កូនអាយុពីរខែស្លាប់ដោយសារបាក់ទឹកដោះ
(ព្រៃវែង)៖ “ដោយសារតែហូបអាហារមិនគ្រប់គ្រាន់ គ្មានទឹកដោះបំបៅកូន កូនអាយុ២ខែម្នាក់របស់ខ្ញុំបានដាច់ពោះស្លាប់”។ នេះជាការរៀបរាប់របស់ រៀល សារឹម អាយុ៧២ឆ្នាំ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមរស់នៅ ភូមិវាល ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
សារឹម ក្នុងរបបខ្មែរក្រហមរស់នៅភូមិកំណើតឯភូមិវាល។ គាត់ត្រូវធ្វើការងារជីក រែកដី និងធ្វើស្រែ។ ឪពុកម្តាយរបស់ សារឹម ដែលមានវ័យចំណាស់ក៏ត្រូវខ្មែរក្រហមប្រើឲ្យជីក និងរែកដីដើម្បីធ្វើទំនប់ដូចគាត់ដែរ។
នៅឆ្នាំ១៩៧៦ អង្គការបានឲ្យ សារឹម រៀបការមានគ្រួសារនៅសហករណ៍«ភូមិវាល»។ ការរៀបការនាពេលនោះគាត់ស្ម័គ្រចិត្ត ប៉ុន្តែគ្មានសាច់ញាតិចូលរួមឡើយ។ ប្រធានសហករណ៍ជាអធិបតី និងមានប្តីប្រពន្ធជាច្រើនគូផ្សេងទៀតបានរៀបការក្នុងពេលតែមួយ។ ក្រោយរៀបការរួច សារឹម សម្រាលបានកូនមួយប៉ុន្តែកូននោះបានស្លាប់ពេលមានអាយុ២ខែ ដោយសារតែគ្មានទឹកដោះ និងការថែទាំត្រឹមត្រូវ ។
ក្នុងរបបខ្មែរក្រហម សារឹម ស្ទើរតែបាត់បង់ជីវិតដោយសារតែជំងឺទាស់សសៃ បណ្តាលមកពីការធ្វើការងារធ្ងន់។ គាត់បាននិយាយថាដោយសារតែគ្មានកម្លាំងធ្វើការគាត់បានស្នើសុំអង្គការដើម្បីសម្រាកប៉ុន្តែអង្គការបានបដិសេដ និងបានចោទប្រកាន់គាត់ថាខ្ជិលចង់គេចវេសពីការងារ។ សារឹម បន្តថាគាត់នៅមានជីវិតរស់ដល់សព្វថ្ងៃដោយសារបានថ្នាំបុរាណពីយោធាខ្មែរក្រហមម្នាក់ដែលមានចិត្តអាណិតគាត់។
ប្តីរបស់ សារឹម ត្រូវទៅរែកដីនៅសហករណ៍ “ព្រៃព្នៅ” ដែលមានចម្ងាយឆ្ងាយពីគាត់។
គ្រួសារបងស្រី សារឹម ដែលធ្វើជាគ្រូបង្រៀននៅភ្នំពេញត្រូវបានជម្លៀសមករស់នៅស្រុកកំណើត។ ពេលមកដល់សមាជិកគ្រួសារទាំងអស់ត្រូវបានធ្វើប្រវត្តិរូប។ បងថ្លៃ សារឹម ត្រូវបានកងឈ្លបខ្មែរក្រហមសម្លាប់ដោយសារដឹងថាគាត់ជាគ្រូបង្រៀនក្នុងរបប លន់ នល់។ ចំណែកបងស្រីត្រូវបានខ្មែរក្រហមបង្ខំឲ្យធ្វើការងារធ្ងន់ និងផ្តល់របបអាហារតិចតួចដើម្បីលត់ដំ។
នៅក្នុងរបបខ្មែរក្រហមរឿងរ៉ាវដែល សារឹម ចងចាំមិនអាចបំភ្លេចបានគឺការដែលគាត់ធ្វើការងារធ្ងន់អំឡុងពេលសសៃខ្លី បាត់បង់សមាជិកគ្រួសារ និងកូនដោយសារតែដាច់ទឹកដោះ។
ក្រោយពីរបបខ្មែរក្រហមដួលរលំ សារឹម និងប្តីបានត្រលប់ពីសហករណ៍មករស់នៅស្រុកកំណើតវិញ។ ដោយសារតែត្រូវធ្វើការងារធ្ងន់កាលពីរបបខ្មែរក្រហម និងវ័យចំណាស់ បច្ចុប្បន្នគាត់មានជំងឺក្រពះ និងជំងឺលើសសម្ពាធឈាម។
សារឹម ធ្លាប់និយាយរឿងរ៉ាវដែលគាត់បានឆ្លងកាត់ប្រាប់ដល់ក្មេងជំនាន់ក្រោយដើម្បីរួមចំណែកទប់ស្កាត់របបប្រល័យពូជសាសន៍ខ្មែរក្រហមកុំឲ្យត្រលប់មកប្រទេសកម្ពុជាសាជាថ្មីម្តងទៀតនាពេលអនាគត។
សម្ភាសន៍ដោយ រុន សុជាតិ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤