បងប្រុសនិងសាច់ញាតិពីរនាក់បានស្លាប់

(ស្វាយរៀង) ៖ រាម សុខា មានអាយុ៥៧ឆ្នាំ រស់នៅភូមិស្វាយតាភ្ល ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ សុខាមានបងប្អូនប្រាំនាក់គាត់ជាកូនពៅក្នុងគ្រួសារ។ ឪពុកសុខាបានស្លាប់​តាំងពីគាត់មិនទាន់ដឹងក្តីក្នុងសម័យសង្គម​រាស្រ្តនិយម​ដោយសារតែជំងឺ។ ក្នុងរបបខ្មែរក្រហមគាត់បានបាត់បង់បងប្រុសបង្កើតម្នាក់ និងសាច់ញាតិផ្សេងទៀតចំនួនពីរនាក់ដែលត្រូវបាននាំយកទៅ​បាត់ដំណឹងរហូត​ដល់សព្វថ្ងៃ។

ក្នុងរបប លន់ នល់ សុខា មិនបានទៅសាលារៀនដិតដល់ទេ ព្រោះត្រូវរត់តាមម្តាយ និងបងៗដោយសារនៅស្រុកកំណើតនៅភូមិព្រៃធំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ មានការទម្លាក់គ្រាប់បែកលើផ្ទះប្រជាជន សាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាញឹកញាប់។

ចូលដល់របបខ្មែរក្រហម សុខា មានអាយុប្រមាណ១៣ឆ្នាំ។ គាត់នៅចំាបានថាខ្មែរក្រហមបានប្រមូលទ្រព្យសម្បត្តិ និងសត្វពាហនៈរបស់ប្រជាជនក៏ដូចជាគ្រួសារគាត់យកទៅទុកប្រើប្រាស់រួមក្នុងសហករណ៍។

សុខា ត្រូវរស់នៅក្នុងកងកុមារជាមួយកុមារឯទៀតក្នុងភូមិ។ គាត់ត្រូវមើលគោ ក្របី និងរើសគួរស្រូវជាដើម។

រស់នៅស្រុកកំណើត​បានមួយរយៈអង្គការបានជម្លៀស សុខា បង និង ម្តាយឲ្យទៅរស់នៅ ឯតំបន់ភ្នំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។ នៅទីនោះបងប្រុសម្នាក់របស់គាត់ត្រូវបាននាំយកទៅបាត់ដំណឹងរហូតដល់សព្វថ្ងៃទាំងគ្មាន​កំហុស។ ចំណែកគាត់ត្រូវរែកអាចម៍គោ ក្របី យកទៅទុកធ្វើជី។ ក្រោយមក សុខា ត្រូវ​បានអង្គការប្តូរឲ្យទៅថែទាំអំពៅវិញម្តង។ ម្តាយត្រូវដាំបាយក្នុងសហករណ៍រោងបាយ។ រីឯបងៗត្រូវធ្វើការងារក្នុងកងចល័តត្រូវរែកដី និងជីក​ប្រឡាយនៅឆ្ងាយៗពីភូមិ។ ដោយនឹករឮកម្តាយពេកសុខាតែងតែលួចទៅលេងគាត់ជាញឹកញាប់។ មានពេលខ្លះអង្គការតាមទាន់ ក៏បានដាក់ទារុណកម្ម។

ឆ្នាំ១៩៧៨ សុខា និងគ្រួសារត្រូវបន្តជម្លៀសពីខេត្តព្រៃវែង ឲ្យទៅឃុំកន្តួត ស្រុកកណ្តាល​ស្ទឹង ខេត្តកណ្តាល​។ នៅទីនេះអង្គការប្រើឲ្យគាត់ចាំចាប និងទូលស្រូវយកទៅទុកក្នុងឃ្លាំង។

នៅក្នុងរបបខ្មែរក្រហម សុខា បានឃើញយុវជន និងយុវនារីរៀបការ​។ ការរៀបការនាពេលនោះមានចំនួនច្រើន​​គូ គឺចាប់ពី១០ រហូតដល់លើសពី៣០គូ។ ការរៀបការខុសគ្នាស្រឡះ​ពីពេលបច្ចុប្បន្ន ហើយសាច់ញាតិទាំងសងខាងក៏មិន​បានចូលរួមដែរ។ សុខា បានបន្តថា ពិធីរៀបការមានរយៈពេលខ្លីប្រហែលជាពីរ-បីម៉ោងប៉ុណ្ណោះ ដោយបី្តប្រពន្ធអង្គុយជាជួរៗទល់មុខគ្នា ដែលកម្មវិធីធ្វើឡើងនៅពេលល្ងាចនៅសហករណ៍ ឬក្នុងបរិវេណសាលារៀន។

សុខា៖ «រស់នៅក្នុងរបបខ្មែរក្រហមលំបាកណាស់។ ខ្ញុំនិងគ្រួសារត្រូវបានខ្មែរក្រហមជម្លៀសពីមួយកន្លែងទៅមួយកន្លែង​ដោយមិនបានគិតគូរពីមធ្យោបាយធ្វើដំណើរ និងរបបអាហារ។ ខ្ញុំនិងគ្រួសារត្រូវធ្វើដំណើរក្រោមកំដៅថ្ងៃដែលគ្មានការគិតគូរពីទាហានខ្មែរក្រហម»។

ពេលរបបខ្មែរក្រហមដួលរលំ គាត់ និងគ្រួសារបានត្រឡ​​ប់​ពី​ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មករស់នៅខេត្តស្វាយ​រៀងប្រកបរបបធ្វើស្រែរហូតដល់សព្វថ្ងៃ​។

សុខា មានជំងឺខ្សោយបេះដូង គាត់ឧស្សាហ៍ខ្សោយនិងដួល​សន្លប់ជាញឹកញាប់។

សម្ភាសន៍ដោយ សុខ ចន្ទ្រា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin