សំ នី ជាសមាជិកក្រុមភ្លេងអារក្សនៅក្នុងឃុំជាំតាម៉ៅលេងខាងឧបករណ៍ស្គរ

ពាក្យថាអារក្ស [1]សំដៅយក ការបីបាច់, ការថែទាំឬមើលថែទាំ, ការគ្រប់គ្រង, ការកាន់កាប់រក្សា, ការថែរក្សាដោយយកចិត្តទុកដាក់; ដំណើរជួយរក្សាការពារ ។ ខ្មែរហៅខ្មោចល្បាក់សា, ខ្មោចមេមត់ឬបិសាច, អសុរកាយដែលកាន់កាប់ ថា អារក្ស សំដៅសេចក្ដីថា “ខ្មោចអ្នកបីបាច់រក្សា”លៀងអារក្ស, អារក្សចូល, រូបអារក្ស, ភ្លេងអារក្ស, សព្ទអារក្ស ។ បើយោងតាមឯកសាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលបានចុះជួបជាមួយលោក សំ នី[2]កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបរាប់ថា៖
ខ្ញុំបាទឈ្មោះ សំ នី ភេទប្រុស អាយុ៥៥ឆ្នាំ ជាជនជាតិខ្មែរ មានទីកន្លែងកំណើតនៅក្នុងភូមិបុស្សតាអឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅក្នុងភូមិបុស្សតាអឹម ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឪពុកខ្ញុំឈ្មោះ សំ ជាជនជាតិខ្មែរ ត្រូវបានអង្គការយកទៅសម្លាប់ចោលនៅភូមិបុស្សតាអឹម។ ម្ដាយខ្ញុំឈ្មោះ ច្រាញ់ ញ៉ាញ់ ជាជនជាតិខ្មែរ ស្លាប់ពេលរំដោះ ដោយសារចាស់ជរា។ ខ្ញុំមានបងប្អូន៧នាក់ ក្នុងនោះមានប្រុស៤នាក់ និងស្រី៣នាក់។ ប្រពន្ធខ្ញុំឈ្មោះ ខ្វាន់ សាវេន អាយុ៥៣ឆ្នាំ មានកូនប្រុស៣នាក់ និងកូនស្រី២នាក់។
កាលពីខ្ញុំនៅតូចខ្ញុំមិនបានសិក្សារៀនសូត្រទេ។ ឪពុកម្ដាយខ្ញុំនិង ប្រជាជននៅក្នុង ភូមិបុស្សតាអឹម មានមុខរបរ ធ្វើស្រែចំការ។ កាលនោះនៅក្នុងភូមិបុស្សតាអឹមមានក្រុមភ្លេងអារក្សមួយក្រុម ដែលមានឪពុក ខ្ញុំកាន់ខាងស្គរ និងចម្រៀង។ ខ្ញុំឃើញក្រុមភ្លេងអារក្សកាលនោះមាន ទ្រ ស្គរ(មាន៤ ស្គរតូច២ ស្គរធំ២) គង ប៉ី និងអ្នកចម្រៀង។ ចំពោះអ្នកចម្រៀងអាចជាមនុស្សស្រីឬក៏ប្រុស។ ចំពោះសំណឹងជាស្រី ហើយជាអ្នករៀបចំប្រដាប់ គ្រូ សំណឹង ជាន់ មានបាយសីមានតូចនិងធំទៅតាមគ្រូអារក្ស។ បាយសីដែលរៀបហើយលេង១យប់ហើយ រំលងបាន៣ថ្ងៃរើចោល ហើយ។ នៅក្នុងភូមិបុស្សតាអឹម ប្រជាជនរកក្រុម លេងភ្លេងអារក្សពេលមានមនុស្សឈឺ។ ពេលដែលប្រជាជន ឈឺទៅបន់ស្រន់ អារក្សថាបើជាចាំលេងភ្លេងអារក្សឲ្យ១យប់ឬ៣យប់ទៅតាមការសន្យារបស់ក្រុមគ្រួសារអ្នកជំងឺ។ ភ្លេងអារក្សភាគច្រើន លេងនៅពេលយប់ចាប់ពីម៉ោង៧ឬ៨ រហូតដល់ម៉ោង១២យប់ទើបសម្រាក។ មុនពេលលេងភ្លេងត្រូវសែនសុំចំនៀងផ្ទះ អ្នកតាផ្ទះសម្បែង។
លុះពេលចាប់ផ្ដើមលេងភ្លេងអារក្សមុនដំបូង លេងភ្លេង សំពោង អត្តន័យបទអញ្ជើញគ្រូឲ្យចូលរូបអ្នកសំណឹង។ បន្ទាប់មកលេងបទក្របីជល់ចេក ជាបទអន្តោងឲ្យអារក្សចូល ខ្លួនសំណឹង។ កាលនោះក្រុមភ្លេងអារក្សរបស់ ឪពុកខ្ញុំជាក្រុមភ្លេងអារក្សប្រចាំភូមិបុស្សតាអឹម។
ពេលខ្ញុំដឹងក្ដីឡើងនៅក្នុងសម័យខ្មែរក្រហម ភ្លេងអារក្សចាប់ផ្ដើមបាត់រសាយទៅហើយ។ ចំណែកប្រជាជនលែងមាន ជំនឿលើអារក្សអីដែរ ព្រោះខ្លាចអង្គការ។ ចូលដល់សម័យខ្មែរក្រហម ប្រជាជននៅក្នុងភូមិបុស្សតាអឹមត្រូវបាន អង្គការចាត់តាំងឲ្យធ្វើការងារដកស្ទូង។ ចំណែកខ្ញុំនៅកងកុមារនៅក្នុងភូមិបុស្សតាអឹមមិនទាន់ចេះមើលគោ ក្របីផង។ នៅក្នុងភូមិបុស្សតាអឹមមានរោងបាយចំនួន១ និងមានប្រធានសហករណ៍ឈ្មោះ តា យង់។ នៅក្នុងភូមិពេលព្រឹកឡើង អង្គការគោះជួងឲ្យងើបទៅប្រជុំ ព្រោះខ្លាចបាត់កម្លាំងទៅធ្វើការងារ។
អង្គការចាប់ផ្ដើមជម្លៀសអ្នកភូមិបុស្សតាអឹមទៅភូមិស្វាយជ្រះ ខេត្តក្រចេះ។ គ្រួសារខ្ញុំអង្គការបានចាត់តាំងឲ្យឪពុកម្ដាយខ្ញុំឲ្យដកស្ទូងនិងធ្វើស្រែចំការជាមួយប្រជាជនមូលដ្ឋាន។ ចំណែកខ្ញុំនៅតូចរត់លេងមិនសូវដឹងអីទេ។ ការហូបចុកនៅស្វាយជ្រះអង្គការឲ្យហូបបបរដោយចែកតាមរបបប្រជាជនដែលធ្វើការងារ ចំពោះអ្នកមិនធ្វើការងារ គឺមិនបានរបបទេ។ខ្ញុំនៅស្វាយជ្រះបាន២ខែ អង្គការជម្លៀសគ្រួសារខ្ញុំទៅភូមិស្រែធ្លិច(បច្ចុប្បន្នភូមិស្រែជិះ) ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ។ ខ្ញុំទៅនៅស្រែធ្លិចបាន៤ទៅ៥ថ្ងៃ ប៉ុន្តែបានបាយហូបគ្រប់គ្រាន់ព្រោះជនជាតិព្នងយក ចិត្តទុកដាក់ចំពោះ ការហូបចុក។ ប្រជាជននៅក្នុងភូមិស្រែធ្លិចខ្ញុំឃើញនិយាយភាសាព្នងទាំងអស់ ទាល់តែមកនិយាយ ជាខ្មែរបើបាននិយាយភាសាខ្មែរ។ បើចាស់ៗវិញនិយាយភាសាព្នងទាំងអស់ មិនសូវចេះនិយាយភាសាខ្មែរទេ។ ពេលនៅភូមិស្រែធ្លិចនោះ ខ្ញុំនៅជាមួយក្រុមកុមារប្រហែលជា១០០នាក់ និងមាន លោកតា លោកយាយក្រុមមើលថែគ្រប់គ្រង៣ទៅ៤នាក់។
ក្រុមគ្រួសារខ្ញុំបានចេញពីភូមិស្រែធ្លិចទៅថ្មគ្រែ ដើម្បីជិះកាណូតឆ្លងមកឡើងនៅស្ទឹងត្រង់។ ខ្ញុំជាមួយគ្រួសារបាន សម្រាកនៅស្ទឹងត្រង់២យប់និងបានបន្តដំណើរមកខេត្តកំពង់ចាម។ រួចបានឆ្លងសាឡាងមកទន្លេរបិទ។ គ្រួសារខ្ញុំបានធ្វើដំណើរដោយថ្មើរជើងរហូតមកដល់ភូមិបុស្សតាអឹម។ ពេលធ្វើដំណើរនៅតាមផ្លូវខ្ញុំឃើញមាន សាកសពស្លាប់នៅតាមផ្លូវជាច្រើននាក់។ ខ្ញុំធ្វើដំណើរមកដល់មេមត់សម្រាកបាន២យប់ ដើម្បីឲ្យប្រជាជនចាស់ៗចូល មកមើលស្ថានភាពក្នុងភូមិនិងដោះគិនចេញ។ បន្ទាប់មកខ្ញុំបានចូលមកនៅក្នុងភូមិបុស្សតាអឹមវិញ និងបានប្រកប មុខរបរធ្វើស្រែជាមួយគ្រួសាររហូតមកដល់ពេលបច្ចុប្បន្ន។
រហូតដល់ឆ្នាំ១៩៩៣ ខ្ញុំបានចូលធ្វើជាទាហានរដ្ឋកម្ពុជា។ កាលនោះមេភូមិមកហៅខ្ញុំទៅឃុំរួចបញ្ជូនទៅសាលា ស្រុកមេមត់ទោះបដឹងថា ខ្ញុំត្រូវបានខាងស្រុករើសឲ្យទៅធ្វើជាទាហាន។ បន្ទាប់មកខាងស្រុកហៅ ឈ្មោះឲ្យខ្ញុំឡើង ឡាន ដើម្បីបញ្ជូណទៅកន្លែងបន្ទាយទាហាន(នៅមុំសាលាស្រុកមេមត់បច្ចុប្បន្ន)។ ពេលខ្ញុំទៅដល់បន្ទាយទាហាន ខាងយោធា ចែកអាវឲ្យមួយឈុត ពណ៌”អាវចេកស្ងោរ ខោចេកដុត” និងចែកកាំភ្លើងអាកាសូវៀតឲ្យមួយដើម គ្រាប់ ចំនួន៤បង់ មាន១២០គ្រាប់។ រួចខ្ញុំត្រូវបានខាងស្រុកចាត់តាំងឲ្យទៅប្រចាំការនៅឃុំមេមង និងមាន ប្រធាន ឈ្មោះ គោក ភឿន។ ចំពោះការហូបចុកបានគ្រប់គ្រាន់ មិនសូវខ្វះខាតទេ។ កាលនោះក្រុមខ្ញុំ មាន១២នាក់ និងមានប្រធានឈ្មោះ អ៊ាត។ ខ្ញុំធ្វើទាហាននោះ ដាំបាយហូបខ្លួនឯង ដើររកបេះបន្លែ ស្ល ខ្លួនឯង។ ពេលយប់ខ្ញុំដើរយាមល្បាតនៅក្នុងឃុំមេមង ហើយពេលថ្ងៃខ្ញុំដើររុកព្រៃរកបន្លែ ជូនកាលទៅគ្មានការងារធ្វើក៏ដេក។ ខ្ញុំនៅប្រចាំការនៅមេមងបានកន្លះខែ។ ខ្ញុំត្រូវផ្លាស់មកប្រចាំការនៅភូមិថ្នល់កែង ឃុំជាំតាម៉ៅ។ រហូតដល់ ខែកក្តិក ឆ្នាំ១៩៩០ខ្ញុំត្រូវបានអង្គការបញ្ជូនទៅ ព្រំដែនស្វាយស៊ីសុផុន ខេត្តបន្ទាយមានជ័យ។ ខ្ញុំនៅយាមតាមព្រំដែនបាន២ខែ ក៏ត្រឡប់មកនៅ ឃុំចង្ហា ខេត្តបន្ទាយមានជ័យ។ ខ្ញុំបានវាយគ្នាជាមួយទាហានប៉ារ៉ា នៅឃុំចង្ហារយៈពេលមួយម៉ោង។ ខ្ញុំនៅបាន១ខែ ក៏រត់មកផ្ទះវិញ ព្រោះនឹកផ្ទះពេក។ ខ្ញុំធ្វើដំណើររយៈពេល៣យប់ ៣ថ្ងៃទើបមកដល់ផ្ទះ។
រហូតដល់ឆ្នាំ២០១៣ ខ្ញុំចាប់ផ្ដើមរៀនវាយស្គរភ្លេងអារក្សលេងៗជាមួយលោកតា លោកយាយ ពេលរកឲ្យ មកជួយរៀបបាយសី។ ពេលទំនេរខ្ញុំក៏វាយស្គរលេងៗ ហើយក៏ចេះមែនទែន។ កាលនោះខ្ញុំរៀនវាយស្គរមួយយប់ចេះ។ ពេលខ្ញុំចេះវាយត្រូវភ្លេងទៅក្រុមភ្លេងអារក្សក៏ហៅខ្ញុំដើរតាមរហូតទៅ។ ឧបករណ៍ភ្លេងអារក្សក្រុមខ្ញុំបច្ចុប្បន្នមាន ទ្រ ស្គរ គង និងអ្នកសំណឹង។ សមាជិកក្រុមខ្ញុំមាន១០នាក់ ក្នុងនោះមានអ្នកច្រៀងពិតប្រាកដ៣នាក់។ តាមបទ ពិសោធន៍ដែលខ្ញុំធ្លាប់វាយស្គរ គឺវាយស្គរឡើងទៅតាមទ្រ។ ទ្រឡើងសំឡេងមុនហើយបានស្គរវាយដេញជាន់ ឡើងតាមក្រោយ។ សព្វថ្ងៃនេះខ្ញុំចេះវាយស្គរ និងចេះច្រៀងចម្រៀងខាងភ្លេងអារក្ស។ ចំពោះបទភ្លេងអារក្សាមាន បទថ្វាយគ្រូ អញ្ជើញគ្រូ បទបំបែក(មាន ក្របីជល់ចេក, មាន់រងាវ, អន្តឺបកន្ទុយព្រែក,ស្វាយបង់១គូ) និងបទជូន (បទអ៊ុំទូក) សំដៅយកជូនដំណើរទៅស្រុកកំណើតវិញ។ ចំពោះឧបករណ៍ភ្លេងអារក្សទាំង៣ខាងលើ (ទ្រ ស្គរ គង) មិនអាចបាត់មួយណាបានឡើយ។ បើបាត់ឧបករណ៍ណាមួយភ្លេងអារក្សមិនអាចលេងបានទេ ហើយភ្លេងអារក្សដែល ក្រុមខ្ញុំលេងនេះ ជាភ្លេងអារក្សទូទៅ។
អត្ថបទដោយ វី ស៊ីថា
[1] វចនានុក្រមខ្មែរ(សម្ដេចជូនណាត)
[2] មជ្ឈមណ្ឌលឯកសារកម្ពុជា បទម្ភាសន៍ជាមួយលោកសំ នី នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១០២៤ នៅក្នុងភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ