បាត់បង់ឪពុកក្នុងរបបខ្មែរក្រហម

(ស្វាយរៀង)៖ អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់ថ្លែងថា “គាត់បានក្លាយខ្លួនជាកូនកំព្រារហូត​ដល់សព្វថ្ងៃ ដោយសារតែឪពុកបានស្លាប់ដោយ​សារតែគ្មានអាហារហូបក្នុងរបបខ្មែរក្រហម”។

រិន មុន្នី អាយុ៧១ឆ្នាំ មានស្រុកកំណើត នៅភូមិត្រាច ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បច្ចុប្បន្នគាត់រស់នៅ ភូមិគោល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ មុន្នី មានឪពុកឈ្មោះ ប៉ុក រិន និងម្តាយឈ្មោះ អ៊ិន យ៉ន។ មុន្នី ជាកូនទី២ ក្នុងគ្រួសារដែលមានសមាជិកចំនួន៤នាក់ ស្រី២នាក់។ កាលពីកុមារភាព មុន្នី រៀនបានត្រឹមថ្នាក់ទី៧ (សង្គមចាស់)។

ក្រោយពេលរដ្ឋប្រហារ លន់ នល់ ទម្លាក់សម្តេចព្រះបាទនរោត្តម សីហនុ នៅក្នុងឆ្នាំ១៩៧០ មុន្នី និងយុវជន យុវនារី ក្នុងភូមិបានរត់ចូលព្រៃម៉ាក់គី​ក្នុងគោលបំណងធ្វើចលនាតស៊ូប្រឆាំងនឹងលន់ នល់ដើម្បីយកអំណាច​មកថ្វាយព្រះអង្គវិញ។ នៅឆ្នាំ១៩៧៤ មុន្នី បានរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងសង្រ្គាមជាមួយទាហាន លន់ នល់ និងបានត្រលប់មករស់នៅស្រុកកំណើតវិញ​។

នៅក្នុងឆ្នាំ១៩៧៥ ពេលដែលរបបខ្មែរក្រហមឡើងកាន់អំណាច មុន្នី ត្រូវបានកងឈ្លបខ្មែរក្រហមបង្ខំឲ្យ​ចុះចេញពីផ្ទះទៅរស់នៅរួម ធ្វើការរួម និងហូបរួម​គ្នាក្នុងសហករណ៍។ ក្នុងរបបខ្មែរក្រហម មុន្នី មានអាយុប្រមាណជា២០ឆ្នាំ គាត់ត្រូវដាក់ឲ្យរស់នៅក្នុងកងចល័ត ដើម្បី ជីក និង​រែកដីធ្វើទំនប់ ប្រឡាយក្នុងឃុំដូនស។ អំឡុងពេលទៅធ្វើការ មុន្នី បានឃើញកងឈ្លបរំលោភនារីភេទ, ធ្វើទារុណកម្ម, និងសម្លាប់ប្រជាជនជាញឹកញាប់។ ក្រោយ​ការសម្លាប់សាកសពត្រូវបានទុកចោល និងកប់មិនបានត្រឹមត្រូវ ក៏ត្រូវបានសត្វទាញបំផ្លាញនៅពាសពេញព្រៃ។

នៅក្នុងឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៧៧ មុន្នី ត្រូវបានអង្គការខ្មែរក្រហមចាប់ដាក់គុកដោយសារខ្មែរក្រហម​ដឹងថាគាត់បានរត់ចោលជួរទាហានតំបន់២៣ កាលពីឆ្នាំ១៩៧៤ ពេលដែលគាត់រងរបួស។ នៅក្នុងគុក មុន្នី ត្រូវបានឆ្មាំយាមគុកបង្អត់អាហារជាច្រើនថ្ងៃ និងបង្ខំឲ្យធ្វើការងារគ្មានពេលសម្រាក ដោយត្រូវភ្យួរស្រែដឹកសំណាប និងជីកទំនប់ ប្រឡាយ ដូចកាលរស់នៅ​ក្នុងសហករណ៍ដែរគ្រាន់តែគាត់ត្រូវឆ្មាំគុកមានកាំភ្លើងនៅចាំយាម។

នៅក្នុងឆ្នាំ១៩៧៨ បន្ទាប់ចេញពីគុកវិញ មុន្នី ត្រូវបានខ្មែរក្រហមបង្ខំឲ្យគាត់រៀបការមានគ្រួសារ។ ក្នុងពិធីរៀបការរបស់ មុន្នី ពេលនោះត្រូវធ្វើឡើង​ជាមួយប្តីប្រពន្ធមកពីសហករណ៍ផ្សេងៗចំនួនប្រហែលជា៦០គូ។ ពិធីធ្វើឡើងនៅពេលល្ងាចក្នុងរោងបាយរួមសហករណ៍តែរយៈពេលខ្លីប៉ុណ្ណោះ និងគ្មានសមាជិកគ្រួសារចូលរួមនោះទេ។

នៅក្នុងរបបខ្មែរក្រហមឪពុករបស់ មុន្នី បានស្លាប់ដោយសារតែជំងឺ និងការហូបមិនគ្រប់គ្រាន់។ មុន្នីឃើញកងឈ្លបខ្មែរក្រហមបានប្រែក្លាយយកវត្តអារាមធ្វើ​ជាមន្ទីរឃុំឃាំងប្រជាជន និងធ្វើជាឃ្លាំងសម្រាប់ស្តុកស្រូវអង្ករទុកសម្រាប់សហករណ៍។

ក្រោយពីរបបខ្មែរក្រហមបានដួលរលំទៅ មុន្នី បានមករស់នៅស្រុកកំណើតវិញ។ នៅឆ្នាំ១៩៨០ មុន្នី ត្រូវបានជ្រើសរើសឲ្យធ្វើជាមេភូមិ នាពេលថ្មីៗនេះគាត់បានចូលនិវត្តន៍ពីការងារ។ សព្វថ្ងៃ មុន្នី ជា​អាចារ្យ​​វត្តស្វាយផ្អែម។ មុន្នី មានកូនចំនួន៥នាក់ “ស្រី២ និងប្រុស៣” គាត់មានពិការភាពដៃខាងស្តាំម្ខាង និងមានជំងឺប្រចាំកាយគឺជំងឺទឹកនោមផ្អែម។

សម្ភាសន៍ដោយ ម៉ន ម៉ារីណា ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin