ប្រកែកក៏ស្លាប់មិនប្រកែកក៏ស្លាប់
(រតនគិរី)៖ រឿ ជេល មានអាយុ៥៦ឆ្នាំ រស់នៅភូមិឡាម៉ឺយ ឃុំកុកឡាក់ ស្រុកវើនសៃ ខេត្តរតនគិរី ជាជនជាតិដើមភាគតិចកាវែត។
នៅសម័យខ្មែរក្រហម រឿ ជេល ត្រូវរស់នៅក្នុងសហករណ៍ ដោយធ្វើការនៅវាលស្រែ និងចម្ការ។ គាត់ត្រូវស្ទូងស្រូវ ដាំបន្លែ កាប់ព្រៃ និងជម្រះស្មៅ។ ក្រៅពីនេះ គាត់ជួយ រកឧស និងរែកទឹក ដើម្បីជួយសម្រាលអម្រែករបស់ឪពុកម្តាយ។
គាត់ថានៅសម័យនោះ ស្រូវត្រូវបានខ្មែរក្រហមប្រមូលយកទៅទុកក្នុងឃ្លាំងយ៉ាងច្រើន ក៏ប៉ុន្តែកងឈ្លបមិនដែលចែកឲ្យប្រជាជនហូបបានគ្រប់គ្រាន់ ឬឆ្អែតម្ដងណាឡើយ។ អង្ករតែបន្តិចបន្តួចប៉ុណ្ណោះ ដែលខ្មែរក្រហមចែកឲ្យប្រជាជនដែលរស់នៅតាមសហករណ៍។ ក្រៅពីអង្ករ មានមើមដំឡូង ត្រកួន ត្រួយស្លឹកដំឡូងជាដើម។
កងឈ្លប បានបង្ខិតបង្ខំឲ្យ រឿ ជេល ធ្វើការដោយគ្មានពេលសម្រាក ធ្វើការទាំងឈឺ និងមិនឲ្យប្រកែក ឬតវ៉ាជាមួយខ្មែរក្រហមនោះទេ។ ជាអកុសល ឪពុកម្តាយរបស់គាត់ត្រូវធ្វើការទាំងឈឺ រហូតដល់បាត់បង់ជីវិត។ ខ្មែរក្រហមមិនអនុញ្ញាតឲ្យសាច់ញាតិ និងគាត់បានធ្វើបុណ្យតាមប្រពៃណីសម្រាប់ឪពុកម្តាយនោះទេ។ គាត់បានត្រឹមតែកំដរសពមួយយប់ប៉ុណ្ណោះ បន្ទាប់មកសពរបស់ឪពុកម្តាយរបស់គាត់ត្រូវបានយកទៅកប់។
ម្តាយរបស់គាត់ត្រូវធ្វើការតាំងពីព្រលឹមរហូតដល់យប់ជ្រៅទើបបានសម្រាក។ សម្រាកមិនបានប៉ុន្មានគាត់ត្រូវទៅធ្វើការ បើកាលណាខ្មែរក្រហមវាយជួងហើយ ត្រូវតែទៅធ្វើការនៅស្រែចម្ការ។ ពេលយប់គាត់ត្រូវបុកស្រូវបន្ថែមដោយគ្មានពេលសម្រាកទាល់តែសោះ។
ចំណែកឪពុកវិញត្រូវធ្វើការនៅសហករណ៍ផ្សេង ដោយមិនបានរស់នៅជាមួយគ្នានោះទេ ក្រុមគ្រួសាររបស់គាត់ត្រូវបានព្រាត់ប្រាសដោយសារខ្មែរក្រហម។
នៅថ្ងៃមួយ រឿ ជេលឃើញខ្មែរក្រហមស្ពាយកាំភ្លើង នាំយកមនុស្សក្នុងភូមិបីនាក់ ដែលត្រូវបានគេចងដៃ និងយកកំណាត់ចងភ្នែក ដោយប្រាប់ថាយកទៅរៀនសូត្រ។ ពីរទៅបីខែក្រោយមក ក៏មិនមានលឺដំណឹងឬឃើញអ្នកទាំងបីត្រលប់មកវិញនោះទេ។
នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមបានវាយប្រហារចូលមកប្រទេសកម្ពុជា ខ្មែរក្រហមបានកុហកថាកងទ័ពវៀតណាម និងចាប់ខ្លួនប្រជាជន លឺដូច្នេះគាត់និងប្រជាជនផ្សេងទៀតបានរត់គេចខ្លួនចូលក្នុងព្រៃជ្រៅជាង៥ឆ្នាំ។ ប្រជាជនខ្លះបានបាត់បង់ជីវិតដោយសារគ្មានអាហារសម្រាប់បរិភោគ និងគ្មានថ្នាំព្យាបាល។ គាត់បានត្រលប់មករស់នៅក្នុងភូមិ និងស្រុកកំណើតវិញមកទល់សព្វថ្ងៃបន្ទាប់ពីរស់នៅក្នុងព្រៃអស់រយៈពេលជាង៥ឆ្នាំ។
រឿ ជេល បានបាត់បង់សមាជិកគ្រួសារអស់បីនាក់។ ជាចុងក្រោយ រឿ ជេល គាំទ្រចំពោះដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហម និងថាការធ្វើដូច្នេះនឹងអាចចូលរួមការទប់ស្កាត់របបនេះកុំឲ្យវិលត្រលប់សារជាថ្មីម្តងទៀតនៅប្រទេសកម្ពុជា៕
សម្ភាសន៍ដោយ បេង ហង្ស ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤