វិះនឹងត្រូវខ្មែរក្រហមសម្លាប់ដោយសារទៅមើលកូន

(រតនគិរី)៖ សា ហ្វី ភេទស្រី មានអាយុ ៦៩ឆ្នាំ ជាកសិករ រស់នៅភូមិបី ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ នៅឆ្នាំ១៩៧៤ ប្រជាជនដែលរស់នៅស្រែអង្គ្រង ត្រូវធ្វើស្រែប្រវាស់ដៃ និងមានបាយសុទ្ធសម្រាប់ហូប ប៉ុន្តែមិនយូរប៉ុន្មានអ្វីៗ បានផ្លាស់ប្ដូរ។
នៅឆ្នាំ១៩៧៥ បន្ទាប់ពីរបបខ្មែរក្រហមគ្រប់គ្រងប្រទេសកម្ពុជាទាំងស្រុង ប្រជាជនដែលរស់នៅស្រែអង្គ្រងត្រូវខ្មែរក្រហមជម្លៀសចេញពីភូមិកំណើតឲ្យទៅរស់នៅសហករណ៍ត្រពាំងក្រហម។ ចាប់ពីពេលនោះមក ហ្វី ត្រូវធ្វើការរួម ដូចជាលើកទំនប់ត្រពាំងអង្គ្រង និងដកស្ទូងទាំងហាលថ្ងៃហាលភ្លៀង។
ជារៀងរាល់ម៉ោង ៤ទៀបភ្លឺ ហ្វី ត្រូវក្រោកទៅដកស្ទូងរហូតដល់ម៉ោង ១២ថ្ងៃត្រង់ ទើបបានហូបបាយ។ ដោយសារការហូបចុកមិនគ្រប់គ្រាន់ និងការធ្វើពលកម្មហួសកម្លាំង មនុស្សមួយចំនួន បានដួលសន្លប់ និងខ្យល់គ។ នៅពេលឃ្លាន ហ្វី បានលួចបេះស្លឹកកន្ទ្រង់ហូប។ ថ្ងៃមួយ ហ្វី ហូបផ្លែអំពុកដែលបណ្ដាលឲ្យគាត់ក្អួត និងត្រូវត្រលប់ទៅធ្វើការវិញនៅម៉ោង ១ថ្ងៃទាំងឈឺ។ នៅពេលល្ងាចឡើង ហ្វី ត្រូវដកស្ទូងឲ្យបានមួយផ្លូនបន្ថែមទៀត ទើបបានសម្រាក។
នៅសហករណ៍ត្រពាំងក្រហម ហ្វី ទទួលបានរបបអាហាររួម ដែលមានលាយជាមួយគល់ចេក, ស្លឹកដំឡូងមី, និងដំឡូងមី។ របបអាហារ គឺមានតែបាយកន្លះចានចង្កឹះ ដែលវេចជាមួយស្លឹកខ្លុងទុកសម្រាប់អ្នកត្រូវទៅធ្វើការកន្លែងឆ្ងាយពីរោងបាយ។ ចំណែកស្លឹកខ្លុង ដែលប្រើប្រាស់រួច ត្រូវយកមកលាង និងប្រើប្រាស់ម្តងទៀត។
នៅពេលមានផ្ទៃពោះ ហ្វី បានសម្រាកតែប៉ុន្មានថ្ងៃប៉ុណ្ណោះ និងបន្ទាប់ពីសម្រាលកូនរួច ហ្វី ត្រូវត្រលប់ទៅបុកស្រូវ។ កូនរបស់ ហ្វី ត្រូវយកទៅផ្ញើស្ត្រីវ័យចំណាស់នៅស្រែឫស្សី មើលថែ។
ថ្ងៃមួយ កូនរបស់ហ្វី ធ្លាក់ខ្លួនឈឺ។ ដោយសារក្តីបារម្ភអំពីកូននៅតូច និងការមើលថែមិនដិតដល់ បូករួមទាំងការហូបចុកមិនគ្រប់គ្រាន់ ដោយមានត្រឹមតែអង្ករបីកំប៉ុងសម្រាប់កុមារ ១០នាក់ហូបក្នុងមួយថ្ងៃ។ ហ្វី បានធ្វើដំណើរទៅមើលកូននៅស្រែឫស្សី ទាំងគ្មានការអនុញ្ញាតពីប្រធានក្រុម។
នៅពេលត្រលប់មកពីមើលកូនវិញ មានអ្នករាយការណ៍ប្រាប់ប្រធានក្រុម។ ប្រធានក្រុម បានស្ដីបន្ទោស ហ្វី ថាមិនទុកចិត្តលើបក្ស ដូច្នេះនឹងត្រូវបញ្ជូនទៅដកស្ទូង នៅត្រពាំងច្រេស តាមផែនការរបស់អង្គការ។
ហ្វី សម្រាន្តមិនលក់មួយយប់ លុះព្រឹកឡើង ហ្វី បានបញ្ចុកបាយដែលគាត់ទុកឲ្យកូនហូប មុនពេលចាកចេញទៅត្រពាំងច្រេស ទាំងគិតក្នុងចិត្តថា ប្រាកដជានឹងត្រូវយកទៅសម្លាប់។ ក្រោយមក ប្រធានក្រុមប្រាប់គាត់ថា មិនចាំបាច់ទៅត្រពាំងច្រេសនោះទេ។ ហ្វី មានការត្រេកអរ នៅពេលដឹងខ្លួនថា មិនត្រូវបានខ្មែរក្រហមយកទៅសម្លាប់។
ជាចុងក្រោយ សម្រាប់រូបគាត់ផ្ទាល់ ហ្វី មានការពេញចិត្តចំពោះដំណើរការស្វែងរកយុត្តិធម៌របស់តុលាខ្មែរក្រហម ដែល ហ្វី យល់ស្របថានឹងជួយទប់ស្កាត់កុំឲ្យរបបខ្មែរក្រហមកើតឡើងសាជាថ្មី។ ក្នុងនាមជាអ្នករស់រានមានជីវិតម្នាក់ពីរបបខ្មែរក្រហម ហ្វី តែងតែប្រាប់កូនចៅអំពីរឿងរ៉ាវដែលកើតមានឡើងនាសម័យនោះ ក៏ប៉ុន្តែក្នុងនោះមានអ្នកខ្លះជឿ និងខ្លះទៀតមិនជឿ។ សព្វថ្ងៃ ហ្វី មានជំងឺប្រចាំកាយដូចជាលើសឈាម និងលើសជាតិស្ករ៕
សម្ភាសដោយ ឡាយ កូរ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥