វត្តអារាមត្រូវខ្មែរក្រហមគ្រប់គ្រង

(ក្រចេះ)៖ នៅតំបន់ដែល សុភី រស់នៅ មិនមានវត្តអារាមណាមួយ បើកទ្វារទទួលពុទ្ធបរិស័ទឲ្យចូលគោរពប្រណិប័តន៍សាសនាឡើយ ព្រោះវត្តទាំងអស់ត្រូវខ្មែរក្រហមគ្រប់គ្រង។ ពុធ សុភី អាយុ៦៥ឆ្នាំ មានទីកន្លែងកំណើតនៅឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល និងបច្ចុប្បន្នរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ នៅឆ្នាំ១៩៧០ លន់ នល់ បានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះ នរោត្ដម សីហនុ ចេញពីអំណាច។ សុភី រស់នៅជាមួយឪពុកម្ដាយ និងបងប្អូនចំនួនប្រាំពីរនាក់ នៅពេលនោះ។
នៅឆ្នាំ១៩៧២ សុភី រួមជាមួយបងប្អូនរបស់គាត់ចំនួនពីរនាក់ បានភៀសខ្លួនទៅរស់នៅទីក្រុងភ្នំពេញ ហើយសមាជិកគ្រួសារផ្សេងទៀត រើទៅរស់នៅតំបន់រំដោះ ដោយសារតែភាពចលាចលនៃស្ថានភាពនយោបាយ។ សុភី បានស្ម័គ្រចិត្តធ្វើជាទាហានសាធារណរដ្ឋ នៅអង្គភាពដឹកជញ្ជូន។ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានគ្រប់គ្រងទីក្រុងភ្នំពេញទាំងមូល និងបានជម្លៀសប្រជាជនចេញពីទីក្រុង ឲ្យទៅរស់នៅតាមទីជនបទ។ សុភី ត្រលប់ទៅភូមិកំណើតរស់គាត់វិញ។ នៅអំឡុងពេលនោះ ប្រជាជនជាច្រើនបាននាំសមាជិកគ្រួសាររួមមានទាំងកុមារ, ចាស់ជរា, មនុស្សវ័យជំទង់ និងអ្នកជំងឺគ្រប់ប្រភេទ សម្រុកចេញទៅកាន់ទីជនបទ ។
ក្រោយពីសុភី បានភៀសខ្លួនទៅរស់នៅខេត្តកណ្ដាលអស់រយៈពេលបួនខែ ខ្មែរក្រហមជម្លៀសគាត់បន្តទៅកាន់សហករណ៍ឡតេ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ខ្មែរក្រហមបានបែងចែកប្រជាជនឲ្យរស់នៅដាច់ដោយឡែកពីគ្នា។ អង្គការចាត់តាំងឲ្យ សុភី ធ្វើការងារនៅក្នុងកងដក-ស្ទូង។ របបអាហារដែល សុភី ទទួលបាននៅពេលនោះ មានពីរពេលក្នុងមួយថ្ងៃ។ នៅខែប្រមូលផល ប្រជាជនទទួលបានបាយហូប បន្ទាប់ពីនោះ គឺទទួលបានត្រឹមបបររាវ លាយជាមួយសម្លម្ជួរត្រកួន ព្រលឹត និងដើមចេក។
នៅឆ្នាំ១៩៧៧ សុភី ឈឺគ្រុនចាញ់។ ដំបូងឡើយ គាត់នៅធ្វើការងារធម្មតា ប៉ុន្តែក្រោយមកគាត់មានសភាពចាញ់កាន់តែខ្លាំង និងទៅធ្វើការងារមិនកើត។ អង្គការក៏បានអនុញ្ញាតឲ្យគាត់ឈប់សម្រាក។ សុភី បានបញ្ជាក់ថា គ្រូពេទ្យដែលនៅប្រចាំសម្រាប់ព្យាបាលអ្នកជំងឺនៅក្នុងមួយកងមានត្រឹមតែបួននាក់ប៉ុណ្ណោះ ចំណែកអ្នកជំងឺវិញមានចំនួនច្រើន។ ដូច្នេះ អ្នកជំងឺមួយចំនួនមិនទទួលបានការថែទាំពីសំណាក់គ្រូពេទ្យ បានដិតដល់នោះទេ។ សម្រាប់ថ្នាំដែល សុភី ទទួលបានសម្រាប់ព្យាបាលជំងឺគ្រុនចាញ់ គឺជាថ្នាំ មានរាងមូល ពណ៌ខ្មៅហៅថាថ្នាំអាចម៍ទន្សាយ និងមួយមុខទៀតគឺថ្នាំគីនីន។
សុភី សម្រាកព្យាបាលនៅមន្ទីរពេលបានមួយរយៈធំក៏បានធូរសះស្បើយបន្តិច រួចអង្គការបានឲ្យគាត់ទៅធ្វើការងារបន្តទៀត។ នៅក្នុងរបបខ្មែរក្រហម មិនមានអ្នកជំងឺណាម្នាក់ដែលហ៊ានឈប់សម្រាកយូរថ្ងៃពេកនោះទេ ព្រោះអង្គការនឹងមិនផ្ដល់អាហារឲ្យអ្នកដែលមិនទៅធ្វើការងារយូរថ្ងៃឡើយ។ សុភី ធ្លាប់ប្រទះឃើញខ្មែរក្រហមបានវាយសម្លាប់មនុស្សទម្លាក់រណ្ដៅពីចម្ងាយ ដោយសារតែមនុស្សម្នាក់នោះបានលួចសម្ភាររបស់អង្គការ។ បច្ចុប្បន្ន សុភី មានជំងឺលើសសម្ពាធឈាម, ឡើងជាតិអាស៊ីត និងឈឺចង្កេះ៕
សម្ភាសន៍ដោយ៖ ញ៉ិល ចន្រ្ទា ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥