ស្ម័គ្រចូលធ្វើជាយោធាខ្មែរក្រហមត្រឹមអាយុ១៤ឆ្នាំ

ប្រភពរូបថត៖ បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា (រូបតំណាង)

សំ ភីន មានអាយុ៥៦ឆ្នាំជនជាតិខ្មែរ។ ភីន មានឪពុកឈ្មោះ ខាន់ (ស្លាប់មុនសម័យសង្រ្គាមឆ្នាំ១៩៧០) ម្តាយ ឈ្មោះ មុត (ស្លាប់ក្រោយឆ្នាំ១៩៧៩) និងមានបងប្អូនបង្កើតចំនួន៥នាក់ ប្រុស២ស្រី៣ មានស្រុកកំណើតនៅភូមិត្រឡាច ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ។

កាលពីកុមារភាព ភីន រស់នៅជាមួយឪពុកម្តាយដែលមានជីវភាពខ្វះខាត ក្រលំបាក និងប្រកបមុខរបរធ្វើស្រែចម្ការ តាមទីជនបទដាច់ស្រយាល។ ភីន ខិតខំសិក្សារៀនសូត្រនៅសាលាវត្តត្រឡាចបានត្រឹមថ្នាក់ទី១០(ចាស់) ក៏ឈប់រៀនដោយសារប្រទេសជាតិកើតមានសង្រ្គាម។

នៅថ្ងែទី១៨ មីនា ឆ្នាំ១៩៧០ ឧត្តមសេនីយ៍ លន់ នល់ និងសហការីរបស់ខ្លួនដែលនិយមអាមេរិក បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ពីព្រះមុខរដ្ឋ ដោយជោគជ័យ។ មិនយូរប៉ុន្មានបន្ទាប់ពីនោះមក កងកម្លាំងវៀតមិញ និងខ្មែរក្រហម បានកាន់កាប់តំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា។ ប្រជាជនរាប់ម៉ឺននាក់បានបដិសេធមិនគាំទ្ររដ្ឋាភិបាលសាធារណរដ្ឋខ្មែរ ដែលមានអាមេរិកជាខ្នងបង្អែក របស់លោកសេនាប្រមុខ លន់ នល់ ហើយបែរមកចូលរួមជាមួយខ្មែរក្រហម ដើម្បីនាំយកសម្តេចព្រះ នរោត្តម សីហនុ មកគ្រប់គ្រងអំណាចវិញ[1]

នៅឆ្នាំ១៩៧១ ភីន បានស្ម័គ្រចិត្តចូលបម្រើចលនាខ្មែរក្រហម ដោយសារប្រទេសជាតិកើតមានសង្រ្គាម និងការទម្លាប់គ្រាប់បែក  នៅទូទាំងប្រទេសកម្ពុជាដែលធ្វើឲ្យប្រជាជនមិនសប្បាយចិត្ត និងបានឮសម្ដេចព្រះ នរោត្តម សីហនុ ប្រកាសតាមវិទ្យុផ្សាយសម្លេងចេញពីទីក្រុងប៉េកាំងមកថា ឲ្យកូនចៅចូលព្រៃម៉ាគី ដើម្បីតស៊ូរំដោះជាតិមាតុភូមិយើងឡើងវិញ។ នៅពេលនោះហើយដែលកម្លាំងយុវជនយុវនារីងើបឈរឡើង ដើម្បីចូលរួមតស៊ូនៅក្នុងព្រៃដោយគ្មានស្តាយស្រណោះអាយុជីវិត។

ការងារលើកដំបូងរបស់ ភីន ត្រូវអង្គការបញ្ជូនទៅធ្វើការនៅមន្ទីរស្រុកទ្រាំង តំបន់១៣ ដែលមាន តាម៉ុក ជាប្រធានភូមិភាគនិរតី។ ភីន ត្រូវបានអង្គការអប់រំគោលនយោបាយថា យើងត្រូវខិតខំតស៊ូរំដោះជាតិមាតុភូមិឲ្យរួចផុតពីរបបជិះជាន់ចក្រព័ត្រអាមេរិក និងបានអប់រំយុវជនទាំងអស់មិនឲ្យនឹកផ្ទះ និងនឹកឪពុកម្តាយ។ ការអប់រំរបស់អង្គការមានរយៈពេល៣ខែទៅ៦ខែ។ ភីន បានទទួលការហាត់ហ្វឹកហ្វឺនយុទ្ធសាស្រ្តយោធា ដូចជា លូន ក្រាប ជាពិសេសហាត់បាញ់កាំភ្លើង។ នៅឆ្នាំ១៩៧១ ដដែល ភីន បានចូលសមរភូមិប្រយុទ្ធនៅក្នុងតំបន់១៣ និងបានឃើញទាហានយួនយៀកកុងខាងជើង សហការជាមួយយោធាខ្មែរក្រហម និងទាហានធីវគីខាងត្បូង សហការជាមួយទាហានលោកឧត្តមសេនីយ៍ លន់ នល់ កាលនោះ ភីន មិនសូវយល់ទេ រឿងនយោបាយ ចេះតែឡើងវាយស្ទើរគ្រប់សមរភូមិតាមតែអង្គការបញ្ជា ដូចជា ទៅសមរភូមិចាប់ពីខេត្តតាកែវ ខេត្តកំពត កំពង់ស្ពឺ សំដៅដណ្តើមទីក្រុងភ្នំពេញ។

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ១៩៧៤ ភីន ត្រូវរបួសត្រង់ក្បាលជង្គង់នៅពេលប្រយុទ្ធគ្នាជាមួយទាហាន លន់ នល់ ជិតរោងចក្រស៊ីម៉ង់ត៍ចក្រីទីង ឧត្តង្គ នៅពេលវាយចូលកៀកទីក្រុងភ្នំពេញ ប្រហែលជាម៉ោង៨យប់។ ភីន មានរបួសធ្ងន់ធ្ងរ និងដេកសម្រាកនៅមន្ទីរពរទ្យយោធាអស់រយៈពេលជិតមួយឆ្នាំ។  នៅឆ្នាំ១៩៧៥ ពេលកម្លាំងខ្មែរក្រហមវាយដណ្តើមបានទីក្រុងភ្នំពេញ ភីន មិនបានចូលរួមប្រយុទ្ធទេ ដោយសារខ្លួនមានរបួស អង្គការបញ្ជូនទៅមន្ទីរ អង្គភាពពិការនៅទីក្រុងភ្នំពេញ។

នៅឆ្នាំ១៩៧៦ អង្គការបានជ្រើសរើស អ្នកពិការរបួសស្រាលៗចំនួន៤០នាក់។ នៅក្នុងចំណោមនោះ មានឈ្មោះ ភីន ម្នាក់ដែរ ត្រូវបានជ្រើសរើសបញ្ចូលជាយោធាខ្មែរក្រហម នៅក្នុងកងពល១៦៤ថ្មី ដឹកនាំដោយ មាស មុត ប្រធានកងពលក្រុងកំពង់សោម ដើម្បីការពារដែនសមុទ្រ។ ភីន បានទៅដល់ក្រុងកំពង់សោម និងបានឃើញសភាពការណ៍នៅទីនោះជាច្រើនដូចជា ប្រជាជនធម្មតា ត្រូវខ្មែរក្រហមជម្លៀសចេញមករស់នៅស្រុកព្រៃនប់ទាំងអស់។ នៅទីក្រុងកំពង់សោម មានតែយោធានិងកម្មករប៉ុណ្ណោះ។ ភីន និងអ្នកពិការផ្សេងទៀត ត្រូវអង្គការចាត់តាំងឲ្យយាមឃ្លាំងស្តុបស្បៀងអាហារ និងសម្ភារយោធា។ នៅក្រុងកំពង់សោម មានការងារច្រើនណាស់ ដូចជាកម្មករដឹកជញ្ជូនទំនិញចេញចូលពីកប៉ាល់ របស់ប្រទេសចិន មានក្រុមនេសាទត្រី ដឹកនាំដោយតាឡូញ តាគ្រិន ជាអ្នកទទួលខុសត្រូវ។

នៅពាក់កណ្តាលឆ្នាំ១៩៧៧ សង្រ្គាមបានកើតមានឡើង ជាមួយប្រទេសវៀតណាម ជាបណ្តើរៗហើយ។ នៅពេលនោះ ប្រទេសចិន បានជួយឧបត្ថម្ភសម្ភារយោធាមួយចំនួនធំ ដល់ក្រុមខ្មែរក្រហម រួមមានទាំងនាវាចម្បាំង នាវាសម្រាប់ដោះមីន នាវាល្បឿនលឿនជាងសម្លេង និងនាវាសម្រាប់បាញ់មីសីលប្រភេទធំជាងគេ មានប្រវែងជាង៣០០ម៉ែត្រ។ នៅពេលប្រទេសជាតិកើតមានសង្រ្គាម ខ្មែរក្រហម បានលើកទឹកចិត្តដល់យុទ្ធជន តាមរយៈការបើកទូលាយឲ្យជ្រើសរើសគូស្រករ។ ភីន មានឱកាសជ្រើសរើសមិត្តនារីដែលខ្លួនស្រលាញ់ដោយគ្មានការបង្ខិតបង្ខំពីភាគីណាឡើយ។  នៅចុងឆ្នាំ១៩៧៧ ភីន​ បានស្នើនារីម្នាក់ជាកម្មករ ចម្ការដូងរបស់លោក ចេង ហេង ដែលមានទីតាំងនៅជិតព្រលានយន្តហោះកងកេងធ្វើជាប្រពន្ធ។ ភីន បានរៀបការជាមួយនារីដែលខ្លួនស្រឡាញ់ ក្នុងថ្ងៃតែមួយជាមួយយោធាខ្មែរក្រហមចំនួន៣គូ ថែមទៀត និងមានពិធីជប់លៀងដោយអាហារហូបឆ្ងាញ់មួយពេលដែរ។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ នៅពេលកងទ័ពស្ម័គ្រចិត្តវៀតណាម ចូលដល់ប្រទេសកម្ពុជា កម្មាភិបាលខ្មែរក្រហមទាំងអស់ បានរត់ភៀសខ្លួនចូលព្រៃ សំដៅទៅព្រំដែនកម្ពុជា-ថៃ ដោយសារខ្លាចវត្តមានកងទ័ពវៀតណាម។ ភីន កាលនោះធ្វើដំណើរភៀសខ្លួនចេញពីក្រុងកំពង់សោម ដើម្បីចូលព្រៃជាមួយអង្គភាពផ្សេងៗ ដែលមានមនុស្សរាប់ម៉ឺនរាប់សែននាក់។ ភីន ដំបូង មានគោលបំណងចង់ភៀសខ្លួនមករកស្រុកកំណើតវិញ។ ប៉ុន្តែចៃដន្យគាត់បានទៅដល់ផ្លូវជាតិលេខ៣ និងក្រោយមកបានទៅដល់ផ្លូវជាតិលេខ៤នៅពេលនោះ ភីន ឃើញកងទ័ពវៀតណាមនៅតាមផ្លូវ ក៏រត់ងាកមកខាងអមលាំង ខេត្តកំពង់ស្ពឺវិញ និងរត់បន្តមកដល់ខេត្តកំពង់ឆ្នាំង អស់រយៈពេល៩យប់ក្រោយមក។ នៅក្នុងសភាពការណ៍កំពុងលំបាកនោះ ភីន បែរជាមានសំណាងបានជិះរថភ្លើងខ្មែរក្រហម ទៅដល់ខេត្តបាត់ដំបង។ ភីន បានចុះដើរបន្តជាមួយប្រជាជនរាប់ម៉ឺននាក់ ដើរកាត់វាល ចូលព្រៃយ៉ាងលំបាកវេទនា  គ្មានស្បៀងអាហារហូបចុក គ្មានទឹកសម្រាប់ផឹក ណាមួយមានជំងឺគ្រុនចាញ់ និងគ្មានថ្នាំព្យាបាលថែមទៀត។  ពេលនោះ ភីន បានឃើញមានមនុស្សស្លាប់តាមផ្លូវជាហូរហែ។ ភីន បានបន្តធ្វើដំណើរទៅដល់ស្រុកថ្មគោល ជាកន្លែងដែលគាត់បានឃើញកងទ័ពវៀតណាម បាញ់មនុស្សស្លាប់ទៀត។ ភីន ក៏រត់ភៀសខ្លួនទៅដល់ស្រុកបវេល ចក្រី ភ្នំកុយ ជាប់ព្រំដែនកំរៀង ចម្ការដូងស្រុកម៉ាឡៃ និងចេះតែបន្តដំណើររហូតដល់ព្រំដែនថៃ។

នៅក្រោយឆ្នាំ១៩៧៩ កម្លាំងយោធាខ្មែរក្រហម បានបង្កើតឡើងវិញជាច្រើនកងពលនៅតាមព្រំដែនខ្មែរ-ថៃ ដើម្បីធ្វើសង្រ្គាមតស៊ូប្រយុទ្ធប្រឆាំងជាមួយវត្តមានកងទ័ពវៀតណាម និងកម្លាំងកងទ័ពរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជា (ភាគច្រើននៅតាមព្រំដែនស្គាល់ថា ជាកងទ័ពលោក ហេង សំរិន)[2]

ពីឆ្នាំ១៩៨៣ ដល់១៩៨៥ កងកម្លាំងស្ម័គ្រចិត្តវៀតណាម រួមទាំងកងទ័ពរដ្ឋាភិបាលលោក ហេង សំរិន បានវាយសម្រុកខ្លាំង ថែមទាំងបានបណ្តេញកម្លាំងយោធាខ្មែរក្រហម និងប្រជាជនរស់នៅតាមព្រំដែនស្រុកម៉ាឡៃ រត់ភៀសខ្លួនទៅដល់ជំរំ តាង៉ុក ប្រទេសថៃ។ នៅពេលរស់នៅក្នុងជំរំ អង្គការកាកបាទក្រហម បានផ្តល់ជំនួយ ទាំងថ្នាំពេទ្យ ហើយស្បៀងអាហារហូបចុកគ្រប់គ្រាន់  និងប្រជាជនមួយចំនួនទៀតមានសិទ្ធិជ្រកកោន រស់នៅប្រទេសទីបី ដូចជាប្រទេសអាមេរិក ប្រទេសអូស្រ្តាលី និងប្រទេសបារាំង។ ភីន ដោយសារមានទឹកចិត្តស្នេហាជាតិ និងនឹកស្រុកឪពុកម្តាយបងប្អូន គាត់មិនមានបំណងចេញទៅប្រទេសក្រៅទេ។ គាត់បានវិលចូលប្រទេសកម្ពុជាវិញ ដើម្បីរួមចំណែកជួយកសាងប្រទេសជាតិឡើងវិញ។

នៅឆ្នាំ១៩៨៦ ដោយសារ ភីន ជាជនពិការស្រាប់ អង្គការបានចាត់តាំងឲ្យដឹកនាំប្រជាជនសមរភូមិក្រោយ មើលការខុសត្រូវសម្ភារក្នុងឃ្លាំងដូចជាគ្រាប់កាំភ្លើងតូចធំ ស្បៀងអាហារ និងដឹកនាំប្រជាជនឲ្យធ្វើចម្រូងសម្រាប់ការពារខ្មាំងចូលមក។ កាលនោះ ភ្នំ១០០១, ភ្នំ១០០២ និងភ្នំ១០០៣ ក្នុងទឹកដីស្រុកអន្លង់វែង គ្រប់គ្រងដឹកនាំដោយតាម៉ុក ទាំងអស់។ នៅក្នុងសម័យកាលសង្រ្គាម រវាងកម្លាំងថ្មើរជើងខ្មែរក្រហម និងកម្លាំងថ្មើរជើងវៀតណាម បានស្លាប់ និងរបួសរាប់ម៉ឺននាក់ គឺស្លាប់ច្រើនតែជាកម្លាំងកងទ័ពវៀតណាម ពីព្រោះកម្លាំងកងទ័ពវៀតណាម មិនស្គាល់ទីតាំងភូមិសាស្រ្តច្បាស់លាស់ ហើយបញ្ហាជំងឺគ្រុនចាញ់កើតមានច្រើនថែមទៀត។ អ្នកខ្លះស្លាប់អង្គុយ អ្នកខ្លះស្លាប់ឈរផ្អែកដើមឈើ និងអ្នកខ្លះស្លាប់ក្រោមដើមឈើជាដើម។

សព្វថ្ងៃនេះ ភីន ជាជនពិការ មានប្រពន្ធ មានកូនចំនួន៣នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ភីន មានប្រសាសន៍ថា បច្ចុប្បន្ន រដ្ឋាភិបាលប្រឹងប្រែងឲ្យប្រទេសជាតិ មានសុខសន្តិភាព លែងមានសង្រ្គាមសម្លាប់គ្នាដូចអតីតកាល។ ខ្ញុំសប្បាយចិត្តណាស់ ដោយសារមើលឃើញការអភិឌ្ឍន៍ មានការរីកចំរើន ដូចជា មានមន្ទីរពេទ្យសម្រាប់ប្រជាជនទូទៅ មានផ្សារសម្រាប់លក់ដូរ  មានសាលារៀន កូនចៅ មានឱកាសបានទៅរៀនសូត្របានខ្ពស់រហូតដល់ទីក្រុងភ្នំពេញ។ មានកូនចៅចូលធ្វើការងារ ជាមន្រ្តីរាជការ។ នៅស្រុកអន្លង់វែង តាំងពីមានសុខសន្តិភាព ប្រជាជន ចេញចូលដោយសេរី គ្មានភ័យខ្លាច តំបន់អន្លង់វែង ដូចអតីតកាលទេ[3]

អត្ថបទដោយ សុខ វណ្ណៈ

[1] ដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្រ្តកម្ពុជាប្រជាធិបតេយ្យ(១៩៧៥-១៩៧៩) បោះពុម្ពលើកទី២ ដោយមជ្ឈមណ្ឌលឯកសារ(ឆ្នាំ២០២០)

ដោយផេង ពង្យរ៉ាស៊ី

ដកស្រង់ខ្លឹមសារមួយចំនួននៅក្នុងទំព័រទី១១

[2] ដកស្រង់ចេញពីសៀវភៅកំណត់ហេតុ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន។

បោះពុម្ភ លើកទី២ ឆ្នាំ២០១៦

[3] ឯកសារលេខ OMI0016(2) ដកស្រងចេញពីបទសម្ភាសន៍ ឆ្នាំ២០១២ ដោយ ឡុង ដានី ជាមួយឈ្មោះ សំ ភីន។

មជ្ឈមណ្ឌលឯកសារកម្ពុជា

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Solverwp- WordPress Theme and Plugin