ភៀសខ្លួនព្រោះខ្លាចគ្រាប់បែក

(ក្រចេះ)៖ សំ នី អាយុ៦០ឆ្នាំ មានទីកន្លែងកំណើតនៅភូមិរមាំងទ្រេត ឃុំសំបួរ ស្រុករមាសហែក ខេត្តស្វាយរៀង ហើយបច្ចុប្បន្នរស់នៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។ នី មានជំងឺលើសឈាម, ក្រពះ-ពោះវៀន និងឈឺក្បាលរ៉ាំរ៉ៃ។
នៅឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកនៅតាមព្រៃ មិនបណ្ដាលឱ្យមានផលប៉ះពាល់ដល់ប្រជាជននៅក្នុងភូមិឡើយ ហើយគោលដៅនៃការទម្លាក់គ្រាប់បែកនោះគឺសំដៅទៅលើទាហានវៀតណាម។ ថ្វីត្បិតតែការទម្លាក់គ្រាប់បែកនោះមិនប៉ះពាល់ដល់ប្រជាជននៅក្នុងភូមិយ៉ាងណាក្ដី ប៉ុន្តែប្រជាជននៅតែមានភាពភ័យខ្លាចអំពីអាយុជីវិតរបស់គាត់ទាំងអស់គ្នា, ប្រជាជនបាននាំគ្នាភៀសខ្លួនចេញពីផ្ទះសំបែង រត់ទៅរកតំបន់ដែលមានសុវត្ថិភាព។
នៅឆ្នាំ១៩៧៥ នី មានអាយុ១១ឆ្នាំ ខ្មែរក្រហមឱ្យគាត់រស់នៅក្នុងកងកុមារនៅភូមិអណ្ដូងខ្មត់។ ខ្មែរក្រហមបានចាត់តាំងឱ្យ នី ធ្វើការងារដូចជាគ្វាលក្របី, ដាំត្រកួន, កាប់ដើមទន្ទ្រានខេត្ត, ប្រមូលលាមកគោ, លាយដីឥដ្ឋជាមួយលាមកមនុស្ស និងលាមកគោ ដើម្បីធ្វើជាជី។ នី ធ្វើការងារនៅកងកុមារនៅភូមិអណ្ដូងខ្មត់ បានមួយរយៈធំ គាត់ត្រូវបានអង្គការបញ្ជូនឱ្យទៅច្រូតស្រូវនៅតំបន់ផ្សេងប្រមាណជារយៈពេលមួយខែ។ បន្ទាប់ពីបញ្ចប់រយៈពេលមួយខែ គាត់បានត្រឡប់មករស់នៅជាមួយគ្រួសារវិញ។
នៅក្នុងរបបខ្មែរក្រហម នី បានកើតជំងឺគ្រុនចាញ់ ហើយនៅក្នុងអំឡុងពេលនោះមិនមានគ្រូពេទ្យ និងថ្នាំពេទ្យសម្រាប់ព្យាបាលគ្រប់គ្រាន់។ នៅអំឡុងពេលនោះ ដោយសារតែមន្ទីរពេទ្យឆ្ងាយ ម្ដាយរបស់ នី បានសម្រេចព្យាបាលជំងឺឱ្យគាត់ ដោយប្រើថ្នាំបុរាណ (ថ្នាំខ្មែរ) ផ្សំពីឫសឈើ និងសំបកឈើ។ ក្រោយពីបានផឹកថ្នាំខ្មែរ នី បានជាពីជំងឺម្ដងបន្តិចៗ និងបានត្រឡប់ទៅធ្វើការងារវិញ។
នៅក្នុងរបបខ្មែរក្រហម របបអាហារដែលប្រជាជនទទួលបានគឺមានតែបបរប៉ុណ្ណោះ ក្នុងមួយថ្ងៃទទួលបានចំនួន២ពេល ពេលថ្ងៃត្រង់ និងពេលល្ងាច។ ក្រៅពីបញ្ហាកង្វះអាហារ ប្រជាជនមានបន្ទុកធ្វើការងារសម្រាប់អង្គការ។ នៅពេលនោះប្រជាជនត្រូវធ្វើការងារច្រើនម៉ោង និងធ្ងន់ៗ។ បញ្ហាកង្វះអាហារ និងធ្វើការងារលើសកម្លាំង សម្រាកមិនបានគ្រប់គ្រាន់ បណ្ដាលឱ្យប្រជាជនទាំងចាស់ ទាំងក្មេង មានសភាពស្គមស្គាំង, គ្មានកម្លាំងកំហែង, មានជំងឺប្រចាំកាយ និងបាត់បង់ជីវិត។
នី បានបញ្ជាក់ថា នៅក្នុងរបបខ្មែរក្រហម មានប្រជាជនជាច្រើនត្រូវស្លាប់ចោលសាកសពនៅតាមទីវាល។ ប្រជាជនមួយចំនួនស្លាប់ដោយសារជំងឺ ហើយមួយចំនួនទៀតស្លាប់ដោយសារតែខ្មែរក្រហមសម្លាប់។ ប្រជាជនស្លូតត្រង់ជាច្រើន ត្រូវខ្មែរក្រហមសម្លាប់ដោយគ្មានហេតុផលច្បាស់លាស់៕
សម្ភាសន៍ដោយ៖ ញ៉ិល ចន្រ្ទា ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

