម្តីនេះ ព្រំ សេន បាននិយាយក្នុងពេលបញ្ចប់កិច្ចសម្ភាសរយៈពេលជាងមួយម៉ោង ជាមួយបុគ្គលិកមជ្ឈមណ្ឌលឯកសារកម្ពុជា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ដោយឆ្លើយតបទៅនឹងសំណួរសួរថា «មកដល់ពេលនេះ តើលោកអ៊ំសោកស្តាយទេ ចំពោះការចូលបម្រើជាទាហានរបស់ខ្មែរក្រហម និងជីវិតឆ្លងកាត់របបខ្មែរក្រហម?»

រស់នៅក្នុងផ្ទះប្រក់ស័ង្កសីតូចមួយជាប់ជើងភ្នំដំរីរមៀល[1] ប្រកបដោយទេសភាពស្រស់បំព្រង ស្ងប់ស្ងាត់ និងយ៉ាងមានក្តីសុខ ស្ថិតនៅក្នុងភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្ត​តាកែវ ព្រំ សេន កំពុងបេះផ្លែទៀបបាយដែលគាត់ និងប្រពន្ធគាត់បានដាំនៅជុំវិញផ្ទះរបស់គាត់ជាច្រើនឆ្នាំកន្លងមកហើយ។ នៅលើគ្រែឫស្សីក្រោមសំយ៉ាបផ្ទះ ប្រពន្ធរបស់ សេន ឈ្មោះ ឆេន កំពុងអង្គុយជូតសម្អាតផ្លែទៀបបាយដែលប្តីរបស់គាត់បានបេះ និងតម្រៀបវាដាក់ក្នុងកញ្ជើធ្វើពីឫស្សី និងកន្ត្រកជ័រ ដើម្បីរៀបចំយកទៅលក់នៅទីផ្សារមួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងតាសោម។ បេះផ្លែទៀបបណ្តើរ សេន ឆ្លៀតនិយាយលេងពីនេះពីនោះជាមួយក្រុមការងារបណ្តើរ។ ឆ្នាំនេះ ព្រំ សេន មានអាយុ៧១ឆ្នាំហើយ។ គាត់នៅមានកម្លាំងពលំមាំមួនដែលអាចធ្វើការងារបម្រើដល់ជីវិភាពគ្រួសារប្រចាំថ្ងៃបាន។ ស្ថិតក្នុងវ័យចំណាស់ដែលមានរូបរាងស្គមខ្ពស់ សម្បុរស្រអែម កម្លាំងមាំមួន ព្រំ សេន បានប្រាប់ថា គាត់ពុំមានជំងឺប្រចាំកាយ ឬឧស្សាហ៍ឈឺនេះឈឺនោះទេ។ នៅរដូវវស្សា សេន ជួយធ្វើការងារស្រែចម្ការជាមួយប្រពន្ធគាត់។ នៅរដូវប្រាំង គាត់ដាំដំណាំជុំវិញផ្ទះ ដើម្បីជាជំនួយដល់ការរកប្រាក់ចំណូលចិញ្ចឹមជីវិត។ សេន និងប្រពន្ធ រស់នៅតែពីរនាក់ប្តីប្រពន្ធ និងគ្មានកូនចៅនៅក្បែរឡើយ។ ជីវិតជាអ្នកប្រកបរបរធ្វើស្រែ និងចម្ការ សេន និងប្រពន្ធរស់នៅយ៉ាងសុខសាន្ត មិនខ្វល់ខ្វាយពីជីវិតពីអតីតកាល និងមិនដែលរំឭកពីបទពិសោធន៍បម្រើជាទាហានខ្មែរក្រហមសោះឡើយ។ មិនបង្អង់យូរ ក្រុមការងារយើងបានស្នើសុំជួបជជែកលេងជាមួយគាត់ និងស្នើសុំសម្ភាសពីជីវិតគាត់ឆ្លងកាត់របបខ្មែរក្រហម ដោយចាប់ផ្តើមសួរសំណួរពីជីវប្រវត្តិផ្ទាល់ខ្លួនគាត់។

នៅឆ្នាំ១៩៥៤ ស្ថិតក្នុងវ័យកុមារភាព ព្រំ សេន បានចូលរៀននៅសាលាបឋមសិក្សាត្រពាំងធំ និងបានបន្តការសិក្សារហូតដល់ថ្ងៃរដ្ឋប្រហារទី១៨ ខែមីនា ឆ្នាំ១៩៧០ ទើបឈប់រៀន ដោយមូលហេតុបិទសាលារៀន និងកើតមានសង្គ្រាមនៅក្នុងភូមិឋាន។ ភ្លាមៗបន្ទាប់ពីរដ្ឋប្រហា ប្រជាជនរស់នៅក្នុងស្រុកត្រាំកក់ រួមទាំងនិស្សិត យុវជន យុវនារី និងសិស្សានុសិស្សជាច្រើននាក់ បានមកប្រមូលផ្តុំគ្នានៅទីប្រជុំជនអង្គតាសោម[2] ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការកាន់កាប់អំណាចរបស់ លន់ នល់។ សេន មិនបានចូលរួមធ្វើបាតុកម្មនេះឡើយ ប៉ុន្តែគាត់បាននិយាយថា គាត់ឈឺចាប់ចំពោះការបង្រ្កាបដ៏ឃោរឃៅពីសំណាក់ទាហាន លន់ នល់។ សេន បានរំឮកថា ព្រឹត្តិការណ៍បាតុកម្មនៅអង្គតាសោម និងនៅស្លាគូ បានធ្វើឲ្យក្រុមបាតុករជាយុវជន និងសិស្សានុសិស្សជាច្រើននាក់ស្លាប់ដោយការបាញ់ប្រហារ ក្រោមបញ្ជារបស់ ហ៊ូ នឹម[3]។ នៅឆ្នាំ១៩៧១  សេន បានរៀបការជាមួយ អោក ឆេន​ និងបានស្ម័គ្រចិត្តចូលបម្រើបដិវត្តន៍ជាមួយអ្នកភូមិគាត់ជាច្រើននាក់ទៀតនៅស្រុកជុំគិរី ខេត្ត​កំពត។ ក្រោយមក សេន បានទទួលតួនាទីជាប្រធានក្រុមយុវជន នៅភូមិស្វាយធំ ឃុំបឹងស្រងែ (បច្ចុប្បន្នឃុំស្រែចែង) ស្រុកឈូក ខេត្តកំពត។ សេន បានគ្រប់គ្រងសមាជិកក្រុមទាំង១២នាក់បានល្អ និងបានបណ្តុះបណ្តាលអ្នកទាំងនោះពីក្បួនយុទ្ធសាស្ត្រទាហាន ដើម្បីប្រយុទ្ធប្រឆាំងនឹងសត្រូវ។ ចាប់តាំងពីចុងឆ្នាំ១៩៧១មក សេន និងសមាជិកក្រុម ត្រូវបានបញ្ចូលទៅក្នុងកងវរសេនាតូចលេខ៦ នៃកងវរសេនាធំលេខ៣៩ និងបានបញ្ជូនទៅកាន់សមរភូមិភ្នំបាសិទ្ធ ភ្នំស្រួច ភ្នំដោះកញ្ជរ ស្រុកស្រការនាគ (ជាស្រុកបង្កើតថ្មីដោយក្រុមខ្មែររំដោះស្ថិតក្នុងខេត្តកំពត) មូលដ្ឋានភ្នំដិន និងត្នោតចុងស្រល់ ក្នុងស្រុក១០៩ តំបន់១៣ ដើម្បីប្រយុទ្ធជាមួយខ្មាំងធីវគី។ នៅឆ្នាំ១៩៧៣ សេន បានរងរបួសក្នុងពេលប្រយុទ្ធគ្នានៅសមរភូមិភ្នំដិន។ គាត់ត្រូវបញ្ជូនមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យស្រុកគិរីវង់ អស់រយៈពេល៣ខែបន្ទាប់មកទៀត មុននឹងបញ្ជូនទៅកាន់សមរភូមិវិញ។ ក្រោយថ្ងៃជ័យជំនះ១៧ មេសា ១៩៧៥ សេន ទទួលបានបទបញ្ជាឲ្យរំសាយចេញពីអង្គភាពទ័ព ហើយត្រូវវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។

នៅខែមិថុនា ឆ្នាំ១៩៧៥ សេន បានមកដល់ស្រុកកំណើតនៅភូមិត្រពាំងតាសោមវិញ ហើយបានបង្ហាញលិខិតដែលចេញដោយប្រធានអង្គភាពស្តីពីការរំសាយកងទ័ពចាស់ ទៅកាន់កម្មាភិបាលឃុំត្រពាំងធំខាងត្បូង ដើម្បីបានរស់នៅជាមួយប្រពន្ធរបស់គាត់ដូចអ្នកឯទៀតក្នុងភូមិ។ នៅក្នុងភូមិកំណើត គាត់គឺជាប្រជាជនមូលដ្ឋានមួយរូប ដែលទទួលបញ្ជាឲ្យធ្វើការនៅក្នុងសហករណ៍ភូមិត្រពាំងតាសោម ឃុំត្រពាំងធំខាងត្បូង ស្រុក១០៥ តំបន់១៣ ដែលមានសមមិត្តនារី យឿន ជាប្រធានសហករណ៍។ ដោយសារ សេន ធ្លាប់មានគុណបំណាច់ក្នុងការរំដោះប្រទេសជាតិ គាត់ទទួលបានការសណ្តោសប្រណីខ្លះពីកម្មាភិបាលខ្មែរក្រហមថ្នាក់មូលដ្ឋាន។

នៅឆ្នាំ១៩៧៦ សេន ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការ​នៅ​ក្នុងកងភ្ជួរ មានភារកិច្ចភ្ជួររាស់នៅភូមិ ផ្ចឹកជ្រុំ ព្រៃព្រាល និងត្រពាំងតាសោម។ នៅឆ្នាំក្រោយៗមកទៀត សេន ត្រូវបានចាត់តាំងឲ្យឡើងត្នោត បន្ថែមពីលើការងារភ្ជួររាស់។ សេន បានប្រាប់ថា គាត់អាចលួចលាក់ធ្វើទឹកត្នោតជូរហូបម្តងម្កាលដែរ ដោយមិនឲ្យកម្មាភិបាលមូលដ្ឋានដឹងឡើយ។ សេន បានរំឮកទៀតថា អ្នកឡើងត្នោតនៅក្នុងក្រុមជាមួយគាត់ម្នាក់ ត្រូវកម្មាភិបាលមូលដ្ឋានចាប់ខ្លួនយកទៅបាត់ពីភូមិ ដោយសារតែខកខានផ្តល់ទឹកត្នោតជូរដែលគាត់បានធ្វើ ឲ្យទៅកម្មាភិបាលនោះហូបដូចសព្វមួយដង។ ចំណែក សៅ ចេន ជាអ្នកឡើងត្នោតម្នាក់ទៀតនៅក្នុងក្រុមជាមួយ សេន ដែរ ត្រូវបានចោទប្រកាន់ថាបានក្បត់នឹងអង្គការ ដោយសារតែ សៅ ចេន បានលួចលាក់ធ្វើទឹកត្នោតជូរទុកហូបម្នាក់ឯង។ ក្នុងពេលបំពេញការងារជាអ្នកឡើងត្នោត សេន ធ្លាប់បានដឹងថា ខ្មែរក្រហមបញ្ជូនមនុស្សប្រហែល១០០នាក់ យកទៅសម្លាប់ចោលនៅទីតាំងសម្លាប់មនុស្សមួយកន្លែងស្ថិតនៅក្នុងព្រៃទួលគ្រួស នៃភូមិត្រពាំងតាសោម។

ក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ សេន បានរត់ភៀសខ្លួនចេញពីស្រុកកំណើត ឆ្ពោះទៅកាន់ភាគខាងលិចប្រទេស ដោយឆ្លងកាត់តាមភ្នំព្រះ ស្រុកជុំគិរី ខេត្តកំពត និងកាត់តាមមន្ទីរ២០៤ដែលជាមន្ទីរឃុំឃាំងទាហានរបស់ លន់ នល់ គ្រង់គ្រងដោយ សែម គាំង។ សែម គាំង បានស្លាប់ដោយសារពុលនំបញ្ចុកក្នុងរយៈពេលក្រោយមកទៀត។ កន្លះខែក្រោយមក សេន បានទៅដល់ខេត្តពោធិ៍សាត់ ជាកន្លែងដែលគាត់បានរស់នៅអស់រយៈពេលជិតកន្លះឆ្នាំ មុននឹងសម្រេចចិត្តវិលត្រឡប់មកកាន់ស្រុកកំណើតវិញនៅក្នុងរដូវវស្សាឆ្នាំ១៩៧៩។ មកដល់ស្រុកកំណើត សេន និងប្រពន្ធបានប្រកបរបរធ្វើស្រែ និងឡើងត្នោត។ បច្ចុប្បន្ន សេន បានឈប់ប្រកបមុខរបរឡើងត្នោតទៀតហើយ។ គាត់ និងប្រពន្ធ រស់នៅតាមរបៀបកសិករដែលធ្វើស្រែ ដាំដំណាំ និងដាំដើមឈើហូបផ្លែបន្តិចបន្តួចនៅជុំវិញផ្ទះរបស់គាត់។

អស់រយៈពេល៤៥ឆ្នាំបន្ទាប់ពីរបបខ្មែរក្រហមដួលរលំ សេន មិនដែលនឹកនាដល់ជីវិតរបស់គាត់ក្នុងពេលអតីតកាលឡើយ។ ជារៀងរាល់ថ្ងៃសិល សេន និងប្រពន្ធ តែងនាំគ្នាទៅកាន់វត្តអារ៉ាមដែលស្ថិតនៅក្នុង និងក្បែរភូមិឋានរបស់គាត់ ដើម្បីយកចង្ហាន់ទៅប្រគេនព្រះសង្ឃ និងប្រណិប័តន៍ប្រពៃណី សាសនា និងទំនៀមទម្លាប់។

[1] ភ្នំដំរីរមៀល ជាភ្នំមានទំហំធំ វែង និងសម្បូរទៅដោយរុក្ខជាតិដែលអាចប្រើប្រាស់ជាថ្នាំបូរាណខ្មែរ លាតសន្ធឹងពីទិសខាងជើងទៅខាងត្បូង ឆ្លងកាត់ស្រុកត្រាំកក់ ខេត្តតាកែវ រហូតដល់ខេត្តកំពត។ កាលពីប្រទេសកម្ពុជាស្ថិតនៅក្រោមការគ្រប់គ្រងពីបារាំង ភ្នំនេះជាជម្រករបស់ក្រុមខ្មែរឥស្សរៈដឹកនាំដោយ អ៊ុង ជឿន ហៅ ឈិត ជឿន ហៅ តាម៉ុក ឬតា១៥។ ចាស់ៗក្នុងភូមិដែលមានអាយុជិត៨០ឆ្នាំ ឬច្រើនជាង៨០ឆ្នាំ បានផ្តល់ព័ត៌មាននាពេលថ្មីៗនេះអំពីភ្នំដំរីរមៀលប្រាប់ថា ពួកបារាំងមិនដែលហ៊ានមកក្បែរភ្នំនេះទេ ព្រោះថាធ្លាប់មានជនជាតិបារាំងពីរបីនាក់ធ្វើដំណើរឆ្លងកាត់ជើងភ្នំនេះដើម្បីទារថ្លៃពន្ធពីប្រជាជន ត្រូវបាត់ខ្លួនជារៀង  រហូត។ ក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះ​ នរោត្តម សីហនុ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ភ្នំដំរីរមៀល បានក្លាយជាទីតាំងប្រមូលផ្តុំកងកម្លាំងខ្មែររំដោះ និងជាកន្លែងបណ្តុះបណ្តាលកម្មាភិបាលខ្មែរក្រហម។ ឯកសាររបស់សហព្រះរាជអាជ្ញាអន្តរជាតិផ្ញើជូនសហចៅក្រមស៊ើបអង្កេតនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៥ ក្រោមចំណងជើង «សារណាលើបញ្ហាថា តើ អ៊ឹម ចែម គួរត្រូវបានចាត់ទុកថាជា «មេដឹកនាំជាន់ខ្ពស់» ឬក្នុងចំណោម «អ្នកទទួលខុសត្រូវខ្ពស់បំផុត» ដែរឬយ៉ាងណា ចំពោះឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ?» បានរៀបរាប់ពីសកម្មភាពរបស់ អ៊ឹម ចែម ក្នុងការពាក់ព័ន្ធនឹងការបាត់បង់ជីវិតមនុស្សស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។ ពីទំព័រទី១០ដល់ទំព័រទី១១នៃឯកសារនេះ បានបង្ហាញថា អ៊ឹម ចែម ត្រូវបានតែងតាំងនៅឆ្នាំ១៩៧២ ឲ្យទទួលខុសត្រូវអប់រំក្រុមកងទ័ពនារីដែលមានចំនួនពី៤០០ទៅ៥០០នាក់ នៅភ្នំដំរីរមៀល។ ស្ថិតនៅក្នុងការគ្រប់គ្រងអំណាចរបស់ខ្មែរក្រហម ផ្នែកខ្លះនៃភ្នំដំរីរមៀល ក្លាយជាទីតាំងសម្រាប់ផលិតឱសថសម្រាប់ព្យាបាលជំងឺរបស់ប្រជាជន។ មានកម្មាភិបាលខ្មែរក្រហមជាច្រើននាក់ ត្រូវបានបញ្ជូនឲ្យមកធ្វើការនៅក្នុងមន្ទីរសង្គមកិច្ចនៅលើភ្នំដំរីរមៀល ដើម្បីកាប់ដើមឈើដែលជាឱសថ ផ្សំនិងផលិតឱសថ និងចែកចាយឱសថ។ នៅឆ្នាំ២០២២ មជ្ឈមណ្ឌលឯកសារខេត្តតាកែវ បានសម្ភាសជាមួយអតីតកម្មាភិបាលនារីពេទ្យសង្គមកិច្ចខ្មែរក្រហមម្នាក់ឈ្មោះ ម៉ម វ៉ាន់ស៊ី រស់នៅភូមិត្រពាំងឈូក ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់។ គាត់ធ្លាប់ដើរស្វែងរកឬសឈើ ដើមឈើ និងវល្លិ៍ដែលអាចប្រើប្រាស់ជាឱសថសម្រាប់ព្យាបាលជំងឺបាន នៅលើខ្នងភ្នំដំរីរមៀល រួចយកមកលាយ និងផ្សំធ្វើជាថ្នាំសូនជាដុំមូលខ្មៅៗទុកសម្រាប់ព្យាបាលជំងឺគ្រប់ប្រភេទ។ ក្រោយរបបខ្មែរក្រហមដួលរលំ ភ្នំដំរីរមៀល គឺជាទីតាំងលាក់ខ្លួនចុងក្រោយរបស់ខ្មែរក្រហមរហូតដល់ចុងឆ្នាំ១៩៩៨។ នាពេលបច្ចុប្បន្ន ភ្នំដំរីរមៀល លែងមានសភាពស្ងាត់ជ្រងំទៀតហើយ។ មានបូជនីយដ្ឋានច្រើនជាងពីរ ត្រូវបានលេចរូបរាងឡើង ហើយមានប្រជាជនជាច្រើននាក់ចូលទៅទស្សនារមនីយដ្ឋានទាំងនោះ។ រហូតមកដល់សព្វថ្ងៃនេះ បូជនីយដ្ឋានទេសចរណ៍ភ្នំដំរីរមៀលវត្តថ្មធំ បានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើន ដោយសារតែទីតាំងនេះមានទេសភាពស្អាត និងមានប្រវត្តិគួរជាទីចាប់អារម្មណ៍។

[2] នៅខែមីនា ឆ្នាំ១៩៧០ មានបាតុកម្មមួយបានកើតឡើងនៅអង្គតាសោម ដើម្បីប្រឆាំងនឹងរបបលន់ នល់។ បាតុកម្មនេះ បានឈានដល់ការបង្រ្កាបយ៉ាងព្រៃផ្សៃពីសំណាក់ទាហាន លន់ នល់ និងបានធ្វើឲ្យប្រជាជនដែលចូលរួមធ្វើបាតុកម្មស្លាប់ និងរបួសជាច្រើននាក់។ ដោយមូលហេតុនេះហើយ ទើបធ្វើឲ្យប្រជាជនដែលរស់នៅក្នុងឃុំមួយចំនួនក្បែរៗអង្គតាសោម បានសម្រេចចិត្តចូលបម្រើក្នុងជួរបដិវត្តន៍ខ្មែរក្រហម។ តាមកិច្ចសម្ភាសមួយរវាងមជ្ឈមណ្ឌលឯកសារកម្ពុជា ជាមួយ ទុយ ឌុច ជាអតីតកងសន្តិសុខខ្មែរក្រហមនៅមន្ទីរសន្តិសុខ ក្រាំងតាចាន់ បានឲ្យដឹងថា  នៅឆ្នាំ១៩៧៣ កម្លាំងប្រជាជនដែលបានចូលបម្រើបដិវត្តន៍ បានវាយបកទៅលើទីតាំងបន្ទាយកងទ័ពរបស់ លន់ នល់ រហូតទទួលបានជោគជ័យ។ នេះជាការសងសឹកវិញរបស់ប្រជាជន។ ទាហាន លន់ នល់ ភាគច្រើនត្រូវបានសម្លាប់ និងមួយចំនួនទៀតដែលមានឋានន្តរស័ក្ដិចាប់ពីស័ក្ដិបីឡើងទៅ ត្រូវចាប់បញ្ជូនទៅកាន់មន្ទីរអប់រំកែប្រែក្រាំងតាចាន់ ដើម្បីឃុំឃាំង ហើយក្រោយមកអ្នកទាំងនោះត្រូវបានសម្លាប់ចោល។

[3] ហ៊ូ នឹម ហៅ ភាស់ កើតថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៣២។ គាត់គឺជាបញ្ញវន្ត និងជាអ្នកនយោបាយខ្មែរដែលបានកាន់តំណែងជាតំណាងរាស្ត្រក្នុងរបបសង្គមរាស្ត្រនិយម និងជារដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន និងឃោសនាការក្នុងរបបខ្មែរក្រហម។ គេហទំព័រផ្លូវការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (https://www.eccc.gov.kh/directory/khmer-rouge-profile/hu-nim) បានបង្ហាញពីកាលបរិច្ឆេទដែល ហ៊ូ នឹម ចូលរួមក្នុងកិច្ចការរាជការក្នុងរបបសង្គមរាស្ត្រនិយមដឹកនាំដោយសម្តេចព្រះ នរោត្តម សីហនុ​ រហូតដល់ទទួលបានការតែងតាំងជាកម្មាភិបាលជាន់ខ្ពស់របស់ខ្មែរក្រហម។ តំណែងទាំងនោះ មានជាលំដាប់លំដោយដូចតទៅ៖ ហ៊ូ នឹម ត្រូវបានជ្រើសតាំងជាសមាជិកសភាជាតិឆ្នាំ១៩៥៨។ នៅឆ្នាំ១៩៦៣ ហ៊ូ នឹម បានបាត់បង់តួនាទីជានិពន្ធនាយកកាសែតសង្គមរាស្ត្រនិយម នៅពេលដែលសម្តេចព្រះ នរោត្តម សីហនុ រំលាយរដ្ឋាភិបាល និងបានកំណត់ថា ហ៊ូ នឹម ជាមនុស្សឆ្វេងនិយមមួយរូបក្នុងចំណោមអ្នកឆ្វេងនិយម៣៤រូបផ្សេងទៀត។ នៅឆ្នាំ១៩៦៧ ហ៊ូ នឹម ត្រូវបានចោទប្រកាន់ដោយ  សម្តេចព្រះ នរោត្តម សីហនុ ថាបានបំផុសឲ្យកសិករបះបោរនៅស្រុកសំឡូត ខេត្តបាត់ដំបង។ ឆ្នាំ១៩៦៩ ហ៊ូ នឹម ត្រូវបាន បញ្ចូលជាសមាជិកបក្សកុម្មុយនីស្តកម្ពុជា តាមរយៈ តាម៉ុក។ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៧០ ហ៊ូ នឹម ក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឃោសនាការនៃរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជា។ មួយឆ្នាំមុនការចាប់ខ្លួន គឺនៅឆ្នាំ១៩៧៦ ហ៊ូ នឹម ត្រូវបានតែងតាំងជារដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មាន និងឃោសនាការ។ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៧៧ ហ៊ូ នឹម ត្រូវអង្គការចាប់ខ្លួនមកដាក់ឃុំឃាំងនៅមន្ទីរ ស-២១ និងត្រូវបានសម្លាប់ចោលនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៧៧។ សម្រាប់ព័ត៌មានបន្ថែមអំពី ហ៊ូ នឹម សូមអានឯកសារ D07309, D64755, K00030, និង KCI0273។

អត្ថបទដោយ៖ ផេង ពង្សរ៉ាស៊ី

កំណែអក្ខរាវិរុទ្ធដោយ៖ ភា រស្មី

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin