យុវជនកងចល័តជីកទំនប់ប្រឡាយ

(ស្វាយរៀង ) ៖ សំ ភាង អាយុ៧៨ឆ្នាំ ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងបច្ចុប្បន្នរស់នៅភូមិក្អាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងរបប លន់ នល់ ភាង និងគ្រួសាររស់នៅភូមិកំណើតបានឃើញពីការទម្លាក់គ្រាប់បែកជារឿយៗពីសំណាក់ទាហានអាមេរិកកាំងក្នុងភូមិ។

អំឡុងខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានទទួលបានជ័យជំនៈលើរបប នល់ នល់ និងបានចូលមកគ្រប់ គ្រង ភូមិ-ឃុំ ដែល ភាង រស់នៅ។ ប្រជាជនទាំងអស់តម្រូវឲ្យប្រមូលទ្រព្យសម្បត្តិផ្សេងៗដាក់រួមក្នុងសហករណ៍ ព្រមទាំងឲ្យផ្លាស់ទីលំនៅពីភូមិក្អាម ឲ្យមករស់នៅជាសមូហភាពនៅភូមិត្រពាំងរាំង។ បន្ទាប់មក ភាង ត្រូវបានប្រើឲ្យធ្វើការក្នុងកងចល័តយុវជនដោយធ្វើការជីកព្រែក ប្រឡាយ និងលើកភ្លឺស្រែ នៅខាងលិចវត្តក្រសាំង ការធ្វើការគឺដើម្បីប្តូរនឹងរបបអាហារអង្គរមួយកំប៉ុងសម្រាប់មនុស្ស១២នាក់ សម្រាប់មួយពេល។ ការងារត្រូវកំណត់ម្នាក់ប្រវែងដប់ម៉ែត្រ ទទឹងមួយម៉ែត្រ។ ដោយសារតែរបបអាហារមិនគ្រប់គ្រាន់ ភាង ត្រូវដើរបេះស្លឹកឈើ ដើម្បីផ្សំជាមួយសម្ល។ ចំណែកឯការស្លៀកពាក់នៅវិញគឺមានតែអាវ និងខោវខ្មៅជ្រលក់ពណ៌ជាមួយមក្លឿដែលចែកមួយឆ្នាំម្តង។ ភាង បានរៀបរាប់ថា ប្រជាជនទាំងអស់ត្រូវធ្វើការទាំងចាស់ ទាំងក្មេង និងអ្នកជំងឺល្មមៗក៏ត្រូវធ្វើការងារដែរដើម្បីដោះដូរជាមួយនឹងរបបអាហារ។ ការងារគឺត្រូវធ្វើធ្ងន់ហួសកម្លាំង និងគ្មានពេលសម្រាកគ្រប់គ្រាន់ សូម្បីតែក្មេង អាយុប្រាំមួយ-ប្រាំពីរឆ្នាំ ក៏មិនបានរៀនសូត្រត្រឹមត្រូវដែរគឺតម្រូវឲ្យដើររើសអាចម៍គោ និងក្របី ដើម្បីហាលទុកធ្វើជីដាក់ស្រែ។ ភាង រៀបរាប់បន្តថាពេលសម្រាកពីការងារប្រជាជនតម្រូវឲ្យប្រជុំ។ ប្រជុំធ្វើឡើងដើម្បីឲ្យម្នាក់ៗទិតៀនពីគ្នាទៅវិញទៅមកទាក់ទងនឹងភាពខ្ជិល ជំងឺ និងភាពអសកម្មក្នុងការធ្វើការងារ ប្រាប់ទៅប្រធានសហករណ៍។ អ្នកត្រូវគេទិតៀនញឹកញាប់នឹងត្រូវយកទៅរៀនសូត្រឫសម្លាប់ ចោល។ ភាង មិនមានការបាត់បងសមាជិកគ្រួសារទេក្នុងរបបខ្មែរក្រហម។ ទើបតែក្រោយ ឆ្នាំ១៩៧៩ គាត់បានបាត់បង់បងថ្លៃជាទាហានធ្វើសង្គ្រាមជាមួយទ័ពខ្មែរក្រហម។ ក្រោយរបបខ្មែរក្រហមដួលរលំ ភាង និងគ្រួសារបានត្រឡប់ពីភូមិត្រពាំងរាំង មករស់នៅភូមិក្អមវិញ។

ពេលមកដល់ផ្ទះ និងទ្រព្យសម្បតិ្តត្រូវបានបំផ្លាញ។ គាត់បានផ្តើមសារឡើងវិញពីបាតដៃទទេ។ ភាង បាននិយាថារបបខ្មែរក្រហមបានបន្សល់ទុកភាពក្រីក្រលំបាកដល់គាត់និងគ្រួសាររហូតដល់ឆ្នាំ១៩៩០ ទើបជីវភាពគាត់បានប្រសើរតាមរយៈការធ្វើការងារស្រែចម្ការ។

អំឡុងពេលសម្ភាសន៍ជាមួយអ្នកស្ម័គ្រចិត្ត ភាង បានសំណូមពរឲ្យក្មេងជំនាន់ក្រោយខិតខំសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្ត និងចូលរួមទប់ស្កាត់របបខ្មែរក្រហមកុំឲ្យត្រឡប់មកប្រទេសកម្ពុជាវិញម្តងទៀត។ ព្រោះគាត់បានឆ្លងកាត់ផ្ទាល់ដឹងច្បាស់ថា សង្គ្រាមនាំមកនូវតែក្តីវិនាស និងព្រាត់ប្រាស់សមាជិកគ្រួសារ។

សម្ភាសន៍ដោយ គី សុភ័ណ្ឌ  ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin