រ័ត្ន ភ័ព្វ៖ ខ្ញុំត្រូវបែកពីប្តីបន្ទាប់ពីរៀបការបានមួយថ្ងៃ

(កំពង់ស្ពឺ)៖ រ័ត្ន ភ័ព្វ កើតក្នុងឆ្នាំ១៩៥៤ ភេទស្រី មានអាយុ ៦៧ឆ្នាំ រស់នៅភូមិរកាពក ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ និងមានស្រុកកំណើតនៅភូមិត្រយឹង ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ។ ភ័ព្វ មានឪពុកឈ្មោះ រ័ត្ន ជា, ម្ដាយឈ្មោះ សេ យូន និងមានបងប្អូនប្រាំបីនាក់។ ភ័ព្វ មានប្តីឈ្មោះ ប៉ោក ចិន និងមានកូនចំនួនដប់នាក់។
នៅវ័យកុមារភាព ភ័ព្វ បានរៀននៅសាលាវត្តត្រើយឃោ្លក និងឈប់រៀនត្រឹមថ្នាក់ទី៩ (របបសង្គមរាស្ត្រនិយម) ដោយសាររដ្ឋប្រហារឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧១ ភ័ព្វ និយាយថា សិស្សជាច្រើនរួមទាំងគាត់ បានចូលរួមចលនារំដោះជាតិ តាមការអំពាវនាវរបស់សម្តេចព្រះ នរោត្តម សីហនុ។ ភ័ព្វ បានស្ម័គ្រចិត្តធ្វើជាកងទ័ពនារីប្រមូលផ្តុំ នៅមន្ទីរមួយកន្លែងក្នុងខេត្តតាកែវ។ នៅឆ្នាំដដែល ឪពុករបស់ភ័ព្វ បានស្លាប់ដោយសារជំងឺកើតពិស។
នៅឆ្នាំ១៩៧៣ ម្ដាយ និងបងប្អូនដទៃទៀតភៀសខ្លួនទៅរស់នៅខេត្តបាត់ដំបង។ នៅឆ្នាំដដែល ភ័ព្វ ថាបានឃើញកងទ័ពយៀកកុងចូលមកប្រមូលមាសប្រាក់, សម្ភារ និងសត្វចិញ្ចឹមរបស់ប្រជាជន។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានចាត់ទុក ភ័ព្វ ជាប្រជាជនមូលដ្ឋាន និងចាត់តាំងឲ្យធ្វើជាពេទ្យនៅខេត្តតាកែវ និងក្រោយមកនៅខេត្តកំពង់ស្ពឺ។ នៅខេត្តកំពង់ស្ពឺ ភ័ព្វ ថាឃើញខ្មែរក្រហមវាយកម្ទេចវិហារ និងបដិមាព្រះពុទ្ធ ក្នុងវត្តក្រាំងក្រូច។ ភ័ព្វ និយាយថា នៅពេលធ្វើជាពេទ្យ គឺមានការហូបចុកគ្រប់គ្រាន់។ នៅរបបខ្មែរក្រហម ភ័ព្វ ធ្លាប់ធ្លាក់ខ្លួនឈឺជំងឺគ្រុនចាញ់ នៅកំពង់សិលា។ នៅពេលនោះ ភ័ព្វ ថាបានឃើញជនជាតិចិន ធ្វើការខាងអគ្គិសនី។
នៅឆ្នាំ១៩៧៧ ភ័ព្វ ដែលមានអាយុ ២២ឆ្នាំ ត្រូវបានខ្មែរក្រហមរៀបចំឲ្យមានគ្រួសារ ដោយរៀបការប្រាំពីរគូក្នុងពេលតែមួយ។ បន្ទាប់ពីរៀបការបានមួយថ្ងៃ ប្តីរបស់ភ័ព្វ ត្រូវខ្មែរក្រហមបញ្ជូនឲ្យទៅធ្វើពេទ្យនៅកន្លែងការដ្ឋានសាងសង់ផ្លូវជាតិ។ ចំណែកនៅឯសហករណ៍ ភ័ព្វ ថាបានឃើញខ្មែរក្រហមបណ្តើរអ្នកទោស និងវាយដំអ្នកដែលទៅធ្វើការយឺត។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំ ភ័ព្វ និងប្តី បានប្រកបរបរធ្វើស្រែចម្ការ។ នៅពេល ភ័ព្វ រំឭកពីរបបខ្មែរក្រហម គឺមានតែភាពជូរចត់, ការបង្អត់អាហារ និងការធ្វើពលកម្មហួសកម្លាំង។ ភ័ព្វ ថាប្រជាជនត្រូវបង្ខិតបង្ខំឲ្យធ្វើការទាំងហូបចុកមិនគ្រប់គ្រាន់ ដោយពិបាក និងវេទនា។ ភ័ព្វ សង្ឃឹម និងនិយាយថា៖ “កុំឲ្យសង្គមធ្លាក់ចូលរបបខ្មែរក្រហមទៀត”។ សព្វថ្ងៃ ភ័ព្វ មានជំងឺប្រចាំកាយ ដូចជាជំងឺសន្លាក់ជង្គង់៕
សម្ភាសដោយ កេង ភត្រ្តា ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥

