យុវនារីធ្វើការនៅរោងបាយសម័យខ្មែរក្រហម

(ស្វាយរៀង)៖ រស់ សាមុន មានអាយុ៦៨ឆ្នាំ ជាកសិករ មានស្រុកកំណើត និងរស់នៅភូមិតាសក់ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង។

សាមុន នៅសម័យ លន់ នល់ រស់នៅស្រុកកំណើតជាមួយគ្រួសារ គាត់បានឃើញការទម្លាក់គ្រាប់​បែកធ្លាក់ត្រូវ​​ផ្ទះប្រជាជន ហើយ​បានសម្លាប់មនុស្ស សត្វ និងបានបំផ្លិចបំផ្លាញ ស្ពាន ថ្មល់ សាលារៀន វត្តអារាម និងមន្ទីរពេទ្យ។ ប្រជាជនរស់នៅទាំងភ័យខ្លាច ម្នាក់ៗមិនសូវបានប្រកបរបបរកស៊ី និងធ្វើស្រែ​ចម្ការទេដោយរវល់រត់គេចពីផ្ទះទៅពួននៅតាមវាយស្រែ និងក្នុងព្រៃឆ្ងាយៗ។

ចូលដល់របបខ្មែរក្រហម សាមុន ត្រូវបានអង្គការឲ្យ​ទៅរស់នៅរួមក្នុងសហករណ៍រំដួល។ គាត់ និងយុវនារី​ផ្សេងទៀតទទួលខុសត្រូវដាំបាយក្នុងសហករណ៍រោងបាយឲ្យយុវជន យុវនារីដែលស្ថិតក្នុងកងចល័តជាច្រើនក្រុមមក​ពីតំបន់ផ្សេងៗដើម្បីធ្វើស្រែ ជីកទំនប់ និងលើកប្រឡាយក្នុងឃុំកំពង់អំពិល។ កងចល័តមួយក្រុមមានសមាជិកពីបួនរហូតដល់ជាងដប់នាក់។ គាត់បន្តថា​ពីដំបូងគាត់ទទួល​បានរបបអង្ករសម្រាប់ដាំបាយ ប៉ុន្តែក្រោយ​ៗមករបបអង្ករ​បានថយចុះ ដូច្នោះគាត់ត្រូវដំាបបរជំនួសវិញ។ គាត់បន្តទៀតថា របបអង្ករក្នុងសហករណ៍រោងបាយចេះតែថយទៅៗ ប៉ុន្តែមនុស្សដែលមកធ្វើការមានចំនួនច្រើននាំឲ្យរបបអាហារសម្រាប់មនុស្សម្នាក់ៗបានថយចុះ និងខ្វះខាតរហូតដល់មានអ្នកខ្លះមិនទទួលបានរបប​សោះតែម្តង​។

នៅក្នុងបរិវេណវត្តកំពង់អំពិល សាមុន ធ្លាប់ឮប្រជា​ជននិយាយថា ទាហានខ្មែរក្រហមបាននាំមនុស្ស​យកមកសម្លាប់។ ប្រជាជនត្រូវ​បាន​នាំមកពីកន្លែងផ្សេង​ៗដោយ​ត្រូវចងខ្សែរុំ​មុខនឹងកំណាត់​ខ្មៅ។​ នៅពេលមកដល់ត្រូវតម្រង់ជួរ និងបន្ទាប់មកខ្មែរក្រហមបានវាយទម្លាប់ក្នុង     រណ្តៅម្តងម្នាក់ៗ។ ពូ និងបង ប្អូនរបស់​ សាមុន ក៏ត្រូវបានសម្លាប់នៅបរិវិវេណវត្តនោះផងដែរ។

ក្រោយមក ​សាមុន និងម្តាយត្រូវបានជម្លៀសពីស្រុករំដួល ទៅតំបន់ភ្នំឈើកាច់ ខេត្តព្រៃវែង និងបន្តទៅស្រុកមោងឬស្សី ខេត្តបាត់ដំបង​។ នៅទីនោះគាត់​ត្រូវរានដី គាស់គល់ឈើ លើកភ្លឺស្រែ ទូលស្រូវ និងធ្វើស្រែចម្ការ គ្មានពេលសម្រាក និងធ្វើការហួសកម្លាំងដោយសារគាត់ជាប្រជាជនថ្មីជម្លៀសមកពីភូមិភាគបូព៌ា ចំណែករបបអាហារក៏ទទួលបានតិចជាងប្រជាជនមូលដ្ឋានដែរ គាត់ទទួលបានបបរលាយជាមួយដំឡូងពីរពេលក្នុងមួយថ្ងៃ។ គាត់​នៅបាត់ដំបងបានមួយរយៈ របបខ្មែរក្រហមក៏ដួលរលំ​ ហើយ សាមុន និងម្តាយក៏បានវិលត្រឡប់មករស់នៅស្រុកកំណើតវិញ និងប្រកបមុខរបបធ្វើស្រែ​រហូតដល់សព្វថ្ងៃ។

ក្នុងនាមជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែល​បានឆ្លងកាត់ទុក្ខលំបាក ការធ្វើការហួសកម្លាំង និងហូប​អាហារ​មិនគ្រប់គ្រាន់ សាមុន បានស្នើឲ្យយុវជនជំនាន់ក្រោយត្រូវចេះ​សិក្សាស្វែងយល់ពីរបបនោះ និងត្រូវចូលរួមទប់ស្កាត់កុំឲ្យអំពើឃោរឃៅ និងអមនុស្សធម៌នេះកើតមានក្នុង​ប្រទេសកម្ពុជាម្តងទៀត។

សាមុន តែងតែសុបិនឃើញហេតុការណ៍ដែលគាត់បានឆ្លងកាត់ក្នុងរបបខ្មែរក្រហម ដែលនាំឲ្យគាត់សម្រាន្តមិនសូវលក់បង្កជាជំងឺ ឈឺក្បាលជាប្រចំា និងជំងឺក្រពះ ពោះវៀន និងជំងឺតម្រង់នោម។ គាត់​បានស្នើឲ្យមានគ្រូពេទ្យចុះពិនិត្យជំងឺគាត់ និងអ្នកភូមិផ្សេងៗទៀត។

សម្ភាសន៍ដោយ សោម ស្រីនិច ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin