សៃ ខាំអាន៖ ខ្ញុំបង្រៀនកុមារនៅក្នុងព្រៃ ក្នុងជំនាន់បដិវត្តន៍ខ្មែរក្រហម

សៃ ខាំអាន[1] ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិឡាវ មានទីកន្លែងកំណើតនៅភូមិកោះរំយើល ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ អាន បច្ចុប្បន្នរស់នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
អាន បាននិយាយរៀបរាប់ពីរឿងរ៉ាវដែលខ្លួនបានឆ្លងកាត់ក្នុងសម័យខ្មែរក្រហមថា៖ «កាលពីកុមារភាព ខ្ញុំរៀនបានត្រឹមថ្នាក់ទី៩ពីសង្គម។ ដូច្នេះខ្ញុំអាចសរសេរ និងអានអក្សរ។ នៅជំនាន់នោះគ្រួសារខ្ញុំមានជីវភាពក្រីក្រ ដែលប្រកបរបរធ្វើស្រែចម្ការតែប៉ុណ្ណោះ។ ក្រុមគ្រួសារខ្ញុំគ្មានអ្នកណាម្នាក់ធ្វើការនៅក្នុងរដ្ឋាភិបាលឡើយ។ ខ្ញុំមានបងប្អូនបង្កើតចំនួន៤នាក់ ហើយខ្ញុំជាកូនប្រុសទីពីរនៅក្នុងគ្រួសារ។
បន្ទាប់ពីខ្ញុំឈប់រៀន ខ្ញុំបាននៅផ្ទះជួយធ្វើការងារស្រែចម្ការឪពុកម្ដាយ។ រហូតដល់ឆ្នាំ១៩៦៧ ខ្ញុំក៏បានសម្រេចចិត្តចូលតស៊ូនៅក្នុងព្រៃជាមួយក្រុមបដិវត្តន៍។ នៅពេលនោះ ប្រជាជន រួមទាំងខ្ញុំមិនបានដឹងនោះទេថានណាម្នាក់ជាអ្នកដឹកនាំកម្លាំងបដិវត្តន៍ទាំងមូល។ ម្នាក់ៗសុទ្ធតែចូលទៅតាមគ្នាពីមួយក្រុមទៅមួយក្រុម។ ពីមួយថ្ងៃទៅមួយថ្ងៃកម្លាំងប្រជាជនរត់ចូលធ្វើបដិវត្តន៍កាន់តែកើនឡើង។ ខណៈពេលដែលមានកម្លាំងប្រជាជនទាំងចាស់ទាំងក្មេងៗកើនឡើងជាបន្តបន្ទាប់ ប្រជាជនបាននាំគ្នាសង់ខ្ទមតូចៗសម្រាប់ស្នាក់នៅក្នុងព្រៃជាបណ្ដោះអាសន្ន។
ក្រោយមកទៀត ខ្ញុំត្រូវបានជ្រើសរើសឲ្យធ្វើជាគ្រូបង្រៀនក្មេងៗនៅក្នុងព្រៃ តាមដែលខ្ញុំអាចបង្រៀនទៅបាន។ កំឡុងពេលនោះ ការបង្រៀនរបស់ខ្ញុំមិនសូវជាល្អប៉ុន្មាននោះទេ។ ពេលខ្លះ ខ្ញុំក៏បានបង្រៀន ឯពេលខ្លះទៀតក៏ត្រូវទៅជួយធ្វើការប្រជាជន។ ប៉ុន្តែ ខ្ញុំតាំងចិត្តខិតខំបង្រៀនក្មេងៗឲ្យចេះអាន និងសរសេរអក្សរ មិនចង់ឲ្យក្មេងៗភ្លេចព្រោះត្រូវរស់នៅក្នុងព្រៃយូរឆ្នាំ។ ការរស់នៅក្នុងព្រៃពេលនោះ មានការតឹងរឹងណាស់។ គ្មានអ្នកណាហ៊ានចេញទៅណាផ្តេសផ្ដាសនោះទេ លុះត្រាតែអ្នកស៊ើបការណ៍ទើបអាចចេញទៅបាន។ ចំណែកឯប្រជាជនមួយចំនួន បាននាំគ្នាលួចចូលទៅក្នុងភូមិដើម្បីចូលយកអង្ករ និងស្បៀងមកទុកហូបពេលនៅក្នុងព្រៃ។
លុះដល់ឆ្នាំ ១៩៧០ ព្រឹត្តិការណ៍បានកើតឡើង ដោយសារសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្ដេច នរោត្តម សីហនុ ពីតំណែង។ បន្ទាប់ពីមានព្រឹត្តិការណ៍នេះកើតឡើង ខ្ញុំ រួមទាំងប្រជាជនទាំងអស់រស់នៅក្នុងព្រៃបាននាំគ្នាត្រឡប់មករស់នៅក្នុងភូមិវិញ។ ពេលត្រឡប់មកភូមិស្ថានវិញ ប្រជាជនទាំងអស់បាននាំគ្នាជីករណ្ដៅលេណដ្ឋាននៅតាមផ្ទះរៀងៗខ្លួន ដើម្បីការពារពីការទម្លាក់គ្រាប់បែក។ ស្ថានភាពពេលនោះ តានតឹងណាស់ប្រជាជនមិនអាចចេញទៅធ្វើការរកស៊ីបានស្រួលឡើយ។ បើចង់ធ្វើអ្វីមួយគឺសុទ្ធតែលួចលាក់មិនហ៊ានបើកចំហដូចស្ថានភាពធម្មតានោះទេ។ នៅពេលថ្ងៃប្រជាជននាំគ្នាសំងំលាក់ខ្លួននៅតែក្នុងលេណដ្ឋាន លុះដល់យប់ទើបនាំគ្នាចេញមកនៅខាងក្រៅដាំបាយធ្វើម្ហូបឲ្យកូនចៅហូប។ អស់រយៈពេល៥ឆ្នាំដែលប្រជាជនរស់នៅក្នុងស្ថានភាពបែបនេះ។
រហូតដល់ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមបានវាយរំដោះទីក្រុងភ្នំពេញ ទើបប្រជាជនលែងមានភាពភ័យព្រួយរឿងទម្លាក់គ្រាប់បែកតទៀត។ កំឡុងពេលបានឮដំណឹងនេះ ខ្ញុំពិតជាមានសេចក្ដីត្រេកអរជាខ្លាំង ដោយគិតថាប្រទេសជាតិទទួលបានភាពស្ងប់សុខវិញហើយលែងជួបការលំបាក។ ប៉ុន្តែផ្ទុយមកវិញ ខ្ញុំបែរជាបន្តរស់នៅកាន់តែយ៉ាប់យឺនទៅវិញ។ បន្ទាប់ពីខ្មែរក្រហមគ្រប់គ្រងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៥ ការរស់នៅរបស់ប្រជាជនត្រូវបានផ្លាស់ប្ដូរទាំងស្រុង។
ពេលនោះ ខ្មែរក្រហមបានបង្កើតក្រុមរបស់ខ្លួនឈ្មោះជាអង្គការ និងបង្កើតជាសហករណ៍សម្រាប់ឲ្យប្រជាជនរស់នៅ។ អង្គការខ្មែរក្រហម បានប្រកាសឲ្យប្រជាជនទាំងអស់ប្រមូលទ្រព្យសម្បត្តិ សម្ភារៈឯកជនទាំងអស់មកដាក់រួមគ្នា។ បន្ទាប់មកទៀត ចាប់ផ្ដើមបែងចែកការងារឲ្យប្រជាជនធ្វើទៅតាមអាយុ។ ចំពោះមនុស្សធំត្រូវបានប្រើឲ្យទៅជីកប្រឡាយ លើកភ្លឺស្រែ លើកទំនប់ និងរែកដីជាដើម។ ចំណែកឯមនុស្សចាស់ត្រូវបានដាក់ឲ្យនៅមួយកន្លែង សម្រាប់មើលកុមារតូចៗដែលម្ដាយឪពុកចេញទៅធ្វើការនៅការដ្ឋាន។
រីឯក្មេងៗអាយុចាប់ពី៥ឆ្នាំដល់១៥ឆ្នាំ អង្គការចាត់តាំងឲ្យទៅកាប់ទន្ទ្រានខែត្រ, រើសអាចម៍គោមកលាយធ្វើជាជីដាក់ស្រែ និងដេញចាបស៊ីស្រូវ ជាដើម។ កុមារទាំងអស់ មិនទទួលបានការសិក្សារៀនសូត្រនោះទេ។ ចំណែកឯក្រុមគ្រួសារក៏ត្រូវរស់បែកបាក់គ្នា។ ទោះបីជាមានអ្នកណាម្នាក់នឹកឪពុកម្ដាយក៏មិនហ៊ានទៅជួបដែរព្រោះអង្គការហាមមិនឲ្យជួបគ្នានោះទេ។ ចំពោះអាហារហូបចុកមានការខ្វះខាត ខ្ញុំ រួមទាំងប្រជាជនទាំងអស់នៅក្នុងសហករណ៍ហូបមិនដែរឆ្អែតទាល់តែសោះ។
កាលណោះ ខ្ញុំនៅធ្វើការខាងរែកដី ជីកប្រឡាយ លើកទំនប់។ ការងារនេះមានការលំបាកខ្លាំង ព្រោះត្រូវធ្វើកណ្ដាលថ្ងៃក្ដៅ និងត្រូវប្រើប្រាស់កម្លាំងច្រើន។ ជំនាន់នោះទោះយើងដឹងថាការគ្រប់គ្រងមិនមានភាពល្អប្រសើរ ធ្វើបាបប្រជាជន ក៏គ្មានអ្នកណាហ៊ានប្រឆាំង ឬប្រកែកតវ៉ាដែរព្រោះខ្លាចអង្គការយកទៅសម្លាប់ចោល។ ប្រជាជន បានត្រឹមខិតខំធ្វើការទាំងយប់ទាំងថ្ងៃដើម្បីបំពេញតាមតម្រូវចិត្តអង្គការតែប៉ុណ្ណោះ។ ខ្ញុំរស់ នៅធ្វើការរែកដី លើកទំនប់ រហូតដល់ឆ្នាំ១៩៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាមបានចូលមករំដោះ ធ្វើឲ្យប្រជាជនមួយចំនួនក៏បានត្រឡប់ចូលទៅរស់នៅក្នុងស្រុកកំណើតវិញ ឯមួយចំនួនទៀតត្រូវបានខ្មែរក្រហមកេណ្ឌចូលទៅក្នុងព្រៃ។ ខ្ញុំ ក៏បានត្រឡប់ទៅរកឪពុកម្ដាយនៅឯស្រុកកំណើតវិញ។ ពេលខ្ញុំត្រឡប់ទៅដល់ស្រុកកំណើតវិញ ខ្ញុំជួយធ្វើការស្រែចម្ការឪពុកម្ដាយដូចដើម។
រហូតដល់ឆ្នាំ១៩៨៣ ខ្ញុំក៏បានរៀបការ។ បន្ទាប់ពីរៀបការហើយ ខ្ញុំបានរស់នៅក្នុងស្រុកកំណើតខិតខំធ្វើការ ដើម្បីកសាងគ្រួសារមួយឲ្យបានល្អប្រសើរ។ លុះដល់ឆ្នាំ២០០០ ខ្ញុំក៏បានសម្រេចចិត្តនាំប្រពន្ធកូនមករស់នៅក្នុងស្រុកអន្លង់វែង។ ពេលធ្វើដំណើរមកដល់អន្លង់វែង ខ្ញុំបានចូលមករស់នៅក្នុងភូមិថ្នល់កែង ព្រោះនៅទីនេះមានទីតាំងដាច់ឆ្ងាយពីគេងាយស្រួលរស់នៅ និងចិញ្ចឹមសត្វ ដាំដំណាំ ជាដើម។ បច្ចុប្បន្ននេះ ប្រទេសជាតិទទួលបានសុខសន្តិភាពខ្ញុំពិតជាមានការសប្បាយរីករាយជាខ្លាំង ព្រោះកូនចៅខ្ញុំអាចទៅសិក្សារៀនសូត្របាន ខ្ញុំអាចប្រកបមុខរបររកស៊ី ធ្វើស្រែចម្ការបានដោយសេរី គ្មានការបង្ខិតបង្ខំដូចមុនទៀតឡើយ»៕
អត្ថបទដោយ មេក វិន
[1] មេក វិន សម្ភាសន៍ជាមួយ សៃ ខាំអាន នៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ នៅឆ្នាំ២០២៤។