ថ្ងៃទី២០ខែមីនាឆ្នាំ២០២៦ ​ខួបលើកទី៤៦នៃការដាក់ឱ្យប្រើប្រាស់រូបិយប័ណ្ណរៀលខ្មែរឡើងវិញ​

A person holds Khmer riel currency. Kiripost/Siv Channa

កម្ពុជាបានប្រារព្ធខួបលើកទី ៤៦ នៃការដាក់ឱ្យប្រើប្រាស់ប្រាក់រៀលឡើងវិញ។ នៅបទសម្ភាសន៍ជាមួយ គិរីផូស លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) បាននិយាយថា ខ្មែរក្រហមបានលុបបំបាត់ការចាយប្រាក់ដើម្បីលុបបំបាត់សេរីភាពផ្ទាល់ខ្លួន និងអនុវត្តការគ្រប់គ្រងរបស់រដ្ឋទាំងស្រុង

ប្រជាជនពឹងផ្អែកទាំងស្រុងលើរបបនេះសម្រាប់តម្រូវការជាមូលដ្ឋាន ជាមួយនឹងការគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើធនធាន និងពាណិជ្ជកម្មលាក់កំបាំងមានកំណត់។ ផលប៉ះពាល់នេះមានរយៈពេលយូរ ដែលបណ្តាលឱ្យមានការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ និងផលប៉ះពាល់ផ្លូវចិត្តមនុស្សច្រើនជំនាន់។

គិរីផូស៖ តើអ្នកអាចបកស្រាយបានទេថា ហេតុអ្វីបានជាខ្មែរក្រហមលុបបំបាត់ការប្រើប្រាស់រូបិយប័ណ្ណទាំងស្រុង នៅពេលដែលខ្លួនឡើងកាន់អំណាច?

ឆាំង យុ៖ រូបិយប័ណ្ណគឺជាមធ្យោបាយឆ្ពោះទៅកាន់សេរីភាព និងអំណាច ហើយមនោគមវិជ្ជាខ្មែរក្រហម មិនចង់ឱ្យមានវត្តមានរូបិយប័ណ្ណ ព្រោះថារូបបិយបណ្ណអាចបង្កជាហានិភ័យដល់យុទ្ធសាស្ត្ររបស់ខ្មែរក្រហមក្នុងការក្តោបក្តាប់អំណាច និងសេរីភាពទាំងស្រុងទៅលើសង្គមខ្មែរ។ ទោះបីជាក្នុងចំនួនតិចតួចបំផុតក្តី រូបិយប័ណ្ណអាចផ្តល់អំណាច និងសេរីភាពដល់បុគ្គលក្នុងការសម្រេចចិត្តដោយឯករាជ្យលើអ្វីមួយ ហើយកត្តានេះគឺជាអ្វីដែលខ្មែរក្រហមមិនអាចទទួលយកបាន។ ការលុបបំបាត់រូបិយប័ណ្ណគឺស្មើទៅនឹងការដកហូតអំណាចរបស់ប្រជាជនក្នុងការសម្រេចចិត្តថាតើត្រូវចាត់ចែងរូបិយប័ណ្ណនោះដោយរបៀបណា។

គិរីផូស៖ នៅក្នុងតថភាពជាក់ស្តែង​ តើសេដ្ឋកិច្ច «គ្មានរូបិយប័ណ្ណ» មានទិដ្ឋភាពយ៉ាងដូចម្តេចខ្លះចំពោះប្រជាជនខ្មែរសាមញ្ញ?

ឆាំង យុ៖ ក្នុងទ្រឹស្តី ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម រដ្ឋគឺមានសិទ្ធិផ្តាច់មុខលើទំនិញ សេវាកម្ម និងទ្រព្យសម្បត្តិទាំងអស់ ដូច្នេះសង្គមដែលគ្មានរូបិយប័ណ្ណមួយ ត្រូវបានកសាងឡើងដោយផ្អែកលើការដោះដូរធម្មតាទៅតាម​ទម្រង់នៃការបែងចែកធនធានដែលកំណត់ដោយរដ្ឋ និងការប្រើប្រាស់ភាពភ័យខ្លាចជាយន្តការក្នុងការអនុវត្តប្រព័ន្ធនេះ។

គិរីផូស៖ តើប្រជាជនអាចរស់រាន និងដោះដូរទំនិញដោយគ្មានរូបិយប័ណ្ណក្នុងអំឡុងពេលនោះយ៉ាងដូចម្តេច?

ឆាំង យុ៖ នៅពេលដែលរដ្ឋគ្រប់គ្រងលើអ្វីៗទាំងអស់ សូម្បីតែសកម្មភាពដ៏សាមញ្ញបំផុតដូចជាការទទួលបានអាហារសម្រាប់បរិភោគ ជម្រក និងពេលវេលាសម្រាកផ្ទាល់ខ្លួន គឺសុទ្ធសឹងតែជាធនធានដែលរដ្ឋអំណាចជាអ្នកសម្រេចថាត្រូវផ្តល់ឱ្យ ឬបដិសេធ ទៅតាមតែអំពើចិត្ត។ អ្វីៗគ្រប់យ៉ាងមានប្រភពចេញពីរដ្ឋ ព្រោះរដ្ឋជាអ្នកគ្រប់គ្រងអ្វីៗទាំងអស់ ឬយ៉ាងហោចណាស់ នេះគឺជាគោលបំណងរបស់អ្នកដឹកនាំរដ្ឋ។ អ្នកអាចទទួលបានអាហារមួយពេល ប្រសិនបើអ្នកខិតខំប្រឹងធ្វើការនៅថ្ងៃនោះ ឬអ្នកអាចទទួលបានការអនុញ្ញាតឱ្យចំណាយពេលវេលាផ្ទាល់ខ្លួនជាមួយគ្រួសារ ប្រសិនបើអ្នកស្មោះត្រង់នឹងរបបនោះ។ ទាំងនេះគឺជាឧទាហរណ៍នៃការដែលប្រព័ន្ធនេះដំណើរការជាក់ស្តែង។

គិរីផូស៖ តើមានប្រព័ន្ធពាណិជ្ជកម្មក្រៅផ្លូវការ ឬជំនួញលួចលាក់ កើតមានដែរឬទេ បើទោះបីជាមានការហាមឃាត់ការប្រើប្រាស់រូបិយប័ណ្ណ?

ឆាំង យុ៖ រដ្ឋបានប៉ុនប៉ងគ្រប់គ្រងទៅលើគ្រប់ទម្រង់នៃអំណាច ដោយរួមទាំងសកម្មភាពសេដ្ឋកិច្ច។ ទោះបីជាយ៉ាងណាក្តី វាគឺជារឿងលំបាកក្នុងការអនុវត្តឱ្យបានដាច់ខាត។ ជាក់ស្តែង រដ្ឋអំណាចផ្ទាល់ បានឆ្លៀតឱកាសប្រើប្រាស់តួនាទីរបស់ខ្លួន ដើម្បីអនុវត្ត សិទ្ធិសម្រេចដោយអត្តនោម័តិ (ស្វ័យភាព)​ ចំពោះរឿងផ្ទាល់ខ្លួន ហើយក្នុងករណីខ្លះទៀត មានប្រព័ន្ធដោះដូរក្រៅផ្លូវការបានប្រព្រឹត្តទៅក្រោមហេតុផលនេះ។ ជាឧទាហរណ៍ យោធាបានដោះដូររបស់របរសាមញ្ញៗដែលខ្លួនទទួលបាន។ ប្រជាជនអាចនឹងធ្វើការងារ ឬផ្តល់សេវាកម្មជាក់លាក់ណាមួយ ដើម្បីដោះដូរជាមួយនឹងទំនិញជាក់លាក់ណាមួយ។ ខណៈពេលដែលខ្មែរក្រហមចង់គ្រប់គ្រងលើអ្វីៗទាំងអស់ ខ្មែរក្រហម​បែរជាបង្កើតលក្ខខណ្ឌដែលធ្វើឱ្យ​ស្វ័យភាព ក្លាយជារឿងលាក់កំបាំងទៅវិញ។

គិរីផូស៖ តើការលុបបំបាត់រូបិយប័ណ្ណ បង្កជាផលប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច និងផ្លូវចិត្ត ក្នុងរយៈពេលវែងយ៉ាងដូចម្តេចខ្លះ ចំពោះសង្គមកម្ពុជា?

ឆាំង យុ៖ ផលប៉ះពាល់ទៅលើផ្នែកសេដ្ឋកិច្ច និងផ្លូវចិត្តរយៈពេលវែង គឺមានទំហំមហាសាល។ កម្ពុជាបានឆ្លងកាត់វិបត្តិអស់ជាច្រើនទសវត្សរ៍ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ហើយឥទ្ធិពលទាំងនោះ នៅតែបន្តរហូតមកដល់សព្វថ្ងៃនេះ។ ជាឧទាហរណ៍ ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានបង្កើតជាទម្លាប់ជាក់លាក់ចំពោះផ្នែកហិរញ្ញវត្ថុ និងផ្នែកសេដ្ឋកិច្ច ភាពភ័យខ្លាច និងទំនោរមួយចំនួន ដែលបានផ្ទេរបន្តទៅកាន់មនុស្សជំនាន់ក្រោយរបស់ខ្លួន។ ផលប៉ះពាល់បង្កឡើងដោយរបបខ្មែរក្រហម មានភាពស្មុគស្មាញ ព្រមទាំងបន្តជះឥទ្ធិពលដល់មនុស្សជាច្រើនជំនាន់៕

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin