សាម ស៊ីន៖ ងើបឡើងប៉ះបោរប្រឆាំងនឹងខ្មែរក្រហម
ចាប់ពីឆ្នាំ១៩៧៧ មេដឹកនាំខ្មែរក្រហមបានចោទប្រកាន់កម្មាភិបាល កងទ័ព និងប្រជាជនបូព៌ា ថាជាមនុស្សដែលមាន ក្បាលយួន ខ្លួនខ្មែរ ។ ខ្មែរក្រហមបានបញ្ជូនកងទ័ពមជ្ឈិមមកភូមិភាគបូព៌ា ដើម្បីចាប់ខ្លួន និងសម្លាប់កម្មាភិបាល កងទ័ព និងប្រជាជនបូព៌ា។ នៅឆ្នាំ១៩៧៨ សាម ស៊ីន និងមិត្តភក្កិ២នាក់ឈ្មោះឈាង និងឈ្មោះហែម បានរត់គេចខ្លួនពីភូមិរំចេក ឃុំរំចេក ស្រុកមេមត់ចូលក្នុងព្រៃងើបឡើងប៉ះបោរប្រឆាំងនឹងខ្មែរក្រហមវិញ។ សាម ស៊ីន បានចូលរួមជាមួយកងទ័ព០៩ ដែលជាអតីតកងទ័ពភូមិភាគបូព៌ាដែលប៉ះបោរប្រឆាំងនឹងរបបខ្មែរក្រហមនៅក្នុងឆ្នាំ១៩៧៨ ។ សាម ស៊ីន[1] បានរៀបរាប់រឿងរ៉ាវរបស់ខ្លួននៅក្នុងរបបខ្មែរក្រហមដូចខាងក្រោម៖
ខ្ញុំឈ្មោះ សាម ស៊ីន ភេទប្រុស អាយុ ៦៥ឆ្នាំ មានស្រុកកំណើតនៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តកំពង់ចាម។ បច្ចុប្បន្នរស់នៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ខ្ញុំមានឪពុកឈ្មោះ សាម សឿន អាយុ៨៦ឆ្នាំ និងម្តាយឈ្មោះ គឹម មីន។ ឪពុកម្តាយខ្ញុំមានស្រុកកំណើតនៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំទាំងអស់គ្នា។ ប្រពន្ធខ្ញុំមានឈ្មោះ អ៊ុយ សាអឿន អាយុ៦៨ឆ្នាំ និងមានកូនចំនួន៧នាក់ ( ស្រី៣នាក់ និងប្រុស៤នាក់ )។ ខ្ញុំមានបងប្អូនបង្កើតចំនួន៧នាក់ (ស្រី៤នាក់ និងប្រុស៣នាក់) ខ្ញុំជាកូនបងបង្អស់។
កាលខ្ញុំនៅតូចៗ ភូមិរំចេកមានមនុស្សរស់នៅតិចតួច ប្រមាណ២០គ្រួសារតែប៉ុណ្ណោះ។ ពេលខ្ញុំមានអាយុ៨ឆ្នាំ ទើបបានចូលរៀននៅវត្តរំចេកក្នុងភូមិរំចេក។ ចំណែកគ្រូបង្រៀនខ្ញុំ និងក្មេងៗដទៃនៅក្នុងភូមិរំចេក គឺជាព្រះសង្ឃគង់នៅវត្តរំចេក។ កាលជំនាន់នោះក្មេងប្រុសៗនៅក្នុងភូមិមិនមានចំនួនច្រើនទេ ហើយភាគច្រើនធ្វើកូនសិស្សលោក និងរៀនអក្សរជាមួយព្រះសង្ឃតែម្តង។
ខ្ញុំរៀនអក្សរជាមួយព្រះសង្ឃបានចំនួន៣ឆ្នាំ ប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងទី១៨ ខែមីនា ឆ្នាំ១៩៧០។ ពេលនោះប្រជាជននៅភូមិរំចេកមួយចំនួនបានធ្វើដំណើរទៅចូលរួមធ្វើបាតុកម្មនៅស្រុកមេមត់ និងមួយចំនួនទៀតបានបន្តទៅធ្វើបាតុកម្មនៅទីរួមខេត្តកំពង់ចាម ដើម្បីទាមទារឲ្យសម្តេចព្រះ នរោត្តម សីហនុ ត្រឡប់មកកាន់អំណាចវិញ។ នៅឆ្នាំ១៩៧០ នេះដែរ ទាហានសហរដ្ឋអាមេរិកបានបើកយន្តហោះមកទម្លាក់គ្រាប់បែកនៅតាមជាយៗភូមិរំចេក និងភូមិដទៃទៀត។ ទាហានសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកនេះ គឺសំដៅទៅលើកងទ័ពវៀតកុងដែលបានមកលាក់ខ្លួននៅក្នុងព្រៃក្បែរៗភូមិរំចេក។ នៅខណៈពេលទាហានសហរដ្ឋអាមេរិកទម្លាក់បែកនោះក៏មានអ្នកភូមិរំចេកខ្លះបានស្លាប់ដោយសារការទម្លាក់គ្រាប់បែកនេះដែរ ។ បើតាមខ្ញុំចងចាំយ៉ាងហោចមានគ្រាប់បែកចំនួន២គ្រាប់បានធ្លាក់នៅខាងត្បូង និងខាងចុងភូមិរំចេក ហើយមីងខ្ញុំឈ្មោះ មីង ម៉ន បានស្លាប់ដោយសារត្រូវបំបែងគ្រាប់បែក។ នៅខណៈពេលម្តាយមីងខ្ញុំស្លាប់ ខ្ញុំ និងក្មេងដទៃទៀតបានកំពុងដកសំណាបនៅវាលស្រែ។ ពេលខ្ញុំត្រឡប់មកពីស្រែវិញ ក៏ឃើញ មីង ម៉ន បានស្លាប់ដោយសារត្រូវបំបែងគ្រាប់បែក។ ទាហានសហរដ្ឋអាមេរិកក៏បានទម្លាក់គ្រាប់បែកបេ៥២ជាច្រើននៅក្នុងភូមិខ្ពប ភូមិឈើខ្លឹមនៃឃុំរំចេក ហើយបណ្តាលឲ្យអ្នកភូមិទាំងពីរនេះស្លាប់ និងរបួសច្រើន។
បន្ទាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញមករស់នៅភូមិរំចេក ឃុំរំចេកប្រហែល១០០គ្រួសារ។ នៅគ្រាដំបូងខ្មែរក្រហមបានដាក់ប្រជាជន១៧មេសាឲ្យរស់នៅតាមផ្ទះជាមួយប្រជាជនមូលដ្ឋាន។ ក្រោយមកខ្មែរក្រហមបានឲ្យប្រជាជន១៧មេសាសាងសង់កូនផ្ទះ ដើម្បីរស់នៅដាច់ដោយឡែកពីប្រជាជនមូលដ្ឋាន។ ខ្មែរក្រហមបានសួរប្រជាជន១៧មេសាថា បើមានអ្នកធ្លាប់ធ្វើគ្រូបង្រៀន ឬទាហានមានតួនាទី ឋានន្តរសក្កិ សូមរាយការណ៍ប្រាប់អង្គការបដិវត្តន៍ ដើម្បីបញ្ជូនទៅរៀនសូត្រទទួលបានឋានន្តរសក្កិ និងតួនាទីដូចដើមវិញ។ នេះគឺជាកលល្បិចរបស់ខ្មែរក្រហម ដើម្បីប្រមូលចាប់អតីតគ្រូបង្រៀន និងទាហានយកទៅសម្លាប់ចោល។ បើតាមខ្ញុំនៅចាំមានអតីតគ្រូបង្រៀន និងទាហាន លន់ នល់ ប្រមាណ៤០នាក់ត្រូវបានខ្មែរក្រហមចាប់យកទៅសម្លាប់ទម្លាក់ក្នុងអណ្តូងក្នុងភូមិរំចេក ឃុំរំចេក។ ក្រៅពីការចាប់ខ្លួន និងសម្លាប់ ក៏មានប្រជាជន១៧មេសាជាច្រើនទៀតបានស្លាប់ដោយសារជំងឺគ្មានថ្នាំព្យាបាល អត់អាហារ និងធ្វើការងារហួសកម្លាំង។
នៅចន្លោះ ឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៦ ខ្មែរក្រហមបានចាត់តាំងខ្ញុំឲ្យនៅកងចល័តភូមិរំចេកធ្វើការងារពលកម្មនៅតាមវាលស្រែ។ បន្ទាប់មកខ្មែរក្រហមបានចាត់តាំងខ្ញុំទៅធ្វើកាងារពលកម្មនៅក្នុងកងចល័តឃុំរំចេក ស្ថិតនៅគីឡូ៣០ (ភូមិកន្ទួត)។ ខ្មែរក្រហមបានជ្រើសរើសយុវជនប្រមាណ១០នាក់ពីភូមិរំចេក និងយុវជនប្រមាណ៥០នាក់ទៀតពីភូមិផ្សេងៗក្នុងឃុំរំចេក ដើម្បីចូលរួមក្នុងកងចល័តឃុំរំចេក។ ខ្មែរក្រហមបានចាត់តាំងកងចល័តឃុំរំចេកឲ្យជីកប្រឡាយ និងលើកទំនប់នៅព្រៃបាក់ស្អុង។ ក្រោយមកទៀតខ្មែរក្រហមបានជ្រើសរើសខ្ញុំ និងយុវជនចំនួន១០នាក់ទៀតឲ្យទៅលើកទំនប់នៅបឹងក្រចាប់ស្ថិតនៅស្រុកខេត្តត្បូងឃ្មុំ។ ខ្ញុំលើកទំនប់នៅបឹងក្រចាប់រយៈពេល៣ខែ ដោយលក្ខខណ្ឌការងារលំបាកខ្លាំង ហូបចុកតែបបររាវៗជាមួយសម្លព្រលិត សម្លម្ជូរដើមចេកជាដើម។ ចំណែកកម្មាភិបាលខ្មែរក្រហមហូបផ្សេង កឺហូបបាយ និងមានម្ហូបគ្រប់គ្រាន់។
នៅឆ្នាំ១៩៧៨ ខ្ញុំបានត្រឡប់មកផ្ទះវិញ ហើយកងទ័ពមជ្ឈិម (កងទ័ពភូមិភាគនិរតី) បានចូលមកភូមិភាគបូព៌ា និងភូមិរំចេក ដើម្បីចាប់កម្មាភិបាល កងទ័ព និងប្រជាជនបូព៌ាយកទៅសម្លាប់។ ខ្ញុំមានគ្នា៣នាក់ គឺមឈ្មោះ ឈាង ឈ្មោះហែម និងខ្ញុំបានរត់ចូលព្រៃតស៊ូប្រឆាំងនឹងខ្មែរក្រហមវិញ។ បន្ទាប់មកបានចូលរួមជាមួយកងទ័ព០៩ ដែលអតីតកងទ័ពភូមិភាគបូព៌ាបានចូលក្នុងព្រៃងើបឡើងប៉ះបោរប្រឆាំងនឹងខ្មែរក្រហមនៅឆ្នាំ១៩៧៨។
ក្រោយមកអង្គភាពកងទ័ព០៩បានចាត់តាំងឲ្យខ្ញុំចូលទៅក្នុងព្រៃបាក់ស្អុង ព្រៃអារងុយនៅក្នុងភូមិកកោះ។ អង្គភាពខ្ញុំនៅក្នុងព្រៃបាក់ស្អុងមានមេដឹកនាំឈ្មោះ ហេង អ៊ឹង។ អង្គភាពខ្ញុំបានប្រយុទ្ធជាមួយកងទ័ពមជ្ឈិមរបស់ខ្មែរក្រហមញឹកញាប់រហូតដល់មានពេលខ្លះត្រូវវាយគ្នារហូតមិនអាចចេញទៅរកម្ហូបមកហូបចុកបានឡើយ។ បន្ទាប់មក តា ហេង អ៊ឹង បានដឹកនាំអង្គភាពខ្ញុំចេញពីព្រៃមកនៅស្រុកមេមត់ក្នុងភូមិខ្នងក្រពើ និងឡើងជិះរថយន្តទៅប្រទេសវៀតណាម។ នៅវេលាម៉ោង១រំលងអាធ្រាតថ្ងៃបន្ទាប់ ខ្ញុំ និងកងទ័ពផ្សេងទៀតបានជិះឡានទៅឡុងយ៉ាវ ប្រទេសវៀតណាម ដើម្បីហ្វឹកហាត់យុទ្ធសាស្ត្រកងទ័ព។
នៅឡុងយ៉ាវមានកងទ័ពខ្មែររាប់ពាន់នាក់។ កងទ័ពវៀតណាមបានចាប់ផ្ដើមឲ្យខ្ញុំ និងកងទ័ពខ្មែររៀននយោបាយ និងយុទ្ធសាស្ត្រធ្វើសង្គ្រាម។ ខ្ញុំបានរៀននយោបាយ និងហ្វឹកហាត់យុទ្ធសាស្ត្រកងទ័ពដូចជា របៀបលូនក្រាប របៀបការពារខ្លួន របៀបកាន់កាំភ្លើង និងរបៀបបាញ់កាំភ្លើងរយៈពេលមួយខែ ទើបវៀតណាមនាំខ្ញុំ និងកងទ័ពខ្មែរយើងដើរទស្សនកិច្ចនៅសមុទ្រក្រហមរយៈពេលមួយថ្ងៃ។ នៅថ្ងៃបន្ទាប់វៀតណាមបានបញ្ជូនខ្ញុំ និងកងទ័ពខ្មែរត្រឡប់ចូលសមរភូមិនៅប្រទេសកម្ពុជាវិញ។
អង្គភាពខ្ញុំមានកងទ័ពចំនួន៣០នាក់បានសហការជាមួយកងទ័ពវៀតណាមចូលមកប្រទេសកម្ពុជាតាមមុខព្រួញខេត្តតាកែវ។ ពេលវាយជាមួយកងទ័ពខ្មែរក្រហម ខ្ញុំកាន់កាំភ្លើងអាកាស្វាយបត់នៅក្នុងរថក្រោះ។ នៅសមរភូមិអង្គភាពខ្ញុំបានបែងចែកជាក្រុមៗ និងតួនាទីផ្សេងៗពីគ្នា។ ពេលវាយចូលដល់ខេត្តតាកែវរួចត្រូវធ្វើដំណើរចេញពីតាកែវនៅម៉ោង៧ព្រឹកឆ្ពោះទៅទីក្រុងភ្នំពេញបន្តទៀត។ យើងបានវាយចូលភ្នំពេញនៅម៉ោងប្រមាណ២រសៀល។ ក្រោយពេលដណ្តើមបានទីក្រុងភ្នំពេញ កងទ័ពទាំងអស់បានទៅចាប់ដៃនៅមុខវាំង និងបែងចែកទៅតាមមុខព្រួញរៀងៗខ្លួនសារថ្មី។ ខ្ញុំចេញពីភ្នំពេញទៅវាយនៅឧត្តុង្គមួយយប់មួយថ្ងៃទៀត វាយឈ្នះនៅក្រុងឧត្តុង្គក៏បន្តដំណើរទៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ទៀត។ អង្គភាពខ្ញុំមានកងទ័ពចំនួន៣០នាក់ត្រូវឈរជើងប្រចាំការនៅខេត្តពោធិ៍សាត់ដោយមាន តាសេ្រង ជាមេដឹកនាំនៅខេត្តពោធិ៍សាត់(តាស្រេង អតីតលេខាស្រុកត្រមូង តំបន់២១ ភូមិភាគបូព៌ាក្នុងងរបបខ្មែរក្រហម)។ ខ្ញុំ ជាកងការពារ តាស្រេង។ ពេល តាស្រេង ទៅប្រជុំម្តងៗ ខ្ញុំជិះឡានទៅជាមួយគាត់។
នៅឆ្នាំ១៩៨០ខ្ញុំសុំច្បាប់ តាស្រេង ត្រឡប់មកលេងស្រុកកំណើត។ ពេលមកដល់ផ្ទះបានរយៈពេលមួយសប្តាហ៍ ខ្ញុំហាក់លែងចង់ត្រឡប់ទៅអង្គភាពវិញ។ ពេលនោះ តាស្រេង បានមកតាមហៅឲ្យខ្ញុំត្រឡប់ទៅនៅជាមួយគាត់វិញ ប៉ុន្តែឪពុកម្ដាយខ្ញុំមិនឲ្យខ្ញុំត្រឡប់ទៅអង្គភាពវិញឡើយ។ ឪពុកម្តាយខ្ញុំបានចូលស្តីបណ្តឹងកូនស្រីអ្នកភូមិរំចេក និងរៀបការប្រពន្ធឲ្យខ្ញុំ។ ខ្ញុំបានសម្រេចចិត្តរួមរស់នៅជាមួយប្រពន្ធកូនក្នុងភូមិរំចេករហូតដល់សព្វថ្ងៃ។
[1] មជ្ឈមណ្ឌលឯកសារកោះថ្មនៃមជ្ឈមណ្ឌលឯកសារកម្ពុជាសម្ភាស ជាមួយ សាម ស៊ីន ដែលអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមនៅភូមិរំចេក ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២។