កូនខ្ញុំស្លាប់ដោយសារគ្មានថ្នាំព្យាបាល
(ស្វាយរៀង) ៖ ពុធ យឿន អាយុ៦៧ឆ្នាំ រស់នៅភូមិក្អាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងរបបខ្មែរក្រហម យឿន ត្រូវបានជម្លៀសជាច្រើនកន្លែងដូចជាតំបន់ទំនប់ស្ពានសំរោងស្ថិតនៅខេត្តស្វាយរៀង និងបន្តទៅខេត្តបាត់ដំបងភូមិភាគពាយ័ព្យកន្លែងដែលកូនប្រុសគាត់ស្លាប់ដោយសារជំងឺកញ្រ្ជិលដែលគ្មានការព្យាបាលត្រឹមត្រូវ។ គាត់ និង ប្តីត្រូវធ្វើការធ្ងន់ និងមានឈ្មោះត្រូវនាំយកទៅសម្លាប់។
នៅតំបន់ស្ពានសំរោង យឿន ត្រូវធ្វើការទប់ទឹកនៅទំនប់ ដើម្បីកុំឲ្យទឹកលិចស្រូវ និងផលដំណាំរបស់អង្គការ។ នៅទីនេះ យឿន ក៏ត្រូវបានអង្គការរៀបការឲ្យជាមួយគូដណ្តឹងដែលបានភ្ជាប់ពាក្យតាំងពីរបប លន់ នល់។ ការរៀបការនៅពេលនោះ មានប្តីប្រពន្ធប្រមាណ២០គូ ផ្សេងទៀតក៏បានរៀបការដែរ។ ពិធីមិនបានធ្វើដូចពេលបច្ចុប្បន្នទេ គឺគ្រាន់តែអ្នកដឹកនាំសហករណ៍បើកកម្មវិធី បន្ទាប់មកតំណាងប្តីប្រពន្ធឡើងបេ្តជ្ញាចិត្តពិធីក៏បញ្ចប់ គ្មានឪពុក ម្តាយ ឬសាច់ញាតិទាំងសងខាងចូលរួមទេ។
ក្រោយរៀបការរួចប្តីរបស់ យឿន ត្រូវទៅធ្វើជាកងទ័ព។ ចំណែក យឿន ត្រូវធ្វើការជាអ្នកបង្ហាត់បង្រៀនយុវជន យុវនារី និងចាស់ៗក្នុងសហករណ៍ឲ្យចេះដាំដំណាំ និងធ្វើស្រែសម្រាប់ទុកហូប និងជូនអង្គការ។
យឿន បានរៀបរាប់ថាដើមដំបូងនៃរបបខ្មែរក្រហមការរស់នៅមិនសូវលំបាកទេ។ ទើបតែចាប់ពីឆ្នាំ១៩៧៦ អង្គការបានសង្ស័យប្រជាជនថា ក្បត់នឹងអង្គការដោយទៅចូលដៃជាមួយវៀតណាម ប្រជាជនចាស់ និងប្រជាជនថ្មីត្រូវបានគេសម្លាប់ដោយមិនមានកំហុស ឪពុក របស់យឿន ក៏ត្រូវបាននាំយកទៅសម្លាប់នៅស្ទឹងទន្ទឹមដោយមិនប្រាប់មូលហេតុ។ ក្រោយមក យឿន កូនៗ និងប្តី ត្រូវជម្លៀសពីស្ពានសំរោងឲ្យទៅរស់នៅភូមិក្អាមជាភូមិកំណើត។ គាត់ទើបសម្រាលបានកូនមួយ ត្រូវបានទាហានខ្មែរក្រហមប្រើឲ្យទូលស្រូវពីច្រកម្រាក់ ទៅទុកនៅភូមិត្រពាំងរាំង ដោយទទួលបានរបបអាហារតិចតួចបំផុតស្ទើរតែគ្មានកម្លាំងទូលស្រូវ ប៉ុន្តែដោយសារខ្លាចស្លាប់គាត់ត្រូវខិតខំធ្វើការរហូតបន្សល់ទុកជំងឺរោគស្រ្តីដល់ពេលបច្ចុប្បន្ន។
ចុងឆ្នាំ១៩៧៨ យឿន ត្រូវបានជម្លៀសពីភូមិក្អាម ទៅខេត្តបាត់ដំបង។ យឿន និងប្តី ព្រមទាំងកូនៗ ត្រូវបាន បង្ខំឲ្យធ្វើដំណើរដោយថ្មើរជើងជាមួយអ្នកភូមិផ្សេងៗទៀតទាំងថ្ងៃទាំងយប់។ យើងត្រូវឆ្លងកប៉ាល់នៅអ្នកលឿង និងបន្តធ្វើដំណើរទៅភ្នំពេញ។ នៅភ្នំពេញទាហានបានចែកសម្លៀកបំពាក់មួយសម្រាប់ ក្រមា និងអាហារមួយចំនួនដល់គាត់ និងគ្រួសារឲ្យបន្តធ្វើដំណើរតាមរថភ្លើងទៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ពេលទៅដល់ យឿន និងគ្រួសារត្រូវរៀបចំកន្លែងស្នាក់នៅដោយខ្លួនឯង។
យឿន បាននិយាយថា «ការរស់នៅបាត់ដំបងលំបាកខ្លាំង ព្រោះអាកាសធាតុក្តៅ គ្មានជំរកស្នាក់នៅ គ្មានអាហារហូបប្រជាជន ដែលជម្លៀសមកពីខេត្តស្វាយរៀងបានបាត់ខ្លួនរាល់ថ្ងៃខ្ញុំនិងគ្រួសារគេបំរុងនិងនាំចូលព្រៃដើម្បីសម្លាប់ដែរ តែសំណាងល្អរបបខ្មែរក្រហមបានដួលរលំមុនទើបមានជីវិតរស់ដល់សព្វថ្ងៃ»។
បច្ចុប្បន្ន យឿន មានបញ្ហាសុខភាពជំងឺរោគស្រ្តី ដោយសារគាត់បានធ្វើការងារធ្ងន់ៗក្រោយពេលសម្រាលកូនរួចថ្មីៗ។ ចំណែកបញ្ហាផ្លូវចិត្តគាត់តែងតែសុបិន្តអាក្រក់ឃើញការធ្វើទារុណកម្មក្នុងរបបខ្មែរក្រហម។
សម្ភាសន៍ដោយៈ អ៊ុក ចាន់លក្ខិណា ថ្ងៃ៣១ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយៈ អេង សុខម៉េង