កូនសក្ដិភូមិនាយទុន

វណ្ណៈសក្តិភូមិ (feudal class) គឺជា​របបសង្គមដែលឲ្យតម្លៃខ្ពស់ទៅលើ អភិជន ដោយគេចាត់ទុកក្រុមនេះ ថាជាមនុស្សដែលកើតចេញពីសាវ័ករបស់ព្រះ ឬមនុស្សទេព ហើយពួកនេះគ្រប់គ្រងអំណាចជាម្ចាស់ដីរហូតទៅដល់ម្ចាស់ទាសករទៀត។ គេបែងចែកមនុស្សជា៤ស្រទាប់ រួមមានស្រទាប់សក្តិភូមិ (ត្រកូលស្ដេច ឬអភិជន) មូលធន(នាយទុន) វណ្ណៈអធន (កសិករ និងកម្មករ) និង ទាសករ[1]

ព្រំ សុឃឿន[2] ភេទប្រុស អាយុ៥៦ឆ្នាំ (២០១០) មានស្រុកកំណើតនៅភូមិផ្លូវបំបែក ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត។ ឪពុកឈ្មោះ ភរ ស៊ន និងម្ដាយឈ្មោះ ព្រំ ឃុន មានបងប្អូនប្រាំមួយនាក់ (ស្រីម្នាក់)។ ដំបូងឡើយ សុឃឿន មានឈ្មោះថា ភរ ហ៊ាប់ ប៉ុន្តែគាត់បានប្ដូរមកជា ព្រំ សុឃឿន វិញនៅអំឡុងឆ្នាំ១៩៧៥ ព្រោះពេលនោះខ្មែរក្រហមបានចោទប្រកាន់គាត់ថា ជាកូនសក្ដិភូមិនាយទុន។ ប្រវត្តិនៃការសិក្សារបស់ សុឃឿន គឺរៀនដល់ត្រឹមថា្នក់ទី១០ (សង្គមចាស់) ប៉ុន្តែដោយសារតែប្រទេសកើតមានរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ទើប សុឃឿន ត្រូវឈប់រៀន ហើយទៅជួយការងារបងស្រី។

នៅពាក់កណ្ដាលឆ្នាំ១៩៧០ សុឃឿន ផ្លាស់ទៅរស់នៅទីក្រុងភ្នំពេញជាមួយនឹងបងស្រី និងបងថ្លៃរបស់គាត់។ នៅទីក្រុងភ្នំពេញ សុឃឿន ជួយគ្រប់គ្រងភោជនីយដ្ឋានបងស្រី រហូតដល់ឆ្នាំ១៩៧៥ ជាឆ្នាំដែលខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ។ បន្ទាប់ពីទទួលបានជ័យជម្នះ ខ្មែរក្រហមចាប់ផ្ដើមជម្លៀសប្រជាជនទាំងអស់ចេញពីទីក្រុង ទៅទីជនបទ។ ចលនាផ្លាស់ទីចេញពីទីក្រុងភ្នំពេញ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប្រព្រឹត្តទៅក្នុងស្ថានភាពចលាចល គួរឲ្យភ័យខ្លាច និងដោយបង្ខំ។ ប្រជាជនត្រូវបានប្រាប់ឲ្យធ្វើដំណើរចេញពីផ្ទះសម្បែងរបស់ខ្លួនដោយគ្មានការលើកលែង[3]។ សុឃឿន ត្រូវខ្មែរក្រហមជម្លៀសទៅស្រុកអង្គរបូរី ខេត្តតាកែវ និងចាត់តាំងឲ្យគាត់ចូលធ្វើការងារនៅក្នុងកងចល័ត ឬហៅថាកងកម្លាំងទីមួយ។ នៅពេលធ្វើការងារនៅស្រុកអង្គបូរី សុឃឿន មានអាយុ១៧ឆ្នាំ។ ចំណែកបងស្រី និងបងថ្លៃរបស់គាត់ គឺឲ្យធ្វើការងារនៅក្នុងសហករណ៍។

សុឃឿន បានបន្ថែមថា គាត់ធ្លាប់ឃើញអង្គការចាប់ប្រជាជនវាយសម្លាប់ផ្ទាល់នឹងភ្នែក ។ ប្រជាជនដែលអង្គការសម្លាប់ គឺជាប្រជាជន ១៧មេសា ដែលអង្គការចោទប្រកាន់ថាគឺជា សក្ដិភូមិនិយម នាយទុន។ ត្រង់ចំណុចនេះគឺប្រៀបដូចជា សុឃឿន រៀបរាប់នៅខាងលើ អង្គការបានចោទប្រកាន់ថាគាត់គឺជាកូននាយទុន ដោយគ្រាន់តែមើលឃើញពណ៌សម្បុរស្បែកសស្រដៀងនឹងជនជាតិចិន ហើយស្ទើរតែចាប់គាត់យកទៅសម្លាប់ចោល។ សុឃឿន ពិតជាមានការភ័យខ្លាចនៅពេលដែលគាត់ឃើញសកម្មភាពទាំងអស់នោះផ្ទាល់នឹងភ្នែកបែបនេះ នៅក្នុងចិត្តរបស់គាត់គិតថានឹងមានថ្ងៃណាមួយអ្នកដែលត្រូវកងឈ្លបយកសម្លាប់គឺជារូបគាត់។

ជារៀងរាល់ថ្ងៃ សុឃឿន តែងតែភ័យខ្លាចអង្គការចាប់យកទៅសម្លាប់ ព្រោះអង្គការតែងតែតាមដានអំពីប្រវត្តិរបស់គាត់ជាប់ជានិច្ច។ មិត្តរបស់ សុឃឿន បីនាក់ បាននិយាយថា សុឃឿន អាចនឹងមិនរួចខ្លួនពីការចាប់ខ្លួនរបស់អង្គការឡើយ សុឃឿន៖ “ពួកម៉ាកខ្ញុំមួយឈ្មោះរឿន ព្រំ និងសារឿន និយាយថា កុនហើយចូលបញ្ជីខ្មោចច្រើនសន្លឹកណាស់ ឃឿន អើយ! ហើយខ្ញុំគិតស្រេចហើយថាបើកងឈ្លប២នាក់ហ្នឹងមកចាប់ ដឹងតែងាប់ហើយ ព្រោះខ្ញុំអ្នកប្រដាល់ពីសង្គម កាលពីជំនាន់ឆ្នាំ៧០-៧៥ ប្រសិនបើខ្ញុំត្រូវងាប់ គេ[កងឈ្លប]ក៏អត់រស់ដែរ” ។ ជាក់ស្ដែង សុឃឿន មិនទាន់ត្រូវបានអង្គការចាប់ខ្លួនទៅសម្លាប់ឡើយ ព្រោះគាត់មិនទាន់មានឈ្មោះនៅក្នុងបញ្ជី និងមិនទាន់ដល់វេនត្រូវសម្លាប់។ សុឃឿន និយាយបន្ថែមថា ប្រជាជនដែលត្រូវកងឈ្លបចាប់យកទៅសម្លាប់ទាំងប៉ុន្មាន ភាគច្រើនគឺមិនមានកំហុសអ្វីឡើយ គឺស្រេចតែទៅលើការចោទប្រកាន់របស់អង្គការ ឬប្រជាជនគ្នាឯង។ ប្រជាជនដែលមានតួនាទីនៅក្នុងរបបខ្មែរក្រហម មានដូចជា កងឈ្លប ប្រធានសហករណ៍ ឬមានឋានៈផ្សេងទៀត ដែលមានចិត្តស្អប់គុំកួនប្រជាជនណាម្នាក់ គឺអាចមានសិទ្ធិចាប់យកប្រជាជននោះទៅសម្លាប់ចោលភ្លាម។ កន្លងទៅមិនបានប៉ុន្មាន សុឃឿន ត្រូវបានអង្គការចាត់តាំងឲ្យធ្វើការងារនៅក្នុងកងផលិតជី និងកងសែងលាមក។ ខ្មែរក្រហមបាននិយាយទៅកាន់ សុឃឿន ថា៖ “រាងហែងសមតែអ្នកសែងអាចម៍បានត្រូវ ពីមុនហែងសុខស្រួលណាស់ ដាក់ឲ្យទូលសែងអាចម៍”

ប្រជាជនគ្រប់រូបនៅក្នុងរបបខ្មែរក្រហម គឺសុទ្ធតែត្រូវបានចាត់តាំងឲ្យធ្វើការងារទាំងអស់មិនលើកលែងសូម្បីតែកុមារ។ ការងារដែលអង្គការចាត់តាំងឲ្យប្រជាជនធ្វើគឺទៅតាមអាយុរបស់ប្រជាជន។ កុមារឲ្យធ្វើការងារស្រាលៗដូចជាប្រមូលលាមកមនុស្ស និងលាមកសត្វគោ និងកាត់ទន្ទ្រានខេត្ត ចំណែកឯកុមារវ័យជំទង់ ឬយុវជន យុវនារី គឺបន្ទុកការងារធ្ងន់ៗដូចជា លើកទំនប់ ជីកប្រឡាយ ដកស្ទូង កាប់ឈើ គាស់គល់ឈើ ។ល។ រីឯមនុស្សចាស់ត្រូវ មើលថែទាំបន្លែ ដំណាំ សត្វពាហនៈ ត្បាញកន្ទេល ល្អី និងមើលថែទាំកុមារតូចៗដែលម្ដាយឪពុកចេញទៅធ្វើការងារនៅកងចល័ត។ ដោយសារមានបន្ទុកត្រូវធ្វើការងារ កុមារនៅក្នុងរបបខ្មែរក្រហមមិនបានសិក្សាបានជ្រៅជ្រះនោះទេ ហើយត្រូវបំបែកចេញពីឪពុកម្ដាយ។ កុមារទាំងឡាយត្រូវបង្ហាត់បង្រៀនថា “អង្គការជាមាតាបិតារបស់កុមារាកុមារី និងយុវជនយុវនារី។ បើម៉ែឪវាយកូន មានន័យថាមើលងាយអង្គការ ដូច្នេះអង្គការមិនប្រណីឡើយ”។ កម្មាភិបាលខ្មែរក្រហម បានឲ្យកុមារស៊ើបការពីឪពុកម្ដាយរបស់ខ្លួន ហើយជួនកាលកុមារទាំងនេះហ៊ានសម្លាប់ឪពុកម្ដាយបង្កើតរបស់ខ្លួនទៀតផង ប្រសិនបើទទួលបានការបញ្ជាពីអង្គការ។ ក្នុងរយៈកាលកន្លងផុតទៅនេះ កុមាររាប់ម៉ឺននាក់បានជឿទៅលើអ្វីដែលអង្គការបានប្រាប់ ហើយគោរពតាមតែបញ្ជារបស់អង្គការប៉ុណ្ណោះ[4]

នៅឆ្នាំ១៩៧៩ ខ្មែរក្រហមបានញុះញង់ឲ្យប្រជាជនរត់ចូលព្រៃតាមខ្លួន ដោយបានប្រាប់ប្រជាជនថា ប្រសិនជាមិនរត់ចូលព្រៃទេនៅពេលទាហានវៀតណាមចូលមកដល់នឹងចាប់ប្រជាជនអារកសម្លាប់ចោល។ មូលហេតុដែលខ្មែរក្រហម ប្រាប់ប្រជាជនបែបនេះគឺដើម្បីឲ្យប្រជាជន និងយោធានៅតែតស៊ូប្រយុទ្ធជាមួយនឹងទាហានវៀតណាម កុំឲ្យបែកបាក់សាមគ្គីទ័ព។ នៅពេលដែលបានឮបែបនេះ ប្រជាជនមានភាពភ័យខ្លាចក៏បាននាំគ្នារត់ចូលព្រៃតាមយោធាខ្មែរក្រហម។ សុឃឿន បានរត់គេចទៅដល់ស្រុកបវេល ខេត្តបាត់ដំបង ហើយត្រូវបានអង្គការចាត់តាំងឲ្យធ្វើជាយោធា និងបានចេញទៅប្រយុទ្ធជាមួយនឹងទាហានវៀតណាម។ ពេលនោះគាត់នៅតំបន់៣ ស្ថិតនៅភូមិភាគពាយ័ព្យ ដឹកនាំដោយ រស់ ញឹម។ ភូមិភាគនេះរួមមានខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងទាំងមូល ដែលចែកចេញជា៧តំបន់គឺ៖ តំបន់១ តំបន់២ តំបន់៣ តំបន់៤ តំបន់៥ តំបន់៦ និងតំបន់៧[5]។ របបអាហារដែល សុឃឿន ទទួលបានបន្ទាប់ពីចូលធ្វើជាយោធាគឺ អង្ករបីកំប៉ុងក្នុងមួយពេល ហើយត្រូវហូបគ្នាចំនួន៣៣នាក់។ នៅពេលដែលយកអង្ករនោះទៅដាំបបរគឺឃើញមានតែទឹកច្រើនជាងគ្រាប់អង្ករ និងមានបន្លែមួយចំនួន។

នៅចុងឆ្នាំ១៩៧៩ និងដើមឆ្នាំ១៩៨០ សុឃឿន បញ្ជាក់ថារបបអាហារមានការផ្លាស់ប្ដូរវិញ។ ប្រជាជនទទួលបានគ្រប់គ្រាន់ជាងមុន។ ថ្វីត្បិតតែការហូបចុក គ្រប់គ្រាន់ក៏ពិតមែន ប៉ុន្តែការប្រយុទ្ធរបស់យោធា គឺនៅតែបន្តមានជាលំដាប់។ បន្ទាប់ពីសង្រ្គាមទាំងអស់ត្រូវបញ្ចប់ គឺបានបន្សល់នូវគ្រាប់មីនជាច្រើននៅលើទឹកដីកម្ពុជា។ គ្រាប់មិនទាន់ផ្ទុះទាំងនោះបាននាំឲ្យមានផលវិបាកជាច្រើនដល់ប្រជាជន។

នៅឆ្នាំ១៩៨៣ សុឃឿន បានរៀបការមានគ្រួសារជាមួយនារីក្នុកងដឹកជញ្ជូន។ ប្រពន្ធរបស់ សុឃឿន មានឈ្មោះ ណាំ យឿន អាយុ៥២ឆ្នាំ (២០១០) ​ក្រោយរៀបការរួចមានកូនចំនួនបួននាក់ (ស្រីពីរនាក់)៕

សរសេរដោយ នេន ស្រីមុំ


ឯកសារយោង

[1] យោងតាម៖​ ពាក្យបច្ចេកសព្ទរបស់គណៈកម្មការបច្ចេកទេសវិទ្យាសាស្ត្រនយោបាយដាក់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរអនុម័តថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។ តំណរភ្ជាប់៖ https://bit.ly/4aSvL7q

[2] ឯកសារលេខ BMI0010. សម្ភាសន៍ជាមួយ ព្រំ សុឃឿន ដោយ ឡុង ដានី. នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១០. មជ្ឈមណ្ឌលឯកសារកម្ពុជា

[3] ផេង ពង្សរ៉ាស៊ី et al. (២០២០). ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី១៥

[4] ផេង ពង្សរ៉ាស៊ី et al. (២០២០). ប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩). បោះពុម្ពលើកទី២. មជ្ឈមណ្ឌលឯកសារកម្ពុជា. ទំព័រទី៤៧

[5] ស្ទួន. ទំព័រទី៣៤

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin