ស្រ្តីជម្លៀសតាមរថភ្លើងសម័យខ្មែរក្រហម

(ស្វាយរៀង )៖ ព្រំ ថាន អាយុ៧៧ឆ្នាំ រស់នៅភូមិក្បាលក្រពើ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងរបប លន់ នល់ ថាន រស់នៅស្រុកកំណើតបានជួបការលំបាកដោយសារត្រូវរត់គេចពីការទម្លាក់គ្រប់បែកជារឿយៗនៅពេលល្ងាច។ នៅក្នុងរបបខ្មែរក្រហម ថាន រស់នៅភូមិក្បាល​ក្រពើជាមួយគ្រួសារដោយមិនទាន់ត្រូវបានជម្លៀទេ។ នៅក្នុង​ភូមិ​ទាហានខ្មែរក្រហម​បានប្រមូលទ្រព្យសម្បត្តិមានតម្លៃពីគ្រប់គ្រួសារ ដោយប្រាប់ថា ប្រទេសជាតិ​ដូរ​របបដោយរដ្ឋលែងឲ្យមានកម្មសិទ្ធិឯកជន រាល់របស់របប​ផ្សេងៗត្រូវប្រមូលទុកក្នុងសហករណ៍ប្រើប្រាស់រួម។ ក្រដាសប្រាក់ក៏លែងចាយបានទៀតដែរ របស់ទាំង​អស់ជារបស់អង្គការ និងមិនអាចទិញដូរជា​ប្រាក់បានទៀតដែរ​។​ ចំណែកផ្ទះសម្បែងរបស់ប្រជាជនធំៗត្រូវរុះរើចេញ​ដើម្បីសង់ជាផ្ទះតូចៗ សម្រាប់ប្រជាជនដែលគ្មានផ្ទះស្នាក់នៅ និងអ្នកដែលទើបជម្លៀសមកថ្មីៗ យើងត្រូវលប់បំបាត់អ្នកមានអ្នកក្រ ដើម្បីប្រជាជនទាំង​អស់មានសិទ្ធិស្មើៗគ្នា​។

ឆ្នាំ១៩៧៧ ថាន កូន ប្តី និងប្អូនៗ ត្រូវបានជម្លៀសពីស្រុកកំណើត​ឲ្យទៅរស់នៅឯតំបន់អូតាប៉ោង ស្រុក​បាកាន(លើ) ខេត្តពោធិ៍សាត់។ ការជម្លៀសធ្វើឡើងតាមរយៈឡាន និងឆ្លងកប៉ាល់អ្នកលឿង​មកភ្នំពេញ និងបន្តជិះរថភ្លើង​ពីភ្នំពេញបន្តរហូតដល់ខេត្ត​ភាគពាយ័ព្យនេះ។ ពេលទៅដល់គេបានឲ្យ ថាន និងគ្រួសាររស់នៅក្នុងខ្ទមជិតផ្លូវរថភ្លើងក្រោមកំដៅហួតហែងខ្លាំងនារដូវ​ប្រាំងខណៈគាត់កំពុងមានផ្ទៃពោះធំ។ ប្តីរបស់ ថាន និងប្រជាជនប្រុសៗផ្សេងទៀតដែលជម្លៀសមកជាមួយត្រូវបានគេប្រាប់ឲ្យទៅកាប់ឈើប៉ុន្តែបានបាត់ដំណឹងរហូតដល់ពេលបច្ចុប្បន្នមិនឃើញត្រឡប់មកវិញទេ។ ថាន កូន និងប្អូនៗ ត្រូវធ្វើការងារគ្មានពេលឈប់សម្រាកដូចជាគាត់ត្រូវក្រង​ចំបើងយកទុកប្រកដំបូលផ្ទះ រីឯកូនៗ និងប្អូនតូច​ៗ​ គេប្រើឲ្យប្រមូលកំប្លោកដើម្បីចិញ្ច្រាំ​ទុកធ្វើជី។ ថាន កូន និងប្អូនៗ ទទួលបានរបបអាហារ​​បន្តិ​ច​បន្តួចរាងកាយស្គមសល់តែស្បែក និងឆ្អឹង។

រឿងរ៉ាវដែល ថាន ចងចាំមិនអាចបំភ្លេចបានក្នុងរបប​ខ្មែរក្រហមគឺ កាលដែលគេនាំយកប្តី ទៅបាត់ និងជីវិតដ៏លំបាក​លំបិន ការធ្វើទារុណកម្ម ការជម្លៀសដោយបង្ខំតាមរថភ្លើងក្រោមកំដៅថ្ងៃខ្លាំង និងការធ្វើការគ្មានពេលសម្រាកអំឡុងគាត់មានផ្ទៃពោះ នៅឯខេត្តពោធិ៍សាត់។

ព្រំ ថាន៖ «របបខ្មែរក្រហមជារបបដែលគ្មានការប្រនិបត្តិសាសនា បំផ្លាញវត្តអារាម កម្ទេចព្រះពុទ្ធបដិមាករ និងបានយកបរិវេណវត្តធ្វើជាកន្លែងចិញ្ចឹមជ្រូក គោ ក្របី និងសត្វពាហនៈផ្សេងៗ»។ ខ្ញុំថា ការរៀបការក្នុងរបប​ខ្មែរក្រហមជាការធ្វើឲ្យបង្គ្រប់កិច្ចប៉ុណ្ណោះ ពិធីធ្វើឡើងរយៈពេលខ្លីនិងគ្មានការយល់ព្រមពីសាមីខ្លួនទាំងសងខាង»។

ថាន ឲ្យដឹងថាឆ្នាំ១៩៧៩ កងទ័ពរំដោះបានចូលមកខេត្តពោធិ៍សាត់ និងបានជួយប្រជាជនឲ្យមានសេរី​ភាព​។ ប្រជាជនទំាងអស់សប្បាយដូចបានកើតម្តងទៀតពេលឃើញកងទ័ពរំដោះ និងបានចេញមកទទួល។ ខណៈនោះ កងទ័ពខ្មែរក្រហមបានស្កាត់ផ្លូវនិងបាននាំប្រជាជនមួយចំនួនរត់ទៅជាមួយខ្លួន។ ថាន ក្រោយពីសម្រាលកូនរួចក៏នាំប្អូនៗ និងកូន​ៗ​ធ្វើដំណើរដោយថ្មើរជើងពីខេត្តពោធិ៍សាត់ត្រឡប់មករស់នៅស្រុកកំណើតឯខេត្តស្វាយរៀងរហូតដល់សព្វថ្ងៃ។

សម្ភាសន៍ដោយ ព្រាប ច័ន្ទពិសី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin