អង្គការចាប់មនុស្សទៅទាំងយប់
(ក្រចេះ)៖ រាជ សារុំ មានអាយុ៧៤ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម នៅភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
នៅក្នុងរបបខ្មែរក្រហម គាត់ត្រូវបានអង្គការជម្លៀសចេញពីផ្ទះរបស់គាត់ ទៅកាន់ភូមិថ្មីមួយដែលស្ថិតនៅត្រើយម្ខាងនៃទន្លេមេគង្គ។ នៅអំឡុងពេលជម្លៀសទៅ គាត់មិនបានយកទ្រព្យសម្បត្តិអ្វីភ្ជាប់ទៅជាមួយច្រើនឡើយ ព្រោះគាត់មានកូនតូច ដូច្នេះបានត្រឹមតែយកខោអាវបន្តិច និងឆ្នាំងតូចមួយទុកសម្រាប់ដាំបាយហូបប៉ុណ្ណោះ។
គាត់បានប្រាប់បន្តទៀតថា ដោយសារតែភាពលំបាកវេទនាពេក គាត់មិនចង់បានរបស់ទ្រព្យអ្វីជាប់នៅនឹងខ្លួនឡើយ ហើយក៏មិនដឹងយកទៅធ្វើអ្វីដែរ។ ពេលធ្វើដំណើរតាមផ្លូវ សារុំ បានបែកពីម្ដាយ ប៉ុន្តែនៅបន្ទាប់ពីបានទៅដល់ទំនប់ព្រែកកាំង គាត់ក៏បានជួបជាមួយម្ដាយរបស់គាត់វិញ។ ទៅដល់ទីនោះ គាត់មិនមានកន្លែងសម្រាកបានត្រឹមត្រូវឡើយ។
គាត់បាននិយាយថាគ្រួសាររបស់គាត់ទាំងអស់បានធ្វើជម្រកតូចមួយសម្រាប់ការរស់នៅជុំគ្នានឹងគ្រួសារ ក្រោយមកទើបអង្គការសង់ផ្ទះខ្ទមមួយសម្រាប់ឲ្យគ្រួសាររបស់គាត់នៅ។ ពេលនោះ អង្គការបានប្ដូរឈ្មោះរបស់គាត់ពីឈ្មោះ សារុំ ទៅជា «មិត្តពា» វិញ។
របបអាហារមួយថ្ងៃ សារុំ ទទួលបានពីរពេល គឺពេលថ្ងៃរសៀល និងពេលល្ងាច ប៉ុន្តែសម្រាប់កងកុមារគឺទទួលបានបីពេលក្នុងមួយថ្ងៃ។ នៅដើមដំបូង គាត់ទទួលបានបាយសម្រាប់បរិភោគ បន្ទាប់មកគាត់បានហូបត្រឹមតែបបររាវលាយជាមួយនឹងសម្លព្រលឹត ឬត្រកួនប៉ុណ្ណោះ។ ប្រជាជនកម្ពុជាទាំងអស់មិនមាននរណាបានបរិភោគឆ្អែតឡើយ ទិន្នផលស្រូវដែលទទួលបានភាគច្រើនគឺអង្គការផ្ដោតទៅលើការដឹកចេញទៅក្រៅ។
សារុំ ត្រូវចេញទៅធ្វើការតាំងពីព្រឹកម៉ោងប្រាំមួយ ហើយធ្វើរហូតដល់ម៉ោង១១ថ្ងៃត្រង់។ បន្ទាប់ពីហូបអាហារថ្ងៃត្រង់រួចហើយត្រូវចេញទៅធ្វើការវិញ។ គាត់បានបន្ថែមថា ថ្ងៃខ្លះគាត់ត្រូវធ្វើការនៅពេលយប់បន្ថែមទៀត។ ថ្វីត្បិតតែនៅពេលនោះមានផលវិបាកសម្រាប់ការរស់នៅយ៉ាងណាក៏ដោយ ប៉ុន្តែមិនមានប្រជាជនណាហ៊ានរត់គេចឡើយ ព្រោះប្រសិនជាមានអ្នករត់គេច ហើយអង្គការចាប់បាន នោះនឹងត្រូវយកទៅណែនាំកសាង ឬអាចសម្លាប់ចោល។ សារុំ ធ្លាប់បានឃើញអង្គការចាប់មនុស្សយកទៅទាំងយប់ ហើយបានស្រែកសួរអង្គការថា៖
«ម៉េចបានយកទៅធ្វើអីទាំងយប់ហ៎រ? គ្មានអ្នកណាដឹងទេថាយកទៅណា។ គេឆ្លើយមកខ្ញុំវិញថា គេផ្លាស់ទីលំនៅ» ។
គាត់បានបញ្ជាក់ថា រូបគាត់ផ្ទាល់មិនធ្លាប់ត្រូវអង្គការធ្វើបាបឡើយ ព្រោះគាត់ខិតខំធ្វើការងារទៅតាមអ្វីដែលអង្គការចង់បាន។ ពេលដែលគាត់ចូលធ្វើការនៅក្នុងកងចល័ត គាត់បានចេញបែកពីម្ដាយឪពុករបស់គាត់ និងមិនងាយនឹងបានជួបមុខគ្នាឡើយ ព្រោះត្រូវធ្វើការងាររៀងៗខ្លួន។ ប្រសិនបើគាត់ចង់ទៅលេងឪពុកម្ដាយ បងប្អូន គាត់ត្រូវសុំការអនុញ្ញាតពីអង្គការសិន។
មកដល់ពេលបច្ចុប្បន្ននេះ សារុំបានប្រាប់អំពីទុក្ខលំបាក់របស់គាត់ ដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម ទៅកាន់កូនចៅរបស់គាត់។ ចៅរបស់គាត់មួយចំនួន មិនបានជឿទេថា មានហេតុការណ៍នោះធ្លាប់កើតឡើងនៅក្នុងប្រទេសកម្ពុជាឡើយ៕
សម្ភាសន៍ដោយ ដួង មុនី នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ នេន ស្រីមុំ