រស់ សុភាព៖ អ្វីដែលខ្ញុំបានជួបក្នុងជាតិនេះ គឺជាកម្មពៀររបស់ខ្ញុំ

រស់ សុភាព[1] អាយុ៦៣ឆ្នាំ មានទីកន្លែងកំណើតនៅភូមិវត្ដថ្មី ឃុំរកាកោង ស្រុកមុខកំពូល ខេត្ដកណ្ដាល។ បច្ចុប្បន្នខ្ញុំរស់នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ។
សុភាព បាននិយាយថា៖ «ខ្ញុំបានកំព្រាឪពុកម្ដាយតាំងពីកុមារភាពមកម្ល៉េះ។ ឪពុករបស់ខ្ញុំជាប់និន្នាការជាទាហានស័ក្ដិ៥ នៅចំការមនក្នុងរបប លន់ នល់។ ម្ដាយរបស់ខ្ញុំមានសម្បុរសជ្រះដូចកូនកាត់វៀតណាម។ ខ្មែរក្រហមបានដាក់ការសង្ស័យមកលើក្រុមគ្រួសាររបស់ខ្ញុំថាជាជនជាតិវៀតណាម។ នៅចុងឆ្នាំ១៩៧៨ ក្រុមគ្រួសាររបស់ខ្ញុំរួមមាន ឪពុកម្ដាយ និងបងស្រីម្នាក់ ត្រូវបានខ្មែរក្រហមចាប់ខ្លួន ហើយបញ្ជូនទៅប្រទេសវៀតណាមក្រោមហេតុផលថាឲ្យទៅដូរអំបិល។ ខ្ញុំបានសួរពូៗខ្មែរក្រហមថា ហេតុអ្វីបានជាចាំបាច់ចងឪពុកម្ដាយ និងបងស្រីរបស់ខ្ញុំ ហើយដាក់លើឡានសេអ៊ឹមសេ បើគ្រាន់តែទៅដូរអំបិលសោះ។ ខ្មែរក្រហមឆ្លើយថា ខ្លាចគាត់ធ្លាក់ពីលើឡាន។ ទោះបីជានៅពេលនោះ ខ្ញុំមានវ័យក្មេងក៏ដោយ ក៏ខ្ញុំមិនជឿដែរ។ នៅពេលខ្ញុំនឹកឃើញរឿងនេះឡើងវិញ ខ្ញុំក្លាហានណាស់ ដែលហ៊ានសួរបែបនេះ។
កាលពីកុមារភាព ខ្ញុំមិនបានរៀនសូត្រទេ។ នៅក្នុងសម័យខ្មែរក្រហម ឪពុកម្ដាយ និងបងប្អូនរបស់ខ្ញុំត្រូវបានបំបែកចេញពីគ្នា។ ខ្ញុំទៅរស់នៅក្នុងកងកុមារឈានមុខ ដើម្បីរាំអបអរសាទរទទួលគណៈប្រតិភូជាន់ខ្ពស់។ ខ្ញុំគិតថាខ្ញុំមានក្ដីសុខហើយដែលបានចូលទៅរស់នៅកន្លែងបែបនេះ។ ប៉ុន្ដែផ្ទុយទៅវិញ ខ្មែរក្រហមគ្រាន់តែបំបិទភ័ស្ដុតាង ដើម្បីកុំឲ្យខ្ញុំឃើញស្ថានភាពនៃការចាប់ឪពុកម្ដាយ និងបងស្រីរបស់ខ្ញុំទៅវាយចោលប៉ុណ្ណោះ។ នៅក្នុងកងកុមារឈានមុខ យើងរៀនរាំ ហើយឆ្លៀតពីនោះ យើងបានទៅដាក់ចំណីឲ្យដង្កូវនាងដើម្បីផលិតសូត្រ។
ក្រោយមក អ៊ំរបស់ខ្ញុំបានជួបខ្ញុំនៅសហករណ៍ខ្មែរក្រហម ដែលកំពុងពន្លេសពោត និងប្រលែងគ្នាជាមួយកុមារផ្សេងទៀត។ ដោយសារតែមានចិត្ដត្រេកអរខ្លាំងពេក អ៊ំរបស់ខ្ញុំក៏ភ្លេចខ្លួនថា យើងត្រូវលាក់ពីប្រវត្ដិរូបញាតិសន្ដានរបស់ខ្លួន។ គាត់ធ្លោយមាត់ហៅឈ្មោះខ្ញុំ និងថែមទាំងនិយាយពីឪពុករបស់ខ្ញុំទៀត។ ខ្មែរក្រហមចាប់ផ្តើមដឹងនិងកត់សម្គាល់។ នៅពេលនោះ ខ្មែរក្រហមមិនទាន់ធ្វើអ្វីខ្ញុំភ្លាមៗទេ។ ខ្មែរក្រហមមិនទាន់ចាប់ខ្លួនខ្ញុំភ្លាមៗទេ ដោយឲ្យខ្ញុំទៅដេញចាបនៅវាលស្រែមួយរយៈសិន។
ក្រោយមក ខ្មែរក្រហមក៏បានដកខ្ញុំត្រឡប់មកវិញក្រោមហេតុផលមករៀនសូត្រ។ នៅម៉ោង១២យប់ ខណៈពេលខ្ញុំកំពុងដេកលង់លក់យ៉ាងស្កប់ស្កល់ ដោយសារការនឿយហត់ពីថ្ងៃ។ ខ្មែរក្រហមបានមកដាស់ខ្ញុំឲ្យភ្ញាក់ ហើយប្រាប់ថាឪពុករបស់ខ្ញុំចង់ជួប។ គាត់ចាំនៅខាងក្រោមផ្ទះ! បន្ទាប់ពីបានឮបែបនេះ ខ្ញុំត្រេកអរខ្លាំងណាស់ ហើយក៏ដើរចុះមកដី។ បន្ទាប់មក ខ្មែរក្រហមបានបណ្ដើរខ្ញុំឆ្ងាយពីផ្ទះបន្ដិចរហូតដល់ដើមស្វាយធំមួយ។ ខ្ញុំត្រូវបានវាយឲ្យលុតជង្គង់ហើយ ចងដៃ និងរុំមាត់កុំឲ្យស្រែក។ ខ្មែរក្រហមបានបណ្ដើរខ្ញុំទៅដល់ផ្ទះឈើមួយនៅកណ្ដាលភូមិព្រែកដំបង។ ខ្ញុំបានឃើញថាជាមន្ទីរសួរចម្លើយរបស់ខ្មែរក្រហម។
ភ្លាមៗនោះ ខ្ញុំបានលើកដៃសំពះដោយក្ដីអង្វរ ថា មិត្ដបង ខ្ញុំខុសអ្វី..ខ្ញុំទៅចាំចាប ខ្ញុំមិនហ៊ានលេងទេ ខ្ញុំខំមើល ខ្ញុំខុសអ្វី..! ខ្ញុំឈឺ កុំធ្វើបាបខ្ញុំ..។ នៅទីនោះ ខ្មែរក្រហមបានដាក់ច្រវ៉ាក់ជើងខ្ញុំជាប់នឹងសសរក្រឡោងផ្ទះ។ សូម្បីតែការបន្ទោរបង់ក៏នៅនឹងកន្លែងនោះដែរ។ ដំបូងខ្មែរក្រហមបានសួរខ្ញុំរកពីភាពខុសត្រូវ និងប្រវត្ដិរូបក្រុមគ្រួសាររបស់ខ្ញុំ ដោយក្រុមត្រជាក់។ ក្រុមនោះបានប្រើពាក្យសំដីស្លូតបូតមកកាន់ខ្ញុំ ហើយថែមទាំងឲ្យនំប៉័ងមកខ្ញុំហូបទៀតផង។ ខ្ញុំបានរៀបរាប់នៅអំឡុងពេលសួរចម្លើយថា ឪពុករបស់ខ្ញុំគឺជាអ្នកឡើងត្នោត និងដាក់ជង់សត្វដើម្បីចិញ្ចឹមក្រុមគ្រួសារ។ ចំណែកឯម្ដាយប្រកបរបរដងចកនៅតាមបឹងដើម្បីលក់ឲ្យអ្នកចិញ្ចឹមសត្វ។
បន្ទាប់មក ដោយសារមិនបានចម្លើយដែលខ្មែរក្រហមចង់បាន ក្រុមក្ដៅក៏បានសួរចម្លើយខ្ញុំម្ដងទៀត។ ក្រុមក្ដៅធ្វើទារុណកម្មយ៉ាងឃោរឃៅមកលើខ្ញុំ។ ក្រុមនេះបានទះកំផ្លៀងខ្ញុំ វាយខ្ញុំនឹងខ្សែតី បញ្ជ្រកទឹកត្រី និងយកខ្សែរឹតករបស់ខ្ញុំស្ទើរស្លាប់ស្ទើររស់។ ខ្ញុំត្រូវទទួលរងទារុណកម្មបែបនេះរយៈពេល២ខែ។ ខ្លួនប្រាណរបស់ខ្ញុំបានបន្សល់ទុកនូវស្លាកស្នាមពីការធ្វើទារុណកម្មបែបនេះដល់បច្ចុប្បន្ន។
នៅពេលដែលខ្ញុំនឹកឃើញដល់រឿងទាំងនោះម្ដងៗ ខ្ញុំមានការភ័យខ្លាចយ៉ាងខ្លាំង។ ខ្ញុំបានឆ្លើយចម្លើយដដែលៗបែបនេះទៅកាន់ក្រុមសួរចម្លើយដែលមានគ្នាប្រហែល៥នាក់។ អ្វីដែលខ្ញុំបន្ដទទួលរងគឺទារុណកម្មរហូតដល់សន្លប់បាត់ស្មារតី។ នៅពេលដែលខ្ញុំបានដឹងខ្លួនវិញ ខ្មែរក្រហមបាននិយាយថា ដើម្បីកុំឲ្យសាំញ៉ាំច្រើន ខ្ញុំក៏ត្រូវបញ្ជូនទៅកន្លែងមួយទៀត ដែលត្រូវបានស្គាល់ថា កោះចារ៉ាមនៅទល់មុខវត្ដរកាកោង។ ខ្ញុំឮបែបនេះ នឹកក្នុងចិត្ដថានឹងមិនមានសង្ឃឹមរួចរស់ជីវិតត្រឡប់មកវិញទេ។ ខ្ញុំបានបន់ដូនតា និងរំឮកដល់ទឹកដោះម្ដាយថ្លៃ។ នៅទីនោះ ខ្ញុំឃើញមានអ្នកទោសជាច្រើននាក់ជាប់ចំណងដៃតៗគ្នា ហើយត្រូវបញ្ជូនទៅតាមទូកយកទៅបាត់។ សំណាងល្អ ខ្ញុំនិងអ្នកទោសមួយចំនួនទៀតមិនត្រូវបានបញ្ជូនទេ ដោយសារចាំកាណូតយូរពេក។ កងទ័ពវៀតណាមមកទាន់ ហើយស្រែកថា ជយោ! រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ យើងក៏រួចរស់ជីវិតចាប់ពីពេលនោះមក។
ក្រោយឆ្នាំ១៩៧៩ ទើបខ្ញុំដឹងថា នៅទីនោះជាកន្លែងយកមនុស្សទៅសម្លាប់ចោល ដោយសារមានរណ្ដៅសាកសពរួមជាភស្ដុតាង។ កងទ័ពរណសិរ្សសាមគ្ដីសង្គ្រាមជាតិកម្ពុជារួមជាមួយកងទ័ពស្ម័គ្រចិត្ដវៀតណាមបានមកជួយស្រាយចំណងយើង ហើយឱបយើងដើម្បីកុំឲ្យយើងភិតភ័យ។ កងទ័ពទាំងនោះបានផ្ដល់អាហារដល់យើង ខណៈយើងកំពុងតែឃ្លានខ្លាំង។ ខ្ញុំគិតថា អ្វីដែលខ្ញុំបានជួបក្នុងជាតិនេះ គឺជាកម្មពៀររបស់ខ្ញុំ។ ខ្ញុំមានតែសម្រួលអារម្មណ៍ខ្លួនឯងដើម្បីផ្សះផ្សាផ្លូវចិត្ដ។ ខ្ញុំសោកស្ដាយបំផុតនៅក្នុងការបាត់បង់ឪពុកម្ដាយ និងបងស្រីរបស់ខ្ញុំនៅក្នុងសម័យខ្មែរក្រហម។ ទោះជាយ៉ាងនេះក្ដី ខ្ញុំមិនបានគុំគួនលើខ្មែរក្រហមទេ ដោយសារវាជាកម្មពៀររបស់ខ្ញុំ។
តាំងពីកុមារមក ខ្ញុំជួបរឿងវេទនា និងហិង្សារហូតមក។ នៅមុនសម័យខ្មែរក្រហម ខ្ញុំបានទៅរស់នៅជាមួយក្រុមគ្រួសារអ្នកដទៃទៀត ដើម្បីទទួលបានអាហារហូបចុក និងរស់រានមានជីវិត។ នៅពេលនោះ គ្រួសារដែលខ្ញុំទៅរស់នៅជាមួយ បានប្រើប្រាស់ហិង្សាមកលើខ្ញុំ ដោយវាយធ្វើបាប ចាប់ជ្រមុជទឹក និងធាក់ខ្ញុំនៅនឹងកន្លែងលាងចាន។
ក្រោយមក ខ្ញុំបានរត់តុគុយទាវ លាងចាន និងបោសជូត នៅហាងគុយទាវមួយកន្លែងនៅឯផ្សារចាស់នាទីក្រុងភ្នំពេញ។ នៅពេល ខ្ញុំត្រូវបានទទួលរងការវាយធ្វើបាប ដោយសារបោសជូតហាងមិនស្អាត។ ដោយសារជួបការលំបាកខ្លាំងពេក ខ្ញុំបានរត់ឡើងរថភ្លើង ដើម្បីធ្វើដំណើរទៅកាន់ខេត្ដបាត់ដំបងដើម្បីរកអ៊ំរបស់ខ្ញុំ។ ខ្ញុំរកគាត់មិនឃើញទេ។ បន្ទាប់មក ខ្ញុំក៏បានបន្ដដំណើរទៅកាន់ស្វាយស៊ីសាផុន ក្នុងខេត្ដបន្ទាយមានជ័យ។ នៅទីនោះ ខ្ញុំបានជួបជាមួយនឹងអ៊ំស្រីរបស់ខ្ញុំ ហើយបានរស់នៅជាមួយក្រុមគ្រួសាររបស់គាត់បានមួយរយៈ។ ខ្ញុំក៏បានត្រឡប់ទៅទីក្រុងភ្នំពេញវិញ ដើម្បីរស់នៅក្នុងមណ្ឌលកុមារកំព្រា ដោយសារប្ដីរបស់អ៊ំស្រីខ្ញុំមានភាពកោងកាចពេក និងមើលងាយខ្ញុំពេក។
បន្ទាប់ពីរស់នៅមណ្ឌលកុមារកំព្រាបានមួយរយៈ អ៊ំប្រុសម្នាក់ក៏បានសុំខ្ញុំឲ្យទៅនៅជាមួយនៅឯ ស្រុកកំណើតរបស់ខ្ញុំវិញ ព្រោះឃើញខ្ញុំរួសរាយ និងមានរូបរាងម៉ាប់លេចធ្លោរជាងគេ។ កាលណោះ ខ្ញុំចូលចិត្ដវិស័យសិល្បៈណាស់ ជាពិសេសទៅលើការរាំរបាំ។ ជីវិតរបស់ខ្ញុំបានជួបរឿងលំបាកជាច្រើនទៀតនៅក្រោមអំពើហិង្សា និងភាពរសាត់អណ្ដែតកំព្រាឪពុកម្ដាយ។ ដោយសារសាច់រឿងលំបាកបែបនេះហើយ ទើបខ្ញុំមិនធ្លាប់ចែករំលែកទៅកាន់អ្នកណាទាំងអស់ពីមុនមកទេ»៕
អត្ថបទដោយ សួត វិចិត្រ
[1] សួត វិចិត្រ សម្ភាសន៍ រស់ សុភាព នៅក្នុងស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ នៅឆ្នាំ២០២៥