ខ្ញុំមានជំងឺក្រពះពោះវៀន, លើសឈាម និងធ្លាក់ទឹកចិត្ត ដោយសាររបបខ្មែរក្រហម

រស់ ម៉ាកដ្ឋ មានអាយុ ៧០ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ខាងក្រោមនេះគឺជាដំណើរជីវិតរបស់គាត់៖
«ខ្ញុំឈ្មោះ រស់ ម៉ាកដ្ឋ កើតនៅថ្ងៃទី២៩ ខែមករា ឆ្នាំ១៩៥៣។ ខ្ញុំមានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខ្ញុំមានបងប្អូនសរុបចំនួន ៦នាក់ (ស្រី ៣នាក់ និងប្រុស ៣នាក់) ហើយខ្ញុំមានកូនចំនួន ៣នាក់ (ស្រី ១នាក់ និងប្រុស ២នាក់)។
នៅចន្លោះពីឆ្នាំ១៩៧០ រហូតដល់ឆ្នាំ១៩៧៥ ប្រទេសកម្ពុជាបានជួបប្រទះសង្គ្រាម និងការធ្វើរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីព្រះតំណែង។ នៅពេលនោះគ្រួសារខ្ញុំកំពុងរស់នៅទីក្រុងភ្នំពេញ។ ការរស់នៅទីក្រុងភ្នំពេញគឺជាការរស់នៅដើម្បីគេចចេញពីការទម្លាក់គ្រាប់បែក ព្រោះនៅទីជនបទស្រុកស្រែចម្ការ និងនៅស្រុកកំណើតខ្ញុំតែងតែមានការទម្លាក់គ្រាប់បែក។
នៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គ្រួសារខ្ញុំកំពុងតែរស់នៅភ្នំពេញ។ នៅថ្ងៃនោះទាហានខ្មែរក្រហមទាំងក្រុមៗ បានសម្រុកចូលទីក្រុងភ្នំពេញ និងបានបង្ខំឲ្យប្រជាជនទាំងអស់ចាកចេញពីទីក្រុងភ្នំពេញ ដោយខ្មែរក្រហមសន្យាថានឹងឲ្យត្រលប់ចូលភ្នំពេញវិញក្នុងរយៈពេលត្រឹមតែបីថ្ងៃ។ គ្រួសារខ្ញុំបានធ្វើដំណើរដោយថ្មើរជើងអស់រយៈពេលប្រមាណមួយខែ ចេញពីទីក្រុងភ្នំពេញដើម្បីឆ្ពោះទៅកាន់ស្រុកកំណើតឯខេត្តស្វាយរៀង។ នៅពេលដល់ស្រុកកំណើត ខ្មែរក្រហមបានចាត់ទុកគ្រួសារខ្ញុំជា “ប្រជាជនថ្មី” ដែលទើបជម្លៀសមកពីទីក្រុងភ្នំពេញ។ កងឈ្លបខ្មែរក្រហមបានរើសអើង និងគៀបសង្កត់គ្រួសារខ្ញុំយ៉ាងខ្លាំង ខុសប្លែកពីប្រជាជនចាស់ ឬអ្នកមូលដ្ឋានដែលមានសំណាងជាងគ្រួសារខ្ញុំបន្តិច។ ខ្ញុំត្រូវប្រធានកងចល័តបង្ខំឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរ ស្ទើរតែគ្មានពេលសម្រាក ដោយធ្វើការពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៥ល្ងាច។ ខ្ញុំអាច សម្រាកបាននៅពេលបាយថ្ងៃត្រង់ប៉ុណ្ណោះ និងនៅពេលយប់ខ្លះត្រូវបន្ថែមម៉ោងធ្វើការក៏មាន។ ការងាររបស់ខ្ញុំរួមមាន៖ មើលគោ ក្របី, ដើររើសអាចម៍គោ និងប្រមូលលាមកមនុស្សដើម្បីទុកធ្វើជី។ បន្ទាប់មក(មិនចាំខែ-ឆ្នាំ) ខ្មែរក្រហមបានបង្ខំជម្លៀសគ្រួសារខ្ញុំពីខេត្តស្វាយរៀងឲ្យទៅរស់នៅឯខេត្តពោធិ៍សាត។ នៅពេលនោះខ្ញុំទើបតែសម្រាលកូនរួចត្រូវធ្វើដំណើរដោយថ្មើរជើង, ជិះសាឡាង, រថយន្ត និងរថភ្លើង ក្រោមកំដៅថ្ងៃក្តៅហួតហែង។ ការងារនៅខេត្តពោធិ៍សាត់ខ្ញុំត្រូវលីអំបិល និងក្រងស្បូវ។ របបអាហារខ្វះខាតយ៉ាងខ្លាំង ខ្ញុំទទួលបានបបរមួយកូនចាន ហូបជាមួយសម្លគ្មានរស់ជាតិ មានតែទឹក និងបន្លែ ហើយគ្មានសាច់ ឬត្រីនោះទេ។ សុខភាពខ្ញុំ និងកូន បានធ្លាក់ទ្រុឌទ្រោមយ៉ាងខ្លាំង ហើយនៅពេលមានជំងឺអង្គការផ្តល់ឲ្យតែថ្នាំអាចម៍ទន្សាយ។ សមាជិកគ្រួសារខ្ញុំ និងប្រជាជនជម្លៀសពីខេត្តព្រៃវែង-ស្វាយរៀង ភាគច្រើនកើតជំងឺហើម, រាក និងស្គមរីងរៃដោយសារតែកង្វះអាហារូបត្ថម្ភ និងធ្វើការងារហួសកម្លាំង។ នៅក្នុងរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ខ្ញុំឃើញខ្មែរក្រហមបានលុបបំបាត់ប្រពៃណី, វប្បធម៌, ផ្សារ និងរូបិយប័ណ្ណ។ ខ្មែរក្រហមបានវាយបំផ្លាញវត្តអារាម, យកព្រះពុទ្ធប្បដិមាទៅទម្លាក់ទឹក ហើយព្រះសង្ឃត្រូវបង្ខំឲ្យសឹក និងទៅធ្វើស្រែដូចប្រជាជនធម្មតាដែរ។ ជាងនេះទៅទៀតអង្គការបានរុះរើផ្ទះធំៗដើម្បីយកឈើទៅសាងសង់រោងបាយ និងការដ្ឋានការងាររួម។ នៅក្នុងរបបខ្មែរក្រហមខ្ញុំបានបាត់បង់សមាជិកគ្រួសារចំនួនពីរនាក់គឺ៖ បងម្នាក់ និងប្អូនម្នាក់ ដោយខ្មែរក្រហមប្រាប់ថាទៅរៀនសូត្រប៉ុន្តែបានបាត់ដំណឹងរហូតដល់សព្វថ្ងៃ។ នៅខេត្តស្វាយរៀងខ្ញុំបានស្គាល់កន្លែងធ្វើទារុណកម្ម និងសម្លាប់មនុស្សមួយកន្លែងស្ថិតនៅក្នុងបរិវេណវត្តធ្លក។
បច្ចុប្បន្នខ្ញុំមានបញ្ហាសុខភាពដោយសារខ្ញុំមានជំងឺប្រចាំកាលដូចជាជំងឺក្រពះ ពោះវៀន, ជំងឺលើសឈាម និងជំងឺធ្លាក់ទឹកចិត្ត ដែលមួយផ្នែកធំបានបន្សល់ទុកពីរបបខ្មែរក្រហម។ ខ្ញុំតែងមានអាការភ័យ និងញ័រ ពេលស្តាប់រឿងរ៉ាវញ័ររន្ធត់ ហើយខ្ញុំទទួលការព្យាបាលជំងឺទាំងនេះនៅមន្ទីរពេទ្យឯកជននៅក្នុងឃុំ»៕
សម្ភាសដោយ ម៉ុន សុធារ៉ា ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

