ខ្មែរក្រហមបង្ខំឲ្យខ្ញុំរៀបការនៅភូមិទួល

(ខេត្តស្វាយរៀង) រាម ភឿន មានអាយុ ៦៣ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ខាងក្រោមនេះគឺជាដំណើរជីវិតរបស់ភឿន៖
«ខ្ញុំឈ្មោះ រាម ភឿន មានបងប្អូនចំនួនបីនាក់។ ខ្ញុំមានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិកំរែង ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។ ខ្ញុំមានបងប្រុសម្នាក់បានស្លាប់កាលពីរបបខ្មែរក្រហមដោយសារតែអង្គការនាំយកទៅសម្លាប់ដោយសារតែជាអតីតទាហានរបប លន់ នល់។ ចំណែកឪពុក ម្តាយបានស្លាប់ក្រោយរបបខ្មែរក្រហមដួលរលំដោយសារជំងឺ និងបាក់កម្លាំងដែលបន្សល់ពីការធ្វើការងារធ្ងន់ គ្មានអាហារហូបគ្រប់គ្រាន់ក្នុងរបបខ្មែរក្រហម។
នៅក្នុងរបបខ្មែរក្រហមខ្ញុំស្ថិតនៅក្នុងកងចល័តឃុំអង្គ ខ្ញុំត្រូវអង្គការតម្រូវឲ្យជីក និងរែកដីធ្វើទំនប់ធំៗ។ នៅរដូវវស្សាខ្ញុំត្រូវអង្គការប្រើឲ្យច្រូតស្រូវក្នុងកងច្រូតដោយកំណត់មួយថ្ងៃឲ្យបានទំហំស្រែ ទទឹង១០ម៉ែត្រ និងបណ្តោយ១០០ម៉ែត្រ។ ការកំណត់របស់អង្គការនេះខ្ញុំត្រូវបន្ថែមម៉ោងច្រូតដល់ម៉ោង១ ឬ២។ របបអាហារខ្ញុំទទួលបានបបរពីរពេលក្នុងមួយថ្ងៃ។ នៅពេលហូបអាហារខ្ញុំត្រូវកាន់ចាន និងស្លាបព្រាទៅរោងបាយសហករណ៍ដើម្បីទទួលបានបបរ ហើយពេលទៅយឺតមិនទទួលបានរបបទេ។ ខ្ញុំ និងបងប្អូនត្រូវអង្គការបំបែកឲ្យនៅតាមកងផ្សេងៗ។ ដំណំាដែលគ្រួសារខ្ញុំបានដាំកាលពីរបប លន់ នល់ អង្គការមិនឲ្យហូប ហើយសត្វពាហនៈ និងទ្រព្យសម្បត្តិផ្សេងៗក៏ត្រូវអង្គការយកទៅទុកប្រើប្រាស់ជាសមូហភាពផងដែរ។
ក្រោយមកនៅរដូវទឹកឡើងអង្គការបានបង្ខំខ្ញុំ និងយុវជន-យុវនារី ផ្សេងទៀតឲ្យរៀបការនៅឯភូមិទួល។ ខ្ញុំ និងយុវជន-យុវនារីទាំងអស់គ្មានអ្នកណាហ៊ានប្រកែកចំពោះការរៀបចំរបស់អង្គការនោះទេ។ ខ្ញុំបានឃើញអង្គការចាត់ឲ្យកងឈ្លបដែលមានកាន់កាំភ្លើងចាំគំរាមកំហែងខ្លាចមានយុវជន-យុវនារីណាហ៊ានប្រឆាំង។ នៅពេលរៀបការខ្ញុំ និងយុវនារីអង្គុយម្ខាង និងយុវជនអង្គុយម្ខាង ទល់មុខគ្នាតាមគូរៀងៗខ្លួនប្រមាណជា៥០គូ។ អង្គការបានឲ្យយុវជន-យុវនារី ប្តេជ្ញាចិត្តថាពិតជាស្រឡាញ់គ្នាជាគូអនាគត ហើយនៅពេលពិធីរៀបការបញ្ចប់ប្តី-ប្រពន្ធទាំងអស់ ត្រូវអង្គការឲ្យត្រលប់ទៅកន្លែងស្នាក់នៅ និងរស់នៅជាមួយគ្នាបានប្រហែលកន្លះខែ ទើបបំបែកឲ្យទៅធ្វើការតាមក្រុម តាមកងរៀងៗខ្លួនវិញ។
ក្រោយពីរបបខ្មែរក្រហមដួលរលំខ្ញុំបានមករស់នៅជួបជុំគ្រួសារនៅស្រុកកំណើតវិញ។ បច្ចុប្បន្នខ្ញុំមានជំងឺក្រពះ ជំងឺពោះវៀន ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម។ ខ្ញុំបានទទួលការពិនិត្យ និងព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ៕»

សម្ភាសន៍ដោយ យ៉េត ស្រីលាក់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

