ប្តីឈឺស្លាប់នៅរបបខ្មែរក្រហម

(សៀមរាប)៖ សេម ហូ ភេទស្រី មានអាយុ ៧៥ឆ្នាំ។ ហូ មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិត្រាច ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ហូ មានឪពុកឈ្មោះ ប្រាក់ សេម និងម្ដាយឈ្មោះ បុញ្ញ ឃូ។ ហូ មានប្តីឈ្មោះ ញោ ប្រាក់ និងមានកូនប្រាំមួយនាក់ ក្នុងនោះស្រីបីនាក់។
នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ ហូ រៀនថ្នាក់កុមារដ្ឋានបានរយៈពេលបីឆ្នាំ នៅសាលាត្រពាំងពោធិ៍ ក្នុងឃុំគោកឫស្សី។ បន្ទាប់មក ហូ ឈប់រៀន និងជួយធ្វើស្រែចម្ការជាមួយឪពុកម្ដាយ។ ហូ បានរៀបការនៅមុនរដ្ឋប្រហារឆ្នាំ១៩៧០។
នៅឆ្នាំ១៩៧៣ ខ្មែរក្រហមដែលចូលគ្រប់គ្រងក្នុងភូមិរបស់ហូ បានបញ្ជាឲ្យ ហូ រវៃអំបោះ និងត្បាញសូត្រ សម្រាប់ចែកដល់កងចល័តនៅសហករណ៍។ ហូ និយាយថា នៅរោងសហករណ៍ និងនៅភ្នំបូក មានការទម្លាក់គ្រាប់បែក។
នៅឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចទូទាំងប្រទេស និងចាត់ទុកគ្រួសារហូ ជាប្រជាជនចាស់។ ហូ ត្រូវបានខ្មែរក្រហមចាត់តាំងឲ្យធ្វើការនៅកងចល័ត ដោយត្រូវដកស្ទូង និងធ្វើស្រែចម្ការ។ ក្រោយមក ហូ ធ្វើជាអ្នកមើលក្មេងនៅតាមរោងកុមារ នៅសាលារៀនតាកុយ។
នៅរោងកុមារ មានអ្នកមើលក្មេងប្រាំនាក់ប៉ុណ្ណោះ ចំណែកកុមារមានរហូតដល់ទៅ៣០-៤០នាក់។ ហូ បានធ្វើការនៅរោងកុមារអស់រយៈពីរឆ្នាំ។ ហូ និយាយថា គាត់ត្រូវធ្វើការហួសកម្លាំង និងគ្មានអាហារហូបចុកគ្រប់គ្រាន់នោះទេ។ របបអាហារ គឺមានតែបបររាវ ដោយមួយថ្ងៃហូបពីរពេល គឺពេលថ្ងៃត្រង់ និងពេលល្ងាច។
នៅឆ្នាំ១៩៧៨ ប្តីរបស់ហូ បានស្លាប់ដោយសារជំងឺ។ នៅរបបខ្មែរក្រហម គឺមានតែថ្នាំរាងដូចអាចម៍ទន្សាយប៉ុណ្ណោះសម្រាប់ព្យាបាល។ នៅឆ្នាំដដែល ខ្មែរក្រហមបានមកប្រមូលប្រជាជនក្នុងភូមិ ទៅប្រយុទ្ធនៅសមរភូមិ។ ចំណែកប្រជាជនមួយចំនួនទៀត ត្រូវខ្មែរក្រហមចាប់ខ្លួនយកទៅមន្ទីរឃុំឃាំង ស្ថិតនៅភូមិព្រំកិដ្ឋ។ ហូ ចងចាំថា ប្រធានមន្ទីរនោះ ឈ្មោះ ធុង។
នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ហូ និងកូន បានត្រលប់មករស់នៅភូមិកំណើត និងប្រកបរបរធ្វើស្រែចម្ការ និងចិញ្ចឹមសត្វ។ សព្វថ្ងៃ ហូ ដែលជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានជំងឺប្រចាំកាយ ដូចជាលើសឈាម, សន្លាក់ដៃជើង និងលើសជាតិស្ករ៕
សម្ភាសដោយ ដន ហុគី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១
អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥